មេធាវីការពារក្តីឲ្យលោកនី សុខា មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យលោកនី សុខា ទទួលការព្យាបាលនៅក្រៅពន្ធនាគារព្រៃស ក្រោយពីលោកដួលសន្លប់ក្នុងបន្ទប់ទឹកកាលពីថ្ងៃអាទិត្យ ដោយសារស្ថានភាពជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរ។
លោកឡោ ជុនធី មេធាវីការពារក្តីឲ្យលោកនី សុខា ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកបានប្តឹងទៅតុលាការក្រុងភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតឲ្យលោកនី សុខាបានទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារ ដោយហេតុថា ស្ថានភាពសុខភាពរបស់លោកនី សុខា នៅមិនទាន់មានភាពធូរស្បើយ ហើយសម្ពាធឈាមរបស់លោកបន្តស្ថិតក្នុងកម្រិតទាប។
«ខ្ញុំទទួលបានពីគ្នាខ្ញុំដែរថា ឈាមគាត់ដូចថា នៅ៨ នៅ៩ អីអញ្ចឹង អាតង់ស្យុងនោះណា៎។ ប៉ុន្តែមិនដឹងថា ពេទ្យគេវាយតម្លៃស្អីទៀត ព្រោះត្រូវបូមឈាមគាត់យកទៅពិនិត្យ ទៅអី ហើយជាលទ្ធផល ទាល់តែស្អែកស្អីនោះតាមមើល»។
លោក ឡោ ជុនធី មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សអាដហុក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយ សវនាការនៅសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
លោកបន្តថា តុលាការគួរពិចារណាឆ្លើយតបទៅនឹងសំណើរបស់មេធាវីភ្លាមៗក្នុងករណីបន្ទាន់ដូចលោកនី សុខានេះ។
លោកលី សុផាណា ជាព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ មិនទាន់ឆ្លើយសំណួររបស់ VOA ទាក់ទិនពាក្យបណ្តឹងរបស់មេធាវីរបស់លោកនី សុខា ដែលបានដាក់ទៅសាលាដំបូងនៅថ្ងៃអង្គារនេះទេ។
លោកនី សុខា មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកម្នាក់ក្នុងចំណោមមន្រ្តីបួននាក់ និងមន្ត្រីគ.ជ.ប.ម្នាក់ទៀត ត្រូវបានតុលាការឃុំខ្លួន ដើម្បីស៊ើបអង្កេតអស់រយៈពេលជាង១ឆ្នាំមកហើយ ទាក់ទងនឹងសំណុំរឿងគួរឲ្យមន្ទិលពាក់ព័ន្ធនឹងរឿងស្នេហារវាងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងស្រ្តីធ្វើការនៅហាងកាត់សក់មួយកន្លែង កាលពីខែមេសាឆ្នាំ២០១៦។
លោកឡោ ជុនធី មេធាវីការពារក្តីឲ្យលោកនី សុខាបានឲ្យដឹងបន្ថែមថា លោកនី សុខា និងមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្សបីនាក់ផ្សេងទៀត នឹងត្រូវចូលខ្លួនទៅតុលាការកំពូលនាព្រឹកថ្ងៃពុធ ដើម្បីទទួលការកាត់សេចក្តីលើបណ្តឹងសុំនៅក្រៅឃុំ។
ភរិយារបស់លោកនី សុខា គឺអ្នកស្រីម៉ែន លក្ខិណា បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកនី សុខា វ័យ៥២ឆ្នាំ មានជំងឺក្រពះ និងពោះវៀនរ៉ាំរ៉ៃ ដែលត្រូវធ្វើការតាមដានជារៀងរាល់បីខែម្តង។ តែលោកខកខានមិនបានទទួលការពិនិត្យជាច្រើនខែ បន្ទាប់ពីលោកត្រូវបានឃុំខ្លួន។
អ្នកស្រីនិយាយថា អ្នកស្រីនឹងស្នើឲ្យតុលាការកំពូលផ្តល់ការអនុញ្ញាតឲ្យស្វាមីរបស់អ្នកស្រីទទួលបានការព្យាបាលនៅក្រៅឃុំ។ អ្នកស្រីបន្តថា ស្វាមីរបស់អ្នកស្រីអាចនឹងស្លាប់ ប្រសិនបើបន្តទទួលការព្យាបាលក្នុងពន្ធនាគារ ដែលអ្នកស្រីអះអាងថា មិនមានប្រសិទ្ធភាពនោះទេ។
«ខ្ញុំចង់ថា អាពេលឡើងស្អែកនេះ សុំឲ្យគាត់ជួយអន្តរាគមន៍រឿងហ្នឹងផងថា ឲ្យគាត់ សុំឲ្យគាត់នៅក្រៅឃុំទៅ ដើម្បីព្យាបាលជំងឺ។ បើឲ្យគាត់នៅក្នុងហ្នឹងទៀត ដូចទៅសម្លាប់មនុស្សទាំងរស់អីចឹង ដោយគាត់គ្មានកំហុសអីសោះណា៎។ ខ្ញុំចង់និយាយអីចឹងអូន»។
អ្នកស្រីម៉ែន លក្ខិណាបានបន្ថែមថា លោកនី សុខានឹងមិនអាចធ្វើដំណើរមកកាន់តុលាការកំពូលដើម្បីចូលរួមសវនាការនាព្រឹកថ្ងៃពុធស្អែកនេះបានទេ។ អ្នកស្រីបន្តថា លោកនី សុខា អាចនឹងបាត់បង់ស្មារតីពេលធ្វើដំណើរក្នុងរថយន្តដឹកអ្នកទោស នៅពេលស្ថានភាពជំងឺរបស់លោកបន្តដុនដាប ហើយទទួលអាហារមិនបានគ្រប់គ្រាន់ផងនោះ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA ថា អ្នកគ្រប់គ្រងពន្ធនាគារមិនចាំបាច់សុំការអនុញ្ញាតពីតុលាការ ដើម្បីផ្ទេរលោកនី សុខាមកព្យាបាលនៅក្រៅពន្ធនាគារនោះឡើយ។
«តុលាការក៏គាត់មិនមានសិទ្ធិអីក្នុងការហាមឃាត់ដែរ បើសិនជាអ្នកទោស ឬក៏អ្នកជាប់ឃុំណាមួយមានជំងឺធ្ងន់ធ្ងរ ដែលខាងពេទ្យពន្ធនាគារមិនអាចក្នុងការព្យាបាលបាន។ អាហ្នឹងត្រូវតែបញ្ជូនទៅពេទ្យរដ្ឋធំៗ ដើម្បីព្យាបាល ពីព្រោះ ទោះបីជាអ្នកជាប់ឃុំ ឬក៏ជាអ្នកទោសក៏ដោយ ក៏គាត់មានសិទ្ធិក្នុងការទទួលសេវាព្យាបាលសុខភាពអីចឹងដែរ»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការជំនុំជម្រះសំណុំរឿងឃាតកម្មលើលោក កែម ឡី នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោកអំ សំអាតឲ្យដឹងថា គ្រូពេទ្យរបស់អង្គការលីកាដូបានចូលទៅពិនិត្យសុខភាពរបស់លោកនី សុខា នារសៀលថ្ងៃអង្គារនេះ តែលោកមិនទាន់ដឹងអំពីស្ថានភាពជំងឺរបស់លោកនី សុខានៅឡើយទេ។
មន្រ្តីអាដហុក ៤រូប ដែលកំពុងត្រូវបានឃុំខ្លួនរួមមានលោកនី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដា លោកស្រីលឹម មុនី និងអតីតមន្រ្តីអាដហុកមួយរូបទៀតដែលត្រូវបានគ.ជ.ប.ថ្មី ជ្រើសជាអគ្គលេខាធិការរងគឺ លោកនី ចរិយា។ មន្រ្តីទាំង៥រូបត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ហើយត្រូវឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំមកហើយ ដោយមិនទាន់មានការកាត់ទោសនៅឡើយ។
ការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សយ៉ាងដូច្នេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ៕