រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលតាក់តែងមករយៈពេល៨ឆ្នាំ និងមានគោលបំណងការពារសម្បតិ្តធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។
សេចក្តីព្រាងក្រមបរិស្ថាន ដែលមាន៨៦៥មាត្រានេះ ត្រូវបានអនុម័តដោយសមាជិកសភាចំនួន៩៨នាក់ ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។ នេះបើតាមអ្នកនាំពាក្យរដ្ឋសភាជាតិ លោក ឡេង ប៉េងឡុង។
ឡេង ប៉េងឡុង អ្នកនាំពាក្យព្រឹទ្ធសភាកំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពី ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
លោក ឡេង ប៉េងឡុង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការផ្តល់សេចក្តីទុកចិត្តលើក្រមបរិស្ថាននេះ ពីសំណាក់សមាជិកសភា កាលពីថ្ងៃអង្គារ កើតមានឡើង ក្រោយក្រមនេះត្រូវបានរៀបចំ និងមានការជជែកដេញដោលពីភាគីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងវិស័យបរិស្ថាន តាំងឆ្នាំ២០១៥ ហើយខ្លឹមសារក្នុងក្រមនេះផ្អែកលើបទដ្ឋានអន្តរ ជាតិផ្សេងទៀត ដែលមានភាពចាំបាច់សម្រាប់ការការពារបរិស្ថាន និងសម្បតិ្តធម្មជាតិ។
លោកបន្តថា រដ្ឋសភាបានផ្តល់ការយល់ព្រមលើក្រមបរិស្ថាននេះ ព្រោះសភាយល់ថា ក្រមនេះមានសារៈសំខាន់សម្រាប់ការការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេស។
លោកថ្លែងថា៖ «គឺបរិស្ថានវាសំខាន់ណាស់។ សំខាន់សម្រាប់យើងរស់នៅផង ហើយសម្រាប់អនាគតផង។ បរិស្ថានល្អគឺសំខាន់សម្រាប់ការរស់នៅ»។
លោកបន្ថែមថា ខណៈប្រទេសកម្ពុជាមើលឃើញការធ្វើទំនើបកម្មនោះ ការកាត់បន្ថយឧស្ម័នដែលប៉ះពាល់ដល់បរិស្ថានក៏ជាផ្នែកមួយនៃសេចក្តីត្រូវការ ដែលចាំបាច់ឱ្យមានការរៀបចំក្រមដែលស្របតាមបទដ្ឋានអន្តរជាតិមួយនេះ។
លោកប្រាប់វីអូអេបន្តថា៖ «ក៏ប៉ុន្តែជាមួយបរិស្ថានហ្នឹង យើងមានទិសដៅ កាត់បន្ថយ បន្ថយការប្រើឧស្ម័នផ្ទះកញ្ចក់អីហ្នឹង។ យើងចូលរួមធ្វើទំនើបកម្មការប្រើថាមពល។ អ៊ីចឹង អានេះក៏ជាទិសដៅរបស់យើងដែរ ដែលយើងធ្វើឱ្យ[មាន]ទំនើបកម្មប្រទេសយើង និងទាមទារឱ្យមានការខិតខំ ដើម្បីនឹងប្តូរការប្រើប្រាស់ថាមពលហ្វូសីល [ថាមពលដើរដោយប្រេងឥន្ធនៈ]ហ្នឹង មកថាមពលស្អាត។ ហើយកម្ពុជាយើងបានចម្រើនជឿនលឿនដែរ ក្នុងបញ្ហាហ្នឹង»។
ក្រមបរិស្ថានដែលទើបត្រូវបានសភាអនុម័តនាពេលថ្មីៗនេះ នឹងកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព និងប្រតិបត្តិតាមក្នុងការពង្រឹង ធ្វើទំនើបកម្ម ធ្វើឱ្យមានសង្គតិភាព និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលើកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី ដើម្បីការរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
ក្នុងសេចក្តីថ្លែងហេតុមួយរបស់រដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះនឹងបំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ជាដើមក្នុងគោលបំណងបន្តជំរុញដំណើរការអភិវឌ្ឍប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព។
សេចក្តីព្រាងក្រមខាងលើនេះមានគុណប្រយោជន៍ជាច្រើនផងដែរ គឺក្នុងនោះ វាអាចពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់។
ក្រមនេះក៏រួមចំណែកស្តារឡើងវិញធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ នេះបើតាមសេចក្តីថ្លែងហេតុស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០២៣នេះ។
អ្នកការពារបរិស្ថានមួយចំនួននៅមានភាពស្រពេចស្រពិលនឹងប្រសិទ្ធភាពនៃការអនុវត្តក្រមបរិស្ថាននេះ ដោយពួកគេថា មិនបានឃើញសេចក្តីព្រាងចុងក្រោយនៃការរៀបចំក្រមនេះ មុននឹងត្រូវបានអនុម័តដោយសភា។ ប៉ុន្តែពួកគេថា មាត្រាខ្លះនៅក្នុងក្រមនេះបានលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមឆ្លើយតបបន្ទាន់ទៅនឹងសកម្មភាពដែលបង្កការបំផ្លិចបំផ្លាញដល់បរិស្ថាន។
សកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថានដែលមិនចំណុះឱ្យស្ថាប័នណាមួយ លោកសាន់ ម៉ាឡា យល់ឃើញថា សេចក្តីព្រាងក្រមបរិស្ថានថ្មីនេះបានលើកទឹកចិត្តឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា និងមានចែងពីការផ្តល់ឱកាសឱ្យពលរដ្ឋដែលរងផលប៉ះពាល់ផ្នែកបរិស្ថាន ដោយសារគម្រោងអភិវឌ្ឍន៍នានាធ្វើការឆ្លើយតប និងផ្តល់យោបល់ជាបន្ទាន់ ពាក់ព័ន្ធនឹងផលប៉ះពាល់ដែលពួកគេបានជួបប្រទះ។ លោកថា ការណ៍បានត្រឹមតែផ្តល់យោបល់នេះគឺមិនគ្រប់គ្រាន់ទេ។
លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន និងជាអ្នកសរសេរសៀវភៅ «នៅពីក្រោយវាំងននខ្មៅ»។ (រូបថត៖ ផ្តល់ដោយលោក សាន់ ម៉ាឡា)
លោកបន្ថែមថា៖ «ប៉ុន្តែចំណុចខ្លះ សង្គមស៊ីវិល និងអ្នកការពារបរិស្ថាន យើងមិនគ្រាន់តែចង់បានសិទ្ធិនៅក្នុងការចូលរួមផ្តល់មតិយោបល់ទេ។ យើងចង់ឱ្យសហគមន៍មូលដ្ឋានដែលជាអ្នកទទួលរងផលប៉ះពាល់ផ្ទាល់ហ្នឹង គាត់មានសិទ្ធិរហូតទៅដល់ចូលរួមធ្វើសេចក្តីសម្រេចចិត្ត ដោយសារការអភិវឌ្ឍខ្លះហ្នឹង វាធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនារបស់ពួកគាត់»។
បើតាមលោក សាន់ ម៉ាឡា សង្គមស៊ីវិលមិនទាន់បានឃើញកំណែចុងក្រោយនៃសេចក្តីព្រាងក្រមបរិស្ថាន ដែលត្រូវរដ្ឋសភាអនុម័តនាពេលថ្មីៗនេះទេ។ លោកសង្ឃឹមថា សេចក្តីព្រាងនេះធ្វើឡើងដើម្បីប្រយោជន៍ជាតិ។
លោកថ្លែងថា៖ «កំណែថ្មីចុងក្រោយដែលរដ្ឋសភាជាតិបានអនុម័តហ្នឹង យើងនៅមិនទាន់ដឹងថា វាមានខ្លឹមសារពិតប្រាកដ និងជាក់លាក់យ៉ាងម៉េចទេ។ យើងមានតែសង្ឃឹមថា ក្រមនេះត្រូវបានអនុម័ត ត្រូវបានរៀបចំឡើង ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិពិតប្រាកដ ហើយលម្អៀងទៅរកការអភិរក្ស»។
ក្នុងន័យនេះ លោក សាន់ ម៉ាឡា ចង់បញ្ជាក់ថា ក្រមនេះនឹងមិនត្រូវបង្កើតឡើងដើម្បីបំពេញបំណងប្រាថ្នាក្រុមណាមួយ ដែលចង់កេងប្រយោជន៍ក្នុងវិស័យបរិស្ថាននោះឡើយ។
លោកសង្ឃឹមផងដែរថា ក្រមនេះនឹងមិនក្លាយជាឧបករណ៍ដែលត្រូវគេប្រើដើម្បីធ្វើទុក្ខបុកម្នេញលើសកម្មជន ក៏ដូចជាពលរដ្ឋនៅមូលដ្ឋានដែលបានចូលរួមក្នុងសកម្មភាពការពារបរិស្ថាននោះទេ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បាននៅឡើយទេ នៅថ្ងៃពុធនេះ។
សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិដែលមានកម្រាស់ជាង២០០ទំព័រនេះ មានចែងផងដែរអំពីការទទួលខុសត្រូវលើការគ្រប់គ្រងគ្រោះមហន្តរាយ ការបង្កការខូចខាតដល់បរិស្ថាន ការបង់ថ្លៃបំពុលបរិស្ថាន ការហាមឃាត់ការបោះចោល និងការដុតសំរាម សំណល់រឹងនៅទីប្រជុំជន ការលើកទឹកចិត្តការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិក ការបំពុលក្នុងដែនទឹក ការបំពុលខ្យល់ សំឡេង និង រំញ័រ និងការគ្រប់គ្រងវត្ថុប្រើប្រាស់ដែលបង្កផលប៉ះពាល់ដល់បរិស្ថានផ្សេងទៀត ដូចជា សំណល់អាគុយ និងសំណល់ថ្មពិល។
ប្រជាពលរដ្ឋយូរឥវ៉ាន់ដែលខ្ចប់ដោយថង់ប្លាស្ទិកនៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ នៅផ្សារអូឬស្សី រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
នៅក្នុងផ្នែកទី២នៃក្រមនេះ មាត្រា១៣៦មានចែងអំពីការគ្រប់គ្រងថាមពលបរមាណូស៊ីវិល។ ត្រង់ចំណុចនេះ ថាមពលបរមាណូស៊ីវិលត្រូវបានបង្កើតឡើងដោយស្ថិតនៅក្រោមការគ្រប់គ្រង និងកម្មសិទ្ធិរបស់រាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នទទួលបន្ទុកវិស័យថាមពលជាសេនាធិការ ដោយមានការគ្រប់គ្រង និងប្រតិបត្តិការតាមស្តង់ដារអន្តរជាតិនៃកិច្ចគាំពារផ្នែកសុខភាព សុវត្ថិភាព សន្តិសុខ និងបរិស្ថាន។
ការរៀបចំក្រមបរិស្ថានខាងលើនេះធ្វើឡើងនៅស្របពេលបញ្ហាបរិស្ថានបានក្លាយជារឿងរសើបមួយក្នុងសង្គមកម្ពុជា នៅពេលអ្នកការពារបរិស្ថាន និងក្រុមយុវជនបានបន្តសកម្មភាពតវ៉ាជំទាស់នឹងគម្រោងអភិវឌ្ឍន៍ឯកជនមួយចំនួន៕