ជារៀងរាល់ថ្ងៃ អ្នកជំងឺរាប់រយនាក់បានធ្វើដំណើរពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាមកកាន់មនី្ទរសម្រាកព្យាបាលមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថា មន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹម (Center of Hope Friendship Clinics)។
មន្ទីរពេទ្យនេះត្រូវបានអ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេជាច្រើននាក់អះអាងថា ជាមន្ទីរពេទ្យដែលយកចិត្តទុកដាក់ថែទាំ និងមានវិជ្ជាជីវៈត្រឹមត្រូវក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសមនុស្សវ័យចំណាស់។ ពួកគេទាំងនោះរៀបរាប់ថា គ្រូពេទ្យនៅក្នុងទីនោះសុទ្ធតែមានជំនាញច្បាស់លាស់ ស្របពេលដែលតម្លៃពិនិត្យនិងព្យាបាលជំងឺក៏សមរម្យ ជាងមន្ទីរពេទ្យរដ្ឋ ឬឯកជនដទៃទៀត។
«ប្រសិនបើយើងប្រៀបធៀបទៅ ពេទ្យមិត្តភាពមណ្ឌលនៃក្តីសង្ឃឹមហ្នឹងគាត់ផ្តល់សេវាបានល្អមែនទែន ពីព្រោះដោយសារអីពេលទៅម្តងៗពេទ្យយកចិត្តទុកដាក់តាមដានជំងឺរបស់ម្តាយខ្ញុំ ហើយមើលទៅគាត់មានវិជ្ជាជីវៈ គាត់មានជំនាញច្បាស់លាស់ត្រឹមត្រូវ ហើយក៏តាមដានសួរនាំល្អិតល្អន់ដែរ មុនគេចេញថ្នាំឱ្យ»។
នេះជាសម្តីរបស់អ្នកស្រី អ៊ុំ វណ្ណា អាយុ ៣០ ឆ្នាំ ដែលបាននាំម្តាយទៅទទួលការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹមជាង ១០ ឆ្នាំមកហើយ។ អ្នកស្រីថា អ្នកស្រីធ្លាប់បាននាំម្តាយទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងឯកជនជាច្រើនកន្លែង ក៏ប៉ុន្តែអាការៈម្តាយអ្នកស្រីនៅតែមិនទាន់ធូរស្បើយ រហូតដល់ពេលអ្នកស្រីនាំម្តាយទៅព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ទើបស្ថានភាពម្តាយអ្នកស្រីមានភាពប្រសើរជាងមុន។
អ្នកស្រីថ្លែងថា៖ «មុននឹងស្គាល់ពេទ្យហ្នឹង ជាក់ស្តែងខ្ញុំនាំគាត់ទៅពេទ្យឯកជន ពេទ្យរដ្ឋផ្សេង ២-៣ដែរ ប៉ុន្តែវាអត់ធូរស្រាល ហើយក៏លុយច្រើនដែរ ព្រោះជាក់ស្តែងអីពេទ្យឯកជនផ្សេងក៏គេយកថ្លៃ ប៉ុន្តែរឿងប្រសិទ្ធភាពអី ក៏វាមិនមានភាពធូរស្រាល។ អ៊ីចឹងក៏មានមិត្តភកិ្តម្នាក់ គាត់ណែនាំទៅពេទ្យមណ្ឌលនៃក្តីសង្ឃឹមហ្នឹងទៅ ក៏បានទៅព្យាបាលនៅហ្នឹងរហូតមកដល់បច្ចុប្បន្ន ក៏មានការធូរស្រាលរហូត ព្រោះជាក់ស្តែងកាលដែលពេលខ្ញុំនាំម៉ែខ្ញុំទៅហ្នឹង គាត់ឈឺសម្រាន្តនៅកន្ទេល ដើរមិនរួចផងហ្នឹង ដល់ពេលបានព្យាបាលនៅពេទ្យហ្នឹងទៅ ក៏ត្រូវហើយបានធូរស្រាលសឹងថាជា ១០០ភាគរយ»។
ចំណែកឯលោក ទូច តូ អាយុ ៣៤ ឆ្នាំ ប្រជាពលរដ្ឋម្នាក់មកពីក្រុងតាខ្មៅ លើកឡើងថា លោកបាននាំមា្តយទៅទទួលការព្យាបាលនៅមន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹមតាំងពីឆ្នាំ ២០១៥ ដោយមើលឃើញថា គ្រូពេទ្យមានភាពរាក់ទាក់ យកចិត្តទុកលើអ្នកជំងឺ។ លោកប្រាប់វីអូអេថា ស្ថានភាពជំងឺម្តាយរបស់លោកក៏មានភាពប្រសើរជាងមុន ក្រោយពីបានទទួលការពិនិត្យព្យាបាលជំងឺនៅទីនោះ។
លោកថ្លែងថា៖ «ហើយពេលដែលម៉ាក់ខ្ញុំជួយសង្គ្រោះបន្ទាន់ម្តងៗ គឺពេទ្យមកទាំងហ្វូងហ្មងអត់មានគិតអីគឺគាត់មកជួយម៉ាក់ខ្ញុំហ្មង ដូចកាលពេលដែលម៉ាក់ខ្ញុំកំពុងអង្គុយពិនិត្យៗអ៊ីចឹង គាត់អត់ស្រួលខ្លួននៅចាំបើកថ្នាំអ៊ីចឹង នៅពេលដែលគាត់ឈាមឡើង ១៧-១៨ អីទៅចាប់ផ្តើមអត់ស្រួលខ្លួន ដុកទ័រគឺគេនាំម៉ែទៅសង្គ្រោះបន្ទាន់ហ្មងអត់មានថាសួរយើងចេះ សួរយើងចោះទេ ឱ្យតែឃើញអាការៈគាត់កើតអីគាត់គេទៅជួយគាត់ភ្លាមហ្មង»។
ក៏ប៉ុន្តែ កាលពីដើមខែឧសភានេះ មន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹមនេះ ត្រូវបានក្រសួងសុខាភិបាលចេញបទបញ្ជាឱ្យបិទដំណើរការ ក្រោមហេតុផលថា មិនមានវេជ្ជបណ្ឌិតឈរឈ្មោះជាអ្នកទទួលខុសត្រូវនិងអវត្តមានប្រចាំការ ហើយមិនបានផ្ញើរបាយការណ៍អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំមកកាន់នាយកដ្ឋានជំនាញនៃក្រសួង និងមិនអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។ សម្រាប់អ្នកដែលធ្លាប់មានសមាជិកក្រុមគ្រួសារទទួលបានសេវាព្យាបាលជំងឺពីមន្ទីរសម្រាកព្យាបាលជំងឺនេះ ដូចជាអ្នកស្រី អ៊ុំ វណ្ណា និងលោក ទូច តូ ពួកគេបានចាត់ទុកចំណាត់ការនេះថា «អយុត្តិធម៌» ហើយបានអំពាវនាវឱ្យមន្ទីរពេទ្យនេះបានដំណើរការឡើងវិញ។
សន្តិសុខម្នាក់បានកំពុងអង្គុយនៅផ្នែកខាងក្រោយនៃមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កាលពីថ្ងៃទី១៣ ខែឧសភា ក្រសួងសុខាភិបាលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន សម្រេចបិទមន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម និងមន្ទីរសម្រាកព្យាបាលពោធិ៍ចិនតុងរបស់ក្រុមហ៊ុន Center of Hope Friendship Clinics Co., Ltd។
ទាំងអ្នកស្រី អ៊ុំ វណ្ណា និងលោក ទូច តូ សុទ្ធតែបានលើកឡើងដូចគ្នាថា ក្រោយក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាលមតិ្តភាពមណ្ឌលនៃក្តីសង្ឃឹម ពួកគេមិនទាន់ដឹងថា នឹងនាំម្តាយដែលកំពុងមានជំងឺទៅបន្តការព្យាបាលនៅមន្ទីរពេទ្យណាមួយឡើយ។
លោក ទូច តូ បានប្រាប់វីអូអេថា នៅពេលដែលលោកបានខលសួរទៅកាន់មន្ទីរសម្រាកព្យាបាល បុគ្គលិកនៅទីនោះបានប្រាប់លោកថាឱ្យយកសំបកថ្នាំដែលបានបើកជូនម្តាយលោកពីមុនៗ ទៅទិញនៅតាមកន្លែងលក់ថ្នាំពេទ្យជាបណ្តោះអាសន្នសិន ពីព្រោះតែខាងគ្លីនិកកំពុងស្វែងរកវិធីដោះស្រាយជាមួយក្រសួងសុខាភិបាល។
លោកថ្លែងថា៖ «ឥឡូវខ្ញុំអត់ដឹងថាទៅពេទ្យណាទៀតទេ ពេលឥឡូវនេះថ្នាំម៉ាក់ខ្ញុំក៏ជិតអស់ទៀត ពេលដែលខ្ញុំបើកមកវានៅសល់។ ខ្ញុំខលសួរពេទ្យ ពេទ្យថាដោះស្រាយគាត់ថាឱ្យយកសំបកថ្នាំហ្នឹងទិញថ្នាំក្រៅញុំាសិន ឥឡូវគាត់កំពុងតែដោះស្រាយ ប៉ុន្តែឃើញដោះស្រាយអត់ចេញ»។
ទោះជាយ៉ាងណាក្តី អ្នកស្រី អ៊ុំ វណ្ណា បានលើកឡើងថា ចំណាត់ការនេះជារឿងដែលអយុត្តិធម៌យ៉ាងខ្លាំងចំពោះមន្ទីរពេទ្យដែលមានជំនាញច្បាស់លាស់ មានការពិនិត្យព្យាបាលត្រឹមត្រូវស្របតាមវិជ្ជាជីវៈ និងមានតម្លៃសមរម្យបែរជាត្រូវបានបិទ ខណៈមនី្ទរពេទ្យដែលធ្វេសប្រហែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកជំងឺនៅបន្តដំណើរធម្មតា។
អ្នកស្រីថ្លែងថា៖ «គ្លីនិកដែលមិនល្អដែលគាត់ធ្វើឱ្យមានការស្លាប់អ្នកជំងឺ ឬក៏ធ្វេសប្រហែសបែរមិនមានវិជ្ជាជីវៈច្បាស់លាស់បែរជានៅបន្តដំណើរការរហូតដល់បច្ចុប្បន្ន វាអយុត្តិធម៌សម្រាប់ពេទ្យដែលល្អបិទ បែរជាមកត្រូវបិទវិញ។ ហើយអាចថាប្រជាពលរដ្ឋក៏គាត់ខកចិត្តដែលខាងក្រសួងគាត់ប្រកាសបិទ ដែលប្រជាពលរដ្ឋរាប់ពាន់នាក់គាត់ទៅព្យាបាល ហើយនៅតែចង់ឱ្យមន្ទីរពេទ្យហ្នឹងបន្តដំណើរការរហូតដល់ឥឡូវ»។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Center of Hope Friendship Clinics ស្តីពីការបិទមន្ទីរសម្រាកព្យាបាលទាំងបីទីតាំង ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលទាំងបីនេះបានបើកដំណើរការស្របច្បាប់តាំងពីឆ្នាំ ២០២១ ហើយបានព្យាបាលអ្នកជំងឺជាង ៩ ម៉ឺននាក់ក្នុងមួយឆ្នាំៗ ឱ្យទទួលបានការថែទាំសុខភាពដែលមានគុណភាពល្អ និងតម្លៃសមរម្យ។
សេចក្តីថ្លែងការណ៍ដដែលនោះក៏បញ្ជាក់បន្ថែមថា មន្ទីរពេទ្យទាំងបីទីតាំងដែលក្រសួងសុខាភិបាលបានបិទ មិនត្រូវបានទទួលបានការព្រមាន ឬវិធានការណាមួយជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច មុនពេលមានសេចក្តីសម្រេចការបិទ និងដកហូតអាជ្ញាបណ្ណមិនឱ្យដំណើរការមន្ទីរសម្រាកព្យាបាលឡើយ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី លើកឡើងថា គណៈគ្រប់គ្រងមន្ទីរសម្រាកព្យាបាលទាំងបី គួរស្នើឱ្យក្រសួងសុខាភិបាលគួរមានការបញ្ជូនមន្រ្តីជំនាញត្រួតពិនិត្យច្បាស់លាស់ ហើយធ្វើការណែនាំ និងកំណត់នីតិវិធីឱ្យបានត្រឹមត្រូវទៅកាន់មន្ទីរពេទ្យឱ្យមានការកែប្រែ ប្រសិនជាក្នុងករណីមន្ទីរពេទ្យបានប្រព្រឹត្តអ្វីមួយខុស។
លោកថ្លែងថា៖ «អាហ្នឹងគួរណាតែខាងក្រសួង ខាងអាជ្ញាធរដែលពាក់ព័ន្ធហ្នឹងចុះត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ហើយធ្វើច្បាប់ឱ្យគាត់ឱ្យបានត្រឹមត្រូវ ទាំងក្រមសីលធម៌គ្រូពេទ្យ ទាំងគ្រូពេទ្យដែលឈរឈ្មោះជានាយកកន្លែងហ្នឹងត្រូវនៅប្រចាំការ ២៤ ម៉ោងយ៉ាងម៉េចអាហ្នឹងត្រូវឱ្យក្រសួងគេដាក់វិធានការឱ្យបានច្បាស់។ ហើយត្រូវផ្សាយជាសាធារណៈឱ្យបានបងប្អូនប្រជាពលរដ្ឋយើងបានដឹង កុំឱ្យមានចម្ងល់បិទដោយសារអី បើកដោយសារអី»។
លោកបន្ថែមថា គី្លនីកទាំងអស់គួរណាយកចិត្តទុកដាក់ទៅលើក្រមសីលធម៌ វិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ និងទទួលខុសត្រូវចំពោះអ្នកជំងឺនៅពេលដែលពួកគេទៅព្យាបាលនៅមន្ទីរពេទ្យខ្លួន។ លោកបន្តថា ក្រសួងសុខាភិបាលគួរពង្រឹងការបណ្តុះបណ្តាលជំនាញបន្ថែមទៅកាន់ក្រុមគ្រូពេទ្យ ដូចជាការបញ្ជូនពួកគេទៅសិក្សាបន្ថែមនៅបរទេស ដើម្បីយកបទពិសោធន៍ទាំងនោះមកអភិវឌ្ឍន៍លើវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ហើយឱ្យគាត់សិក្សាផ្នែកសុខភាពហ្នឹងពីប្រទេសខាងក្រៅតើគេធ្វើយ៉ាងម៉េចខ្លះដើម្បីជាគំរូដល់យើង។ នេះជារឿងមួយត្រូវការដុះខាត់បុគ្គលទាំងអស់មិនមែនថាតែខ្ញុំ ឬមួយអ្នកផ្សេងទេត្រូវការរៀបចំទាំងអស់ តាំងពីបាតគ្រឹះទៅដល់កំពូលហ្នឹងបានយើងទៅរួច»។
តារាងសេវាកម្មព្យាបាលជំងឺរបស់មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
វីអូអេមិនអាចសុំការអធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
វីអូអេក៏មិនអាចសុំការអធិប្បាយពីគណៈគ្រប់គ្រងនៃមន្ទីរសម្រាកព្យាបាលទាំងបីនោះបាននៅឡើយទេ។ ក៏ប៉ុន្តែបុគ្គលិកពេទ្យម្នាក់ដែលបម្រើការនៅមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម បានប្រាប់វីអូអេដោយលាក់អត្តសញ្ញាណថា ខ្លួនមិនបានដឹងមូលហេតុស៊ីជម្រៅឡើយ ជុំវិញការបិទមន្ទីរសម្រាកព្យាបាលនេះ។ បុគ្គលិកពេទ្យនោះបន្ថែមថា ថ្នាក់ដឹកនាំមន្ទីរពេទ្យបានយកចិត្តទុកដាក់លើបុគ្គលិក និងអ្នកជំងឺផ្សេងៗទៀតបានយ៉ាងល្អ។ រូបខ្លួនមានការសោកស្តាយជាខ្លាំង នៅពេលដែលដឹងបានថាកន្លែងដែលកំពុងបម្រើការងារត្រូវបានក្រសួងសុខាភិបាលសម្រេចឱ្យបិទលែងដំណើរការនោះ។
ទោះជាយ៉ាងណាក្តី ក្រោយពីសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១២ ខែឧសភា មន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹមបានបង្ហោះសារដោយភ្ជាប់ជាមួយសេចក្តីសម្រេចនោះថា៖ «យោងតាមសេចក្តីសម្រចលេខ ០៦៩ ០៧០ និង ០៧១ ចុះថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ របស់ក្រសួងសុខាភិបាល មន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹម មន្ទីរសម្រាកព្យាបាលមិត្តភាពពោធិ៍ចិនតុង និងមន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ សូមផ្អាកដំណើរការបណ្តោះអាសន្ន។ គណៈគ្រប់គ្រងរបស់យើងខ្ញុំកំពុងខ្នះខ្នែងរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សូមពុកម៉ែបងប្អូន លោក លោកស្រី មេត្តាអធ្យាស្រ័យ និង រង់ចាំការជូនដំណឹងរបស់យើងខ្ញុំនៅពេលក្រោយ»។
ប្រជាពលរដ្ឋដែលធ្លាប់ទទួលសេវាព្យាបាលនៅមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ដែលវីអូអេបានសម្ភាសន៍ សុទ្ធតែទទូចឱ្យក្រសួងសុខាភិបាលពិនិត្យ និងពិចារណាឡើងវិញ ក្នុងការអនុញ្ញាតឱ្យមន្ទីរសម្រាកព្យាបាលទាំងបីសាខានេះអាចបើកដំណើរការឡើងវិញជាធម្មតា។
សម្រាប់អ្នកស្រី អ៊ុំ វណ្ណា អ្នកស្រីសំណូមពរឱ្យក្រសួងសុខាភិបាលសិក្សាស្រាវជ្រាវឡើងវិញនូវកំហុស ឬការធ្វេសប្រហែស ហើយធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំពេទ្យ ពីព្រោះមានអ្នកជំងឺជាច្រើននាក់បាននិងកំពុងរង់ចាំទទួលសេវាព្យាបាលនៅមន្ទីរសម្រាកព្យាបាលនោះ ដោយរួមមានម្តាយរបស់អ្នកស្រីផងដែរ។
អ្នកស្រីថ្លែងថា៖ «ព្រោះប្រសិនបិទភា្លមៗអ៊ីចឹង អ្នកជំងឺរាប់ពាន់នាក់ដែលគាត់ធ្លាប់ព្យាបាលនៅហ្នឹង វាធ្វើឱ្យមានការភ្ញាក់ផ្អើល ក៏ដូចជាមានការសោកស្តាយដែលប្រជាពលរដ្ឋគាត់មិនអាចទៅបន្តព្យាបាលនៅហ្នឹង។ យើងអត់ដឹងច្បាស់ថាបញ្ហាហ្នឹងវាធ្ងន់ធ្ងរកម្រិតណា ប៉ុន្តែទោះបីជាយ៉ាងណាដោយសារតែពេទ្យហ្នឹងក៏ល្អដែរ អ៊ីចឹងខាងក្រសួងអាចធ្វើការសិក្សាស្រាវជ្រាវឡើងវិញ ប្រសិនបើមានការធ្វេសប្រហែស ឬមានកំហុសអីយើងអាចគ្រាន់តែព្រមានសិនទៅ អាចឱ្យខាងពេទ្យគេកែប្រែតាមហ្នឹងទៅ ធ្វើម៉េចស្របតាមច្បាប់ដែលអាចបើកឡើងវិញបាន»៕