សកម្មជនការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យ លោក កឹម សុខា បានក្លាយជាអ្នកនយោបាយខ្មែរដ៏លេចធ្លោមួយរូប បន្ទាប់ពីលោកបានសម្រេចចិត្តបង្កើតគណបក្សនយោបាយខ្លួនឯងមួយ គឺគណបក្សសិទ្ធិមនុស្ស នៅឆ្នាំ ២០០៧ ហើយបន្ទាប់មកបានបញ្ចូលគណបក្សនេះជាមួយនឹងគណបក្សសមរង្ស៊ី ដោយបង្កើតទៅជាគណបក្សសង្គ្រោះជាតិ នៅឆ្នាំ ២០១២។
ចាប់តាំងពីឆ្នាំ ១៩៩២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជីវិតនយោបាយរបស់អ្នកនយោបាយវ័យ ៦៩ ឆ្នាំរូបនេះ បាននិងកំពុងឆ្លងកាត់រលកនៃព្រឹត្តិការណ៍ធំៗជាច្រើននៅក្នុងប្រវត្តិនយោបាយរបស់ប្រទេសកម្ពុជា៖
- បម្រើជាសមាជិកសភាធម្មនុញ្ញសម្រាប់មណ្ឌលខេត្តតាកែវ នៅឆ្នាំ ១៩៩៣ ឲ្យគណបក្សរបស់លោក សឺន សាន មុនពេលកម្ពុជាបង្កើតរដ្ឋសភាជាតិ
- រត់គេចពីការចាប់ខ្លួនដោយលាក់ខ្លួននៅក្នុងស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ នៅឆ្នាំ ១៩៩៨
- ចូលជីវភាពនយោបាយជាមួយគណបក្សហ៊្វុនស៊ិនប៉ិចដោយជាប់ជាសមាជិកព្រឹទ្ធសភានៅឆ្នាំ ១៩៩៩
- បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ ២០០២
- ជាប់ពន្ធនាគាររយៈពេល ១៧ ថ្ងៃ នៅឆ្នាំ ២០០៥
- បង្កើតគណបក្សសិទ្ធិមនុស្ស នៅឆ្នាំ ២០០៧
- រងការចាប់ខ្លួននិងឃុំខ្លួនម្តងទៀតនៅឆ្នាំ ២០១៧
- ហើយបច្ចុប្បន្នរងការជំនុំជម្រះក្តីដ៏អូសបន្លាយជាង ៥ ឆ្នាំលើរូបលោកពីបទក្បត់ជាតិ។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសិទ្ធិមនុស្ស ស្វាគមន៍អ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៧។
រូបឯកសារ៖ លោក កឹម សុខា ពេលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅគុកព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០០៦។
ហើយនៅថ្ងៃសុក្រ ទី៣ ខែមីនាខាងមុខនេះ លោក កឹម សុខា នឹងប្រឈមនឹងរលកមួយទៀត ដែលអាចនឹងកំណត់ទិសដៅនៃជីវិតនយោបាយក្រោមសម្ពាធរបស់លោក គ្រាដែលសាលាដំបូងរាជធានីភ្នំពេញនឹងចេញសាលក្រមលើសំណុំរឿងកាត់ទោសលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬការផ្សំគំនិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលស្មើនឹងបទក្បត់ជាតិដ៏ចម្រូងចម្រាស ។
ជាអ្នកលទ្ធិប្រជាធិបតេយ្យនិងជាអ្នកគាំទ្រលោក កឹម សុខា តាំងពីឆ្នាំ ២០០២ មក អ្នកស្រី ជា សាមួន មិនសង្ឃឹមថា សាលក្រមនៅថ្ងៃសុក្រនេះ នឹងផ្តល់យុត្តិធម៌ត្រឹមត្រូវដល់លោក កឹម សុខា និងភាគីពាក់ព័ន្ធក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះទេ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំមិនទាន់ជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់តុលាការនិងរាជរដ្ឋាភិបាលកម្ពុជាទេ។ អ៊ីចឹងបើគេដាក់សម្ពាធនយោបាយ ប្រាកដណាស់ ខ្ញុំថាមិនអាច ជឿជាក់ណាស់ថា គាត់មិនអាចរួចផុតពីការចោទប្រកាន់របស់គេទេ ព្រោះអីគេនៅតែដាក់សម្ពាធនយោបាយ គឺគាត់ជាប់នៅហ្នឹងហើយ»។
ដោយឡែក ទោះបីជាមិនជឿទុកចិត្តខ្លាំងលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្តី ក៏លោក គីម ហោ អ្នកគាំទ្រលោក កឹម សុខា ម្នាក់ទៀត ចង់ឃើញភាពប្រេះស្រាំនៃនយោបាយកម្ពុជាឈានដល់ចំណុចរបត់ថ្មីមួយ តាមរយៈសាលក្រមលើសំណុំរឿងរបស់លោក កឹម សុខា ដោយលោកសង្ឃឹមថា ចៅក្រមនឹងចេញសាលក្រមទម្លាក់ចោលបទចោទលើលោក កឹម សុខា។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំជាអ្នកគាំទ្រលោក កឹម សុខា ក៏ដូចជាអ្នកដែលមានបេះដូងលទ្ធិប្រជាធិបតេយ្យ ខ្ញុំនៅតែគិតរំពឹងទុកថា សាលក្រមហ្នឹងអាចជាវិជ្ជមានច្រើនជាង។ សាលក្រមនោះនឹងលើកលែងបទចោទទាំងអស់បាទ»។
ចាប់តាំងពីខែមករា ឆ្នាំ ២០២២ រហូតមកដល់ថ្ងៃចេញសាលក្រម នៅថ្ងៃសុក្រ ទី ៣ ខែមីនាសប្តាហ៍នេះ លោក កឹម សុខា បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញប្រមាណជា ៦២ លើក ហើយត្រូវបានចោទសួរដេញដោលពីតំណាងអយ្យការជាច្រើនលើក។
អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីម្នាក់របស់លោក កឹម សុខា បានលើកឡើងថា សំណុំរឿងរបស់កូនក្តីអ្នកស្រី «មានលក្ខណៈនយោបាយ» តាំងពីដំបូងមក។ ដូច្នេះក្រុមមេធាវីរបស់លោក កឹម សុខា នៅតែទទូចឱ្យចៅក្រមទម្លាក់បទចោទទាំងអស់ ដូចដែលពួកគេបានគូសបញ្ជាក់នៅក្នុងសេចក្តីសន្និដ្ឋានបញ្ចប់សវនាការជំនុំជម្រះក្តីនាពេលកន្លងទៅ ក្រោមហេតុផលថា៖
«គឺគ្មានភស្តុតាងគ្រប់គ្រាន់ទេក្នុងការដាក់បន្ទុកមកលើឯកឧត្តម កឹម សុខា ពីបទចោទសន្ទិដ្ឋិភាពជាមួយបរទេស»។
ដោយឡែកលោក ប្លង់ សុផល ព្រះរាជអាជ្ញារងដែលជាតំណាងអយ្យការក្នុងសវនាការរំពឹងថា សាលក្រមរបស់ចៅក្រមនៅថ្ងៃសុក្រសប្តាហ៍នេះ នឹងសម្រេចបាននូវការថ្កោលទោស «ធ្ងន់ធ្ងរ»។
លោកបានឆ្លើយតបនឹងសំណួររបស់វីអូអេជាលាយលក្ខណ៍អក្សរតាមបណ្តាញសង្គម Telegram ថា៖ «តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សររួចរាល់ហើយ។ ដូច្នេះការរំពឹងទុកនោះ គឺមិនខុសពីការសន្និដ្ឋានខាងលើនោះទេ»។
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ជាថ្ងៃបញ្ចប់សវនាការជំនុំជម្រះក្តីរបស់លោក កឹម សុខា ព្រះរាជអាជ្ញាបានអះអាងនៅក្នុងសេចក្តីសន្និដ្ឋានបញ្ចប់របស់ខ្លួនថា លោក កឹម សុខា បានសម្រេច «អំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ដូច្នេះ ព្រះរាជអាជ្ញាបានស្នើឲ្យចៅក្រមដាក់ទោសឱ្យធ្ងន់ធ្ងរបំផុត។ ដោយឡែក ក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា បានអះអាងក្នុងសេចក្តីសន្និដ្ឋានបញ្ចប់របស់ខ្លួនថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើលោក កឹម សុខា ហើយថា រឿងក្តីនេះមានលក្ខណៈនយោបាយ ដែលគួរតែដោះស្រាយតាមផ្លូវនយោបាយ។
បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្តាលយប់រំលងអាធ្រាតចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទក្បត់ជាតិ។
លោកត្រូវបានឃុំខ្លួនរយៈពេលជាងមួយឆ្នាំនៅនោពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មុនពេលត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ ហើយរង់ចាំការបើកសវនាការជំនុំជម្រះក្តី។ ក៏ប៉ុន្តែសេរីភាពរបស់លោក កឹម សុខា ត្រូវបានបន្តរឹតត្បិត ដោយតុលាការបានចេញដីកាដាក់ឱ្យលោកស្ថិតជាប់ឃុំក្នុងគេហដ្ឋានរបស់លោក។ រហូតដល់ឆ្នាំ ២០១៩ ទើបការរឹតត្បិតលើសិទ្ធិរបស់លោកត្រូវបានបន្ថូរបន្ថយ ដោយលោកអាចធ្វើដំណើរទូទាំងប្រទេសកម្ពុជាបាន ក្នុងករណីដែលសកម្មភាពទាំងនោះមិនមែនលក្ខណៈនយោបាយ។
សព្វថ្ងៃនេះលោក កឹម សុខា បាននិងកំពុងធ្វើសកម្មភាពការទូត ដោយបានជួបសន្ទនាជាញឹកញាប់ជាមួយនឹងមន្ត្រីទូតនានាប្រចាំកម្ពុជា ក្នុងនោះរួមមានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនរបស់ប្រទេសលោកខាងលិច ដែលបានមកធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាផងដែរ។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាន់ដៃគ្នា ខណៈស្វាគមន៍អ្នកគាំទ្រនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៣។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលប្រជុំមួយនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យខាងជំនាញវិទ្យាសាស្ត្រនយោបាយប្រចាំសាកលវិទ្យាល័យអន្តរជាតិ បានឱ្យដឹងថា សាលក្រមមិនជាប់ទោសលើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា មិនអាចទៅរួចនោះទេ ក្រោមហេតុផលថា៖
«បើសិនជារឿងហ្នឹងគេចង់ទម្លាក់ចោលហ្នឹង វាប្រាំឆ្នាំ វាចង់ចប់សព្វគ្រប់ទៅហើយ។ ប៉ុន្តែយើងមើលសកម្មភាពនេះ ប្រហែលជាត្រូវការអូសបន្លាយរហូតដល់ការបោះឆ្នោតថ្នាក់ជាតិរួច ហើយឱ្យសភាខាងគណបក្សប្រឆាំង គណបក្សភ្លើងទៀនហ្នឹងចូលជារូបរាង ចេញតែងតាំងអីជាផ្លូវការទៅ ឱ្យបន្សាបនូវឥទ្ធិពល ឬក៏ឋានៈតួនាទីដែលគណបក្សសង្គ្រោះជាតិបង្កើត ត្រូវមានហ្នឹង វាបាត់បង់ដោយឯកឯង»។
ដោយឡែក លោកសាស្ត្រាចារ្យក៏បានសន្និដ្ឋានថា សាលក្រមគ្មានទោសសម្រាប់លោក កឹម សុខា អាចទៅរួចលុះត្រាតែករណីដែលសំឡេងគាំទ្ររបស់គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ មានសន្ទុះខ្លាំង បើទោះបីជាករណីនេះទំនងនឹងមិនកើតឡើងក៏ដោយ។
លោក ឯម សុវណ្ណារ៉ា បានបកស្រាយថា៖ «មាន ក្នុងករណីដែលគេហៅថា ចង់បំបែកសំឡេងគណបក្សប្រឆាំង។ ក្នុងករណីដែលគណបក្សភ្លើងទៀនអាចឡើងបាន ប្រជែងជាមួយហ្នឹងគណបក្សកាន់អំណាច គណបក្សប្រជាជន ឬក៏លើសមួយភាគបី ប៉ុន្តែបច្ចុប្បន្នហ្នឹង យើងអត់ទាន់មើលឃើញសេចក្តីសង្ឃឹម ឬក៏មើលឃើញអំពីសក្តានុពលរបស់គណបក្សភ្លើងទៀនអាចឈានយកលើសមួយភាគបីបានទេ»។
លោកសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយរូបនេះក៏បានសន្និដ្ឋានទៀតថា យុទ្ធសាស្ត្រឱ្យលោក កឹម សុខា ចេញមកធ្វើនយោបាយវិញ ដើម្បីបំបែកសំឡេងគាំទ្ររបស់គណបក្សប្រឆាំងនេះ មិនចាំបាច់នោះទេ ដោយលោកថា៖
«លទ្ធផល ឬក៏ប្រៀបនៃការឈ្នះរបស់គណបក្សតូចៗ ពិបាកទទួលបាននូវ គេហៅថា ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ពិបាកណាស់ ព្រោះយើងមើលឃើញថាច្រកវាតូច។ អ៊ីចឹងទិដ្ឋភាពនេះ វាពុំមានលទ្ធភាពអ្វីធ្វើឱ្យត្រូវការគណបក្សសំឡេងប្រឆាំងមួយទៀត ដូចជា កឹម សុខា ឱ្យចេញមកតតាំង ឬបំបែកសំឡេងពីគណក្សភ្លើងទៀន អត់ត្រូវការ។ អត់ចាំបាច់។ អ៊ីចឹងហើយលទ្ធភាពនៃការសង្ឃឹមថា លោក កឹម សុខា មកនៅក្នុងភាពស្អាតស្អំ ឬក៏ត្រឹមត្រូវ ដូចជាខ្ញុំមើលមិនទាន់ឃើញទេ បច្ចុប្បន្ននេះបាទ»។
បើទោះបីជាលទ្ធភាពមានតិចតួចស្តួចស្តើង ក្នុងករណីដែលសាលក្រមរកឃើញថាលោក កឹម សុខា គ្មានទោសក្តី ជីវិតនយោបាយក្រោមសម្ពាធរបស់លោក កឹម សុខា អាចទទួលបានពន្លឺថ្មីមួយ។ ក៏ប៉ុន្តែពន្លឺនេះទំនងជាមិនអាចនាំមកនូវសន្ទុះគាំទ្ររូបលោក ដូចពេលលោកបានធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិនោះឡើយ។ នេះបើតាមការសន្និដ្ឋានបន្ថែមទៀតរបស់លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា។
«វាបានផលដែរ ទោះបីជាមិនបាននៅក្នុងលទ្ធផលនៃកម្លាំងនយោបាយគណបក្សសង្គ្រោះជាតិអតីតកាលបានមកវិញទេ។ ប៉ុន្តែវាបាននូវមរតកគណបក្សសង្គ្រោះជាតិខ្លះ។ បើលោក កឹម សុខា អាចវិលចូលនយោបាយវិញបាន ក្នុងក្របខណ្ឌគណបក្សចាស់របស់លោក គណបក្សសិទ្ធិមនុស្សអីហ្នឹង ចូលរួមគណបក្សសិទ្ធិមនុស្សអីហ្នឹង គឺលោក កឹម សុខា អត់មានកម្លាំងនយោបាយពេញលេញ ឬគ្រប់គ្រាន់សម្រាប់ទាញការគាំទ្រនៅឡើយទេ»។
ក៏ប៉ុន្តែសម្រាប់អ្នកស្រឡាញ់និងគាំទ្រលទ្ធិប្រជាធិបតេយ្យដូចជាលោក គីម ហោ ការផ្សះផ្សារនយោបាយចាំបាច់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិដោយចីរភាព។ លោកបញ្ជាក់ទៀតថា កិច្ចការនេះអាចសម្រេចទៅបាន តាមរយៈសាលក្រមនៅថ្ងៃសុក្រនេះ បើសិនជាមានឆន្ទៈនយោបាយ។
«មានតែខ្មែរនិងខ្មែរទេ ដែលជាអ្នកកំណត់ជោគវាសនារបស់ប្រទេសកម្ពុជាបាន ជាពិសេសបក្សប្រឆាំងនិងបក្សកាន់អំណាចតែម្តង។ យើងអាចថាកាន់ដៃគ្នា ធ្វើយ៉ាងណាដើម្បីរកដំណោះស្រាយដើម្បីឱ្យប្រទេសកម្ពុជាហ្នឹងឆ្ពោះទៅរកភាពរីកចម្រើន សុខដុមរនា ចាប់ពីពេលនេះតទៅ»។
ហើយសម្រាប់អ្នកស្រី ជា សាមួន ទោះជាសាលក្រមនៅថ្ងៃសុក្រនេះ នឹងសម្រេចថាលោក កឹម សុខា មានទោស ឬមិនមានទោសយ៉ាងណាក្តី ក៏លោក កឹម សុខា នៅតែជានិមិត្តរូបមួយតំណាងឲ្យការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យដ៏សាំញុំានៅកម្ពុជា។
«ទោះជាយ៉ាងណា គាត់នៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ ខ្ញុំនៅតែគាំទ្រគាត់ជានិច្ចជាកាល លុះត្រាតែគាត់មានសេរីភាព»៕