ភ្នំពេញ — ខណៈដែលបណ្តាប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យបានថ្កោលទោសការបោះឆ្នោតជាតិនៅកម្ពុជា ដោយសារគ្មានវត្តមានគណបក្សប្រឆាំង និងដែលធ្វើឡើងក្រោមស្ថានភាពរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល និងគណបក្សប្រឆាំងនៅមុនការបោះឆ្នោតនោះ ថ្នាក់ដឹកនាំកំពូលនិងមន្ត្រីរបស់រដ្ឋាភិបាលចិនបានសម្តែងការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោត ហើយបានប្រកាសពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកាន់តែស៊ីជម្រៅបន្តទៀត។
កាលពីថ្ងៃទី ២៥ ខែកក្កដា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានផ្ញើសារជាលិខិតអបអរសាទរទៅកាន់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយលើកឡើងក្នុងសម្តីដើមថា៖
«គណបក្សកុម្មុយនីស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមេត្រីភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំរីករាយរួមជាមួយសម្តេច ហ៊ុន សែន បង្កើនការដឹកនាំផ្នែកនយោបាយនៃទំនាក់ទំនងទ្វេភាគី ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងវិស័យនានា ពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិន និងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន និងប្រទេសទាំងពីរ»។
នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ក៏បានចេញលិខិតដោយ «អបអរសាទរយ៉ាងកក់ក្តៅ» លើជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោត ដោយចាត់ទុកកម្ពុជាជា«មិត្តពិតប្រាកដនិងជាបងប្អូនដែលទុកចិត្តគ្នាទៅវិញទៅមក» ហើយបង្ហាញជំហររបស់រដ្ឋាភិបាលចិនក្នុងការបន្តពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយកម្ពុជា។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក លោក វ៉ាង វិនធៀន (Wang Wentian) កាលពីថ្ងៃទី ២៤ ខែកក្កដា ក៏បានថ្លែងសុន្ទរកថាអបអរសាទរដល់កម្ពុជាចំពោះការរៀបចំការបោះឆ្នោតដ៏រលូន ដោយអះអាងថា «ប្រទេសចិនគាំទ្រប្រជាជនកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយខ្លួនឯង ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន»។
ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា លោក វ៉ាង បន្ថែមថា ក្រុមអ្នកសង្កេតការណ៍ចិនបានទៅឃ្លាំមើលការបោះឆ្នោតដែលមានគណបក្សនយោបាយចំនួន ១៨ បានចូលរួម និងមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង ៨លាន ២សែននាក់។ លោកបានថ្លែងក្នុងសម្តីដើមថា៖ «ការរៀបចំបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយវិជ្ជាជីវៈប្រសិទ្ធភាពខ្ពស់ ហើយការឃោសនាបោះឆ្នោត និងការរាប់សន្លឹកឆ្នោត-ល-ប្រព្រឹត្តទៅដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ស្របតាមច្បាប់»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រៀមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)
គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា ខ្លួនទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី២៣ ខែកក្កដានេះ ដោយទទួលបានអាសនៈចំនួន ១២០ ក្នុងចំណោម ១២៥ នៅរដ្ឋសភាជាតិ។ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គឺជាគណបក្សមួយផ្សេងទៀតដែលទទួលបានអាសនៈចំនួនប្រាំយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ នេះបើតាមលទ្ធផលបឋមនៃការបោះឆ្នោត។
សារសាទរនិងការបង្ហាញគោលជំហរពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់រដ្ឋាភិបាលចិន ដែលជាប្រទេសកុម្មុយនិស្តដ៏មានឥទ្ធិពលមួយ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា គឺផ្ទុយគ្នាស្រឡះពីគោលជំហររបស់បណ្តាប្រទេសប្រកាន់យកប្រជាធិបតេយ្យមួយចំនួន ដែលបានរិះគន់ ថ្កោលទោស និងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតជាតិដែលគណបក្សកាន់អំណាចបានឈ្នះអាសនៈនៅរដ្ឋសភាភាគច្រើននេះ។
សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ២៣ ខែកក្កដា ដោយចាត់ទុកការបោះឆ្នោតនេះថាមិនសេរី និងយុត្តិធម៌។ រដ្ឋាភិបាលអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្ម ដោយផ្អាកគម្រោងជំនួយឧបត្ថម្ភរបស់ខ្លួនមួយចំនួនដល់រដ្ឋាភិបាលកម្ពុជា និងកំហិតទិដ្ឋាការលើមន្ត្រីនិងបុគ្គលនៅកម្ពុជាមួយចំនួនផងដែរ។
សេចក្តីថ្លែងការណ៍ដដែលនោះក៏បានលើកឡើងថា៖ «នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិរបស់ប្រទេសកម្ពុជា»។
ស្របពេលជាមួយគ្នានោះ ប្រទេសប្រជាធិបតេយ្យផ្សេងទៀត រួមមានអូស្ត្រាលី ចក្រភពអង់គ្លេស អាឡឺម៉ង់និងបារាំង ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញការខកចិត្ត ហើយចាត់ទុកការបោះឆ្នោតនេះថាមិនសេរី និងយុត្តិធម៌ផងដែរ។
រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុនជំនួបទ្វេភាគីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
ក្រុមអ្នកវិភាគបានប្រាប់វីអូអេថា ជំហរគាំទ្ររបស់ចិនដល់កម្ពុជាកំពុងបង្ហាញនូវការពឹងផ្អែកខ្លាំងរបស់រដ្ឋាភិបាលកម្ពុជាលើចិន ស្របពេលដែលសម្ពាធពីម្ចាស់ជំនួយនៃប្រទេសលោកខាងលិច ក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស កំពុងកើនឡើង។ ពួកគេយល់ថា ជំហរនេះនឹងកាន់តែធ្វើឱ្យរដ្ឋាភិបាលអាណត្តិថ្មីពឹងផ្អែកនិងងាកទៅរកចិនកាន់តែខ្លាំងឡើង ដែលអាចនាំមកនូវហានិភ័យដល់កម្ពុជា។ វាក៏កាន់តែធ្វើឱ្យលទ្ធភាពនៃការស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សលំបាកផងដែរ។
លោក អៀ សុផល សាស្ត្រាចារ្យរងផ្នែកកម្មវិធីថ្នាក់បរិញ្ញាបត្រ និងការអភិវឌ្ឍនៃសាកលវិទ្យាល័យ រដ្ឋអារីហ្សូណា បាននិយាយថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបង្កើនការពឹងផ្អែករបស់ខ្លួន បន្ទាប់ពីការបោះឆ្នោត ខណៈដែលប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកបានគំរាមដកការគាំទ្រលើគម្រោងការអភិវឌ្ឍន៍។ ប៉ុន្តែលោកមិនរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងផ្លាស់ប្តូរនិន្នាការនយោបាយទៅលើចិននោះទេ។
លោកប្រាប់វីអូអេតាមសារអេឡិចត្រូនិកអ៊ីមែលថា៖ «កម្ពុជានឹងជួបព្យុះភ្លៀងជានិច្ច មិនខ្វល់ពីលោកខាងលិចបន្តិចឡើយ។ វាអនុវត្តការបំភ្លៃការពិតខ្លាំង។ ល្អគឺអាក្រក់ អាក្រក់គឺល្អ។ គ្មានលទ្ធិប្រជាធិបតេយ្យ និងមានតែទំនាក់ទំនងដ៏អស្ចារ្យជាមួយចិន»។
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លើកឡើងថា ក្រោយការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងកាន់តែពិបាកក្នុងការងើបឡើងវិញ។
លោកថ្លែងថា៖ «កាលណាកម្ពុជាមានទំនាក់ទំនងស្អិតរមួតខ្លាំង ល្អជាមួយនឹងចិន ប៉ុន្តែមានភាពរកាំរកូសជាមួយនឹងបណ្តាប្រទេសលោកសេរី វាធ្វើឱ្យដំណើរការនៃការស្តារប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង វាហាក់ដូចជាមានសង្ឃឹមទាបមែនទែន សម្រាប់ចរន្តនយោបាយប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឱ្យលំហរសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាអង្គការសង្គមស៊ីវិលអីហ្នឹងវាកាន់តែរួមតូចផងដែរ»។
ទំនាក់ទំនងកម្ពុជាចិនមានភាពស្អិតរមួតកាន់តែខ្លាំងក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ ដោយចិនបានក្លាយជាប្រទេសដែលឈរនៅលំដាប់ទី ១ ដែលមានទំនាក់ទំនងជាមួយកម្ពុជាលើវិស័យជាច្រើន ដូចជាការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។
កាលពីដើមឆ្នាំ ២០២៣ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត លើកឡើងថា ចិនជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេក្នុងឆ្នាំ ២០២២ ដែលមានទំហំទឹកប្រាក់ជាង ១,៦០០លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៤ ២ភាគរយនៃការវិនិយោគពីបរទេសសរុប។ លោកថា ចិននៅតែដើរតួសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយបានវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អចលនទ្រព្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ចិនក៏ជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាដែលឈរលើលំដាប់ទី ១ ផងដែរ ដោយកម្ពុជាជំពាក់ចិន ៤១% នៃបំណុលបរទេសសរុបចំនួនជាង ៩ ៥៧៥ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ទីក្រុងប៉េកាំងក៏បានផ្តល់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងសាងសង់-ប្រតិបត្តិការ-ផ្ទេរ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ខ្លួន ដែលមានន័យថា ក្រុមហ៊ុនចិននឹងប្រមូលប្រាក់ចំណូលលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ទសវត្សរ៍ខាងមុខ។
រូបឯកសារ៖ មន្ត្រីប៉ូលិសម្នាក់ឈរយាមការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដែលឧបត្ថម្ភដោយចិន ក្នុងពិធីបើកសម្ពោធការដ្ឋាននេះ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩។
នៅមុនការវិនិយោគរបស់ចិនរីកសាយជាងមួយទសវត្សរ៍កន្លងទៅ ការអភិវឌ្ឍក្រោយសង្គ្រាមនៅកម្ពុជាភាគច្រើនត្រូវបានផ្តល់មូលនិធិដោយប្រទេសប្រជាធិបតេយ្យលោកខាងលិច រួមជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ហើយកម្ពុជាត្រូវចំណាយប្រាក់ឱ្យជាយូរមកហើយដើម្បីជំរុញឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យ ព្រមទាំងមិនឱ្យរឹតត្បិតសារព័ត៌មានសេរី និងសង្គមស៊ីវិល ពីទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ពាក់កណ្តាលឆ្នាំ២០១០។
ប៉ុន្តែវាបានប្រែប្រួលក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានដណ្តើមការគាំទ្រយ៉ាងប្រកៀកប្រកិតជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ មេដឹកនាំនិងសកម្មជនរបស់គណបក្សនេះត្រូវបានចោទប្រកាន់ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ និងជាប់ឃុំក្នុងផ្ទះ ឬខ្ទាស់ដោយសំណុំរឿងផ្លូវច្បាប់ ស្របពេលដែលច្បាប់ផ្សេងៗត្រូវបានអនុម័តរឹតត្បិតសិទ្ធិនយោបាយប្រជាធិបតេយ្យ និងសេរីភាពផ្សេងទៀត។
មួយថ្ងៃបន្ទាប់ពីទទួលបានសារគាំទ្រពីប្រមុខដឹកនាំរដ្ឋាភិបាលចិន នៅថ្ងៃពុធ ទី ២៦ ខែកក្កដា លោក ហ៊ុន សែន ដែលមានវ័យ ៧០ ឆ្នាំ និងជាមេដឹកនាំប្រទេសដែលកាន់តំណែងដ៏យូរម្នាក់ក្នុងពិភពលោក បានប្រកាសជាផ្លូវការថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ហើយថាកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនេះ។ លោកបានបញ្ជាក់ថា ការផ្ទេរតំណែងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែសីហា។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីដំឡើងស័ក្តិនៅក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ កាលពី ២០ ខែមេសា ឆ្នាំ ២០២៣។
នៅថ្ងៃដដែលនោះ លោក ហ៊ុន សែន ក៏បានផ្ញើសារថ្លែងអំណរគុណតបទៅកាន់លិខិតរបស់នាយករដ្ឋមន្ត្រីចិនវិញ ដោយធានាពីគោលជំហរដដែលរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមអាណត្តិថ្មីនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋាភិបាលនិងប្រទេសចិន ក្នុងសម្តីដើមថា៖
«ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយមើលឃើញថា ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនបន្តរីកចម្រើនទៅមុខ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប។ សូមធានាចំពោះឯកឧត្តមថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ ដោយផ្អែកលើមិត្តភាពជាប្រពៃណី ការជឿជាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
លោក អូន ឆេងប៉រ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិដើម្បីការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី លើកឡើងថា ខណៈដែលទំនាក់ទំនងរវាងចិន និងកម្ពុជា ស្ថិតក្នុងស្ថានភាពស្អិតរមួតមិនអាចបេះចេញពីគ្នាបាន ប្រទេសចិននៅតែជា «ប្រទេសតែមួយគត់ដែលអាចបំពេញតម្រូវការរបស់រដ្ឋាភិបាលកម្ពុជាបាន»។
ក៏ប៉ុន្តែលោកថា លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point ចាំបាច់ត្រូវបង្ហាញមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា កម្ពុជានឹងធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងអស់លើពិភពលោក មិនមែនចិនតែមួយ។
លោកថ្លែងថា៖ «ខ្ញុំគិតថា គាត់នឹងអាចស្វះស្វែងរកផ្លូវទី២ ផ្លូវទី៣ ដើម្បីធានាថា កម្ពុជាមិនស្ថិតក្នុងស្ថានភាពមួយដែលពឹងពាក់ជ្រុលពេកទៅលើប្រទេសមហាអំណាចតែមួយទៀតទេ។ ខ្ញុំគិតថាវាមិនមែនជាយុទ្ធសាស្រ្តទេ សម្រាប់នរណាក៏ដោយ ដែលដឹកនាំរដ្ឋណាក៏ដោយ ដែលពឹងពាក់ទាំងស្រុងលើប្រទេសតែមួយហ្នឹង ខ្ញុំមិនគិតថាវាជាប្រការដែលប្រកបដោយចីរភាពទេ»៕