ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា នៅព្រឹកថ្ងៃចន្ទនេះ បានដើរចេញពីសាលសវនាការសាលាឧទ្ធរណ៍ បន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍ច្រានចោលសំណើដែលពួកគេស្នើឲ្យលោក កឹម សុខា បានចូលរួមក្នុងកិច្ចពិភាក្សាដេញដោល។ ការដើរចេញពីសាលសវនាការនេះត្រូវបានអ្នកនាំពាក្យសាលាឧទ្ធរណ៍លើកឡើងថា ស្មើនឹងមិនជួយការពារជនត្រូវចោទដែលជាកូនក្តីរបស់ពួកគេ។
ក្រុមមេធាវីការពារក្តីរបស់ លោក កឹម សុខា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយដើរចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧។ (David Boyle/VOA)
ក្រុមមេធាវីចំនួន៨រូប ដែលការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននាំគ្នាដើរចេញពីសាលសវនាការសាលាឧទ្ធរណ៍ទាំងកណ្តាលទី ដោយសារបរាជ័យក្នុងការស្នើឲ្យកូនក្តីរបស់ពួកគេបានចូលរួមក្នុងកិច្ចពិភាក្សាដេញដោល។ នេះបើតាមការលើកឡើងរបស់លោកមេធាវី ហែម សុជាតិ។
នៅព្រឹកថ្ងៃអង្គារនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងរបស់មេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រឆាំងនឹងដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានឃុំខ្លួនមេគណបក្សប្រឆាំងរូបនេះក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួន និងចោទប្រកាន់លោកពីបទល្មើសពាក់ព័ន្ធនឹងអំពើ «ក្បត់ជាតិ» កាលពីដើមខែកញ្ញានេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដើរចេញពីសាលសវនាការ លោក ហែម សុជាតិ មេធាវីមួយរូបក្នុងចំណោមមេធាវី៨រូប លើកឡើងថា ក្រុមមេធាវីបានសម្រេចដើរចេញពីសាលសវនាការដោយសារសភាស៊ើបសួរសាលាឧទ្ធរណ៍ដែលមានលោក ឃុន លាងម៉េង ជាប្រធាន បានច្រានចោលការស្នើរបស់ក្រុមមេធាវី ដែលសុំឲ្យលោក កឹម សុខា បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងសវនាការ។ លោកបន្ថែមថា ការមិនមានវត្តមានរបស់កូនក្តីក្នុងសវនាការ បង្ហាញថា តុលាការបានរំលោភលើនីតិវិធី និងមិនអាចផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកបានទេ។
លោកបញ្ជាក់ថា៖
«តាមច្បាប់អន្តរជាតិ វត្តមានរបស់ជនត្រូវចោទនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះ ជាសភាស៊ើបសួរក្តី គឺមានសារៈសំខាន់ណាស់ ពីព្រោះគាត់នឹងឆ្លើយដោះសារថា តើគាត់បានធ្វើអ្វីខ្លះ? តើអំពើរបស់គាត់ដែលបានធ្វើនោះជាបទល្មើស ឬមិនមែនជាបទល្មើស? តើលក្ខខណ្ឌអ្វីខ្លះដែលអាចឲ្យគាត់នៅក្រៅឃុំបាន? នេះជាហេតុផលសំខាន់បំផុតដែលត្រូវតែមានវត្តមានរបស់កូនក្តី។ ហើយខ្ញុំយល់ថា នេះជាការរំលោភនីតិវិធីមួយ។ កាលណាតុលាការរំលោភនីតិវិធីហើយ អីចឹងដំណាក់កាលបន្តបន្ទាប់តទៅទៀតនៃចំណាត់ការតុលាការ ខ្ញុំមិនសង្ឃឹមថា នឹងមានយុត្តិធម៌ចំពោះកូនក្តីរបស់ខ្ញុំទេ»។
កងកម្លាំងមានសមត្ថកិច្ច បានបិទកំណាត់ផ្លូវមួយចំនួនជុំវិញសាលាឧទ្ធរណ៍ ស្របពេលដែលសវនាការលើបណ្តឹងប្រឆាំងនឹងការឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងដំណើរការ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។ (David Boyle/VOA)
មុនពេលសាលាឧទ្ធរណ៍បើកសវនាការ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា កាលពីសប្តាហ៍មុន បានដាក់លិខិតស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សុំឲ្យលោក កឹម សុខា បានចូលរួមកិច្ចពិភាក្សាដេញដោលនៅចំពោះមុខសភាស៊ើបសួរ បន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានស្នើឲ្យសាលាឧទ្ធណ៍ពិចារណាលើការនាំខ្លួនលោក កឹម សុខា ទៅចូលរួមក្នុងសវនាការ ដោយលើកមូលហេតុថា អគ្គនាយកដ្ឋានពន្ធនាគារបារម្ភពីសុវត្ថិភាពក្នុងការដឹកជញ្ជូនលោក កឹម សុខា និងសុវត្ថិភាពក្នុងអំឡុងពេលសវនាការ។
ខណៈសវនាការដោយមិនមានវត្តមានរបស់លោក កឹម សុខា កំពុងចាប់ផ្តើមនោះ គេឃើញក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង និងអ្នកគាំទ្រលោក កឹម សុខា រាប់រយនាក់ឈរប្រមូលផ្តុំនៅខាងក្រោយសាលាឧទ្ធរណ៍ ស្របពេលដែលសមត្ថកិច្ចរាប់សិបនាក់យាមកាម និងប្រើរបាំងបិទកំណាត់ផ្លូវមួយចំនួនជុំវិញទីនោះ ហាមឃាត់មិនឲ្យអ្នកគាំទ្រលោក កឹម សុខា ចូលទៅខាងមុខតុលាការ។
កងកម្លាំងមានសមត្ថកិច្ច បានបិទកំណាត់ផ្លូវមួយចំនួនជុំវិញសាលាឧទ្ធរណ៍ ស្របពេលដែលសវនាការលើបណ្តឹងប្រឆាំងនឹងការឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងដំណើរការ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។ (David Boyle/VOA)
ក្រោយបញ្ចប់សវនាការនៅព្រឹកថ្ងៃអង្គារនេះ សាលាឧទ្ធរណ៍បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា ពហិការបស់ក្រុមមេធាវីទាំងនោះ មិនធ្វើសេចក្តីសន្និដ្ឋានប្រឆាំងនឹងហេតុផលលក្ខខណ្ឌនៃការឃុំខ្លួនលោក កឹម សុខាគឺស្មើនឹងមិនជួយការពារជនត្រូវចោទ។ សេចក្តីប្រកាសនោះសរសេរបន្ថែមថា ការបកស្រាយរបស់មេធាវីការពារក្តីឲ្យលោក កឹម សុខា អំពីការប៉ះពាល់ដល់សិទ្ធិរបស់ជនត្រូវចោទជាសាធារណៈ គឺជាការបកស្រាយដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់។
សេចក្តីប្រកាសនោះសរសេរបន្ថែមក្នុងន័យដើមថា៖
«ការប្តឹងនឹងដីកាឃុំខ្លួនតាមមាត្រា២៦០នៃក្រមនីតិវិធីព្រហ្មទណ្ឌ មានន័យថា ច្បាប់អនុញ្ញាតឲ្យតុលាការពិចារណា និងអាចអវត្តមានរបស់ជនត្រូវចោទបាន ហើយករណីនេះ សវនាការគឺពាក់ព័ន្ធត្រឹមពិនិត្យពីលក្ខខណ្ឌនៃការឃុំខ្លួន ឬដោះលែង ដែលមានចែងក្នុងមាត្រា២០៥នៃក្រមនីតិវិធីព្រហ្មទណ្ឌតែប៉ុណ្ណោះ»។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA ពីលទ្ធផលនៃសវនាការថា សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីទុកជាបានការ ដោយរក្សាការឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារដដែល។ លោកបន្ថែមថា ការបញ្ជូនលោក កឹម សុខា ដែលជាជនត្រូវចោទ មកចូលរួមក្នុងសវនាការ ឬអត់នោះ មិនប៉ះពាល់ដល់នីតិវិធីរបស់តុលាការទេ ហើយថា សំណុំរឿងនៅព្រឹកនេះគឺជាសំណុំរឿងមុនអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តីដែលចាំបាច់ត្រូវមានជនជាប់ចោទឡើយ។
លោកមានប្រសាសន៍ថា៖
«ក្នុងអង្គសវនាការព្រឹកមិញនេះ ពាក់ព័ន្ធទៅនឹងការសម្រេចរឿងមុនអង្គសេចក្តី បានន័យថា រឿងស៊ើបសួរ មិនមែនរឿងអង្គសេចក្តី អីចឹងទេនីតិវិធីតុលាការអាចដំណើរការទៅបាន មិនមានរាំងស្ទះនីតិវិធីទេ។ យើងអាចដំណើរការនីតិវិធីបាន ដោយមានក្រុមមេធាវីរបស់ជនត្រូវចោទហ្នឹង នៅចំពោះមុខតុលាការ»។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា ជនត្រូវចោទមានសិទ្ធិក្នុងការចូលរួមក្នុងគ្រប់នីតិវិធីនៃតុលាការ ហើយថា ការមិនអនុញ្ញាតឲ្យជនត្រូវចោទចូលរួមក្នុងកិច្ចពិភាក្សាដើម្បីតតាំងសេចក្តី គឺជាការរំលោភរដ្ឋធម្មនុញ្ញដែលបានចែងពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរសម្រុកចូលចាប់ខ្លួនចេញពីក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញទាំងកណ្ដាលយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា និងចោទថា លោកបានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការចោទប្រកាន់នោះត្រូវបានច្រានចោលដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិ ដោយលើកហេតុផលថា ជារឿងមិនពិត។
ការចាប់ខ្លួនលោក កឹម សុខា កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលមិនចំណុះឲ្យគណបក្សកាន់អំណាចជាច្រើន ត្រូវបានបិទ និងកាត់បន្ថយម៉ោងផ្សាយ ក្នុងនោះមានដូចជា កាសែត The Cambodia Daily វិទ្យុជិត៣០ទូទាំងប្រទេសដែលជួលម៉ោងផ្សាយបន្តឲ្យវិទ្យុអាស៊ីសេរី និង VOA ព្រមទាំងការបិទអង្គការរបស់អាមេរិកមួយដែលធ្វើការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាដើម។
ការបិទអង្គការ និងស្ថាប័នព័ត៌មាន ព្រមទាំងការចាប់ខ្លួនលោក កឹម សុខា បញ្ជូនទៅឃុំនៅពន្ធនាគារនោះ បានធ្វើឲ្យស្ថាប័ន និងអង្គការអន្តជាតិយ៉ាងច្រើនប្រតិកម្ម និងសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង។ បាតុកម្មជាច្រើនរបស់ជនជាតិខ្មែររស់នៅបរទេសប្រឆំាងនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ នៅតាមបណ្តាប្រទេសនានា រួមមានប្រទេសក្នុងសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី និងកូរ៉េខាងត្បូងជាដើម៕