ក្នុងភូមិសាស្ត្រនៃស្រុកពាមរក៍ ខេត្តព្រៃវែងនេះ ទិដ្ឋភាពដែលមានវាលស្រែវាលស្រូវ ដុះខៀវស្រងាត់ មិនខុសអីពីភូមិដ្ឋានជនបទនានានៃប្រទេសកម្ពុជាឡើយ ដែលប្រជាកសិករប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត និងលក់ខ្លះ។ ប៉ុន្តែវាលស្រែទាំងនេះអមដោយស្រះចិញ្ចឹមត្រីមួយប្លង់ៗ ដែលទើបនឹងជីកថ្មីៗ ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ។
លោក ឈុំ ភីរុំ អាយុ២៦ឆ្នាំ កំពុងទម្រេតសម្រាកក្នុងអង្រឹងក្រោមកូនផ្ទះតូចមួយប្របនឹងមាត់ផ្លូវលំមួយក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍។យូរៗម្ដងលោកក្រឡេកមើលស្រះត្រីធំៗចំនួនពីរ ដែលជីកនៅក្រោយផ្ទះរបស់លោកនោះ។ កាលពីដើមឆ្នាំ២០២០នេះ ក្រុមគ្រួសាររបស់លោកបានបោះបង់ការធ្វើស្រែ ហើយងាកមកចាប់របរចិញ្ចឹមត្រីនេះវិញ។
លោកថ្លែងប្រាប់VOAកាលពីពេលថ្មីៗនេះថា៖ «ពីមុនដីខ្ញុំ វាតូចដែរ ហើយយើងធ្វើស្រូវទៅវាហត់ ចំណេញ។វាបានតិច។ដល់ពេលអ៊ីចឹង ឃើញគេជីកស្រះអស់អ៊ីចឹង យើងជីកស្រះតាមគេចិញ្ចឹម[ត្រី]ទៅ។ តែលក្ខណៈយើងដឹងបច្ចេកទេសចិញ្ចឹមត្រីដែរ»។
បញ្ហាអាកាសធាតុថ្លៃដើមខ្ពស់និងតម្លៃទីផ្សារមិនមានលំនឹង ជាមូលហេតុធ្វើឲ្យក្រុមគ្រួសាររបស់លោក ភីរុំ ដែលមានឪពុកម្ដាយនិងកូនប្រុសស្រី៤នាក់ សម្រេចប្ដូរមកចិញ្ចឹមត្រីវិញ។ បច្ចុប្បន្នស្រះទាំងពីរដែលត្រូវបានបាំងបិទដោយទំនប់ដីយ៉ាងមាំទាំ មានប្រភេទត្រីប្រាតូចធំប្រមាណ២ម៉ឺនក្បាល។
ការផ្លាស់ប្តូរមកចិញ្ចឹមត្រីកំពុងកើតឡើងជាបណ្ដើរៗនៅក្នុងស្រុកពាមរក៍នេះ ដែលជាភូមិសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្មដ៏ធំមួយរបស់រដ្ឋតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ។
ពលរដ្ឋនៅទីនេះបានបោះបង់ការធ្វើស្រែរបស់ពួកគេ ហើយចំណាកស្រុកទៅធ្វើជាកម្មករសំណង់ កម្មកររោងចក្រ និងអ្នកខ្លះទៀតផ្សងសំណាងទៅធ្វើការនៅក្រៅប្រទេស។
លោក ឈុន ភីរុំ អាយុ២៦ឆ្នាំ អ្នកចិញ្ចឹមត្រី ក្នុងភូមិបាទី ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
រដ្ឋាភិបាលបានកត់សម្គាល់ថា របរកសិកម្មដែលបច្ចុប្បន្នធ្លាក់បរិមាណមកនៅត្រឹមតែ១៦%នៃផលិតផលជាតិសរុប បានរួញស្រុញមិនលូតលាស់នឹងគេ ដោយសារតែការវិនិយោគមានកម្រិតទាប ថ្លៃដើមខ្ពស់ បញ្ហារំខានបំផ្លាញដោយអាកាសធាតុមិនថេរ និងហេដ្ឋារចនាសម្ព័ន្ធនិងទីផ្សារនៅទន់ខ្សោយ។ អំឡុងពេលរដ្ឋាភិបាលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចថ្នាក់ជាតិ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យមនុស្សរាប់សិបម៉ឺននាក់បាត់បង់ការងារក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសឱ្យពលរដ្ឋងាកមករកវិស័យកសិកម្ម ដាំដុះ ចិញ្ចឹមសត្វវិញ។
លោក ហ៊ុន សែន បានមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលវារីវប្បកម្មខាងលើ កាលពីពាក់កណ្ដាលខែកក្កដា ហើយក៏បានបង្ហាញពីសក្ដានុពលនៃការចិញ្ចឹមត្រី។
ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីមួយប្រទេសចិន ដែលគ្រោងនឹងចុះហត្ថលេខានៅដើមខែសីហាខាងមុខនេះ។ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិន ដោយនាំចូលពីចិនមានទំហំធំធេងច្រើនជាងការនាំចេញទៅលក់នៅទីផ្សារចិន។
Your browser doesn’t support HTML5
កសិករនៅខេត្តព្រៃវែងងាកពីការធ្វើស្រែទៅចិញ្ចឹមត្រី ចំពេលចិនបើកទីផ្សារ
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះមន្ត្រីកម្ពុជាបានលើកឡើងថា ខ្លួនរំពឹងថា នឹងអាចស្វះស្វែងរកការវិនិយោគបន្ថែមមកលើវិស័យកសិកម្ម និងជំរុញការផលិតក្នុងវិស័យនេះឆ្ពោះតម្រង់នាំចេញទៅកាន់ទីផ្សារចិនដែលមានប្រជាជនប្រមាណ១៣០០លាននាក់។ក្នុងនោះ ត្រីក៏ជាមុខទំនិញគោលដៅ ដើម្បីនាំចេញផងដែរ។ ប៉ុន្តែកម្ពុជាមិនទាន់ផលិតត្រីបានច្រើននៅឡើយទេ ខណៈត្រីក្នុងបឹងធម្មជាតិក៏មិនសូវមានដូចមុនដែរ។
លោក វង្សី វិស្សុទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៧ ខែកក្កដា ថា ចិនបានប្រាប់កម្ពុជាថា ត្រីកម្ពុជាអាចមានសក្តានុពលនាំទៅប្រទេសចិន។
លោកមានប្រសាសន៍ថា៖ «ជាពិសេសត្រី។ ចិនថា ត្រីនៅកម្ពុជាមាន Potential (សក្តានុពល)ខ្ពស់ណាស់ក្នុងការនាំចេញទៅចិន ព្រោះត្រីនៅស្រុកយើងនៅថោកនៅឡើយទេ ធៀបនឹងចិន»។
ក្នុងភូមិបាទីស្រុកពាមរក៍ឯនេះវិញលោក គង់ គឹមហុន អាយុ៤០ឆ្នាំ កំពុងចិញ្ចឹមត្រីប្រានិងត្រីពោ ក្នុងស្រះចំនួនពីររបស់លោក។ស្រះទាំងពីរ ដែលមួយៗមានទទឹងប្រមាណ៣០ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ មានចិញ្ចឹមត្រីប្រា និងត្រីពោរួមគ្នា ដែលសរុបទៅប្រហែល១៧ម៉ឺនក្បាល។
លោក គង់ គឹមហុន អាយុ៤០ឆ្នាំ អ្នកចិញ្ចឹមត្រីនៅភូមិបាទី ស្រុកពាមរក៍ ខេត្តព្រៃវែង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
លោក គឹមហុន ដែលមានកូន២នាក់ ថ្លែងប្រាប់VOAថា មន្រ្តីជំនាញខាងកសិកម្ម បានចុះមកពិនិត្យត្រីរបស់លោកកាលពីដើមខែកក្កដានេះ ដើម្បីធ្វើតេស្តថា តើត្រីមានគុណភាពអាចនាំទៅក្រៅប្រទេសបានឬយ៉ាងណា។ ប៉ុន្តែលោកមិនដឹងថា ទៅប្រទេសណានោះទេ។
នៅឯផ្ទះតូចមួយកន្លែងដែលលោកសម្រាកយាមត្រី លោកថ្លែងថា៖ «សុំមកថតយកត្រី ។ គេយកទៅធ្វើតេស្ត ដើម្បីគេយកទៅប្រទេសក្រៅ តែយើងមិនបានសួរថា ប្រទេសមួយណាទេ។ ឲ្យតែបាននាំចេញ យើងវាធូរធារហើយ។កសិករចិញ្ចឹមនៅទីហ្នឹង គាត់ចូលចិត្ត ឲ្យតែបាននាំចេញ បានថ្លៃ។ វាចំណេញច្រើន។ ម្នាក់ៗអរគ្រប់គ្នា ចាំដំណឹង តែមិនដឹងយ៉ាងម៉េច»។
កសិករចិញ្ចឹមត្រីក្នុងស្រុកពាមរក៍នេះបានលើកឡើងដូចៗគ្នាថាការផ្គត់ផ្គង់ប្រភេទត្រីទឹកសាបនេះមិនគ្រប់គ្រាន់សម្រាប់ទីផ្សារក្នុងស្រុកផង ហើយត្រូវប្រកួតប្រជែងជាមួយត្រីប្រាចិញ្ចឹមដែលនាំចូលពីប្រទេសវៀតណាមថែមទៀត។ចំណីសម្រាប់ចិញ្ចឹមត្រីត្រូវនាំចូលពីវៀតណាម ដែលនាំឱ្យត្រីប្រាដែលចិញ្ចឹមធំធាត់នៅទីនេះថ្លៃជាងត្រីវៀតណាម ព្រោះចំណាយខ្ពស់ជាង។
សហគ្រាសតូចធំនិងកសិករវៀតណាមចិញ្ចឹមប្រភេទត្រីប្រានិងត្រីទឹកសាបនានាក្នុងតំបន់ដីសណ្ដទន្លេមេគង្គភាគខាងត្បូង និងបាននាំចេញដោយ គ្រាន់តែត្រីប្រាមួយមុខលក់បានតម្លៃជាង២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ទៅកាន់ទីផ្សារប្រទេសចិន សហរដ្ឋអាមេរិក និងគ្រោងនាំទៅអឺរ៉ុប។នេះជាការចុះផ្សាយដោយកាសែត«ប្រជាជន»របស់វៀតណាម។
កសិករចិញ្ចឹមត្រីនៅស្រុកពាមរក៍ លោកគង់ គឹមហុនបន្ថែមថា៖ «នៅវៀតណាម គេនិយាយថា ត្រីប្រាហ្នឹង នាំទៅចិន។ចិនវាស៊ីត្រីប្រាហ្នឹងច្រើន។យើងនៅនេះ អត់ដឹង។លក់តែក្រឡឹងៗនៅហ្នឹង! អត់សូវដឹងទេ»។
យ៉ាងណាក៏ដោយ លោកឈុំ ភីរុំ ដែលស្រះចិញ្ចឹមត្រីរបស់លោកនៅក្បែរខាងស្រះរបស់លោកគង់ គឹមហុន បានឱ្យដឹងថាដូចគ្នានឹងការធ្វើស្រែដែរតម្លៃត្រីក៏នៅមិនទាន់មានលំនឹងហើយចំនួនអ្នកចិញ្ចឹមចេះតែកើនឡើង។តម្លៃត្រីប្រាធំដែលឈ្មួញប្រមូលទិញពីស្រះគិតត្រឹមដំណាច់ខែកក្កដានេះមានតម្លៃត្រឹម៤១០០៛ក្នុងមួយគីឡូក្រាម។
លោកនិយាយថា៖ «បើសិនថាមានខាងពួកចិន ពួកអី ចុះកិច្ចព្រមព្រៀង ចុះមកទិញ(ត្រី) ទិញអីអ៊ីចឹង ពួកខ្ញុំកាន់តែអរ ព្រោះអីបានទីផ្សាររាងថ្លៃហើយមានអ្នកទិញច្រើនទៀត កាន់តែអរ ព្រោះសព្វថ្ងៃហ្នឹង អត់សូវមានអ្នកទិញ មានតែអ្នកចិញ្ចឹម ដល់ពេលអ៊ីចឹងទៅពិបាក»។
លោក ខៃ ហេង អ្នកចិញ្ចឹមត្រីម្នាក់ទៀត អាយុ៦០ឆ្នាំ ឱ្យដឹងថា លោកបានបោះបង់ការធ្វើស្រែចម្ការ លក់ដីស្រែទាំងអស់៨ហិកតា តាំងតែពី១០ឆ្នាំមុន ហើយងាកមកចិញ្ចឹមត្រីប្រាវិញ ដោយលោកថា ទទួលបានចំណូលសមរម្យក្នុងមួយខែ មិនក្រោម១ពាន់ដុល្លារនោះទេ។
លោក ខៃ ហេង វ័យ៦០ឆ្នាំ ជាអ្នកចិញ្ចឹមត្រី ក្នុងភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោក ខៃ ហេង ដែលកំពុងចិញ្ចឹមត្រីប្រាប្រមាណ៣ម៉ឺនក្បាលដែលពាក់កណ្តាលនឹងអាចលក់បាននៅក្នុងខែវិច្ឆិកាខាងមុខនេះ បានបន្តថាលោកទទួលបានព័ត៌មានអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ហើយលោកសង្ឃឹមថានឹងអាចជួយដល់កសិករខ្មែរដែលធ្វើស្រែនិងចិញ្ចឹមត្រីនៅក្នុងឃុំរបស់លោក។
លោក ខៃ ហេង ប្រាប់VOAថា៖ «ខ្ញុំយល់ថា ល្អ មានការត្រេកអរ។ បើបាននាំចេញទៅក្រៅ ដឹងតែស្ថិរភាពតម្លៃ និងការចិញ្ចឹម នឹងបានចំណេញច្រើនព្រោះតម្លៃមានការនាំចេញ មិនអាចស្រុតចុះទេ»។
លោកខៃ ហេង និងអ្នកភូមិដទៃទៀតបានលើកឡើងថា មិនថាធ្វើស្រែឬចិញ្ចឹមត្រីទេ គឺសុទ្ធតែទាមទារឱ្យមានការគាំពារ អនុគ្រោះដើម្បីធានានិរន្តរភាព រួមមានការផ្ដល់ទុនវិនិយោគក្រោមកម្ចីមានការប្រាក់ទាប ការជួយទំនុកបម្រុងផ្នែកចំណេះដឹងបច្ចេកទេសធ្វើស្រែនិងចិញ្ចឹមត្រី និងការធានាទីផ្សារសម្រាប់ប្រជាកសិករ។
ជនជាតិចិនប្រហែលចូលចិត្តត្រីប្រារបស់កម្ពុជា ដែលអាចធ្វើជាត្រីងៀតហើយនាំចេញទៅលក់នៅប្រទេសចិន។នេះជាការរំពឹងទុករបស់លោក ខៃ ហេង ដែលជាអ្នកចិញ្ចឹមត្រីជាង១០ឆ្នាំមកហើយហើយលោកតែងយកកន្ទក់ដែលបានមកពីការកិនស្រូវនៅផ្ទះរបស់លោក ធ្វើជាចំណីត្រី ដែលជាការសន្សំសំចៃមួយលើការចំណាយសម្រាប់ចំណីត្រីដែលនាំចូលពីប្រទេសវៀតណាម។
«[ចិន]ចូលចិត្ត[ត្រីប្រា]។ នៅស្រុកគេ ក្រត្រីចង់ងាប់ហើយ!»
អ្នកធ្វើការក្នុងកសិដ្ឋានចិញ្ចឹមត្រី ចាប់ត្រីប្រា ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
អ្នកធ្វើការក្នុងកសិដ្ឋានចិញ្ចឹមត្រី ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ក្នុងនាមជាសហប្រធានជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានដឹកនាំប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី២៣ខែកក្កដា គឺបីថ្ងៃបន្ទាប់ពីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានបូកសរុបបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ត្រៀមរួចរាល់សម្រាប់ចុះហត្ថលេខា។ អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះឱ្យដឹងថាភាគីចិនក៏បានសន្យាថា នឹងជួយកម្ពុជា«ជាបន្ទាន់និងជាអាទិភាព»លើការស្ថាបនាផ្លូវ ធ្វើប្រព័ន្ធទឹក រោងចក្រស្តុកនិងសម្ងួតស្រូវ និងការបន្តពង្រីកទីផ្សារកសិផលកម្ពុជា រួមមានស្រូវ ស្វាយ ចេក ទុរេន ផ្លែមៀនប៉ៃលិន កៅស៊ូ ម្សៅដំឡូងមី និងទឹកមាត់ត្រចៀកកាំជាដើម។
«ទីមួយ គាត់ស្នើឲ្យក្រសួងកសិកម្មរៀបចំផែនការបន្ទាន់បំផុត។ ទីមួយផែនការអភិវឌ្ឍន៍ទំនើបកម្មកសិកម្ម។ ទីពីរធ្វើសួនកសិ-ឧស្សាហកម្ម ដោយសារកសិកម្មយើងវាអាចក្លាយជាកសិឧស្សាហកម្មហើយ»។
ព័ត៌មានទាក់ទង៖ ចិនឲ្យកម្ពុជាបង្កើតសួនកសិឧស្សាហកម្ម ខណៈប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុនថ្ងៃEBA ត្រូវដកបើមិនមានការប្រែប្រួលទេ នៅថ្ងៃទី១២ ខែសីហាខាងមុខនេះសហភាពអឺរ៉ុបដែលជាទីផ្សាររួចពន្ធធំបំផុតសម្រាប់ទំនិញរបស់កម្ពុជា នឹងដកហូតឋានៈអនុគ្រោះពន្ធ២០% ជាការឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកហោ ណាំហុង ថ្លែងថា លោកហ៊ុន សែនគ្រោងនឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំងប្រទេសចិនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ឱ្យបានមុនថ្ងៃទី១២ ខែសីហានេះ ដែលសហភាពអឺរ៉ុបចាប់ផ្ដើមការដកហូតប្រព័ន្ធអនុគ្រោះពន្ធ។
លោកហោ ណាំហុង ថ្លែងថា មិត្តភាពរវាងកម្ពុជានិងចិនបានឈាន«ដល់កម្រិតខ្ពស់បំផុត»។ លោកមានប្រសាសន៍ថា៖«ពីមុនមកចិនតែងតែនិយាយថា ប្រទេសចិនជួយកម្ពុជាតាមលទ្ធភាពរបស់ចិន។ប៉ុន្តែឥឡូវនេះ ថ្នាក់ដឹកនាំចិនបាននិយាយថា ប្រទេសចិនជួយកម្ពុជាយើងតាមការត្រូវការរបស់កម្ពុជា។នេះមានន័យខ្ពស់ណាស់»។
ការផ្លាស់ប្ដូរនិងការចាប់យកទីផ្សារដែលមិនងាយស្រួល
ផ្លាស់ប្ដូរៗ តែមិនមែនគ្រប់គ្នាអាចធ្វើបាននោះទេ នៅក្នុងតំបន់សេដ្ឋកិច្ចជនបទដែលពឹងផ្អែកលើទីផ្សារវៀតណាម ពោលគឺត្រូវនាំពូជ ជី រថ្នាំកសិកម្ម ពីវៀតណាមហើយការលក់ចេញទៀតសោត ក៏ពឹងផ្អែកលើឈ្មួញវៀតណាម ដែលជាអ្នកកំណត់ថ្លៃ។ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំពាមរក៍ ខេត្តព្រៃវែង។
អ្នកភូមិខ្លះទៀតមិនមានក្ដីរំពឹងពេកទេពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងការផ្លាស់ប្ដូរមកចិញ្ចឹមត្រី ដូចជាលោកសុខ ខ្នា អាយុ៥២ឆ្នាំ ដែលកំពុងបង្កបង្កើនផលស្រូវប្រភេទអ៊ិចអូ ដែលជាប្រភេទស្រូវបាយទន់ លើទំហំដីស្រែជិត៦ហិកតាក្នុងឃុំពាមរក៍។ លោកថា លោកកំពុងព្រួយបារម្ភអំពីតម្លៃស្រូវលើទីផ្សារ នៅពេលប្រមូលផលនៅចុងខែកក្កដានេះ។ លោកថាការបើកទីផ្សារចូលទៅប្រទេសចិន ជាការបង្កើនជម្រើសទីផ្សារលក់ចេញ។
នៅក្បែរវាលស្រែរបស់លោក លោកសុខខ្នា ថ្លែងថា៖ «រឿងហ្នឹង[កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន] សង្ឃឹមដែរតែមិនជាសង្ឃឹមណាស់ណាពេកទេ ។ ចាំមើលបន្ដិចទៀតសិនមើល៍ ថា តើវាអាចទៅដល់តំបន់យើងមែនឬក៏អត់»។
លោក សុខ ខ្នា អាយុ៥២ឆ្នាំ ជាកសិករ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោក សុខ ខ្នា អាយុ៥២ឆ្នាំ ជាកសិករ កំពុងដើរពិនិត្យមើលស្រូវក្នុងស្រែរបស់លោក ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោក សុខ ខ្នា បានលើកឡើងថា ការផ្លាស់ប្ដូរពីធ្វើស្រែទៅចិញ្ចឹមត្រីមិនមែនជារឿងងាយស្រួលសម្រាប់លោកនោះទេ បើទោះលោកធ្លាប់នឹកគិតបោះបង់ស្រែរបស់លោក នៅពេលជួបការលំបាកម្តងៗ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំប្រហែលជាមិនអាចមានជំនាញទេមើលទៅ ដោយសារតែបើយើងចិញ្ចឹមត្រី ចិញ្ចឹមអីអ៊ីចឹងទៅ យើងត្រូវការនៅថែរក្សាវាជាប់ជាងស្រូវ ដល់អ៊ីចឹងយើងពិបាកដកឃ្លាទៅរកមុខរបរផ្សេងទៀត។ គេចិញ្ចឹមត្រីទាល់តែគេកាន់ជាប់របស់គេ»។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្រ្ត ឲ្យដឹងថា ប្រទេសចិនបានកំណត់កូតាអង្កររបស់កម្ពុជារហូតដល់៥០ម៉ឺនតោនដោយមិនយកពន្ធ។តែបើនាំចេញលើសពី៥០ម៉ឺនតោន នឹងមានការយកពន្ធ៧៥ភាគរយ។ចំណែកការនាំចេញសាច់ត្រី និងសាច់សត្វផ្សេងៗ នឹងមិនយកពន្ធនោះទេ។
ប៉ុន្តែកសិករនៅខេត្តព្រៃវែង ដែលស្រូវរបស់ពួកគេលក់ទៅប្រទេសវៀតណាម ហាក់មិនសង្ឃឹមលើកិច្ចព្រមព្រៀងនោះទេដោយសារពួកគេធ្វើស្រែអង្ករបាយរឹង ដែលពួកគេយល់ថា មិនអាចលក់ទៅប្រទេសចិននោះទេ។
អ្នកស្រីថោង បុប្ផា អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលធ្វើស្រែលើដីអ្នកស្រីចំនួន៤ហិកតា ហើយស្រូវនោះនាំទៅប្រទេសវៀតណាម។ អ្នកស្រីដែលធ្វើស្រែនៅរដូវប្រាំងនិងជាប្រភេទស្រូវបាយរឹង បារម្ភថា ដីនោះមិនអាចធ្វើស្រែពូជស្រូវនាំទៅប្រទេសចិនបានទេ។
អ្នកនាង ថោង បុប្ផា អាយុ៣០ឆ្នាំ កសិករដាំស្រូវ នៅក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
កសិករដែលមានកូនពីរនាក់នេះបានថ្លែងថា៖ «ចំពោះខ្ញុំការបារម្ភហ្នឹង ក្រែងអាអង្ករយើងផលិតហើយ គេហូបមិនកើតព្រោះអង្ករយើងធ្វើតម្រូវតែទៅខាងវៀតណាមព្រោះយើងយកពូជក៏មកពីវៀតណាម លក់ចេញក៏ឲ្យវៀតណាមវិញ។ ដល់ពេលទៅខាងចិនមិនដឹងជាតម្រូវការគេ ត្រូវការអង្ករខាងអី បាយទន់ បាយរឹងអីអ៊ីចឹង។ ហើយមិនដឹងផលប្រយោជន៍បានធ្លាក់មកលើយើងឬអត់»។
មេឃុំពាមរក៍ លោកអឿ លុច្ស និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជាឱកាសល្អសម្រាប់ពលរដ្ឋក្នុងឃុំរបស់លោកតែលោកបារម្ភអំពីគុណភាពស្រូវនិងត្រីនាំចេញពីឃុំរបស់លោក ព្រោះមិនដឹងថា គ្រប់លក្ខណៈស្ដង់ដារអាចចូលទៅទីផ្សារចិនបានឬអត់។ក្នុងឃុំពាមរក៍នេះ ពលរដ្ឋមានចំនួនជាង៨ពាន់នាក់ ហើយមានស្រះចិញ្ចឹមត្រីប្រមាណ១២០ស្រះ។ នេះបើយោងតាមលោកអឿ លុច្ស។
លោកមានប្រសាសន៍ថា៖ «ប្រឹងយ៉ាងម៉េច ប្រឹងធ្វើម៉េចឲ្យបានគុណភាពក្នុងការចិញ្ចឹម(ត្រី) ក្នុងការបង្កបង្កើនផលកសិកម្ម ។ ធ្វើម៉េចឲ្យមានគុណភាព។ ការប្រឡងប្រជែងគ្នា បើយើងខ្វះគុណភាពអាហ្នឹងអត់បានទេ»។
លោកអឿ លុច្ស មេឃុំពាមរក៍ និយាយថា លោកនឹងបង្កើតសហគមន៍នៃការចិញ្ចឹមត្រី តាមការជំរុញរបស់នាយករដ្ឋមន្រ្តីក្នុងការពង្រីកវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ លោកស្នើឲ្យរដ្ឋាភិបាលផ្តល់អ្នកជំនាញបច្ចេកទេសមកជួយអប់រំប្រជាពលរដ្ឋដើម្បីធ្វើឲ្យការធ្វើស្រែនិងការចិញ្ចឹមត្រី មានគុណភាព។
លោក អឿ លុច្ស គឺជាមេឃុំពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញខាងកសិកម្មនិងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងប្រាប់VOAថា បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកលើការនាំត្រីចូលពីប្រទេសវៀតណាមនិងប្រទេសថៃ។ ដូច្នេះលោកថាកម្ពុជាមិនទាន់អាចនាំត្រីចេញបាននោះទេ។
លោកថ្លែងប្រាប់VOAថា៖ «បញ្ហានៅតែដដែលហ្នឹង!ដូចសព្វថ្ងៃរបស់វៀតណាមនៅតែហូរចូល។ សំខាន់យើងបង្កើនការផលិតសម្រាប់នាំចេញផងសម្រាប់ជំនួសការនាំចូលផង»។
លោកបន្ថែមថា៖ «ហើយពាណិជ្ជកម្មសេរីជាមួយចិន វាមិនមែនមានន័យថា យើងធ្វើអីសេរីបានទេ។ ឥឡូវខ្ញុំសួរសំណួរសំខាន់មួយថា តើចិនហ៊ានបើកឲ្យខ្មែរនាំអង្ករចេញទៅចិន ដោយសេរីឬអត់។ ក្នុងពាណិជ្ជកម្មសេរីមានចែងអំពីអាហ្នឹងអត់? ឬក៏នៅកំណត់កូតាដដែល?»
លោកយ៉ង សាំងកុមារបញ្ជាក់បន្ថែមថា៖ «ការចរចាពាណិជ្ជកម្មសេរី វាមិនមែនជាឱសថទិព្វអី ដែលដោះស្រាយបញ្ហាសេដ្ឋកិច្ចខ្មែរទេ។វាអាចជាថ្នាំពុលដែរ។ វាអាចជាឱសថផង ជាថ្នាំពុលផង។ តែសំខាន់លើយើងទេ ថា យើងខ្លួនយើងមានស្អី ដែលយើងគិតថា ទាមទារឲ្យយើងនាំចូលស្រុកគេដោយសេរី។ អាហ្នឹងមានឬនៅ ឬគ្រាន់តែជាផែនការទេ?»
ការវិនិយោគពីចិន
ខណៈដែលរដ្ឋាភិបាលលោក ហ៊ុន សែន មានទំនាក់ទំនងល្អជិតស្និទ្ធជាមួយរដ្ឋាភិបាលចិនកុម្មុយនិស្ដ ការវិនិយោគពីចិនដីគោកក៏កំពុងឈរលំដាប់លើគេផងដែរ ក្នុងចំណោមទំហំទុនវិនិយោគពីបរទេសចូលមកប្រទេសកម្ពុជា។គ្រាន់តែចន្លោះពីឆ្នាំ២០១៦មកឆ្នាំ២០១៩ ប្រទេសចិនបានបោះទុនវិនិយោគនៅកម្ពុជាប្រមាណ៨ពាន់លានដុល្លារអាមេរិក។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងបន្ថែមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងបង្កើតការងារដល់ប្រជាពលរដ្ឋតាមរយៈការវិនិយោគរបស់ចិនមកកាន់ប្រទេសកម្ពុជា។តែការនាំមកនូវវិនិយោគពីចិនកន្លងមក ក៏មកព្រមគ្នាជាមួយភាពចម្រូងចម្រាសត្រង់ចំណុចមួយចំនួនផងដែរដូចជាការវិនិយោគយ៉ាងគំហុកនៅខេត្តព្រះសីហនុ។
អ្នកស្រី ប្រាក់ សារី អាយុ៤០ឆ្នាំ រស់នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
អ្នកស្រី ប្រាក់ សារី រស់នៅក្នុងឃុំពាមរក៍ខេត្តព្រៃវែង រំពឹងថា ការវិនិយោគបន្ថែមពីចិន អាចនឹងនាំឲ្យមានការងារធ្វើបន្ថែមសម្រាប់កូនប្រុសស្រីរបស់អ្នកស្រីទាំងបួននាក់ផងដែរ ទៅថ្ងៃអនាគត។តែអ្នកស្រីក៏បារម្ភផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំឮតាមទូរទស្សន៍ តាម(ប្រព័ន្ធសង្គម)ទូរស័ព្ទអី គេថា ចិនមកអ៊ីចេះអ៊ីចុះ…ចេះតែខ្លាច។ ប៉ុន្តែជាការណ៍ពិត អត់ដឹងថាយ៉ាងម៉េចទេ។អាហ្នឹងក្រែងលោគេចេះតែបំផុសបំផុល។ ឃើញតែគេបង្ហោះ ក្រែងលោមកធ្វើបាបខ្មែរ»។
យ៉ាងណាក៏ដោយអ្នកលក់គ្រឿងទេសនៅមុខវត្តចាក់ខ្លាញ់ វ័យ៤០ឆ្នាំរូបនេះ លើកឡើងថា ការវិនិយោគពីចិនមានសារៈសំខាន់។
«បើអត់ពីចិនក៏ពិបាកដែរ។ ការងារយើងភាគច្រើនធ្វើការជាមួយចិនទាំងអស់ អ្នករោងចក្រ»៕