រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃអង្គារនេះ បានព្រមានប្រើប្រាស់ផ្លូវតុលាការ ប្រឆាំងនឹងសំណង់ខុសច្បាប់ តាមច្បាប់ស្ដីពីសំណង់ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៩។
រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (VOA)
លោក ជា សុផារ៉ា បានថ្លែងបែបនេះនៅក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។
លោកបានថ្លែងទៅកាន់អ្នកចូលរួមថា៖
«ពីមុនអត់មានច្បាប់ បច្ចុប្បន្ននេះ គឺមានច្បាប់។ ហើយជឿជាក់ចុះ ខ្ញុំអនុវត្តបាន។ បើអត់ច្បាប់ ខ្ញុំអត់ដឹងធ្វើម៉េចដែរ។ អង្វរគេ ក៏គេអត់ស្ដាប់យើង។ ទៅសំពះ ក៏មិននិយាយរក។ ឥឡូវអត់ទេគឺធ្វើទៅតាមច្បាប់»។
តាមច្បាប់ស្ដីពីសំណង់ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់មាត្រា១០១ចែងថាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ចំពោះអ្នកត្រួតពិនិត្យដែលបានបញ្ជាក់លើគម្រោងប្លង់ ឬការងារសាងសង់ ឬរុះរើថាត្រឹមត្រូវ ដែលតាមជាក់ស្ដែងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និង/ឬតាមគម្រោងប្លង់ដែលបានអនុញ្ញាត ហើយបណ្ដាលឲ្យមានរបួស ឬបណ្ដាលឲ្យខូចសុខភាពដល់អ្នកដទៃ។
មាត្រា១០៣ ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ទៅ១០ឆ្នាំ កាលបើអំពីនេះបណ្ដាលឲ្យមានការកាត់អវយវៈ ឬនាំឲ្យមានពិការភាពជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះ។ ហើយកាន់តែធ្ងន់ធ្ងរ ត្រូវផ្ដន្ទាទោសពី៧ទៅ១៥ឆ្នាំ កាលបើអំពើនេះបណ្ដាលឲ្យមានមនុស្សស្លាប់។
រូបថតនៃការផ្សាយផ្ទាល់មួយរបស់បណ្តាញព័ត៌មានក្នុងស្រុកវីអូឌីនៅវេលាម៉ោង១១យប់ថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ ២០១៩ បង្ហាញពីគំនរនៅកន្លែងអគារកម្ពស់៦ជាន់រលំក្នុងខេត្តកែប។ (Facebook/VOD Khmer)
ទាក់ទងនឹងករណីបាក់អគារនៅខេត្តកែប ដែលបានសម្លាប់មនុស្ស៣៦នាក់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានលើកឡើងថា ហេតុការណ៍នោះកើតឡើងដោយសារម្ចាស់អគារសង់លើស២ជាន់ ប្រើប្រាស់ដែកមិនត្រឹមត្រូវតាមស្តង់ដារ និងដោយសារការប្រញាប់ដោះជន្ទល់អន្ទារបស់បេតុង ក្រោមរយៈពេល២០ទៅ២៨ថ្ងៃ។
លោកបានថ្លែងថា៖
«ឧទាហរណ៍សំណង់របស់ឯក សារុន (ម្ចាស់សំណង់)នៅកែប។ មនុស្សហ្នឹង មកពីបារាំង មិនមែនដំឡូងមូលទេ។ វិស្វករសិក្សាគម្រោងប្លង់ គូសឲ្យគាត់១៦សរសៃ ដែកគ្រឿងផ្គុំសំណង់ គាត់យកទៅដក៨ចេញ ទុកតែ៨ ជាប់មកពីណា? ខេត្តសម្រេចឲ្យ៥ ជាន់ គាត់បន្ថែមបាន២ទៀត»។
លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថា សំណង់ចំនួនពីរទៀតរបស់លោក ឯក សារុន ដែលជាម្ចាស់អគារ នៅក្នុងខេត្តព្រះសីហនុ កំពុងត្រូវបានត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។
ក្រោយបាក់អគារនៅខេត្តកែប ម្ចាស់សំណង់ឈ្មោះ ឯក សារុន ជាប្តី និងភរិយាឈ្មោះ ឈីវ សុធី ត្រូវបានឃាត់ខ្លួនរូចបញ្ជូនទៅតុលាការ។ ប៉ុន្តែតុលាការសម្រេចមិនឃុំខ្លួនពួកគេនោះទេ ដោយតម្រូវឲ្យអនុវត្តលក្ខខណ្ឌមួយចំនួន ក្នុងនោះមានការមិនឱ្យចាកចេញទៅក្រៅប្រទេសនិងបានដាក់ប្រាក់តម្កល់ប្រមាណ៩ម៉ឺនដុល្លារអាមេរិក។
បើតាមលោករដ្ឋមន្ត្រី អគារបាក់រលំពីរដង ម្ដងក្នុងខេត្តព្រះសីហនុ និងម្ដងនៅខេត្តកែបនេះ ត្រូវបានសម្រេចឲ្យសាងសង់ដោយសមត្ថកិច្ចថ្នាក់ខេត្ត ដោយសារអគារមានទំហំក្រោម៣ពាន់ម៉ែត្រការ៉េ។
លោករដ្ឋមន្ត្រីបានបញ្ជាឲ្យមន្ត្រីទាំងអស់ ត្រូវចុះពិនិត្យសំណង់អគារឲ្យបានត្រឹមត្រូវ។
លោកបន្ថែមថា៖ «ឲ្យតែបានមក ស៊ីញេតាំងពីលើខ្យល់រហូតដល់ក្រដាស។ ហត្ថលេខា ក៏ហត្ថលេខាចុះ សម្រេចក៏សម្រេចចុះ ក៏ប៉ុន្តែមន្ត្រីជំនាញ ត្រូវចុះទៅពិនិត្យមើល»។
រូបឯកសារ៖ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ ថ្លែងក្នុងពិធីបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កម្មករសំណង់ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ មានប្រសាសន៍ថា អាជ្ញាធរ និងតុលាការ ត្រូវតែស៊ើបអង្កេត រកមុខអ្នកពាក់ព័ន្ធក្នុងករណីបាក់អគារនេះ ហើយដាក់ទោសទណ្ឌ ដើម្បីធានាថាមិនមានករណីបាក់អគារ កើតឡើងម្ដងទៀត។
លោកបានថ្លែងប្រាប់ VOA ថា៖
«គឺមានការធ្វេសប្រហែសពីអ្នកត្រួតពិនិត្យហ្នឹងឯងហើយមន្ទីរខ្លួនឯងហ្នឹង បើឃើញខុសហើយ អត់ចាត់វិធានការណាតឹងរ៉ឹងទាក់ទងជាមួយផ្លូវច្បាប់ទេ។ កន្លងមក យើងមើលឃើញជាក់ស្ដែង យើងដឹងថា អគារនេះខុសច្បាប់ អគារនោះខុសច្បាប់។ ក៏ប៉ុន្តែអត់មានចាត់វិធានការណាមួយ ឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងរាងចាលទេ»។
របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពី ខែសីហា ឆ្នាំ២០១៨ ស្ដីពីការ«ឆ្ពោះទៅសម្រេចសក្ដានុពលនគរូបនីយកម្ម» បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រឈមនឹង «គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។
របាយការណ៍បានបន្ថែមថា ការផ្ដល់ការអនុញ្ញាតឲ្យសាងសង់ នៅតែជាបញ្ហាដោយសារតែគោលការណ៍«សង់ជាមុន ផ្ដល់អាជ្ញាប័ណ្ណតាមក្រោយ»៕