អ្នកជំនាញខាងវេជ្ជសាស្ត្រលើកឡើងថា ពលរដ្ឋខ្មែរគួរប្រើប្រាស់រុក្ខជាតិម្រុម ជាជំនួយខាងសុខភាព និងជាប្រយោជន៍ផ្សេងៗវិញ ជាជាងចាត់ទុកវាថាជាថ្នាំព្យាបាលជំងឺតាមការជឿ ឬការប្រាប់តៗគ្នានោះ។
Your browser doesn’t support HTML5
Hello VOA សុខភាព៖ ក្រៅពីមានប្រយោជន៍ខាងសុខភាព ម្រុមក៏អាចប្រើជំនួសសាច់ជូរ សម្រាប់កូរទឹកឲ្យថ្លា
លោកវេជ្ជបណ្ឌិត តាំង តេកហុង រេជ្ជបណ្ឌិតខ្មែរអាមេរិកាំងម្នាក់នៅក្នុងក្រុង Jacksonville រដ្ឋ Florida បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOAកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនានេះ៖
«សូម្បីតែសហរដ្ឋអាមេរិកហ្នឹង ក៏មិនទាន់មានការច្បាស់លាស់ដែរ ពីព្រោះថា គេចាត់ទុកម្រុមហ្នឹងជាម្ហូបអាហារ មិនមែនថ្នាំទេបាទ។ បើកាលណារបស់អ្វីមួយដែលគេចាត់ទុកជាម្ហូបអាហារ គឺថា គ្មានការពិនិត្យតាមស្តង់ដារពេទ្យត្រឹមត្រូវទេ»។
ពលរដ្ឋខ្មែរជាច្រើននិយមទទួលទានស្លឹកម្រុមជាបន្លែ និងប្រើប្រាស់គ្រាប់និងឫសរុក្ខជាតិប្រភេទនេះសម្រាប់ជួយព្យាបាលជំងឺផ្សេងៗរបស់ពួកគេ ដោយសារពួកគេជឿតៗគ្នាថា រុក្ខជាតិនេះអាចជួយពួកគេបាន។
ថ្មីៗនេះទៀតសោត ក៏មានក្រុមហ៊ុនលក់ផលិតផល ដែលគេអះអាងថា ជាផលិតផលផ្សំពីរុក្ខជាតិម្រុមនេះ ហើយវាមានប្រយោជន៍ដល់សុខភាព និងអាចជួយព្យាបាលជំងឺជាច្រើនមុខបានទៀតផង។
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកជាវាគ្មិនប្រចាំខែនៅក្នុងកម្មវិធីវិទ្យុ Hello VOA អំពីសុខភាព។ (រូបផ្តល់ឲ្យ)
តែទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត តាំង តេកហុង មានប្រសាសន៍ថា ពលរដ្ឋខ្មែរគួរតែប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការប្រើប្រាស់ផលិតផលណាមួយ ប្រសិនបើមិនមានការបញ្ជាក់ច្បាស់លាស់ពីខាងវេជ្ជសាស្ត្រ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់បាន។
តួយ៉ាង លោកវេជ្ជបណ្ឌិតរូបនេះបានពន្យល់ថា រុក្ខជាតិម្រុមនេះមានសារជាតិ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះបាន ទោះបីជាវាអត្ថប្រយោជន៍ជាច្រើនខាងសុខភាពដល់ក្រុមមនុស្សផ្សេងទៀតក៏ដោយ។
ដូច្នេះ លោកថ្លែងថា ជាជាងពឹងផ្អែកទៅលើម្រុមសម្រាប់ព្យាបាលជំងឺនោះ ពលរដ្ឋខ្មែរ អាចបន្តប្រើប្រាស់រុក្ខជាតិនេះជាប្រយោជន៍ផ្សេងៗវិញ ដូចជាយកស្លឹកម្រុមធ្វើជាបន្លែសម្រាប់ទទួលទាន និងប្រើប្រាស់គ្រាប់វា ជំនួសសាច់ជូរ សម្រាប់កូរទឹកឲ្យថ្លា ជាដើម៕