ស្ថានភាពនៃតុចរចាត្រីភាគីក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរិមាដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧នេះ ហាក់មានលក្ខណៈរលូនជាងឆ្នាំមុនៗនេះបើតាមការយល់ឃើញពីក្រុម សហជីព។ ភាគីនីមួយអះអាងអំពីគោលជំហររបស់ខ្លួន តែគម្លាតនៃតួលេខឃ្លាតឆ្ងាយ ប្រមាណជាង៣៥ ដុល្លា។
នៅថ្ងៃទី១នៃការចរចាត្រីភាគីអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ ភាគីរដ្ឋាភិបាលបានបង្ហាញទិន្នន័យពាក់ព័ន្ធមួយដែលផ្អែកលើកត្តាបម្រែបម្រួលសំខាន់ៗបីដើម្បីយកមកសម្របសម្រួលការចរចារវាងភាគីសហជីព និងម្ចាស់រោងចក្រ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងបើកការប្រជុំត្រីភាគីអំពីការចរចាតម្លើងប្រាក់ឈ្នួលកម្មកររោងចក្រ។ (ខាន់ សុគុំមនោ/VOA)
ក្រោយលទ្ធផលនៃការប្រជុំពេញមួយថ្ងៃ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ VOA ថា ភាគីរដ្ឋាភិបាល បានពន្យល់ពីកំណើនផលិតភាពការងារ និងស្ថានភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរ និងការប្រែប្រួលកម្រិតអតិផរណា មកពិភាក្សាលើការដំឡើងប្រាក់ឈ្នួលដល់កម្មករ។
«ធាតុផ្សំទាំងបីនេះមានការប្រែប្រួលប្រមាណ ៥,៩% អ្វីដែលយើងបង្ហាញតួលេខស្ថិតិនេះ ជាតួលេខស្ថិតិជាក់ស្តែងដែលយើងផលិតឡើងជាមួយក្រុមការងារបច្ចេកទេស ILO ដើម្បីឲ្យភាគី២ផ្សេងទៀតថ្លឹងមើលថាតើដំណើររបស់គាត់នេះឃ្លាតឆ្ងាយពីបច្ចេកទេសប៉ុណ្ណា អាចកែសម្រូលធ្វើម៉េចឲ្យគៀកនឹងលក្ខណៈបច្ចេកទេស»។
ការប្រជុំជជែកគ្នាឆ្នាំនេះ ត្រូវមេដឹកនាំសហជីពបម្រើប្រយោជន៍កម្មករមើលឃើញថា មានភាពរលូនជាងការជជែកនៅឆ្នាំមុនៗ។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា មានប្រសាសន៍ថា ភាគីទាំងបីមានការយោគយល់គ្នាច្រើន និងមិនបង្ហាញចេតនាខឹងសម្បារក្នុងការជជែកគ្នាអំពីបញ្ហាប្រាក់ឈ្នួល ដែលនៅមានកម្រិតទាបនៅឡើយ សម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរ។
«ឆ្នាំនេះមានភាពល្អប្រសើរមែនទែនដែលអត់មានការតឹងសរសៃដាក់គ្នាទេ គឺយើងលើអំពីហេតុផលការដាក់ឯកសារយោងទាំងអស់»។
ក្រុមតំណាងម្ចាស់រោងចក្រអង្គុយរង់ចាំការប្រជុំដើម្បីចរចាការតម្លើងប្រាក់ឈ្នួលកម្មកររោងចក្រ។ (ខាន់ សុគុំមនោ/VOA)
ការចរចាកាលពីព្រឹកថ្ងៃសុក្រនេះ មានភាគីតំណាងរាជរដ្ឋាភិបាល តំណាងសហជីព តំណាងម្ចាស់រោងចក្រ ដែលមាន ១៦ រូបស្មើៗគ្នា។
ការប្រជុំដែលគេគ្រោងចាប់ផ្តើមពីព្រឹកម៉ោង៩ ត្រូវពន្យាពេលជិត ២ ម៉ោងដោយការមកយឺតរបស់ភាគីសំខាន់មួយចំនួន រួមមានមន្ត្រីរដ្ឋាភិបាល និងថៅកែរោងចក្រ។ មុននឹងចាប់ផ្តើមការប្រជុំ គេឃើញមានក្រុមប្រធានសហជីព និងភាគីដទៃទៀត អង្គុយរង់ចាំ ខ្លះចុចទូរស័ព្ទ ខ្លះអង្គុយជជែកគ្នា មានមួយចំនួនចាកចេញពីការប្រជុំ ហើយភាគីមួយចំនួនអវត្តមានដោយឲ្យលេខាខ្លួនទៅជំនួស។
កាលពីឆ្នាំ ២០១៦ កន្លងទៅ ក្រុមសហជីពលើកយកចំនួនប្រាក់ឈ្នួល ១៧៧ដុល្លា មកធ្វើការចរចា ហើយទទួលបាន ១៤០ ដុល្លាតែប៉ុណ្ណោះ ដោយសារមានការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឆ្នាំនេះ ក្រុមសហជីពសម្រេចយកចំនួន ១៧៩,៦ ដុល្លារ តែនៅមានសហជីពមួយចំនួនមិនរំពឹងដល់ចំនួននេះទេ។
អ្នកស្រី ទេព គឹមវណ្ណារី ថ្លែងទៅកាន់អ្នកយកព័ត៌មានអំពីការចរចាតម្លើងប្រាក់ឈ្នួលកម្មកររោងចក្រ។ (ខាន់ សុគុំមនោ/VOA)
មុនពេលប្រជុំដែលធ្វើឡើងក្នុងក្រសួងការងារ អ្នកស្រី ទេព គឹមវណ្ណារី ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖
«ការប្រជុំត្រីភាគីលើកនេះ យើងមានការចុះ មិនមែនថាយើងនៅតែឡើងអញ្ចឹងដាច់ខាតនោះទេ។ ដូចកាលមុនអញ្ចឹង នៅតែមានឡើងហើយមានចុះ។ ការប្រជុំរួមអញ្ចឹងក៏មានការលំបាកដែរ ព្រោះយើងត្រូវតែធ្វើម៉េចឲ្យបានឯកភាពគ្នា»។
ក្រោយពេលសម្រាកពីការប្រជុំវិញ លោក ប៉ាវ ស៊ីណា បន្ថែមទៀតថា ក្រុមតំណាងសហជីពនឹងជួបគ្នាម្តងទៀតដើម្បីជជែកពីតម្លៃដែលត្រូវទម្លាក់។
«ពីថ្ងៃនេះទៅដល់មុនថ្ងៃទី ២៦ សហជីពនឹងជជែកគ្នា រកលេខមួយដែលថាពី១៧៩ ហ្នឹងធ្លាក់មកដល់ត្រឹមណា ដើម្បីជាលេខមួយដែលយើងនឹងបង្ហាញ។ លេខដែលយើងដាក់ទៅមិនមែនទៅឈរទេតែបត់បែន»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC កាលពី២ថ្ងៃមុន បានផ្ញើរលិខិតមួយច្បាប់ជូនលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្ហាញពីគោលជំហររបស់ថៅកែរោងចក្រថា អាចមានលទ្ធភាពផ្តល់ឲ្យកម្មករនូវប្រាក់ឈ្នួលអប្បបរមាត្រឹមតែ១៤៤,២ដុល្លារប៉ុណ្ណោះ។ ពោលគឺដំឡើងតែ ៤,២ ដុល្លាប៉ុណ្ណោះ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានអំពីការចរចាតម្លើងប្រាក់ឈ្នួលកម្មកររោងចក្រ។ (ខាន់ សុគុំមនោ/VOA)
នាព្រឹកមិញនេះ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបញ្ជាក់សារជាថ្មីថា ៤,២ ដុល្លានោះគឺលោកបានគណនាពីការរំពឹងនូវកំណើនអតិផរណាឆ្នាំ២០១៧ ដែលប៉ាន់ប្រមាណថា៣%។
«ការពន្យល់របស់យើងគឺច្បាស់ណាស់ ប្រសិនបើយើងយក១៤០ ដុល្លានោះមកគិត ៣%នៃចំនួននេះគឺ ៤,២ ដុល្លា។ ជំហរយើងគឺឈរលើមូលដ្ឋានអតិផរណាឆ្នាំ២០១៧»។
លទ្ធផលសម្រេចសម្រាប់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រនឹងរំពឹងថាប្រកាសជាផ្លូវការនៅខែតុលា ឆ្នាំ២០១៦ ប៉ុន្តែមុនការប្រកាសនេះ ការប្រជុំត្រីភាគីនឹងធ្វើឡើងម្តងទៀតនៅថ្ងៃទី២៦ ខែកញ្ញានេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
ក្រុមកម្មករចេញពីរោងចក្រ ទិញអាហារថ្ងៃត្រង់នៅផ្សារក្បែររោងចក្រ។ (ខាន់ សុគុំមនោ/VOA)
កំណើននៃការកើនឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅកម្ពុជាមានការកើនឡើងជាលំដាប់។ មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ ដុល្លារ។ ប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សាដែលបានបណ្តាលឲ្យមានការស្លាប់ និងរងរបួស។
យ៉ាងហោចណាស់មានកម្មករ៥នាក់ស្លាប់ក្នុងបាតុកម្មធំមួយនាឆ្នាំ២០១៣ ក្នុងកំឡុងពេលបាតុកម្មទាមទារការដំឡើងប្រាក់ឈ្នួល។ ក្រោយការចរចាឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នូលអប្បបរមាកម្មករត្រូវបានដំឡើងមួយកម្រិតទៀតគឺពី១២៨ដុល្លារដល់១៤០ដុល្លារ។ កម្មករនៅតែត្អូញត្អែរថា ចំនួននេះមិនអាចឲ្យពួកគេរស់បានក្នុងសេចក្តីថ្លៃថ្នូរ និងសមរម្យនោះទេ៕