ក្រុមគ្រួសារនិងសាច់ញាតិបានលើកពីគុណសម្បត្តិរបស់ នួន ជា ប៉ុន្តែបានព្យាយាមមិនលើកពីការកាត់ទោសលើរូបលោកទេ។
អង្គុយក្បែរមឈូសតម្កល់សពរបស់ស្វាមី នៅឯវត្តព្រំគិរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកស្រី លី គឹមសេង វ័យ៨៤ឆ្នាំ បានរៀបរាប់ថាស្វាមីអ្នកស្រីជាមនុស្សស្លូតបូតនិងនឹងនរ។
«ហ្អេស! គាត់មនុស្សអ្នកត្រឹមត្រូវ។ អ្នកស្មោះត្រង់។ អ្នកស្លូតបូតទេតើ ចា៎!។ អត់មានថា ឆេវឆាវ ច្រងេងច្រងាងអ្វីយ៉ាងម៉េចគឺអត់ទេ ជាមួយក្រុមគ្រួសារក៏ដូចជាអ្នកភូមិផងរបងជាមួយអ៊ីចឹងដែរណា៎»។
នួន ជាបានស្លាប់កាលពីថ្ងៃអាទិត្យកន្លងទៅនាជន្មាយុ៩៣ឆ្នាំ ខណៈកំពុងជាប់ពន្ធនាគារអស់មួយជីវិតទាក់ទិននឹង«ការទទួលខុសត្រូវខ្ពស់បំផុត»លើការដឹកនាំរបបខ្មែរក្រហមដ៏ប្រល័យ។ ប្រជាជនកម្ពុជាយ៉ាងតិច១,៧លាននាក់បានស្លាប់ក្នុងរបបនេះចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អ្នកស្រីលី គឹមសេងរៀបរាប់ថា ប្តីរបស់អ្នកស្រីជាមនុស្សដែលលាក់ការណ៍សម្ងាត់ខ្ពស់បំផុត។
«គាត់មិនដែលនិយាយស្អីឱ្យខ្ញុំឮផង អត់ទេ។ នែ ការណ៍សម្ងាត់គាត់រហូត ចា៎។ គាត់អត់ដែលនិយាយអីទេ»។
អ្នកស្រី លី គឹមសេង ឈរស្វាគមន៍ភ្ញៀវមកចូលរួមបុណ្យសព នួន ជា ជាស្វាមី នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
នួន ជាមានឈ្មោះកំណើតថា ឡៅ គឹមរន កើតនៅភូមិវត្តគ ក្នុងខេត្តបាត់ដំបង។ លោកបានចាកចេញទៅសិក្សានៅសាកលវិទ្យាល័យធម្មសាធប្រទេសថៃ ក្នុងទសវត្សរ៍១៩៤០ហើយក៏បានចូលរួមតស៊ូនយោបាយជាមួយបក្សកុម្មុយនីស្តថៃមុននឹងត្រឡប់មកកម្ពុជាដើម្បីកសាងបក្សនិងចលនាកុម្មុយនីស្ដក្នុងប្រទេសកំណើត។
នួន ជាបានកាន់កាប់តួនាទីនយោបាយយ៉ាងសំខាន់ក្នុងជួរបក្សកុម្មុយនិស្តរបស់ខ្មែរក្រហម។ លោកត្រូវបាននគរបាលយុត្តិធម៌ចាប់ខ្លួននៅឆ្នាំ២០០៧ ហើយត្រូវបានដាក់ឱ្យជំនុំជម្រះក្ដីនៅសាលាក្ដីខ្មែរក្រហមរហូតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពីប្រល័យពូជសាសន៍។
អ្នកស្រី ឡៅ ជាលីនដា កូនស្រីទីបីរបស់នួន ជា បានកើតនៅទីក្រុងភ្នំពេញ កាលពីឆ្នាំ១៩៦៧ ខណៈដែល នួន ជារស់នៅលាក់ខ្លួនជាសម្ងាត់កសាងបណ្ដាញបក្សកុម្មុយនីស្ដកម្ពុជានៅភ្នំពេញ។
«គាត់ល្មម! គាត់មិនជាកាច មិនជាស្លូត។ អ្វីដែលខុសបានគាត់ ... គាត់នែជាអ្នកម៉ឺងម៉ាត់ ហើយហ្មត់ចត់ណា៎។ បើគាត់និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង ជាមួយកូនៗក៏អ៊ីចឹង»។
នៅពេលត្រូវបានសួរថា តើអ្នកស្រីជឿថា នួន ជាជាឪពុកប្រព្រឹត្តកំហុសឬទេ អ្នកស្រីឡៅ ជាលីនដានិយាយថា៖
«ខ្ញុំមិនបាច់ឆ្លើយក៏បានដែរបញ្ហាហ្នឹង។ ខ្ញុំអត់ចង់ឆ្លើយចា៎។ កុំឆ្លើយល្អជាងចា៎។ កុំនិយាយ»។
អ្នកស្រី ឡៅ ជាលីនដា (អាវស) ឈរស្វាគមន៍ភ្ញៀវមកចូលរួមបុណ្យសព នួន ជា ជាឪពុក នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
នួន ជា គឺជាកូនទីពីរក្នុងចំណោមបងប្អូនប្រុសស្រីសរុប៦នាក់។ អ្នកស្រី ភូ ពូន ដែលជាប្អូនទីប្រាំរបស់ នួន ជា មិនធ្លាប់មានប្រវត្តិអនុស្សាវរីយ៍ពីកុមារភាពជាមួយនឹងបងប្រុសដែលជាមេខ្មែរក្រហមរូបនេះឡើយ។
បច្ចុប្បន្នមានអាយុ៨២ឆ្នាំ អ្នកស្រី ភូ ពូន ដែលហៅ នួន ជា ថា«បងនូច»ក៏ធ្លាប់បាត់បង់សមាជិកគ្រួសារដែរ រួមមានស្វាមី និងកូនបីនាក់ ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែនៅពេលដែលសួរអំពីទស្សនៈយល់ឃើញអំពីកេរ្តិ៍ឈ្មោះរបស់ នួន ជា ជាបងប្រុស អ្នកស្រី ភូ ពូន លើកឡើងថា៖
«មនុស្សចិត្តវាមិនដូចគ្នាទេ មានអ្នកស្រឡាញ់ មានអ្នកស្អប់។ [ខ្ញុំ]ឧទ្ទិសឱ្យគាត់ចាប់ភពកន្លែងល្អចា៎ ឱ្យល្អជាងហ្នឹង!»។
អ្នកស្រី ភូ ពូន ប្អូនស្រីទីប្រាំងរបស់ នួន ជា អង្គុយនៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
លោក ឃុន ឃឿង អាយុ៥៥ឆ្នាំ ជាអតីតទាហានបម្រើឱ្យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា។ លោកធ្លាប់មានប្រវត្តិតស៊ូប្រយុទ្ធប្រដាប់អាវុធនឹងក្រុមឧទ្ទាមខ្មែរក្រហម។ លោកបានមករស់នៅតំបន់ផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននេះ នៅដើមទសវត្សរ៍២០០០និងបានក្លាយជាអ្នកស្រុកអ្នកភូមិជាមួយ នួន ជា។
«ពូស្ដាយគាត់ដែរ ដែលគាត់ជាអ្នកដឹកនាំមួយដែរ តែគាត់ធ្វើម៉េចតាមវា សង្គម។ចុះសង្គមកាលពីគាត់ ប៉ុលពត គាត់នៅសង្គមប៉ុលពត តែដល់មកឥឡូវ សង្គមបត់បែនគឺតាមបត់បែន។ អារម្មណ៍គាត់គឺទៅវត្តទៅវ៉ាអីធម្មតា»។
សម្រាប់ចៅអធិការវត្តព្រំគិរីមរកត ព្រះតេជគុណវ៉ែន ចន្ទសុម៉ៃ ព្រះជន្ម៤៣ព្រះវស្សា នួន ជា ហាក់ដូចជាឪពុកសម្រាប់វត្តនេះតែម្ដង ត្បិតលោកបានជួយផ្ចុងផ្ដើមនឹងអ្នកភូមិដទៃទៀតដើម្បីសាងសង់វត្តនេះនៅចុងទសវត្សរ៍១៩៩០។
«គាត់បង្ហាត់ទ្រឹស្ដីពុទ្ធសាសនា។ គាត់គោរពបូជាពុទ្ធសាសនាណាស់ ព្រោះតែគាត់មានអារម្មណ៍មួយហ្នឹងហើយបានអាត្មាទទួលស្រឡាញ់គាត់ ត្រង់ថា គាត់និយាយភាសាបែបពុទ្ធសាសនាហ្នឹងបានច្រើន ដល់អ៊ីចឹងទៅ បានសន្ទនាគ្នា ឈានទៅទំនាក់ទំនងគាត់បានវែងឆ្ងាយ!»។
ខណៈដែលព្រះតេជគុណព្រះចៅអធិការកំពុងមានថេរដីកា មេរុត្រូវបានក្រុមជាងលើកដំឡើងរួចជាស្រេចក្នុងបរិវេណវត្តព្រំគិរីមរកតដើម្បីត្រៀមសម្រាប់ការបូជាសពនួន ជា។ សពនួន ជានឹងត្រូវបូជានៅថ្ងៃសុក្រនេះវេលាម៉ោង៧យប់៕