Your browser doesn’t support HTML5
អំពើគំរាមកំហែងក្រោយការបោះឆ្នោតជាតិ
វ៉ាស៊ីនតោន - ក្រុមមន្ត្រីសង្គមស៊ីវិលបានអះអាងថា នឹងមានកំណើននៃអំពើហិង្សាក្រោយការបោះឆ្នោត ក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាត់បង់អាសនៈច្រើនក្នុងរដ្ឋសភា។ នេះជាការអះអាងរបស់ក្រុមវាគ្មិនក្នុង កម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍។ទំរង់នៃអំពើហិង្សារាប់ទាំងអំពើឃាដកម្ម ការលួចដុតផ្ទះ ការសម្លុតពីអាជ្ញាធរ មូលដ្ឋានតាមភូមិ ឃុំ នានាក្នុងប្រទេស។ អំពើគំរាមកំហែងខ្លះត្រូវគេចោទប្រកាន់ថា ប្រពឹត្តដោយមេភូមិ និងសកម្មជនគណបក្សកាន់អំណាច។
ថ្លែងក្នុងកម្មវិធីហេឡូវីអូអេ លោកនីចរិយា ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការ សិទ្ធិមនុស្សអាដហុក បានអះអាងថា ការបោះឆ្នោតអាណតិទី៥នេះជារឿងចម្លែកដែលអំពើហិង្សាមានការកើនឡើងខុសពីការបោះឆ្នោតមុនៗដែលធ្លាប់ថយចុះក្រោយការបោះឆ្នោត។ លោកថ្លែងថា អាជ្ញាធរមូលដ្ឋានដែលគួរតែការពារប្រជាពលរដ្ឋ តែបែរជាគំរាមកំហែងប្រជាពលរដ្ឋវិញ នេះជាការព្រួយបារម្ភអំពីសន្តិសុខដល់ប្រជាពលរដ្ឋ។
លោកសុខ សំអឿន នាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាវាគ្មិនមួយរូបទៀតបានអះអាងថា ការគំរាមកំហែងនេះកើតឡើងដោយសារមេភូមិនិងឃុំជាមន្ត្រីគណបក្ស ដែលត្រូវការពារតួនាទីគណបក្ស និងបំពេញតួនាទីតាមគណបក្ស ហើយមួយទៀតដោយសារថា គណបក្សប្រជាជនកម្ពុជាបាត់សំឡេងច្រើននៅអាណត្តិនេះ។ លោកសុខ សំអឿនបានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការបង្រ្កាបកុំឲ្យមានអំពើហិង្សា និងការគម្រាមកំហែងកើតឡើង ហើយបានអំពាវនាវឲ្យគណបក្សនយោបាយមានការគិតគូរទៅថ្ងៃអនាគតទាក់ទងនឹងឯករាជ្យភាពរបស់មន្ត្រីមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនោះ។
សូមស្តាប់ការបកស្រាយបន្ថែមរបស់វាគ្មិនទាំងពីរគឺលោកសុខ សំអឿន និងលោកនី ចរិយាក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៨ខែសីហា ឆ្នាំ២០១៣ អំពី«អំពើគំរាមកំហែងអ្នកបោះឆ្នោត ក្រោយការបោះឆ្នោតជាតិ»៕