អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានបន្តបិទខ្ទប់តំបន់ក្រហម និងតំបន់លឿងទុំ ដែលមានការឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរនិងមធ្យម រហូតដល់ថ្ងៃទី ១២ ខែឧសភា និងបានរិះគន់ខ្លាំងៗដល់អ្នកដែលមានទស្សនៈផ្ទុយនឹងរដ្ឋាភិបាលពាក់ព័ន្ធនឹងវិធានការបិទខ្ទប់នេះ។
អាជ្ញាធរអះអាងថា ការបន្តវិធានការបិទខ្ទប់ក្នុងតំបន់គ្រោះថ្នាក់ទាំងពីរនេះ គឺជាការខិតខំបន្ថែមក្នុងការផ្តាច់ចរន្តចម្លងនៃជំងឺកូវីដ១៩ ដែលករណីឆ្លងប្រចាំថ្ងៃភាគច្រើនរកឃើញនៅទីនោះ។
អាជ្ញាធរអះអាងថា អ្នករស់នៅក្នុងតំបន់លឿងដែលត្រូវកំណត់ថាមានកម្រិតឆ្លងស្រាល ក៏ត្រូវគោរពតាមវិធានការសុខាភិបាល និងរដ្ឋបាលដែលមានស្រាប់ ដូចជាបម្រាមគោចរ ការបន្តលក់អាហារវេចខ្ចប់ ការមិនប្រមូលផ្តុំគ្នា និងការមិនទទួលទានគ្រឿងស្រវឹងរួមគ្នា និងបន្តប្រកាន់ខ្ជាប់វិធានការ«បីកុំ បីការពារ»ជាដើម។
ក្នុងសន្និសីទសារព័ត៌មានរៀបចំនៅសាលក្រុងភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៍នេះ អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បានទទូចឲ្យពលរដ្ឋបន្តអនុវត្តឲ្យបានជាប់លាប់វិធានការសុខាភិបាល និងរដ្ឋបាលដែលកំណត់ដោយអាជ្ញាធរ ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ ឲ្យបានឆាប់ ហើយបានស្នើឲ្យពលរដ្ឋរស់ក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ អត់ធ្មត់ក្នុងពេលបន្តការបិទខ្ទប់មួយសប្តាហ៍ទៀត។
លោកថ្លែងថា៖ «យើងដឹងថា បងប្អូនពិបាកនៅតំបន់ក្រហមហ្នឹង និងតំបន់លឿងទុំពិបាក ព្រោះនៅបន្តទៀត តែយើងគ្មានជម្រើសអ្វីក្រៅពីការបិទខ្ទប់នេះទេ ដើម្បីការពារអាយុជីវិតអ្នកដទៃ ដូចខ្ញុំនិយាយខាងដើម។ បើគាត់ចេញទៅយើងកំណត់មុខសញ្ញាអត់បានទេ...អីចឹងសុំឲ្យគាត់បន្តអត់ធ្មត់ឲ្យបានមែនទែនលើករណីនេះ»។
អភិបាលរងក្រុងរូបនេះបន្ថែមថា ពលរដ្ឋក្នុងតំបន់ក្រហមនិងតំបន់លឿងទុំ នឹងមិនប្រឈមការដាច់ស្បៀងអាហារទេ ដោយលើកហេតុផលថា អាជ្ញាធរបានត្រៀមរួចរាល់នូវជំនួយជាអាហារហូបចុកក្នុងពេលដែលតំបន់ទាំងពីរបន្តស្ថិតក្នុងស្ថានភាពរាំងខ្ទប់តឹងរ៉ឹង។
ឆ្លើយទៅនឹងសំណួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងមតិរិះគន់របស់ក្រុមដែលមិនគាំទ្រវិធានការបិទខ្ទប់រាជធានីនិងក្រុងតាខ្មៅរយៈពេលយូររហូតដល់ ៣ សប្តាហ៍ អភិបាលរងលោក កើត ឆែ តបថាក្រុមអ្នកប្រឆាំងបានតែស្រែករិះគន់ ពោលគឺមិនបានរួមចំណែកចូលរួមជាមួយរដ្ឋាភិបាល ដើម្បីសង្គ្រោះពលរដ្ឋពីកង្វះខាត ជាពិសេសក្នុងតំបន់ក្រហម។
លោកបន្ថែមថា៖ «កាលណានិយាយក្រុមហ្នឹង គឺយើងមិនបាច់និយាយទេ ព្រោះគាត់អត់ដែលចេញអីទេមកដល់ម៉ោងនេះ មិនដែលអីចូលរួមជាមួយយើងទេ បាទ មិនដែលទេ ដឹងតែខុសរហូត។ ប៉ុន្តែសួរធ្វើអីបានទេ? មិនដែលធ្វើអីទេបាទ»។
លោក កើត ឆែ ក៏បានចំអកក្រុមអ្នករិះគន់ថា មិនមានសេចក្តីក្លាហានគ្រប់គ្រាន់ហ៊ានចូលទៅចែកអំណោយ ដើម្បីសង្គ្រោះពលរដ្ឋ ប្រឈមការខ្វះខាតស្បៀងក្នុងតំបន់ក្រហមនោះទេ ព្រោះជាតំបន់មានការឆ្លងខ្ពស់។
បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
ក្នុងតំបន់ក្រហមដដែលនេះ អភិបាលរងក្រុងដដែលក៏បានព្រមានអ្នកសារព័ត៌មានមិនឲ្យចូលទៅធ្វើសេចក្តីរាយការណ៍ ឬផ្សាយបន្តផ្ទាល់ក្នុងតំបន់ដែលមានកម្រិតឆ្លងនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរនោះទេ។ លោកនិយាយថា អ្នកកាសែតរូបណាដែលនៅបន្តបំពានការហាមឃាត់របស់អាជ្ញាធរមិនឲ្យចូលទៅក្នុងតំបន់ក្រហមនោះអាចនឹងប្រឈមវិធានការច្បាប់ ដោយអាជ្ញាធរឈប់ប្រើវិធានការអប់រំដែលបានធ្វើកន្លងមកនោះ។
លោក កើត ឆែ លើកឡើងថា៖ «ពីព្រោះកាលណាបងប្អូនយើងចូលទៅតំបន់ក្រហម បងប្អូនយើងធ្វើការ live ប្រជាពលរដ្ឋមកស្តាប់ live ហ្នឹងគឺវាណែនណែន អត់មានគម្លាតសុវត្ថិភាពសង្គមទេ បង្កហានិភ័យថែមទៀតត្រូវឆ្លង ដែលយើងមិនអាចសម្រេចគោលដៅរួមរបស់យើងបាននោះ គឺការកាត់ផ្តាច់ព្រឹត្តការណ៍ថ្ងៃ ២០ កុម្ភៈ»។
អង្គការការពារសិទ្ធិមនុស្ស (Human Rights Watch) កាលពីពេលថ្មីៗនេះ បានរិះគន់អាជ្ញាធរកម្ពុជាដែលបានរាំងខ្ទប់មិនឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមផ្តល់ជំនួយផ្សេងទៀតចូលទៅជួយពលរដ្ឋក្នុងតំបន់ក្រហម។
សេចក្តីថ្លែងការណ៍របស់អង្គការ Human Rights Watch ដែលចេញផ្សាយកាលពីថ្ងៃទី ៥ ខែឧសភា ឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៣០ ម៉ឺននាក់ បានរងផលប៉ះពាល់នៅក្នុងតំបន់ក្រហម។
សេចក្តីថ្លែងការណ៍លើកឡើងថា៖ «អ្នករស់នៅក្នុងតំបន់ទាំងនេះប្រឈមនឹងវិធានការបិទខ្ទប់តឹងរ៉ឹងបំផុត ក្នុងនោះគឺមានបម្រាមចាកចេញពីផ្ទះ លើកលែងតែហេតុផលសុខភាពជាក់លាក់។ មនុស្សជាច្រើននាក់មិនមានលទ្ធភាពទទួលបានអាហារ ថ្នាំពេទ្យ និងតម្រូវការចាំបាច់ផ្សេងៗទៀតជាច្រើនសប្តាហ៍។
ក្រុមជួយសង្គ្រោះក្នុងស្រុកនិងអន្តរជាតិបានប្រកាសពីការត្រៀមរួចរាល់ក្នុងការផ្តល់ជំនួយដល់អ្នករងផលប៉ះពាល់ទាំងអស់នោះ ប៉ុន្តែអាជ្ញាធរបានបដិសេធមិនឲ្យក្រុមទាំងនោះចូលក្នុងតំបន់ក្រហមឡើយ»។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា CCFC លោក ថេង សាវឿន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធររាជធានីភ្នំពេញគួរឆ្លើយតបទៅនឹងមតិរិះគន់កន្លងមក ដោយបង្កើននូវអភិបាលកិច្ចថ្នាក់មូលដ្ឋានឲ្យបានប្រសើរជាងមុន ក្នុងការចាត់ចែងជំនួយឧបត្ថម្ភដល់ពលរដ្ឋខ្វះខាតស្មើៗគ្នា មិនថាពលរដ្ឋនោះមាននិន្នាការនយោបាយយ៉ាងណាទេ។
លោកបន្ថែមថា ក្នុងកាលៈទេសៈនៃការបិទខ្ទប់បន្តទៀតក្នុងតំបន់លឿងទុំនិងក្រហម កម្មករក្នុងឧស្សាហកម្មកាត់ដេរនិងវិស័យផ្សេងទៀត ត្រូវស្ថិតក្នុងក្រុមអាទិភាពនៃការជួយសង្គ្រោះ ព្រោះពួកគេមិនមានការងារផង និងត្រូវចំណាយលើការជួលផ្ទះនិងថ្លៃទឹកភ្លើងជាដើម។
«រឿងដែលគាត់ព្រួយបារម្ភ គឺទាក់ទងនឹងតម្លៃសេវាគ្មានថវិកាក្នុងការបង់ថ្លៃផ្ទះជួល បង់ថ្លៃទឹក និងបង់ថ្លៃភ្លើង។ អ៊ីចឹងចំណុចទាំងនេះ បើសិនជាបន្តបិទទៀតរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាលគួរតែត្រូវបានពិចារណាផ្តល់នូវការគាំទ្រពិសេសណាមួយដល់ពួកគាត់» ។
ទាក់ទិនការចូលទៅក្នុងតំបន់ក្រហមរបស់អ្នកសារព័ត៌មាន លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) យល់ថា អាជ្ញាធរគួរមានការសម្របសម្រួលឲ្យអ្នកសារព័ត៌មានបានចូលក្នុងតំបន់នោះ ដោយមានវិធានការគាំពារសុខាភិបាលត្រឹមត្រូវ។
លោកថា អវត្តមានអ្នកកាសែតក្នុងតំបន់ក្រហមអាចនឹងធ្វើឲ្យរដ្ឋាភិបាលបាត់បង់ដំណឹង ពាក់ព័ន្ធនឹងសេចក្តីត្រូវការផ្សេងៗ ឬបញ្ហាប្រឈមនានាដែលកើតមានក្នុងតំបន់ឆ្លងខ្ពស់៕