ព្រះមហាក្សត្រិយានី Elizabeth ទី ២ ដែលមានព្រះនាមពេញថា Elizabeth Alexandra Mary Windsor ដែលបានសោយរាជ្យយូរជាងគេបង្អស់នៅចក្រភពអង់គ្លេស បានសោយទិវង្គតក្នុងព្រះជន្ម ៩៦ ព្រះវស្សា។
មហាក្សត្រិយានី Elizabeth ដែលមិនទំនងថា នឹងក្លាយជាព្រះមហាក្សត្រិយានីទាល់តែសោះនោះ បានគ្រងរាជ្យសម្បត្តិរយៈពេល ៧០ ឆ្នាំ បន្ទាប់ពីព្រះបិតារបស់ទ្រង់ គឺព្រះមហាក្សត្រ George ទី ៦ បានសោយទិវង្គតនៅឆ្នាំ ១៩៥២។ ស្រដៀងគ្នាដែរ ព្រះបិតារបស់ព្រះមហាក្សត្រិយានី Elizabeth បានឡើងគ្រងរាជ្យដោយសារតែព្រះរាមរបស់ទ្រង់គឺព្រះមហាក្សត្រ Edward ទី ៨ បានដាក់រាជនៅឆ្នាំ ១៩៣៦។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ បានសោយរាជ្យអំឡុងពេលនៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីចំនួន ១៥ រូបរបស់ចក្រភពអង់គ្លេស ដោយនាយករដ្ឋមន្ត្រីដំបូងគេគឺលោក Winston Churchill។ ព្រះមហាក្សត្រិយានីបានធ្វើជាប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេសទាំងក្នុងរាជរដ្ឋាភិបាលនៃគណបក្ស Labor និងរាជរដ្ឋាភិបាលនៃគណបក្ស Conservative ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីរបស់រាជវង្សដែលរក្សាអព្យាក្រឹតភាពលើបញ្ហានយោបាយ។
ព្រះមហាក្សត្រិយានីបានជួយដឹកនាំប្រជាជាតិរបស់ទ្រង់ក្នុងអំឡុងពេលក្រោយសង្គ្រាមលោកលើកទី ២ ពេលមានសង្គ្រាមត្រជាក់ ពេលសេដ្ឋកិច្ចថ្កុំថ្កើននិងធ្លាក់ចុះ ពេលមានសង្គ្រាមនៅប្រទេសអៀរឡង់ខាងជើង ពេលមានការបង្កើតសហភាពអឺរ៉ុប និងពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
ព្រះមហាក្សត្រិយានីបានទទួលការកោតសរសើរចំពោះការតាំងព្រះទ័យក្នុងការងារ ក្នុងព្រះរាជនាម ជាមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស។ ពលរដ្ឋអង់គ្លេសជាច្រើននាក់បានចាត់ទុកព្រះមហាក្សត្រិយានី Elizabeth ថាជាសសរស្តម្ភនៃកម្លាំងរបស់ប្រទេសជាតិ ក្នុងអំឡុងពេលដែលចក្រភពអង់គ្លេសបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនបន្តិចម្តងៗពីមហាអំណាចពិភពលោក។
កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៥ ព្រះមហាក្សត្រិយានី Elizabeth បានក្លាយជាមហាក្សត្រដែលបានសោយរាជ្យយូរជាងគេបង្អស់របស់ចក្រភពអង់គ្លេស។ ក្នុងឱកាសនោះ ព្រះមហាក្សត្រិយានីបានបំពេញព្រះរាជកាតព្វកិច្ចប្រចាំថ្ងៃរបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួន ដែលរួមមានការបើកសម្ពោធផ្លូវរថភ្លើងថ្មីមួយនៅប្រទេសស្កុតលែន ដោយកម្រមានបន្ទូលអំពីលក្ខណៈពិសេសខុសគេរបស់ទ្រង់។
ព្រះមហាក្សត្រិយានីបានមានព្រះបន្ទូលនៅក្នុងពិធីសម្ពោធនោះថា៖ «ចៀសមិនផុតទេ ជីវិតដ៏វែងឆ្លាយតែងតែឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ ហើយជីវិតរបស់ខ្ញុំក៏ដូចគ្នាដែរ»។
រូបឯកសារ៖ ព្រះនាងម្ចាស់ Elizabeth នៃចក្រភពអង់គ្លេស ក្នុងព្រះជន្ម ១៦ ព្រះវស្សា បានចូលរួមព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៤២។
រូបឯកសារ៖ ព្រះនាងម្ចាស់ Elizabeth នៃចក្រភពអង់គ្លេស មុនពេលទ្រង់មានព្រះរាជសុវណ្ណីក្នុងព្រះរាជពិធីគម្រប់ខួប ២១ ព្រះវស្សារបស់ទ្រង់ នៅទីក្រុង Cape Town នៃអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៤៧។
ពេលឡើងគ្រងរាជ្យសម្បត្តិ
ជារាជវង្សវ័យក្មេងមួយអង្គ ព្រះនាង Elizabeth បានស្ថិតក្នុងបញ្ជីព្រះរាជទាយាទដែលនឹងឡើងស្នងរាជ្យ នៅពេលដែលព្រះបិតុលារបស់ទ្រង់គឺព្រះអង្គ Edward ទី ៨ បានដាក់រាជនៅឆ្នាំ ១៩៣៦ ដើម្បីបានរៀបអភិសេកជាមួយស្ត្រីមេមាយជនជាតិអាមេរិកាំងមួយរូប។
ព្រះបិតារបស់ទ្រង់គឺព្រះអង្គ George ទី ៦ បានឡើងស្នងរាជ្យធ្វើជាប្រមុខរដ្ឋ ហើយបានដឹកនាំរាជវង្សនេះចាប់ពីឆ្នាំ ១៩៣៦ រហូតដល់ឆ្នាំ១៩៥២ គ្រាដែលទ្រង់បានសោយទិវង្គត។
ព្រះនាងម្ចាស់ Elizabeth បានយាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា នៅពេលដែលព្រះបិតារបស់ទ្រង់បានសោយទិវង្គត។ ក្នុងពេលនោះ ទ្រង់មានព្រះជន្មទើបតែ ២៥ ព្រះវស្សាប៉ុណ្ណោះ ហើយទ្រង់ទើបតែបានរៀបអភិសេកបានបួនឆ្នាំប៉ុណ្ណោះ ជាមួយមេបញ្ជាការកងទ័ពជើងទឹកទ្រង់ Philip Mountbatten ដែលជាព្រះអង្គម្ចាស់ប្រទេសក្រិក នៅពេលព្រះនាងមានព្រះជន្ម ២១ ព្រះវស្សា។
ព្រះមហាក្សត្រិយានី Elizabeth និងព្រះអង្គម្ចាស់ Philip មានបុត្រជាមួយគ្នាចំនួន ៤ អង្គ គឺព្រះអង្គម្ចាស់ Charles ដែលប្រសូតិនៅឆ្នាំ១៩៤៨ ព្រះនាងម្ចាស់ Anne ដែលប្រសូតិនៅឆ្នាំ ១៩៥០ ព្រះអង្គម្ចាស់ Andrew ប្រសូតិនៅឆ្នាំ ១៩៦០ និងព្រះអង្គម្ចាស់ Edward ដែលប្រសូតិនៅឆ្នាំ ១៩៦៤។
មួយឆ្នាំក្រោយពីព្រះបិតារបស់ទ្រង់បានសោយទិវង្គត ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រយានី Elizabeth ត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំ ១៩៥៣ នៅព្រះវិហារគ្រិស្ត Westminster Abbey ក្នុងរាជធានីឡុងដ៍ ដែលជាពិធីឡើងគ្រងរាជ្យសម្បត្តិផ្សាយតាមទូរទស្សន៍ដំបូងគេបង្អស់ទៅកាន់ពិភពលោក។ ពលរដ្ឋចក្រភពអង់គ្លេសប្រមាណ ២០ លាននាក់ បានទស្សនាពិធីឡើងគ្រងរាជ្យសម្បត្តិនេះតាមទូរទស្សន៍ ហើយមនុស្សរាប់លាននាក់ទៀតបានទស្សនានៅក្រៅប្រទេស។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយ BBC ដែលបានផ្សាយពិធីនោះ។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ គង់នៅលើព្រះរាជបល្ល័ង្ក នៅព្រះវិហារគ្រិស្ត Westminister Abbey នៅទីក្រុងឡុដ៍ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៣ បន្ទាប់ពីព្រះបរមពិធីឡើងគ្រងរាជ្យរបស់ទ្រង់។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip លើកព្រះហស្តស្វាគមន៍ប្រជារាស្ត្រ ក្រោយព្រះរាជពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រិយ កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៣។
ជោគជ័យ
ក្រុមអ្នកគាំទ្ររបស់ព្រះមហាក្សត្រិយានី លើកឡើងថា ព្រះអង្គបានបំពេញតួនាទីដ៏សំខាន់នៅក្នុងការជួយស្រោចស្រង់ព្រះរាជវង្សចក្រភពអង់គ្លេស នៅពេលដែលប្រទេសជាច្រើននៅជំុវិញពិភពលោកបានបោះបង់ចោលរាជាធិបតេយ្យ។
ព្រះមហាក្សត្រិយានីត្រូវបានកោតសរសើេរចំពោះការគិតគូរពីផលប្រយោជន៍ទូទៅរបស់ប្រជារាស្ត្រ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ទ្រង់ក្នុងនាមជាព្រះមហាក្សត្រិយានី។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ព្រះមហាក្សត្រិយានីបានក្លាយជានិម្មិតរូបនៃចក្រភពអង់គ្លេស។ តាមរយៈតំណាងឲ្យប្រជាជាតិអង់គ្លេសនៅក្នុងព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ព្រះមហាក្សត្រិយានីបានទទួលការសរសើរស្ញប់ស្ញែងពីប្រជារាស្ត្រភាគច្រើននៅចក្រភពអង់គ្លេស ហើយទ្រង់ក៏មានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេសផងដែរ។ មហាក្សត្រិយានីបានក្លាយជាបុគ្គលម្នាក់នៃបុគ្គលដែលមានការទទួលស្គាល់បំផុតលើពិភពលោក។
នៅឆ្នាំ ២០២០ កាសែត Express របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា ព្រះមហាក្សត្រិយានីបានយាងធ្វើដំណើរចម្ងាយជាង ១ លាន ៦ សែនគីឡូម៉ែត្រ ដោយបានចាត់ទុកទ្រង់ជា «ប្រមុខរដ្ឋដែលបានធ្វើដំណើរច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ»។ សេចក្តីរាយការណ៍នេះបានលើកឡើងថា មហាក្សត្រិយានីបានយាងទៅកាន់ប្រទេសចំនួន ១១០ ក្នុងនោះដំណើរទស្សនកិច្ចដ៏យូរជាងគេបង្អស់របស់ទ្រង់ គឺទៅប្រជាជាតិនៃ Commonwealth ក្នុងចម្ងាយប្រមាណ ៧ ម៉ឺនគីឡូម៉ែត្រ នៅឆ្នាំ ១៩៥៣។
នៅឆ្នាំ ២០០២ ព្រះមហាក្សត្រិយានីបានយាងធ្វើដំណើរក្នុងចម្ងាយជាង ៦ ម៉ឺន ៤ ពាន់គីឡូម៉ែត្រ ដើម្បីអបអរសាទរខួប ៥០ ព្រះវស្សានៃការគ្រងរាជ្យរបស់ទ្រង់ ដោយបានយាងទៅតំបន់ឆូងសមុទ្រការ៉ាអ៊ីប(Caribbean) ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងកាណាដា ក្នុងនោះរួមមានតំបន់ប្រជុំជននិងទីក្រុងតូចៗចំនួន ៧០ នៅក្នុងប្រទេសអង់គ្លេស ស្កុតលែន វេលស៍ និងអៀរឡង់ខាងជើងផងដែរ។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងស្វាមីគឺព្រះអង្គម្ចាស់ Charles បក់ដៃដាក់អ្នកមកស្វាគមន៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៧៧ នៅទីក្រុង Belfast ដែនដីអៀរឡង់ខាងជើង ជាទីមានចលនាហិង្សាបំបែករដ្ឋ។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេស និងព្រះអង្គម្ចាស់ Philip យាងទស្សនកិច្ចមហាកំពែងចិន កាលពីខែតុលា ឆ្នាំ ១៩៨៦។
ដំណើរទស្សនកិច្ចខ្លះរបស់មហាក្សត្រិយានី ក៏សម្រេចបានសមិទ្ធផលការទូតសម្រាប់ចក្រភពអង់គ្លេសផងដែរ ក្នុងនោះរួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ខាងលិច នៅឆ្នាំ ១៩៦៥ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ព្រះរាជវង្សអង់គ្លេស ទៅអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ ១៩១៣ មក។ ដំណើរទស្សនកិច្ចនោះជាខួប ២០ ឆ្នាំក្រោយការបញ្ចប់សង្គ្រាមលោកលើកទី ២។
នៅឆ្នាំ ១៩៨៦ ព្រះមហាក្សត្រិយានីបានក្លាយជាមហាក្សត្រចក្រភពអង់គ្លេសដំបូងគេបង្អស់ ដែលបានយាងទស្សនកិច្ចប្រទេសចិនដីគោក ហើយ ២៥ ឆ្នាំក្រោយមក ទ្រង់បានក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេបង្អស់ ដែលបានយាងទៅសាធារណរដ្ឋអៀរឡង់ ក្នុងរយៈពេល ១០០ ឆ្នាំ។
ព្រះមហាក្សត្រិយានី Elizabeth បានទទួលការកោតសរសើរចំពោះព្រះរាជបន្ទូលនៅប្រទេសអៀរឡង់ នៅឆ្នាំ ២០១១។ ទ្រង់បានមានព្រះសុវណ្ណីថា ដំណើរទស្សនកិច្ចរបស់ទ្រង់ «ក្រើនរំឭកយើងទាំងអស់គ្នាអំពីភាពស្មុគស្មាញនៃប្រវត្តិសាស្ត្ររបស់យើង បែបបទនិងប្រពៃណីជាច្រើន ហើយក៏ក្រើនរំឭកយើងផងដែរអំពីសារៈសំខាន់នៃភាពអត់ធ្មត់ និងការផ្សះផ្សា ដែលមានភាពបត់បែនគោរពអតីតកាល តែមិនធ្លាក់ក្នុងអន្លង់នៃអតីតកាលនោះទេ»។
ព្រះមហាក្សត្រិយានីជាអ្នកធ្វើបូជនីយកិច្ចដល់មណ្ឌលមនុស្សធម៌ជាង ៥០០ នៅទូទាំងចក្រភពអង់គ្លេស។ របាយការណ៍របស់មូលនិធិជំនួយមនុស្សធម៌ (Charities Aid Foundation) ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១២ នៅពេលប្រារព្ធខួប ៦០ ព្រះវស្សានៃការសោយរាជ្យរបស់ទ្រង់នោះ បានឲ្យដឹងថា ព្រះមហាក្សត្រិយានី Elizabeth បានជួយអង្គការមនុស្សធម៌ទាំងអស់នោះ ដោយរៃអង្គាសប្រាក់បានជិត ២ ពាន់លានដុល្លារអាមេរិក។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip អមដោយសមាជិកគ្រួសារព្រះរាជវង្ស បានលើកព្រះហស្តស្វាមន៍ប្រជារាស្ត្រ នៅព្រះបរមរាជវាំង Buckingham កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៨៦។
កិច្ចការលំបាកនានា
ទោះជាបានក្លាយជាប្រធានបទរបស់សៀវភៅ ភាពយន្ត និងរឿងភាគតាមទូរទស្សន៍ជាច្រើនរាប់មិនអស់ក្តី ក៏ព្រះមហាក្សត្រិយានី Elizabeth នៅតែរក្សាអាថ៌កំបាំងជាច្រើនរបស់ទ្រង់។ មហាក្សត្រិយានីជាមនុស្សឯកជនភាពនិយមខ្លាំង និងមិនមានសុវណ្ណីផ្តេសផ្តាស។
ព្រះមហាក្សត្រិយានីបានសព្វព្រះរាជហឫទ័យនឹងការប្រណាំងសេះ សម្លៀកបំពាក់ពណ៌ភ្លឺ និងសុនខពូជ Corgis។ ក៏ប៉ុន្តែ មហាក្សត្រិយានីមិនបញ្ចេញមតិរបស់ទ្រង់ជាសាធារណៈនោះទេ។
ព្រះមហាក្សត្រិយានីទំនងជាត្រូវបានសាធារណជនតាមពិនិត្យពិច័យច្រើន ក្នុងអំឡុងពេលមានការលំបាកនានា ពេលទ្រង់គ្រងរាជ្យសម្បត្តិ។ បញ្ហាភាគច្រើនពាក់ព័ន្ធនឹងគ្រួសាររាជវង្សរបស់ទ្រង់ផ្ទាល់។
នៅឆ្នាំ ១៩៩២ ក្នុងសុន្ទរកថានាខួប ៤០ ព្រះវស្សានៃការស្នងរាជ្យរបស់ទ្រង មហាក្សត្រិយានីបានមានព្រះសុវណ្ណីថា ឆ្នាំនោះ «បានក្លាយជាឆ្នាំដ៏អាក្រក់» បន្ទាប់ពីព្រះរាជបុត្រាបុត្រីបីអង្គរបស់ទ្រង់បានប្រកាសបែកបាក់ឬលែងលះគ្នាក្នុងនោះ គឺព្រះអង្គម្ចាស់ Charles ព្រះអង្គម្ចាស់ Andrew និងព្រះនាង Anne។ ជីវិតអភិសេកដ៏ស្មុគស្មាញរបស់ព្រះអង្គម្ចាស់ Charles ជាមួយព្រះនាង Dianna បានក្លាយជាប្រភពនៃភាពតានតឹងសម្រាប់គ្រួសាររាជវង្ស ដោយសាធារណជនជារឿយៗមានភាពសណ្តោសប្រណីច្រើនជាងសម្រាប់អ្នកម្នាងDiana។
បន្ទាប់ពីអ្នកម្នាង Diana បានសោយទិវង្គតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ១៩៩៧ ព្រះមហាក្សត្រិយានីបានរងការរិះគន់ថា មិនបានមានសុវណ្ណីភ្លាមៗទៅកាន់សាធារណជន ឬមិនយាងត្រឡប់ពីការសម្រាកព្រះកាយនៅព្រះរាជដំណាក់ Balmoral ក្នុងប្រទេសស្កុតលែន ទៅព្រះបរមរាជវាំងវិញឱ្យបានឆាប់។ បន្ទាប់ពីអ្នកម្នាង Diana បានសោយទិវង្គតប្រាំថ្ងៃ ទើបព្រះមហាក្សត្រិយានីបានបង្ហាញព្រះភ័ក្ត្រតាមការចង់បានរបស់សាធារណជន ហើយបានយាងទៅព្រះបរមរាជវាំងវិញ ដើម្បីថ្លែងព្រះរាជសុន្ទរកថាផ្ទាល់ទៅកាន់ប្រជារាស្ត្រ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់អ្នកម្នាង Diana។
ព្រះមហាក្សត្រិយានី Elizabeth បានមានព្រះរាជសុវណ្ណីថា៖ «អ្នកម្នាង Dianaជាបុគ្គលដ៏ឆ្នើមនិងដ៏ប្រពៃថ្លៃថ្លាមួយរូប។ ទាំងក្នុងពេលសប្បាយនិងពេលលំបាក អ្នកម្នាងមិនដែលបោះបង់ចោលសមត្ថភាពរបស់អ្នកម្នាង ផ្តល់ស្នាមញញឹមនិងសំណើច និងការលើកទឹកចិត្តដល់អ្នកដទៃ តាមរយៈភាពកក់ក្តៅនិងទឹកចិត្តដ៏ល្អប្រពៃចំពោះអ្នកដទៃឡើយ»។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth និងព្រះនាងម្ចាស់ Meghan, Duchess of Sussex និងព្រះអង្គម្ចាស់ Harry នៅព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ Andrew កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩។
នៅឆ្នាំ ២០១៩ ព្រះរាជបុត្រទី ២ អង្គរបស់មហាក្សត្រិយានីគឺព្រះអង្គម្ចាស់ Andrew បានលះបង់តួនាទីក្នុងរាជវង្ស ដោយសារតែព្រះអង្គមានជាប់ពាក់ព័ន្ធនឹងលោក Jeffrey Epstein ដែលជាជនល្មើសអាមេរិកប្រព្រឹត្តអំពើផ្លូវភេទជាមួយកុមារ ហើយដែលបានស្លាប់នៅក្នុងពន្ធនាគារនៅញូវយ៉ក នៅឆ្នាំ ២០១៩ នោះ។
ស្ត្រីជនជាតិអាមេរិកាំងម្នាក់បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew ថា បានប្រព្រឹត្តអំពើបំពារបំពានផ្លូវភេទនៅគេហដ្ឋានរបស់លោក Epstein។ ព្រះអង្គម្ចាស់ Andrew បានច្រានចោលការចោទប្រកាន់នេះ។
ហើយក្រោយមកទៀត ព្រះរាជនត្តារបស់មហាក្សត្រិយានីគឺព្រះអង្គម្ចាស់ Harry និងព្រះនាង Megan ក៏បានចាកចេញពីតួនាទីក្នុងគ្រួសាររាជវង្សផងដែរ ដោយសារតែភាពតានតឹងពាក់ព័ន្ធនឹងការបំពេញតួនាទីរាជវង្សរបស់ទ្រង់ទាំងពីរ។ ព្រះអង្គម្ចាស់និងព្រះនាងបានយាងមករស់នៅសហរដ្ឋអាមេរិក ហើយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅឆ្នាំ ២០២១ ព្រះអង្គនិងព្រះនាងបានចោទប្រកាន់សមាជិកក្នុងគ្រួសាររាជវង្សដោយមិនបញ្ជាក់ព្រះនាម (ប៉ុន្តែមិនមែនព្រះមហាក្សត្រិយានីទេ) ពីការរើសអើសជាតិសាសន៍ទៅលើព្រះនាង Megan ដែលមានជាតិសាសន៍ចម្រុះ។
រូបឯកសារ៖ ព្រះមហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip ក្នុងព្រះរាជពិធីហែក្បួននៃការប្រកួតប្រណាំងសេះ នៅទីក្រុង Ascot នៃប្រទេសអង់គ្លេស កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១១។
ព្រះមហាក្សត្រិយានី Elizabeth បានឆ្លើយតបតាមរយៈសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់នោះ «នឹងត្រូវបានពិនិត្យមើលឲ្យបានដិតដល់ ហើយនឹងដោះស្រាយជាលក្ខណៈគ្រួសារឯកជន»។
ព្រះមហាក្សត្រិយានីបានទទួលភាពសណ្តោសប្រណី បន្ទាប់ពីព្រះស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់ Philip បានសោយទិវង្គតកាលពីខែមេសា ឆ្នាំ ២០២១ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលទ្រង់មានព្រះជន្ម ១០០ ព្រះវស្សា។
ក្នុងជីវិតអភិសេករយៈពេល ៧៣ ឆ្នាំ នេះ ព្រះអង្គម្ចាស់ Philip ជារឿយៗនៅក្បែរព្រះមហាក្សត្រិយានី ឬទ្រង់ទាំងពីរតែងបង្ហាញព្រះរាជវត្តមាននៅក្នុងព្រឹត្តិការណ៍ផ្លូវការតាមពិធីការនៃព្រះរាជវង្ស។
បន្ទាប់ពីព្រះអង្គម្ចាស់ Philip បានសោយទិវង្គត ព្រះមហាក្សត្រិយានី Elizabeth បានមានសុវណ្ណី ថា ទ្រង់ជា«កម្លាំងចិត្ត ហើយបាននៅក្បែរទ្រង់»ជានិច្ចក្នុងអំឡុងពេលនៃជីវិតអភិសេក និងគ្រងរាជ្យជាមហាក្សត្រិយានី៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត