ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំព្រះដាក់ ខេត្តសៀមរាប បានឱ្យដឹងអំពីការពេញចិត្តរបស់ពួកគេ ចំពោះការអភិវឌ្ឍផ្លូវថ្នល់ និងការថែរក្សាបរិស្ថានល្អក្នុងភូមិឃុំ។
ដំណាលគ្នានឹងការអភិវឌ្ឍដែលកំពុងកើតឡើងនៅមូលដ្ឋាន ពលរដ្ឋមួយចំនួននៅក្នុងឃុំនេះ នៅប្រឈមនឹងបញ្ហាមួយចំនួនទៀត រួមមានការស្នើសុំអាជ្ញាធរជាតិអប្សរាធ្វើការកែលម្អ ឬជួសជុលផ្ទះ ឬក៏ការសាងសង់សំណង់តូចៗនៅជិតផ្ទះ និងកង្វះការតភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោក ណុង ណាង អាយុ៣៣ឆ្នាំ កំពុងអង្គុយជជែកលេងជាមួយអ្នកភូមិផ្សេងទៀត នៅក្នុងឃុំព្រះដាក់ ទីដែលពលរដ្ឋបានត្រៀមចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី៥ ខែមិថុនានេះ។
អ្នកភូមិនៅឃុំព្រះដាក់លោក ណុង ណាង អាយុ ៣៣ឆ្នាំ និយាយពីការអភិវឌ្ឍភូមិឃុំ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ ខេត្តសៀមរាប។ (ហ៊ុល រស្មី/វីអូអេ)
លោកបានប្រាប់អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ)កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរភូមិឃុំបានយកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋច្រើន ដែលរួមមានការគិតគូរពីអនាម័យក្នុងភូមិ ការកាត់បន្ថយថង់ប្លាស្ទីក និងការកសាងផ្លូវបេតុងជាដើម។
ប៉ុន្តែទោះជាយ៉ាងណា លោកណាងនិយាយថា៖ «អ្វីដែលចង់បាន ដូចខ្ញុំនិយាយមិញ… ចង់ថាឱ្យ និយាយរួមទៅ មេភូមិ មេឃុំអីជួយរឿងគាត់ដែលអត់ ហើយគាត់ដែលមិនមានផ្ទះមានអី ឱ្យជួយដូចថា បើគាត់ស្នើសុំចង់ធ្វើអ្វីមួយជំរុញឱ្យគាត់បានលឿន កុំឱ្យយឺតយ៉ាវ។ ហើយទីមួយ បើយើងធ្វើអ្វីគឺថា វាយ៉ាប់មិនបានស្រួលដូចចិត្តទេ។ អ៊ីចឹងខ្ញុំចង់ឱ្យភូមិឃុំជួយអាកន្លែងហ្នឹងឱ្យលឿន…ទីមួយ។ទីពីរសេវាសាធារណៈធ្វើម៉េចឱ្យបានជួយសម្រួលប្រជាពលរដ្ឋដែលគាត់ស្នើសុំទៅធ្វើអីនៅកន្លែងសេវាសាធារណៈធ្វើម៉េចឱ្យលឿន។ កុំចាំគិតថា ថ្ងៃនេះថ្ងៃណោះ សម្រាកអី…. សំខាន់ ចង់ឱ្យជួយពន្លឿនគាត់ហ្នឹងឯង។ ចង់និយាយបាន តែប៉ុណ្ណោះឯង»។
Your browser doesn’t support HTML5
ពលរដ្ឋឃុំព្រះដាក់ស្នើឱ្យមេឃុំជាប់ឆ្នោតជួយសម្រួលឯកសារសាងសង់តូបតូចៗនិងផ្ទះនៅក្នុងតំបន់អប្សរានេះ
អ្នកភូមិម្នាក់ទៀត គឺអ្នកស្រី សួស ណារុន អាយុ៤៤ឆ្នាំ ក៏មានសំណូមពរស្រដៀងគ្នានឹងលោក ណុង ណាង ផងដែរ។
ឈរនៅជាប់តូបលក់គ្រឿងភេសជ្ជៈតូចមួយ ក្នុងឃុំព្រះដាក់ អ្នកស្រី សួស ណារុន និយាយថា៖ «មានអ្នកផ្សេងៗចង់តផ្ទះ ធ្វើរោងលក់ធ្វើអីអ៊ីចឹងណា៎ វាពិបាក។ គាត់អត់ឱ្យធ្វើណាចា៎។ ដូចថា គាត់ខ្វះកន្លែងលក់ដូរ ដូចធ្វើរោងអីតាមផ្ទះតិចៗអ៊ីចឹង គាត់អត់ឱ្យធ្វើទេ»។
ឃុំព្រះដាក់ គឺជាឃុំមួយ ដែលគេឃើញប្រជាពលរដ្ឋប្រកបរបរលក់ដូរផ្សេងៗគ្នានៅខាងមុខផ្ទះរបស់ពួកគេ។ ឃុំនេះ គឺស្ថិតនៅមិនឆ្ងាយពីក្រុងសៀមរាបប៉ុន្មាននោះទេ និងមានចម្ងាយពីប្រាសាទអង្គរវត្តត្រឹមតែ១២គីឡូម៉ែត្រតែប៉ុណ្ណោះ និងចម្ងាយប្រមាណ២,៥គីឡូម៉ែត្រ ពីបារាយណ៍ខាងកើត។
អ្នកស្រី សួស ណារុន ពលរដ្ឋក្នុងឃុំព្រះដាក់ ត្រៀមរួចរាល់ដើម្បីចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
បើទោះបីជា ឃុំនេះស្ថិតនៅមិនឆ្ងាយពីក្រុងសៀមរាបយ៉ាងណាក្តី ប្រជាពលរដ្ឋក្នុងឃុំស្ថិតក្នុងតំបន់ អភិរក្សរបស់អាជ្ញាធរជាតិអប្សរាមួយនេះ នៅមិនទាន់មានទឹកម៉ាស៊ីនប្រើប្រាស់ស្រួលបួលនៅឡើយទេ។ ពលរដ្ឋក្នុងឃុំនេះ ចង់ឱ្យមេឃុំដែលជាប់ឆ្នោត គិតគូរអំពីបញ្ហាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស។
ម្ចាស់ឱសថស្ថាន ឬកន្លែងលក់ថ្នាំពេទ្យមួយកន្លែង ក្នុងឃុំព្រះដាក់ គឺអ្នកស្រី ពៅ គឹមលាង អាយុ៦៤ឆ្នាំ ស្នើឱ្យអាជ្ញាធរមូលដ្ឋានរៀបចំឱ្យមានប្រព័ន្ធតភ្ជាប់ទឹកស្អាត និងត្រូវគិតគូរជួយអ្នកក្រីក្រ ព្រមទាំងការផ្តល់សេវាសាធារណៈនានាដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
អ្នកស្រី ពៅ គឹមលាង រំពឹងថា ពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប នឹងទទួលបានការភ្ជាប់ទឹកស្អាត ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រីថ្លែងថា៖ «បញ្ហាទឹកស្អាតហ្នឹង ខ្ញុំក៏ចង់បានដែរ។ ចា៎ បើថាជាប់អាណត្តិក្រោយទៅ មេឃុំហ្នឹង ដូចថា បើគាត់អភិវឌ្ឍ គាត់មានប្រព័ន្ធស្អាត ក៏ប៉ុន្តែតាមឮនិយាយថា ចៅហ្វាយស្រុកដែលគាត់ឈរជើងសព្វថ្ងៃហ្នឹងបន្តឱ្យមានទឹកស្អាតចូលក្នុងភូមិឃុំ»។
ដោយឡែក លោក ហែម មុំ អាយុ៤៧ឆ្នាំ កម្មករជួសជុលទូកទេសចរណ៍ នៅភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀបរាម មើលឃើញពីបញ្ហាគ្រឿងញៀន និងបទល្មើសនេសាទ ដែលមេឃុំជាប់ឆ្នោតនៅពេលខាងមុខត្រូវបន្តទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាន។
លោកនិយាយថា៖«ខ្ញុំចង់បានឱ្យពង្រឹងថែមអារឿងបញ្ហាគ្រឿងញៀន គ្រឿងអី ហើយនិងបទល្មើសនេសាទដែលវាធំៗពេក»។
លោក ហែម មុំ ដែលកំពុងជួសជុលទូកទេសចរណ៍ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ចង់ឃើញអាជ្ញាធរមូលដ្ឋានបោសសម្អាតគ្រឿងញៀនឱ្យអស់ពីសហគមន៍។ (ហ៊ុល រស្មី/វីអូអេ)
ពលរដ្ឋភាគច្រើន នៅក្នុងឃុំព្រះដាក់ និងឃុំផ្សេងទៀតក្នុង ខេត្តសៀមរាប បានឱ្យដឹងថា ពួកគេថានឹងទៅចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ។ តែពលរដ្ឋមួយចំនួនហាក់មិនចាប់អារម្មណ៍នឹងការបោះឆ្នោត និងគោលនយោបាយរបស់បក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ដូចការបោះឆ្នោតអាណត្តិមុនប៉ុន្មានទេ។
បើតាមពលរដ្ឋមួយចំនួនដែលវីអូអេបានសម្ភាស ការបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ពួកគេ និងដើម្បីបង្ហាញថា ពួកគេបានចូលរួមចំណែកក្នុងការជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋានតែប៉ុណ្ណោះ៕