ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តែខិតចូលមកដល់ ប្រជាពលរដ្ឋនិងអ្នកសិក្សាមួយចំនួន យល់ថាប្រព័ន្ធផ្សព្វផ្សាយទាំងនៅសហរដ្ឋអាមេរិក ទាំងនៅកម្ពុជា សុទ្ធតែមានភាពលម្អៀងក្នុងការផ្សព្វផ្សាយពីដំណើរការនៃការបោះឆ្នោត។ ប៉ុន្តែ អ្នកវិភាគខ្លះ លើកឡើងថា ភាពលម្អៀងនៃប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ខុសពីនៅកម្ពុជា។
ជារឿយៗ លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ តែងតែរិះគន់នឹងបង្ហាញ ការមិនពេញចិត្តជាសាធារណៈ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិក ដែលមានភាពលម្អៀងគាំទ្រជាគូប្រជែងរបស់លោកគឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
ការណ៍នេះក៏ត្រូវបានសាស្ត្រាចារ្យ និងអ្នកតាមដានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ទទួលស្គាល់ផងដែរ ថាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំនៅសហរដ្ឋអាមេរិក បង្ហាញពីភាពមិនពេញចិត្តពេញថ្លើម ចំពោះបេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយសារតែ លោកត្រាំគឺជាមនុស្សដែលមិនគាំទ្រលទិ្ធប្រជាធិបតេយ្យហើយមានការរើសអើងជាតិសាសន៍ និងស្ត្រីផងដែរ។
យ៉ាងណាក៏ដោយ អ្នកវិភាគកម្ពុជាបានបញ្ជាក់ថា ភាពលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកគឺខុសគ្នាឆ្ងាយពីកម្ពុជា ដោយសារប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមួយចំនួនធំត្រូវបាន«គ្រប់គ្រងដោយរដ្ឋាភិបាល» របស់លោក ហ៊ុន សែន ហើយនៅសហរដ្ឋអាមេរិកប្រព័ន្ធផ្សព្វផ្សាយមានសិទ្ធិពេញលេញក្នុងការផ្សព្វផ្សាយពីអ្វីដែលគេចង់ផ្សាយ។
លោក Charles Noble សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យ California State University ប្រាប់អ្នកយកព័ត៌មាន VOA ថា សារព័ត៌មានជាទូទៅតែងមានភាពលម្អៀងទៅកាន់គណបក្សនយោបាយ ដោយបង្ហាញតាមរយៈការជជែកដេញដោល និងសួរសំណួរពិបាកទៅកាន់បេក្ខជនប្រធានាធិបតីណាមួយដែលពួកគេមិនគាំទ្រ។
លោកបញ្ជាក់ថា៖ «លោកត្រាំបានចូលរួមក្នុងកម្មវិធីរបស់សារព័ត៌មាន Fox News ច្រើនដង ហើយពួកគេភាគច្រើនមិនបានសួរសំណួរពិបាកៗទៅកាន់គាត់ទេ ប៉ុន្តែនៅពេលពួកគេរាយកាណ៍ពីលោកស្រី ហ៊ីលឡារី គ្លីនតុន ពួកគេចាប់ផ្តើមរិះគន់លើលោកស្រី ចំណែកស្ថាប័នព័ត៌មានដែលគាំទ្រគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏បានប្រើប្រាស់វិធីសាស្រ្តនេះដូចគ្នា»។
លោក Charles Noble ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយសកលវិទ្យាល័យ California State University ក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ប្រាប់ VOA ពីរបៀបដែលសារព័ត៌មាននៅសហរដ្ឋអាមេរិកផ្សាយលម្អៀងទៅបេក្ខជនប្រធានាធិបតីនីមួយៗ។
លោក Charles បន្ថែមថា សម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកលើកនេះ លោកត្រាំ ត្រូវបានក្រុមអ្នកសារព័ត៌មាននិយាយបើកកកាយរឿងរ៉ាវជាច្រើន ដោយសារតែរូបលោកមិនគាំទ្រប្រជាធិបតេយ្យ និងបញ្ចេញភាពរើសអើង។
«ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗភាគច្រើនគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយសារពួកគេមើលឃើញថាលោក ត្រាំ ជាអ្នកគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិ និងគោលការណ៍ធម្មនុញ្ញជាមូលដ្ឋានផ្សេងទៀតរបស់អាមេរិក»។
យ៉ាងនេះក៏ដោយ លោកសាស្ត្រាចារ្យ Charles Noble ថា ការណ៍នេះមិនបានប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកឡើយ ហើយលោកថា ភាពលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះមិនបានធ្វើឲ្យមានឥទ្ធិពលដល់លោក ត្រាំ នោះទេ ដោយសារលោក ត្រាំ ជាមនុស្សពូកែគ្រប់គ្រងការរិះគន់ ដែលតែងកើតមានប្រចាំចំពោះរូបគាត់បានល្អ។
ការលើកឡើងរបស់ លោកសាស្ត្រាចារ្យ Charles Noble ប្រាប់អ្នកសារព័ត៌មានខ្មែរ គឺក្នុងអំឡុងពេលដំណើរទស្សនកិច្ច ពិសេសមួយទៅកាន់សហរដ្ឋអាមេរិករបស់ក្រុមអ្នកសារព័ត៌មានកម្ពុជាចំនួន១៥នាក់។ ក្នុងដំណើរទស្សនកិច្ចនេះរៀបចំដោយអង្គការអន្តរជាតិដើម្បីអ្នកសារព័ត៌មាន (ICFJ) ក្រោមការឧបត្ថម្ភរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា អ្នកសារព័ត៌មានបានចុះយកព័ត៌មានដោយផ្ទាល់ពីដំណើរការនៃការរៀបចំមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
លោក Tanner Ellsworth ជាអ្នកបកប្រែមកពីរដ្ឋ Virginia ថា លោកនឹងមិនបោះឆ្នោតឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ នោះទេ។ លោកពេញចិត្តអ្នកនយោបាយឯករាជ្យមួយរូបទៀត គឺលោក Evan McMullin បើទោះបីជាបេក្ខជនរូបនេះ ត្រូវបានមើលឃើញថាមិនមានសំឡេងគ្រប់គ្រាន់ដើម្បីឈ្នះឆ្នោតជាប្រធានាធិបតីក្តី។ លោក Tanner Ellsworth ប្រាប់ VOA ថា ភាគច្រើនអ្នកសារព័ត៌មាននៅសហរដ្ឋអាមេរិកលម្អៀងទៅគណបក្សប្រជាធិបតេយ្យ ដោយសារពួកគេចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
«ស្ថាប័នសារព័ត៌មានដែលផ្សាយតាមប្រព័ន្ធទូរទស្សន៍ ភាគច្រើនលម្អៀងទៅខាងគណបក្សប្រជាធិបតេយ្យ ឧទាហរណ៍ដូចជា ABC, CNN, CBS ហើយនិងកាសែតធំៗនៅអាមេរិក ដូចជា New York Times ហើយនិង Washington Post ភាគច្រើនកាសែតប្រចាំទីក្រុងធំៗគឺលម្អៀងទៅខាងគណបក្សប្រជាធិបតេយ្យច្រើន»។
លោក Tanner Ellsworth ជាអ្នកបកប្រែមកពីរដ្ឋ Virginia ប្រាប់ VOA ពីការផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាននៅសហរដ្ឋអាមេរិកថា ភាគច្រើនលម្អៀងទៅលោកស្រី ហ៊ីល្លីរី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ។
លោក Tanner បន្តថា៖ «បើនិយាយពីប្រព័ន្ធសារព័ត៌មានទូទៅនៅសហរដ្ឋអាមេរិក ភាគច្រើនវាលម្អៀងទៅខាងគណបក្សប្រជាធិបតេយ្យ ដូច្នេះហើយខ្ញុំគិតថា វាអាចជួយគណបក្សប្រជាធិបតេយ្យច្រើនជាង»។
ការស្ទង់មតិមួយរបស់សកលវិទ្យាល័យ Quinnipiac ចេញនៅថ្ងៃទី១៩ ខែតុលា បង្ហាញថា ៥៥ភាគនៃអ្នកបោះឆ្នោតនិយាយថា សារព័ត៌មានមានភាពលម្អៀងប្រឆាំងលោកដូណាល់ត្រាំ។ ក្នុងការស្ទង់មតិនោះ ៨៨ភាគរយនៃអ្នកសាធារណរដ្ឋបានលើកឡើងពីភាពលម្អៀងនៃប្រព័ន្ធផ្សព្វផ្សាយប្រឆាំងនឹងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ លើសពីនេះទៀត ៦៦ភាគរយនៃអ្នកដែលមិនមានសញ្ញាបត្រមហាវិទ្យាល័យ និង៥១ភាគរយនៃអ្នកដែលមានសញ្ញាបត្រ ក៏បានលើកឡើងពីភាពលម្អៀងនៃប្រព័ន្ធផ្សព្វផ្សាយផងដែរ។
លោក Mark O. Bannon អ្នកគាំទ្រគណបក្សសាធារណៈរដ្ឋ ដែលមានលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតី លើកឡើងថា អ្នកសារព័ត៌មានគួរតែផ្សព្វផ្សាយការពិត ព្រោះសារព័ត៌មានបានធ្វើឲ្យប្រជាពលរដ្ឋជឿតាមការផ្សាយរបស់ពួកគេ ដែលជាហេតុធ្វើឲ្យមានឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការជ្រើសរើសប្រធានាធិបតីក្នុងពេលខាងមុខ។ ប៉ុន្តែលោកថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅសហរដ្ឋអាមេរិកស្ទើតែទាំងអស់គឺលម្អៀងទៅកាន់លោកស្រី ហ៊ីលឡារី គ្លីនតុន។
លោកបញ្ជាក់ថា៖ «សារព័ត៌មានទាំងអស់សុទ្ធតែលម្អៀង ហើយខ្ញុំគ្មានជំនឿទុកចិត្តលើសារព័ត៌មានណាមួយទេ ទោះជាសារព័ត៌មានខាងអភិរក្សនិយមក៏ដោយ»។
យល់ឃើញផ្ទុយពីអ្នកទាំងនោះ លោក Edward Horowitz សាស្ត្រាចារ្យរងផ្នែកផ្សព្វផ្សាយនៅសកលវិទ្យាល័យ Cleveland State រដ្ឋ Ohio ប្រាប់ VOA ថាសារព័ត៌មាននៅអាមេរិកមិនមានភាពលម្អៀងទេ ហើយពួកគេព្យាយាមនៅកណ្តាល និងព្យាយាមវិភាគពីបេក្ខភាពនីមួយៗតាមការស៊ើបអង្កេត។ លោកបន្ថែមថាកន្លងទៅអ្នកសារព័ត៌មានបានសរសេរ និងរាយការណ៍ពីលោកស្រី ហ៊ីលឡារី គ្លីនតុន ច្រើនប៉ុន្តែលោក ដូណាល់ ត្រាំ ជាបេក្ខជនថ្មី ដូច្នេះអ្នកសារព័ត៌មាននៅអាមេរិកតែងតែចាប់អារម្មណ៍អ្វីដែលថ្មី និងចំឡែក។
លោកបញ្ជាក់ថា៖ «អ្នកសារព័ត៌មានមិនសូវអារម្មណ៍លោកស្រីគ្លីនតុន ដោយសារលោកស្រីស្ថិតក្នុងវិស័យនយោបាយរយះពេល៣០ឆ្នាំ ហើយមនុស្សជាច្រើនដឹងរឿងរបស់គាត់ ប៉ុន្តែលោកត្រាំ ជាមនុស្សថ្មីថ្មោង ដូច្នេះសារព័ត៌មានចាប់អារម្មណ៍គាត់ ដូច្នេះគាត់ត្រូវគេចុះផ្សាយច្រើន។ ខ្ញុំគិតថាមិនមែនជាការលម្អៀងនោះទេ»។
លោក Edward Horowitz សាស្ត្រាចារ្យរងផ្នែកផ្សព្វផ្សាយនៅសកលវិទ្យាល័យ Cleveland State ក្នុងរដ្ឋ Ohio ប្រាប់ VOA ថា សារព័ត៌មាននៅអាមេរិកមិនមានភាពលម្អៀងទេ ហើយពួកគេព្យាយាមនៅកណ្តាល និងព្យាយាមវិភាគពីបេក្ខភាពនីមួយៗទៅតាមការស៊ើបអង្កេត។
ស្របគ្នានោះដែរ លោកស្រី Amy Brittain អ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតនៃកាសែត Washington Post ប្រាប់ VOA អំឡុងដំណើរទស្សនកិច្ចពិសេសរបស់ក្រុមអ្នកសារព័ត៌មានខ្មែរកាលពីសប្តាហ៍កន្លង ថាកាសែត Washington Post ធានាបានពីភាពអព្យាក្រឹត្យក្នុងការរាយការណ៍របស់ខ្លួន។ លោកស្រីបន្ថែមថា បុគ្គលិករបស់កាសែត The Washington Post មានប្រវត្តិ និងនិន្នាការនយោបាយផ្សេងៗគ្នា ដើម្បីអាចផ្ទៀងផ្ទាត់ក្នុងការសរសេរព័ត៌មានណាមួយដោយគ្មានភាពលំអៀង។
លោកស្រីបញ្ជាក់ថា៖ «ក្នុងយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតី គឺលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ ពួកយើងបានបញ្ជូនមនុស្សទៅដោយធានាថា ពួកគាត់ទៅប្រមូលព័ត៌មានពីបេក្ខជនទាំងពីរ ហើយអ្វីដែលសំខាន់ជាងគេគឺពួកយើងរាយការណ៍នូវព័ត៌មានពិត អ្វីដែលជាការពិត គឺពួកយើងរាយការណ៍ទាំងអស់»។
លោកស្រី Amy Brittain អ្នកសារព័ត៌មានផ្នែកស៊ើបអង្កេតនៃកាសែត Washington Post ប្រាប់ VOA ថា កាសែត Washington Post ធានាបានពីភាពអព្យាក្រឹត្យក្នុងការរាយការណ៍របស់ខ្លួន។ (កាន់ វិច្ឆិកា/VOA)
បើប្រៀបធៀបពីភាពលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយទៅលើគណបក្ស ឬបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកទៅនឹងប្រទេសកម្ពុជា អ្នកជំនាញមើលឃើញថា ស្ថានភាពលម្អៀងនៅសហរដ្ឋអាមេរិកមានភាពប្រសើរជាង ដោយសារអាមេរិកលម្អៀងដោយមានសេរីភាព ខុសពីកម្ពុជា លម្អៀងដោយសាររដ្ឋាភិបាលជាអ្នកគ្រប់គ្រង។
ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ ដែលបានសិក្សាផ្នែកនយោបាយ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅសហរដ្ឋអាមរិក និងធ្លាប់បានរស់នៅសហរដ្ឋអាមេរិកជិត២០ឆ្នាំ ប្រាប់ VOA ថា ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក និងនៅកម្ពុជាសុទ្ធតែមានភាពលម្អៀងទៅលើគណបក្សនយោបាយដូចគ្នា។
ទោះជាយ៉ាងណា លោកថា ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកមានសេរីភាពក្នុងការសរសេរ និងផ្សាយមានភាពលម្អៀងដោយស្មើគ្នា និងគ្មានការគាបសង្កត់ ដោយសារប្រព័ន្ធផ្សព្វផ្សាយទាំងនោះគ្រប់គ្រងដោយអ្នកជំនួញ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាភាគច្រើន ជាពិសេសទូរទស្សន៍ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលជាហេតុធ្វើឲ្យការសរសេរ និងផ្សព្វផ្សាយព័ត៌មានលម្អៀងខ្លាំងទៅខាងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។
លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ «រយៈពេលប្រហែលជាប្រាំឆ្នាំនេះយើងឃើញមានការបើកចំហរជាងមុនគ្រាន់បើ ជាពិសេសនៅតាមវិទ្យុ។ តាមពិតកាសែតភាសាអង់គ្លេសគឺមានសេរីភាព ហើយកាសែតភាសាខ្មែរក៏មានសេរីភាពគ្រាន់បើដែរ ប៉ុន្តែការបើកវិទ្យុនៅក្នុងប្រទេសកម្ពុជាល្អជាងមុន គឺជារឿងមួយវិជ្ជមាននៅក្នុងអំឡុងពេលប្រហែលជាប្រាំឆ្នាំ ប៉ុន្តែនៅមានប្រឈមគឺទូរទស្សន៍នៅបិទខ្លាំងមែនទែន ហើយលម្អៀងទៅកាន់គណបក្សកាន់អំណាចខ្លាំង ប៉ុន្តែវិទ្យុបើទោះបីជាបើកចំហរក៏មិនបើកចំហរ២៤ខេត្តក្រុង ហើយអ្នកឯករាជ្យមែនទែនក៏មិនមានសិទ្ធិក្លាយទៅជាម្ចាស់អាជ្ញាប័ណ្ណវិទ្យុទូទាំងប្រទេសដែរ។ អញ្ចឹងយើងឃើញនៅមានការប្រឈម ហើយលម្អៀងនេះគឺលម្អៀងជាលក្ខណៈនយោបាយតែម្តង មិនមែនលម្អៀងជាលក្ខណៈពួករកស៊ីទេ»។
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ ២០១៦ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីបណ្តឹងបរិហាកេរ្តិ៍របស់បក្សប្រជាជនកម្ពុជាប្រឆាំងរូបលោក។ (ហ៊ុល រស្មី/VOA)
លោក អ៊ូ វីរៈ បន្ថែមថា ភាពលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនៅសហរដ្ឋអាមេរិក និងនៅកម្ពុជា សុទ្ធតែធ្វើឲ្យមានឥទ្ធិពលដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសរៀងៗខ្លួន ដោយសារប្រជាពលរដ្ឋយល់ឃើញទៅតាមព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយទាំងនោះបានផ្សាយ។
លោកបញ្ជាក់ថា៖ «បញ្ហាដែលគាត់ឃើញ អ្វីដែលត្រូវបានចង្អុលប្រាប់គាត់ដោយអ្នកចេះដឹង ដោយអ្នកគេតាមដាន និងអ្នកដែលគេយល់ដឹងពីវិទ្យាសាស្រ្តសង្គម គឺមានកម្រិត អញ្ចឹងប្រជាពលរដ្ឋដែលគាត់ទទួលបានហ្នឹងគឺគាត់មានកម្រិត ប៉ុន្តែមានបញ្ហាមួយទៀតគឺដោយសារមានវិទ្យុបរទេសមួយចំនួនដូចជា វិទ្យុបារាំង វិទ្យុអាស៊ីសេរី វិទ្យុ VOA ហ្នឹងគឺធ្វើឲ្យអ្នកដែលស្តាប់វិទ្យុហ្នឹង គាត់មើលប្រទេសកម្ពុជាឃើញខុសពីអ្នកដែលមើលទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលហ្នឹង ដោយសារអញ្ចឹងហើយវាមានលក្ខណៈស្រដៀងគ្នាជាមួយសហរដ្ឋអាមេរិកត្រង់កន្លែងហ្នឹង គឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងពីរនាក់អាចមើលឃើញប្រទេសកម្ពុជាតែមួយហ្នឹងដាច់ស្រលះតែម្តង មិនអាចជជែកគ្នាបាន ហើយវាក៏អាចជាប្រភពដែលធ្វើឲ្យប្រេះឆាសង្គមមួយផងដែរ»។
គម្រោង «ឃ្លាំមើលភាពជាម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយ» របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន សហការជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ រកឃើញថា ក្នុងចំណោមម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំង២៧នៅកម្ពុជា រួមមានទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ព និងសារព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិតដែលអង្គការនេះស៊ើបអង្កេត មានចំនួន៩ ជាកម្មសិទ្ធិរបស់ឧកញ៉ា ឬជាអ្នកមានឥទ្ធិពល ដែលជាអ្នកជិតស្និទ្ធនឹងគណបក្សកាន់អំណាច ហើយពួកគេខ្លះស្ថិតនៅក្នុងចំណោមមនុស្សដែលមានអំណាចបំផុតនៅក្នុងប្រទេស។
សហរដ្ឋអាមេរិកគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានាធិតីលើកទី៥៨របស់ខ្លួន នាថ្ងៃអង្គារនេះនៅសហរដ្ឋអាមេរិកត្រូវជាថ្ងៃពុធនៅកម្ពុជា។ ការរាប់សន្លឹកឆ្នោតនិង ប្រកាសលទ្ធផលនេះ និងមានផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅទូទាំងពិភពលោក។ ដោយឡែកស្ថានទូតសហរដ្ឋអាមេរិកនាក្រុងភ្នំពេញ ក៏នឹងមានផ្សាយផ្ទាល់នៃដំណើរការបោះឆ្នោតនេះផងដែរ៕