អតីតសមាជិកនៃក្រុមតាក់តែងរដ្ឋធម្មនុញ្ញនិងជាអ្នកឃ្លាំមើលចាស់វស្សាមួយរូប បានអះអាងថា ការគ្រប់គ្រងស្ថាប័នរដ្ឋទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជាតែមួយ បានបង្កជាសម្ពាធ និងភាពផុយស្រួយដល់គុណតម្លៃដើមនៃច្បាប់កំពូលរបស់ជាតិមួយនេះ។
ការថ្លែងបែបនេះ មានឡើងនៅចំខួបទី២៨ឆ្នាំ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៩៣មក ដែលជារដ្ឋធម្មនុញ្ញគោលក្នុងការបង្កើតព្រះរាជាណាចក្រកម្ពុជាទីពីរ បន្ទាប់ពីគូភាគីនយោបាយដែលមានមនោគមវិជ្ជាផ្សេងគ្នាមានជម្លោះជាមួយគ្នាអស់រាប់ទសវត្សរ៍មក។
លោក សឺន ស៊ូបែរ្តិ៍ អតីតសមាជិកក្រុមតាក់តែងរដ្ឋធម្មនុញ្ញ និងជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៧ បានលើកឡើងថា ច្បាប់កំពូលត្រូវបានតាក់តែងដំបូងដើម្បីនាំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋដែលរងទុក្ខយូរឆ្នាំមកហើយ។
រូបឯកសារ៖ លោក សឺន ស៊ូបែរ្តិ៍ ជាអតីតសមាជិកក្រុមតាក់តែងរដ្ឋធម្មនុញ្ញ និងជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៧។
ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក សឺន ស៊ូបែរ្តិ៍ ដែលជាអ្នកនយោបាយជើងចាស់បានលើកឡើងថា៖
«បាទ! កាលយើងចាររដ្ឋធម្មនុញ្ញហ្នឹង យើងចារក្នុងគំនិតហ្នឹង ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលរបបនយោបាយខ្លះបានរំលោភ ដូចជាពិសេស ក្នុងរបបខ្មែរក្រហម ដូច្នេះយើងមិនចង់ឃើញរបបហ្នឹងកើតឡើងមកវិញ»។
យ៉ាងណាក៏ដោយ ២៨ឆ្នាំក្រោយមក គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអសនៈស្ទើរទាំងស្រុងនៅព្រឹទ្ធសភា អាសនៈទាំងអស់នៅរដ្ឋសភា ជាមួយនឹងអវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយនៅមុនការបោះឆ្នោតឆ្នាំ២០១៨។
លោក សឺន ស៊ូបែរ្តិ៍ បន្ថែមថា ស្ថិតក្នុងបរិបទបែបនេះ រដ្ឋធម្មនុញ្ញសព្វថ្ងៃហាក់«អស់ន័យ» ដោយសារតែគណបក្សតែមួយដឹកនាំរដ្ឋ មានអំណាច អាចនឹងផ្លាស់ប្ដូររដ្ឋធម្មនុញ្ញតាមការចង់បានរបស់ខ្លួន ហើយបកស្រាយរដ្ឋធម្មនុញ្ញតាមខ្លួនចង់។
«វាអស់ន័យ ព្រោះយើងនិយាយពីពហុបក្សក្នុងមាត្រា វាអស់ន័យព្រោះឥឡូវមិនមែនពហុបក្សផង ដល់តែអ៊ីចឹងទៅមិនដឹងនិយាយថាម៉េច»។
ចាប់តាំងពីឆ្នាំ១៩៩៣មក រដ្ឋធម្មនុញ្ញបានទទួលវិសោធនកម្មចំនួន៩ដង ដែលថ្មីៗបំផុតនេះ បានប្រព្រឹត្តនៅដើមឆ្នាំ២០១៨ ដោយមានការបន្ថែមបញ្ញត្តិអំពីការការពារ«ផលប្រយោជន៍ជាតិ» អំពីការ«ដកហូត»សិទ្ធិបោះឆ្នោត និងអំពីការតបទល់នឹង«ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»ពីសំណាក់រដ្ឋបរទេស។
លោក សឺន ស៊ូបែរ្តិ៍ បានថ្លែងបន្ថែមថា៖ «ស្អីៗដែលចារក្នុងរដ្ឋធម្មនុញ្ញហ្នឹង វាត្រឹមត្រូវ ប៉ុន្តែការអនុវត្តអត់សូវត្រឹមត្រូវប៉ុន្មានទេ ពីព្រោះគេបកស្រាយ តាមតែចិត្តគេទៅ»។
លោក សឺន ស៊ូបែរ្តិ៍ បានបង្ហាញកង្វល់អំពីកង្វះឯករាជ្យភាព និងអព្យាក្រឹតភាពនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលដើរតួនាទីសំខាន់ក្នុងការជួយជ្រោងតម្លៃរដ្ឋធម្មនុញ្ញ បកស្រាយនូវច្បាប់កំពូលនេះ និងជំទាស់នូវច្បាប់ណាដែលមានស្មារតីផ្ទុយពីរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដែលមានសមាសភាពសមាជិក៣រូបជ្រើសតាំងដោយព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និង៣រូបទៀតជ្រើសតាំងដោយរដ្ឋសភា។
រូបឯកសារ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅតាមបណ្តោយមហាវិថីមុនីវង្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
បច្ចុប្បន្ន វៀរលែងតែសែរាជវង្សបីអង្គ ដែលជ្រើសតាំងដោយព្រះមហាក្សត្រ សមាជិក៦រូបផ្សេងទៀត សុទ្ធជាសមាជិកជាន់ខ្ពស់នៃបក្សកាន់អំណាច រួមមាន លោក អ៊ឹម ឈុនលឹម អ្នកស្រី លី វួចឡេង លោក អ៊ឹម សួស្ដី លោក ហ៊ី សោភា លោក សំ ព្រហ្មនា និងលោក អ៊ុត ឈន។
លោក អ៊ឹម ឈុនលឹម ប្រធានបច្ចុប្បន្ននៃក្រុមប្រឹក្សា ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាការិយាល័យនយោបាយសម្រេចចិត្តកំពូលមានសមាជិក៣៦នាក់ របស់គណបក្សប្រជាជនកម្ពុជា ហើយលោកឈរនៅលេខ១២ នៃបញ្ជីគណៈកម្មាធិការមជ្ឈឹមបក្សផងដែរ។
អ្នកស្រី លី វួចឡេង អតីតប្រធានសាលាឧទ្ធរណ៍ ត្រូវបានជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមកាលពីឆ្នាំ២០១៩។ អ្នកស្រីជាសមាជិកឈរនៅលេខរៀង១៧១នៃបញ្ជីគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនកម្ពុជា។
លោក អ៊ឹម សួស្ដី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានជ្រើសតាំងដោយរដ្ឋសភាកាលពីឆ្នាំ២០១៧។ លោកជាសមាជិកឈរនៅលេខរៀង៧៨០នៃបញ្ជីគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនកម្ពុជា។
លោក ហ៊ី សោភា អតីតរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អតីតប្រធានតុលាការខេត្តកណ្ដាល ជាសហស្ថាបនិកនៃក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី ត្រូវបានជ្រើសតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមកាលពីឆ្នាំ២០១៧។ លោកជាសមាជិកឈរនៅលេខរៀង៤០១នៃបញ្ជីគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនកម្ពុជា។
លោក សំ ព្រហ្មនា ត្រូវបានជ្រើសតាំងដោយរដ្ឋសភា កាលពីឆ្នាំ២០១៦។ លោកជាសមាជិកឈរនៅលេខរៀង១៧៨នៃបញ្ជីគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនកម្ពុជា។
លោក អ៊ុត ឈន ត្រូវបានជ្រើសតាំងកាលពីឆ្នាំ២០១៣ ដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកជាសមាជិកឈរនៅលេខរៀង២០៦នៃបញ្ជីគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនកម្ពុជា។
លោក សឺន ស៊ូបែរ្តិ៍ បានលើកឡើងថា ការរង់ចាំបង្កើតក្រុមប្រឹក្សាធម្មនុញ្ញដល់ទៅឆ្នាំ១៩៩៨ ជាកំហុសដែលនាំឱ្យខកខានដល់ការធានាភាពជាកណ្ដាល និងសត្យានុម័តនៃស្ថាប័នសំខាន់នេះ។
«គណបក្សប្រជាជនអាចធ្វើវិសោធនកម្មស្អីក៏បានដែរ មាននរណាទៅជំទាស់ ព្រោះតែនេះ បោះឆ្នោត១០០%ហើយ ដល់តែអ៊ីចឹងទៅ យើងមិនដឹងមាននរណាដែលអាចពន្យល់ថា វាមានប្រយោជន៍ដល់ប្រទេសជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងអំពីភាពងាយស្រួលនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរ នៅពេលលោកតបតនឹងលោក សម រង្ស៊ី កាលពីសប្ដាហ៍មុន រហូតដល់លោកថា បើសិនជាលោកចង់ លោកអាចដាក់បញ្ចូលមាត្រាអំពីការលើកលែងទោសអតីតនាយករដ្ឋមន្ត្រី ទៅក្នុងរដ្ឋធម្មនុញ្ញទៀតផង ដោយហេតុថាបក្សប្រជាជនកម្ពុជាមានសំឡេងគ្រប់គ្រាន់។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សក្នុងរយៈពេល២៨ឆ្នាំមកនេះ បាន«អនុវត្តត្រឹមត្រូវ»តាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ហើយថាវិសោធនកម្មនឹងប្រព្រឹត្តទៅតាមភាពជាក់ស្ដែង។
«ដូចជម្រាបខាងដើមអ៊ីចឹង គឺថារដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់ទូទៅដែរ គឺថាចំណុចណាដែលវាមានការប្រែប្រួលមិនស្របតាមសភាពការណ៍ថ្មីនៃដំណាក់កាលប្រវត្តិសាស្ត្រប្រទេសជាតិ អាហ្នឹងវាត្រូវធ្វើវិសោធនកម្មហើយ។ តែទោះបីចង់ធ្វើវិសោធនកម្មចំណុចណាក៏ដោយ ក៏មិនឱ្យប៉ះពាល់ដល់ចំណុចដែលប៉ះពាល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបសេដ្ឋកិច្ចទីផ្សារសេរី»។
ពាក់ព័ន្ធនឹងឯករាជភាពនយោបាយរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញវិញ លោក សុខ ឥសាន បានលើកឡើងថា៖
«ខ្ញុំសុំមិននិយាយអំពីបញ្ហានិន្នាការនយោបាយទេ។ ខ្ញុំនិយាយអំពីក្រុមប្រឹក្សាធម្មនុញ្ញត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមតួនាទីភារកិច្ចដែលកំណត់ដោយច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះគ្មានហេតុផលអ្វីដែលចោទថាក្រុមប្រឹក្សាធម្មនុញ្ញលម្អៀងមកលើគណបក្សកាន់អំណាចទេបាទ»។
រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នមាន១៧ជំពូក និង១៦០មាត្រា។ រដ្ឋធម្មនុញ្ញនេះត្រូវបានតាក់តែងស្របនឹងស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលចងភ្ជាប់កម្ពុជាឲ្យដើរតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕