អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។
លោក Pence គឺជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទី១ ខាងគណបក្សសាធារណរដ្ឋ ដែលបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន នៅក្នុងអំឡុងពេលនៃយុទ្ធនាឃោសនាបោះឆ្នោតប្រធានាធិបតីក្នុងសហរដ្ឋអាមេរិក។
ក្រៅពីការជួបជាមួយលោក Zelenskyy លោក Pence ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានធ្វើទស្សនកិច្ចទៅកាន់ភូមិ Moshchun ក្នុងទីក្រុង Bucha និងទីក្រុង Irpin ដែលជាសហគមន៍៣ ដែលមានការបំផ្លាញយ៉ាងខ្លាំងក្លា ដោយកងទាហានរុស្ស៊ី។
ទស្សនកិច្ចរបស់លោក Pence ទៅកាន់អ៊ុយក្រែន កើតមានឡើង នៅក្រោយបន្តិច បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីដ៏ប្រល័យមួយ ទៅលើភោជនីយដ្ឋានភីហ្សាមួយកន្លែង នៅក្នុងទីក្រុង Kramatorsk របស់អ៊ុយក្រែន។
ក្រុមការងារក្នុងប្រទេសអ៊ុយក្រែន រកឃើញសាកសពជនរងគ្រោះម្នាក់ទៀតពីការវាយប្រហារនោះកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងការវាយប្រហារនេះ ឡើងដល់១២នាក់។
ក្រុមអាជ្ញាធរអ៊ុយក្រែននិយាយថា អ្នកស្លាប់ទាំងនោះរួមមានកុមារ៣នាក់ ហើយមានមនុស្សប្រមាណ៦០នាក់ បានរងរបួសផងដែរ។
ទីភ្នាក់ងារប្រឆាំងការស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែននិយាយថា ខ្លួនបានចាប់បុរសម្នាក់កាលពីថ្ងៃពុធកន្លងទៅ ដែលត្រូវបានទីភ្នាក់ងារនេះចោទថា បានជួយរុស្ស៊ីក្នុងការវាយប្រហារនេះ។
លោក Zelenskyy ថា អ្នកដែលបានជួយរុស្ស៊ី ដើម្បី«បំផ្លាញជីវិត» មនុស្ស សមទទួលការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញ លោកPedro Sanchez មានគម្រោងនឹងទៅជួបលោក Zelenskyy នៅក្នុងទីក្រុងកៀវផងដែរនៅថ្ងៃសៅរ៍ស្អែកនេះ ខណៈពេលដែលប្រទេសអេស្ប៉ាញ នឹងត្រូវធ្វើជាប្រធានប្តូរវេនរយៈពេល៦ខែ របស់សហភាពអឺរ៉ុប៕
លោក Mike Pence ធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy (ឆ្វេង) និងអតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence ចាប់ដៃគ្នានៅមុនកិច្ចប្រជុំនៅក្រុងកៀវប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។