ពេលមេឃមានពពកមីរដេរដាសរកកលនឹងភ្លៀង សពរបស់អតីតមេមនោគមវិជ្ជានៃរបបកុម្មុយនិស្តខ្មែរក្រហម លោកនួន ជា ត្រូវបានបូជានៅក្នុងយប់ថ្ងៃសុក្រនេះ នៅវត្តព្រំគិរីមរកត ខេត្តប៉ៃលិនជាប់ព្រំដែនប្រទេសថៃ។
Your browser doesn’t support HTML5
មនុស្សរាប់រយនាក់ចូលរួមជូនដំណើរលោកនួន ជា ជាលើកចុងក្រោយ
ពិធីសូត្រធម៌ និងសម្រែកនឹករឭកអតីតមេខ្មែរក្រហមរូបនេះបានលាន់ឮទ្រហឹងពេញបរិវេណវត្ត។
ព្រះតេជគុណវ៉ែន ចាន់សុម៉ៃ ព្រះចៅអធិការវត្តព្រំគិរីមរកត ជំនួសមុខឱ្យក្រុមគ្រួសារលោកនួន ជា បានឡើងអានវិយោគកឋារំឭកអំពីខ្សែជីវិតរបស់អតីតមេខ្មែរក្រហមរូបនេះ ដែលរបបដឹកនាំរបស់លោកមិនបានអនុញ្ញាតឱ្យមានវត្តអារាម និងការប្រណិបត្តិជំនឿសាសនាអ្វីឡើយ។
ក្រុមគ្រួសាររអមសពលោក នួន ជា មុនពិធីរំលាយសពលោក ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
មឈូសរបស់លោក នួន ជា ត្រូវបានលើកយកទៅតម្កល់លើមេរុ ត្រៀមសម្រាប់ការបូជារំលាយ។ (អូន ឆេងប៉រ/VOA)
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម អំឡុងពេលចូលរួមអំឡុងចូលរួមពិធីរំលាយសពលោក នួន ជា បូជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
«កូនៗនៅចាំបានថា កាលពីពួកយើងនៅតូចៗ ពួកយើងមិនដែលឃើញលោកឪពុក បាននៅជួបជុំគ្រួសារទេ តែកូនៗយល់ច្បាស់ពីអ្វីដែលលោកឪពុកកំពុងធ្វើ គឺលោកចង់បានប្រទេសមួយឯករាជ្យ សន្តិភាព ប្រជាជនរស់នៅមានជីវភាពធូរធា សមរម្យ កូនចៅបានទទួលការរៀនសូត្រគ្រប់ៗគ្នា»។
អ្នកចូលរួមក្នុងពិធីរំលាយសពលោកនួន ជា នេះមានប្រមាណជាច្រើនរយនាក់ ក្នុងនោះមានអភិបាលរងខេត្តប៉ៃលិន អ្នកស្រីជា លាភ លោក សួង ស៊ីគឿន អតីតមន្ត្រីក្រសួងការបរទេសខ្មែរក្រហម និងលោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម។
មកទល់នឹងពេលមរណភាព លោកបានជាប់ពន្ធនាគារអស់មួយជីវិត ជាការសម្រេចក្ដីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទាក់ទិននឹងតួនាទី«ទទួលខុសត្រូវខ្ពស់បំផុត»របស់លោកក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងបណ្ដាលឱ្យបណ្ដាជនប្រមាណយ៉ាងហោច១,៧លាននាក់បាត់បង់ជីវិត។
លោកផន សម្បូរ អាយុ៦៥ឆ្នាំ ជាអតីតទាហានខ្មែរក្រហមតាំងពីឆ្នាំ១៩៧២មកដល់ឆ្នាំ១៩៩៦ បានចេញដំណើរពីផ្ទះរបស់លោកនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាំងតែពីព្រឹកព្រលឹមដើម្បីមកឱ្យទាន់ពិធីបុណ្យបូជាលោកនួន ជា អតីតមេកើយ។
លោក ផន សម្បូរ វ័យ៦៥ឆ្នាំ ធ្វើដំណើរមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អំឡុងពិធីបុណ្យបូជា សព លោក នួន ជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
«នឹកឃើញថា យើងធ្លាប់រស់ជាមួយគាត់គ្រប់គ្រង ដូច្នេះថ្ងៃនេះមកជួបចុងក្រោយ ដែលគាត់លាចាកលោកទៅ ... មានអីគ្រាន់តែថា ឱ្យគាត់ហ្នឹងទៅកើតសុគតិភពឱ្យបានគេហៅថា ខ្ពង់ខ្ពស់ហ្នឹង ហើយដ៏ល្អប្រសើរ»។
នៅក្បែរនោះ អ្នកស្រីនួន ជីវី អាយុ៥៨ឆ្នាំ ដែលរស់នៅក្រុងប៉ៃលិន ក៏ធ្លាប់មានអតីតភាពក្នុងចលនាខ្មែរក្រហម។ អ្នកស្រីបានចេញដំណើរមកដល់ផ្សារព្រំវេលាម៉ោងប្រមាណ២រសៀល។ អ្នកស្រីបានលើកឡើងថា អ្នកស្រីមានការនឹកស្រណោះលោក នួន ជា ដែលធ្លាប់ដឹកនាំចលនាមួយដែលអ្នកស្រីធ្លាប់បានដើរតាម។
«ចា៎ គឺខ្ញុំមកនេះគឺប្ដីខ្ញុំគាត់ធ្លាប់ធ្វើការជាមួយគាត់ដែរ អ៊ីចឹងទៅណា តែគាត់មកមិនរួច។ គាត់ក៏ប្រាប់ខ្ញុំថា ឱ្យមកដុតធូបដុតអី ជូនពរគាត់ឱ្យទៅបានសុខសប្បាយ ហើយក៏មានការសោកស្ដាយ។ គាត់មានអាយុច្រើន ហើយគាត់បានលាចាកលោកទៅ មានតែដុតធូបជូនពរគាត់ គឺជាតិក្រោយឱ្យគាត់មានសំណាងល្អ កុំឱ្យពាក់ព័ន្ធរឿងនយោបាយអីៗ ឱ្យគាត់សុខសប្បាយ ដូចតែយើងអ៊ីចឹងណាអូន»។
អ្នកស្រី នួន ជីវី ពលរដ្ឋវ័យ៥៨ឆ្នាំនៅក្រុងប៉ៃលិន ឈរផ្ដល់បទសម្ភាសដល់VOA អំឡុងចូលរួមពិធីរំលាយសពលោក នួន ជា បូជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
នៅពេលត្រូវបានសួរឱ្យធ្វើការបញ្ចេញទស្សនៈចំពោះការកាត់ទោស និងបទចោទប្រឆាំងលោកនួន ជា អ្នកស្រីនួន ជីវី បានលើកឡើងថា៖
«ចា៎ ខ្ញុំយល់ថា ជាច្បាប់គឺត្រឹមត្រូវ អូន! ច្បាប់គេសង្គមមុនផ្សេង ឥឡូវផ្សេង តែគេតាមស្រាវជ្រាវទៅឃើញអ៊ីចឹង តាមសង្គមថ្មី នយោបាយថ្មី»។
មុនពេលស្លាប់ លោកនួន ជា បានសរសេរលិខិតផ្ទេរសិទ្ធិជូនក្រុមមេធាវីរបស់លោក ដែលកំពុងស្ថិតក្នុងដំណាក់កាលប្ដឹងសារទុក្ខទៅនឹងសាលដីកាឱ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ក្នុងអ្វីដែលលោកលីវ សុវណ្ណា សហមេធាវីការពារក្ដីរបស់លោកបរិយាយប្រាប់ VOA ថា ជាកិច្ចខិតខំប្រឹងប្រែងស្វែងរក«ការណ៍ពិតក្នុងការណ៍ពិត»។
តែទោះជាយ៉ាងណា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា មរណភាពរបស់នួន ជា មិនអាចលុបលាងប្រវត្តិសាស្ត្របានទេ ដោយលោកថា៖
«នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា នួន ជាគឺជាឧក្រិដ្ឋជន»។
លោកឆាំង យុ បន្ថែមថា ភស្តុតាងទាក់ទងនឹងការទទួលខុសត្រូវរបស់លោកនួន ជា នឹងមិនត្រូវដុតរំលាយទៅតាមសពរបស់លោកទេ៕