ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ បានកោះហៅលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មកបំភ្លឺទាក់ទងការចោទប្រកាន់ចំនួនពីរករណីផ្សេងទៀត ពីបទ«ញុះញង់ឱ្យមានភាពវឹកវរ» និង «ញុះញង់ឱ្យមានការរើសអើង» ដែលទាក់ទងនឹងសកម្មភាពរបស់លោកនៅក្រៅប្រទេស កាលពីកន្លងទៅ។
ការចោទប្រកាន់នេះ ខុសគ្នាពីការចោទប្រកាន់លើកមុន ដែលទាក់ទងការ «ចេញសែកស្អុយ» ឱ្យក្រុមហ៊ុនបញ្ចាំមួយ ដែលលោកត្រូវបានចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣។ នេះបើតាមមេធាវី និងក្រុមគ្រួសារ។
លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា ប្រាប់វីអូអេថា កាលពីព្រឹកថ្ងៃពុធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក ថាច់ សេដ្ឋា ឱ្យមកបំភ្លឺទាក់ទងបទចោទចំនួនពីរ ក្នុងសំណុំរឿងតែមួយ គឺបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង។ បើតាមមេធាវី ការសង្ស័យនេះ ពាក់ព័ន្ធនឹងសកម្មភាពនៅក្រៅប្រទេសរបស់លោក ថាច់ សេដ្ឋា កាលពីកន្លងទៅ។ ទោះជាយ៉ាងណា លោកមេធាវីមិនទាន់អាចបញ្ជាក់លម្អិតពីករណីនេះនៅឡើយទេ ដោយសារមិនទាន់បានឃើញសំណុំរឿងនៅឡើយ។
លោកថ្លែងថា៖ «រឿងព្រឹកមិញមិនមែនសវនាការទេ ព្រឹកមិញ គឺខាងចៅក្រមស៊ើបកោះហៅ ដើម្បីស៊ើប ទាក់ទងសំណុំរឿងថ្មី...សំណុំរឿងទី ២ ទាក់ទងបទញុះញង់ឱ្យមានស្ថានភាពវឹកវរដល់សង្គមជាដើម ហើយពាក់ព័ន្ធបទញុះញង់ឱ្យមានការរើសអើង»។
មន្ត្រីពន្ធនាគារនាំ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឡើងរថយន្តនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ត្រឡប់ទៅពន្ធនាគារព្រៃស កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
លោកបន្ថែមថា តុលាការមិនទាន់សម្រេចចោទប្រកាន់លោក ថាច់ សេដ្ឋា នៅឡើយទេ។
ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី ដែលបានចូលទៅក្នុងសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះដែរ ចាត់ទុកការចោទប្រកាន់ផ្សេងទៀតលើស្វាមី ជារឿងអយុត្តិធម៌ និងជាការបិទសិទ្ធិសេរីភាពនយោបាយរបស់លោក។
អ្នកស្រីថ្លែងថា៖ «ចំពោះប្រពន្ធកូន ខ្ញុំថា មិនយុត្តិធម៌ចំពោះគាត់ទេ ដោយសារអី គាត់ជាអ្នកនយោបាយ មិនឱ្យគាត់និយាយការពិត ឱ្យគាត់និយាយរឿងអី? ឱ្យគាត់និយាយរឿងកំប្លែងមែន? [បើ] មិនឱ្យគាត់និយាយរឿងពិត។ គាត់យកតែការពិតមកនិយាយ។ ហើយគាត់ប្រាប់ប្រពន្ធកូនថា ធ្វើឱ្យតែល្អទៅ អំពើល្អទៅមុខទៅ។ គាត់ថាអ៊ីចឹង»។
អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកដៃសំពះអ្នកមកគាំទ្រស្វាមី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក ប្លង់ សុផល និងលោក អ៊ី រិន្ទ អ្នកនាំពាក្យរបស់តុលាការរាជធានីភ្នំពេញបាននៅឡើយទេ។
លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងឃុំខ្លួន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ក្នុងសំណុំរឿង «ចេញសែកអត់សាច់ប្រាក់»។ លោកត្រូវបានចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន ចេញដីកាតម្រូវឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ«មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។
លោក អំ សំអាត នាយកឃ្លាំមើលកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ករណីរបស់លោក ថាច់ សេដ្ឋា បង្ហាញឱ្យឃើញថា វាពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាង ហើយវាជាការដាក់បន្ទុកបន្ថែមដល់គណបក្សប្រឆាំង ជាជាងការអនុវត្តច្បាប់។
លោកថ្លែងថា៖ «ជាពិសេស យើងឃើញហើយលោក ថាច់ សេដ្ឋា គឺជាអនុប្រធានគណបក្សភ្លើងទៀន ហើយជាមនុស្សដែលមានប្រជាប្រិយភាពមួយដែរ នៅក្នុងគណបក្សប្រឆាំង។ អ៊ីចឹងក្រៅពីការចាប់ខ្លួនទាក់ទងនឹងរឿងការរំលោភទំនុកចិត្តហ្នឹង ការចោទប្រកាន់បន្ថែមបទល្មើសបន្តទៀតនេះ គឺយើងឃើញថា ជាការដាក់បន្ទុកបន្ថែមទៀត ហើយវាមិនខុសអីនឹងករណីនៃអ្នកនយោបាយគណបក្សប្រឆាំង ដូចសកម្មជនគណបក្សប្រឆាំងមុនៗ ដែលត្រូវចោទប្រកាន់បទល្មើសមួយហើយ មួយទៀត»។
លោក ថាច់ សេដ្ឋា ដែលកំពុងជាប់ពន្ធនាគារ បានព្យាយាមប្តឹងទាស់នឹងការចោទប្រកាន់លើលោកទាក់ទងរឿង «ចេញសែកអត់សាច់ប្រាក់» ទៅឱ្យក្រុមហ៊ុនរិនឆាយផនស៊ប ដែលជាកន្លែងបញ្ចាំ ដោយលោកស្នើសុំតុលាការកំពូលអនុញ្ញាតឱ្យលោកបានស្ថិតនៅក្រៅឃុំ ដើម្បីព្យាបាលជំងឺបេះដូង ដោយធានាតម្កល់ប្រាក់ជាង ៣ ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះ ប៉ុន្តែចៅក្រមតុលាការកំពូល កាលពីដើមខែឧសភា បានបដិសេធសំណើរបស់លោក៕