តំណាងគណបក្សនយោបាយធំៗពីរបានផ្ដល់ទស្សនៈផ្សេងៗគ្នា ចំពោះសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងក្នុងឆ្នាំ២០១៧នេះ។
កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការពិភាក្សាជាសាធារណៈ មុនពេលសេចក្ដីព្រាងនេះត្រូវបានអនុម័តនៅក្នុងខែមករានេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ក្រុមអ្នកយកព័ត៌មានថា គ.ជ.ប ត្រូវរឹតបន្តឹងចំពោះសកម្មភាពរបស់បុគ្គលិកអង្គការសង្គមស៊ីវិល ដោយមិនឲ្យធ្វើសកម្មភាពនយោបាយ ក្នុងពេលបោះឆ្នោតដោយលោកយល់ថា បុគ្គលិកអង្គការសង្គមស៊ីវិលមិនមែនជាបុគ្គលសាធារណៈនោះឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ អំពើសំណើរបស់គណបក្សកាន់អំណាចក្នុងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់។ (ហ៊ុល រស្មី/VOA)
«បើឲ្យមន្ត្រីរបស់អង្គការក្រៅរដ្ឋាភិបាលធ្វើសកម្មភាពបាន អាហ្នឹងមិនអាចបញ្ជាក់បានថា ម៉ោងណា ម៉ោងណាទេ ពីព្រោះគាត់អត់មានក្របខ័ណ្ឌមន្ត្រីមុខងារសាធារណៈផង»។
លោកស្រី ម៉េង សុភារី តំណាងគណបក្សសង្គ្រោះជាតិ បានរកឃើញចំណុចដែលត្រូវកែសម្រួលចំនួន៣៧ចំណុច ដែលរួមមានការកំណត់ទីតាំងសាធារណៈឲ្យបានច្បាស់សម្រាប់ការឃោសនាបោះឆ្នោត នីតិវិធីនៃការដោះស្រាយពាក្យបណ្ដឹង និងការបោះឆ្នោតឡើងវិញជាដើម។
លោកស្រីបន្តថា ពេលដែល គ.ជ.ប ផ្ដល់ជូនសម្រាប់ការកែសម្រួលសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះគឺមានរយៈពេលខ្លី។
«ជាគំនិតរបស់គណបក្សសង្គ្រោះជាតិ ជាការយល់ឃើញរបស់គណបក្សសង្គ្រោះជាតិ និងខ្លួនខ្ញុំផ្ទាល់ គឺឃើញថា ពេលវេលាហ្នឹងគឺវាខ្លីពេក ហើយយើងមិនបានត្រួតពិនិត្យមើលឲ្យបានល្អិតល្អន់ចាសហើយយើងជឿថា នៅមានចំណុចផ្សេងទៀតដែលអាចធ្វើឲ្យមានការកែប្រែ ក៏ប៉ុន្តែដោយសារពេលវេលាខ្លី យើងមើលអត់អស់។ អញ្ចឹង យើងពិនិត្យបានឃើញ៣៧ចំណុចហ្នឹង»។
លោកស្រី ម៉េង សុភារី តំណាងគណបក្សសង្គ្រោះជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ អំពើសំណើរបស់គណបក្សប្រឆាំង ក្នុងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំ សង្កាត់។ (ហ៊ុល រស្មី/VOA)
លោកស្រី ម៉េង សុភារី បញ្ជាក់ថា គ.ជ.ប បានទទួលយកសំណើកែប្រែសេចក្ដីព្រាងដដែលនេះ តែពាក់កណ្ដាលនៃចំណុចត្រូវកែសម្រួលនានាដែលគណបក្សសង្គ្រោះជាតិបានស្នើឡើងនោះ។
យោងទៅតាមសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានឲ្យដឹងអំពីការស្នើសុំកែសម្រួលខ្លឹមសារនៃសេចក្ដីព្រាងនេះ ពីខាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA ព្រមទាំងសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងប្រតិបត្តិការការបោះឆ្នោត ក្នុងនោះរួមមានក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។
គ.ជ.ប បានទទួលយកសំណើជាច្រើនពីស្ថាប័ននីតិបញ្ញត្តិ និងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា។
នៅត្រង់ចំណុចកំណត់រយៈពេលនៃការឃោសនាបោះឆ្នោត គ.ជ.ប បានយល់ព្រមតាមសំណើរបស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងគណបក្សប្រជាជនកម្ពុជា ដោយព្រមកែសម្រួលថា៖ «ការឃោសនាបោះឆ្នោតត្រូវបើករយៈពេល១៥ថ្ងៃ មុនថ្ងៃបោះឆ្នោត ក្នុងនោះការឃោសនាបោះឆ្នោត ត្រូវដំណើរការ១៤ថ្ងៃ និងត្រូវបញ្ឈប់ក្នុងរយៈពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោត»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (Comfrel) ប្រាប់ VOA ថា រយៈពេលដែល គ.ជ.ប ផ្ដល់ជូនភាគីពាក់ព័ន្ធនានា សម្រាប់ពិនិត្យលើសេចក្ដីព្រាងនេះគឺមានចំនួនតិច ព្រោះ គ.ជ.ប ទើបតែបានទាមទារអនុសាសន៍កាលពីថ្ងៃទី២២ ខែធ្នូ ហើយមកដល់ដើមខែនេះ គ.ជ.ប ស្រាប់តែដាក់សេចក្ដីព្រាងនេះឲ្យមានការពិភាក្សាតែម្ដង។
យ៉ាងណាក៏ដោយ លោកថា បន្ទាប់ពីការពិភាក្សារយៈពេលពីរថ្ងៃ គឺគិតចាប់ពីថ្ងៃទី៥ មកដល់ថ្ងៃទី៦មករានេះ គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមផ្ដល់យោបល់បានដឹងអំពីការកែប្រែចំណុចខ្វះខាតនៅក្នុងសេចក្ដីព្រាងនោះ។
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល COMFREL នៅក្នុងកម្មវិធី Hello VOA ពិសេសអំពី«ដំណើរការកែទម្រង់បោះឆ្នោតនិងការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត» នៅបន្ទប់ផ្សាយ VOA នៅភ្នំពេញកាលពីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
លោកបញ្ជាក់បន្ថែមថា អង្គការរបស់លោកបានលើកសំណើសំខាន់មួយទៅ គ.ជ.ប។ សំណើនោះសុំឲ្យគ.ជ.ប ពិចារណាលើការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណិត។
«រឿងមួយដែលយើងយកទុកដាក់សំខាន់ហ្នឹង គឺបញ្ហារឿងចង់ឲ្យ គ.ជ.ប ពង្រឹងការបញ្ជូនលទ្ធផលបោះឆ្នោត។ អា១១០២អីហ្នឹង ដែលគេយកទៅដាក់ប៉ុស្តិ៍ផ្សាយវែបសាយ ហើយនៅការិយាល័យបោះឆ្នោតគួរតែដាក់ គួរតែ transfer [ផ្ទេរ] វាគួរតែបញ្ជូនតាមប្រព័ន្ធonline អីហ្នឹងដើម្បីដាក់ផ្សាយនៅវែបសាយរបស់ គ.ជ.ប ឬក៏នៅក្នុងប្រព័ន្ធណាមួយ ដែលប្រជាពលរដ្ឋអាចទៅមើលបានដែរ ព្រោះនៅពេលដែលគាត់មិនអាចទៅការិយាល័យបោះឆ្នោតមើល ប៉ុន្តែគាត់ក៏អាចមើលនៅតាមអ៊ីនធឺណិតអីដែរ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងម៉ោងសម្រាកនៃកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថា រយៈពេលដែលបានផ្ដល់ជូនសម្រាប់ការពិនិត្យសេចក្ដីព្រាង មុនពេលដាក់ឲ្យមានការពិភាក្សានេះមានភាពសមស្រប។
លោកបន្ថែមថា ការរៀបចំការបោះឆ្នោតជាដំណើរការមួយដែលតម្រូវឲ្យមានពេលវេលាជាក់លាក់ និងត្រូវធ្វើទៅតាមការគ្រោងទុក។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០១៧ អំពីការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំ សង្កាត់។ (ហ៊ុល រស្មី/VOA)
«ចរិតបោះឆ្នោត គឺប្រតិបត្តិការ រៀបចំប្រាំឆ្នាំ ដើម្បីបោះឆ្នោតម្ដង បើសិនជាថ្ងៃហ្នឹងអត់បានបោះ យើងស្រមៃមើលថាតើមានរឿងអីកើតឡើងបាទ។ អញ្ចឹង គ.ជ.ប ត្រូវតែទទួលខុសត្រូវ គ.ជ.ប គឺជាស្ថាប័នបង្គោល គឺជាស្ថាប័នស្នូល ដែលច្បាប់តម្រូវឲ្យធ្វើប្រតិបត្តិការបោះឆ្នោតនេះឲ្យបានបាទ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០១៨ខាងមុខ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១.៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជាឈ្នះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១.៥៩២ និងចំនួនក្រុមប្រឹក្សាមានដល់ទៅ៨.២៩២ ដោយត្រួតត្រាកិច្ចការរដ្ឋបាលមូលដ្ឋានសឹងតែទាំងអស់។
ចំណែកឯគណបក្សជំទាស់របស់លោក សម រង្ស៉ី និងលោក កឹម សុខា បានឈ្នះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៤០ និងមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជិត៣.០០០នៅទូទាំងប្រទេស។
គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ទទួលបានអាសនៈជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១ និងមានសមាជិកចំនួន១៥១ទូទាំងប្រទេស៕