គ្រាដែលមានសេចក្ដីរាយការណ៍ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងមន្ត្រីមួយចំនួននៃគណបក្សប្រឆាំងនេះ បានចាកចេញទៅប្រទេសថៃ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ប្រធានស្ដីទីគណបក្សប្រឆាំង ដែលគេដឹងថា កំពុងផុងខ្លួនក្នុងរឿងអាស្រូវស្នេហាលួចលាក់រូបនេះ នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ការចាកចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា ទៅកាន់ប្រទេសថៃ ក៏បានកើតឡើង នៅខណៈដែលរដ្ឋសភាជាតិគ្រោងបើកសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃច័ន្ទនេះ។
កិច្ចប្រជុំនោះ នឹងផ្ដោតទៅលើរបៀបវារៈជាច្រើន ក្នុងនោះរួមមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន២៦រូប។
រដ្ឋសភាជាតិបានប្រថាប់ត្រាយល់ព្រមលើសំណើផ្លាស់ប្តូរសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោកហ៊ុន សែន ក្រោយការបោះឆ្នោតជាសម្ងាត់រយៈពេលមិនដល់មួយម៉ោងនោះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោក កឹម សុខា ត្រូវតែវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកញ្ចប់ប្រកាសទ្រព្យសម្បត្តិរបស់ប្រធានបក្សប្រឆាំងស្ដីទីរូបនេះ ដើម្បីធ្វើការពិនិត្យពិច័យ។
លោក ឱម យ៉ិនទៀង បន្តថា ការប្រកាសលទ្ធផលអំពីទ្រព្យសម្បត្តិរបស់ លោក កឹម សុខា ថាត្រឹមត្រូវឬយ៉ាងណានោះ គឺអាស្រ័យលើលទ្ធផលនៃការស្រាវជ្រាវរបស់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹងបង្ហាញឲ្យដឹងនៅក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
លោកបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនលទ្ធផលនៃការស្រាវជ្រាវនេះទៅលោក កឹម សុខា ដើម្បីឲ្យលោកពិនិត្យផ្ទៀងផ្ទាត់ឡើងវិញចំពោះលទ្ធផលដែលរកឃើញដោយអង្គភាពប្រឆាំងអំពើពុករលួយ។
«យើងខ្ញុំ នឹងជូនលិខិតទៅគាត់មួយអំពីលទ្ធផល ហើយលទ្ធផលនឹងអាចថាល្អទេ? ការប្រកាសទ្រព្យសម្បត្តិហ្នឹងមិនមានអីគួរឲ្យយើងបារម្ភទេ? ហើយក៏អាចមានលទ្ធភាពថា មានចំណុចខ្លះ ដែលសុំឲ្យគាត់បំភ្លឺដែរ»។
លោក កឹម សុខា ដែលត្រូវតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបោះឆ្នោតទម្លាក់ពីកៅអីអនុប្រធានទីមួយនៃរដ្ឋសភាកាលពីឆ្នាំមុន កំពុងស្ថិតក្រោមការសង្ស័យថា បានលួចមានស្រីកំណាន់ម្នាក់ឈ្មោះ នាង ខុម ចាន់ដារាទី ហៅ«ស្រីមុំ»។
គេមិនទាន់ដឹងថា លោក កឹម សុខា ចាកចេញទៅប្រទេសថៃលើកនេះក្នុងគោលបំណងគេចចេញពីរឿងអាស្រូវនេះ ឬយ៉ាងណានោះទេ ពីព្រោះសូម្បីតែមន្ត្រីមួយចំនួននៃគណបក្សសង្គ្រោះបានថ្លែងប្រាប់ VOAថា ពួកគេពុំដឹងពីដំណើររបស់លោក កឹម សុខា ទៅកាន់ប្រទេសថៃនោះឡើយ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុង ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ នៅឯរោងមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/ VOA Khmer)
ដោយមិនបានមានប្រសាសន៍ដល់រឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា នោះលោក ឱម យ៉ិនទៀង បានបញ្ជាក់ថា លោកមានព័ត៌មានដែលអាចជឿជាក់បានថា លោក កឹម សុខា កំពុងនៅទីណា ហើយនឹងត្រឡប់មកវិញនៅពេលណានោះ។
យ៉ាងណាក៏ដោយ លោកឱម យ៉ិនទៀង បញ្ជាក់ថា លោក កឹម សុខា នឹងខកខានមិនបានចូលរួមការប្រជុំនៅព្រឹកថ្ងៃច័ន្ទនេះ។
លោក ឱម យ៉ិនទៀង ក៏ពុំបានបញ្ជាក់ឲ្យច្បាស់ថា លោក កឹម សុខា ពិតជាកំពុងស្ថិតនៅក្នុងប្រទេសថៃនោះដែរ។
«យើងខ្ញុំឆ្លើយទៅអូន តាមព័ត៌មាន ដែលយើងខ្ញុំមានគួរឲ្យជឿជាក់៥០ភាគរយដែរបាទ។ គាត់បានចេញ ចេញជាមួយនរណាខ្លះ? គ្រួសារមានប៉ុន្មាន? គាត់ទៅទីកន្លែងណា ហើយថ្ងៃណាគាត់ប្រុងមកវិញ ដូច្នេះគ្រាន់តែជម្រាបថា ថ្ងៃ៤ គាត់មិនមកប្រជុំទាន់ទេ»។
លោក កឹម សុខា ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនរាយការណ៍ថា លោកបានចាកចេញពីប្រទេសកម្ពុជា ដោយស្ងាត់ស្ងៀមជាមួយក្រុមគ្រួសារកាលពីព្រឹកថ្ងៃសៅរិ៍ ទី២ ខែមេសាកន្លងទៅនេះ។
VOA បានព្យាយាមទាក់ទងមន្ត្រីអ្នកនាំពាក្យទាំងពីររូបនៃគណបក្សសង្គ្រោះជាតិ តែមិនអាចទាក់ទងបានទេ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ក៏ប៉ុន្តែលោក សុន ឆ័យ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសភាជាតិ បានបញ្ជាក់ថា លោក កឹម សុខា «ប្រហែល» ជាចេញទៅប្រទេសថៃមែន។
ប៉ុន្តែ លោកមិនអាចឲ្យដឹងលម្អិតពីការចេញទៅប្រទេសថៃរបស់លោក កឹម សុខានោះទេ។
បើទោះជាអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ មិនបាននៅជុំគ្នាទាំង៥៥រូបក្តី លោក សុន ឆ័យ ថ្លែងថា ក្រុមតំណាងរាស្ត្រមកពីបក្សប្រឆាំងដែលនៅក្នុងប្រទេស នឹងទៅចូលរួមការប្រជុំសភា នៅថ្ងៃច័ន្ទនេះ។
«អ្ហូ ពួកហើយបានប្រជុំការងាររួចហើយ។ យើងសម្រេចរួចហើយ ថាយើងចូលប្រជុំ គ្រាន់តែមានការសម្រេចពេលបោះឆ្នោតយ៉ាងម៉េចៗហ្នឹង។ អាហ្នឹងជាការសម្រេចរបស់គណបក្សបានធ្វើរួចហើយបាទ»។
យុវជន ស្រី ចំរើន (ឆ្វេង) និង ម៉ី ម៉េងសៀ ដែលអះអាងថាខ្លួនជាក្រុមនិស្សិតឯករាជ្យបានដាក់ញតិ្តទៅរដ្ឋសភាជាតិ ដើម្បីឲ្យលោក កឹម សុខាប្រធានស្តីទីគណបក្សជំទាស់ចេញមុខបកស្រាយចំពោះខ្សែអាត់សំឡេង ដែលគេយល់ថាជាសំឡេងលោក កឹម សុខានិងនាង ខុម ចាន់ដារាទីឬស្រីមុំ។ (ហ៊ាន សុជាតា/VOA)
គេមិនទាន់ដឹងថា ការប្រជុំសភានាថ្ងៃច័ន្ទនេះ តំណាងរាស្ត្រនៃគណបក្សធំៗទាំងពីរ នឹងធ្វើការជជែកគ្នា អំពីរឿងអាស្រូវស្នេហារបស់លោក កឹម សុខា នោះឡើយ ទោះបីជាមានយុវជនម្នាក់ដែលតាំងខ្លួនថាជានិស្សិត និងត្រូវគេស្គាល់ឈ្មោះថា ស្រី ចំរើនបានដាក់ញត្តិទៅសភាកាលពីសប្ដាហ៍មុន ស្នើឲ្យលោក កឹម សុខា បកស្រាយរឿងរ៉ាវស្នេហានេះក៏ដោយ។
រីឯនាង ខុម ចាន់ដារាទី ឬស្រីមុំ ដែលគេចោទថា ជាស្រីកំណាន់របស់លោក កឹម សុខា នោះ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះឲ្យទៅបំភ្លឺលើ«ករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ» នៅថ្ងៃអង្គារសប្ដាហ៍នេះ៕