វាមានរយៈពេល៦ខែសម្រាប់និស្សិត១៤ក្រុមមកពីសកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលបច្ចេកវិទ្យាចំនួន១១មកពី៤ ប្រទេស គឺកម្ពុជា ឡាវ ថៃ និងវៀតណាម ចូលរួមក្នុងការប្រកួតប្រជែងមួយដើម្បីស្រាវជ្រាវ និងរកឧបករណ៍ថ្មីៗសម្រាប់ការឃ្លាំមើលស្ថានភាពទឹកក្នុងអាងទន្លេមេគង្គ។
ក្រុមនិសិ្សតរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្ថិតក្នុងចំណោមក្រុមចំនួន៣របស់ប្រទេសកម្ពុជាដែលទទួលបានជ័យលាភីជើងឯកក្នុងផ្នែកវាស់ស្ទង់កម្រិតទឹក វិភាគគុណភាពទឹក និងវាស់ស្ទង់កម្រិតទឹកភ្លៀង។ ក្រុមនិសិ្សតមកពីសាកលវិទ្យាល័យជាតិឡាវ (National University of Laos) ទទួលបានជ័យលាភីលេខ១ផ្នែកវិភាគសំណើមដី។ នេះមានន័យថា ក្នុងចំណោម៤ប្រទេសគឺកម្ពុជា ឡាវ ថៃ និងវៀតណាម ក្រុមនិស្សិតប្រទេសកម្ពុជា៣ក្រុមទទួលបានចំណាត់ថ្នាក់លេខ១។
កញ្ញា ដុស ចាន់ហេង និស្សិតឆ្នាំទី ៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្តល់បទសម្ភាសន៍ឱ្យវីអូអេ នៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី៣ មេសា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា ដុស ចាន់ហេង និស្សិតឆ្នាំទី៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានជ័យលាភីជើងឯកសម្រាប់ការស្រាវជ្រាវឧបករណ៍ដើម្បីវាស់ស្ទង់កម្រិតទឹកភ្លៀង ប្រាប់វីអូអេ នៅក្រោយពិធីទទួលរង្វាន់ថា ឧបករណ៍ដែលក្រុមកញ្ញាបានរកឃើញនោះ នឹងបម្រើដល់ការគ្រប់គ្រងធនធានទឹកនិងសម្រួលដល់ការសិក្សាគម្រោងអភិវឌ្ឍន៍នានាដូចជាការសាងសង់ទំនប់វារីអគ្គិសនីជាដើម។
កញ្ញាប្រាប់វីអូអេកាលពីថ្ងៃចន្ទសប្តាហ៍មុនថា៖ «ដោយសារតែ data rainfall [ទិន្នន័យទឹកភ្លៀង] គឺវាសំខាន់។ នៅពេលដែលយើងដឹងទិន្នន័យទឹកភ្លៀង គឺអាចដឹងពីវិធីក្នុងការគ្រប់គ្រង water resource [ធនធានទឹក] ដូចជាការបម្រែបម្រួលអាកាសធាតុ និងមួយទៀតគឺការ development [ការអភិវឌ្ឍ] ទាក់ទងនឹងឧទាហរណ៍ យើងចង់ធ្វើវារីអគ្គិសនីអីជាដើមឧទាហរណ៍។ ហើយនិងជាមូលហេតុដែលពួកខ្ញុំជ្រើសរើសយក rainfall category [ផ្នែកទឹកភ្លៀង]មកប្រកួត»។
លោក ចក់ វុទ្ធី ដែលស្ថិតក្នុងក្រុមរបស់កញ្ញា ដុស ចាន់ហេង ថ្លែងថាឧបករណ៍ដែលក្រុមលោកបង្កើតបានមានតម្លៃថោក និងអាចផ្តល់ទិន្នន័យមានភាពសុក្រឹតជាងឧបករណ៍ចាស់ៗដែលគេបានដាក់ឱ្យដំណើរការដើម្បីវិភាគកម្រិតទឹកដែលបានមកពីការធ្លាក់ភ្លៀង។ ការណ៍នេះ លោកថាអ្នកជំនាញអាចត្រូវការឧបករណ៍របស់ក្រុមលោកដែលចំណាយប្រាក់ត្រឹមតែ២៥០ដុល្លារ និងប្រើពេលតែ៣ខែប៉ុណ្ណោះក្នុងការផលិតឱ្យបានផលិតផលសម្រេច។
លោកថ្លែងថា៖ «ពួកខ្ញុំសង្ឃឹមថានឹងចាប់អារម្មណ៍ដោយសារតែពួកខ្ញុំជាteam[ក្រុម] ដែលបានជ័យលាភីក្នុងការប្រកួតនេះ។ ហើយគណៈកម្មការក៏គាត់បានបញ្ជាក់ដែរថា វាជា innovation [នវានុវត្តន៍] ថ្មីដែលប្លែកពី rain gauge [ឧបករណ៍វាស់ទឹកភ្លៀង]ចាស់ដែលគេបាន designed[បង្កើត]។
លោកបន្ថែមថា៖ «ហើយក៏វាមានaccuracy [ភាពសុក្រឹត] ច្រើនជាង rain gauge ចាស់ដែលគេបានបង្កើត»។
ក្រុមពីរផ្សេងទៀតដែលបានឈ្នះការប្រកួតដែលផ្តួចផ្តើមឡើងជាលើកដំបូងដោយគណៈកម្មការទន្លេមេគង្គ ឬហៅកាត់ថា (MRC) កាលពីខែតុលា ឆ្នាំ២០២២ គឺក្រុមមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology) និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (National Polytechnic Institute of Cambodia)។
កញ្ញា ពន់ សុលីតា និស្សិតឆ្នាំ ២ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ ក្រោយពីទទួលបានពានរង្វាន់ នៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា ពន់ សុលីតា និស្សិតឆ្នាំ២នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ប្រាប់វីអូអេថា ក្រុមកញ្ញាបានប្រើពេល៤ខែនៅក្នុងការបង្កើតឧបករណ៍តាមដាន កម្រិតទឹក ដែលអាចប្រើសម្រាប់ការព្យាករណ៍ស្ថានភាពទឹកជំនន់ ឬស្ថានភាពហួតហែង។
កញ្ញាថ្លែងថា៖ «ចំពោះ water level [កម្រិតទឹក] ហ្នឹង គឺយើងអាចប្រើក្នុងsolution ហ្នឹងជា ដូចថា early flood warning system [ប្រព័ន្ធប្រកាសអាសន្នទុកជាមុនអំពីស្ថានភាពទឹកជំនន់] អ៊ីចឹង នៅពេលដែល ឬក៏ early drought warning system [ប្រព័ន្ធប្រកាសអាសន្នអំពីស្ថានភាពរាំងស្ងួត]នៅពេលដែលយើងធ្វើ system ហ្នឹងទៅ យើងអាចទទួលដឹងថា តើកម្ពស់ទឹកទន្លេឥឡូវហ្នឹងវាកម្រិតប៉ុណ្ណា។ ហើយវាខុសប្លែកពីរាល់ឆ្នាំយ៉ាងដូចម្តេច អ៊ីចឹងនៅពេលយើងប្រមូលព័ត៌មានទាំងអស់ហ្នឹង ប្រមូល data ទាំងអស់ហ្នឹងហើយ យើងអាចឱ្យ MRC នៅក្នុងការ analyze [វិភាគ] ដើម្បី take immediate action [ចាត់វិធានការភ្លាមៗ] ឬក៏យើងចង់យកទៅ ឥឡូវហ្នឹង យើងមាន platform [កម្មវិធី ]តាមទូរស័ព្ទដៃដែរ។ អ៊ីចឹង បើសិនជាយើង implement project [អនុវត្តគម្រោង]ហ្នឹង ឱ្យមែនទែនហ្មង យើងនឹងឱ្យ platform [កម្មវិធី ]របស់យើង open sources [ប្រភពបើកចំហ] អ៊ីចឹង ណាគេក៏ចូលបានដែរ»។
កញ្ញាបន្ថែមថា៖ «អ៊ីចឹង ប្រជាជនដែលគាត់រស់នៅជុំវិញតំបន់ទន្លេមេគង្គ ឬក៏ទន្លេផ្សេងៗហ្នឹង គាត់អាចដឹងថា តើពេលណានឹងអាចមានគ្រោះទឹកជំនន់ ឬក៏គ្រោះរាំងស្ងួតដើម្បីគាត់អាច ត្រៀមខ្លួននៅក្នុងការផ្លាស់ប្តូរបរិបទធម្មជាតិអីហ្នឹង»។
លោក Anoulak Kittikhoun នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គយល់ថាការចូលរួមរបស់យុវជនក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ មានសារសំខាន់សម្រាប់ការឃ្លាំមើលស្ថានភាពទន្លេមេគង្គ ក្នុងរយៈពេលវែងជាមួយនឹងការចំណាយថវិកាតិច និងមានប្រសិទ្ធភាពជាងវិធីសាស្ត្រមុនៗ។
លោកថ្លែងជាភាសាអង់គ្លេសហើយត្រូវប្រែសម្រួលជាខេមរភាសាថា៖ «យ៉ាងណាក៏ដោយ សម្រាប់រយៈពេលវែង យើងត្រូវការបច្ចេកវិទ្យាដែលចំណាយតិច ហើយមានប្រសិទ្ធភាពខ្ពស់។ ហេតុដូច្នេះហើយ បានជាយើងងាកមករកយុវជនរបស់យើងនៅសកលវិទ្យាល័យដែលល្អបំផុត និងមានទេពកោសល្យឱ្យបង្កើតបច្ចេកវិទ្យាដែលបង្កើតឡើងក្នុងប្រទេសខ្លួនឯង ហើយការណ៍នេះក៏ជួយជំរុញទឹកចិត្តយុវជនឱ្យឃ្លាំមើលទន្លេ និងយល់ពីអ្វីដែលបានកើតឡើង ហើយមានវិធានការជាបន្ទាន់»។
អ្នកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ផ្តល់បទសម្ភាសន៍ឱ្យវីអូអេ ក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឃ្លាំមើលទឹកទន្លេ នៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ដោយឡែក អ្នកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បង្ហាញមោទនភាពចំពោះនិស្សិតកម្ពុជាដែលបានឈ្នះជ័យលាភីលេខ១ក្នុងការប្រកួតផ្នែកនវានុវត្តន៍ ឬការបង្កើតថ្មីរបស់គណៈកម្មការទន្លេមេគង្គ។
អ្នកស្រីបា្រប់វីអូអេថា៖«ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលបានកូនខ្មែរយើងមាន មានបញ្ញាឈ្លាសវៃ ដែលបានរៀន បានទទួលនូវជ័យលាភីដ៏គួរឱ្យមោទនភាព ហើយសប្បាយចិត្តណាស់ ហើយសង្ឃឹមថា ក្មួយៗជំនាន់ក្រោយ រឹតតែខិតខំធ្វើម៉េចឱ្យប្រទេសជាតិ រីកចម្រើនឡើង។ ខ្ញុំមានមោទនភាពបំផុត នេះជាពាក្យសម្តីដែលចេញពីបេះដូង»។
អ្នកស្រីចង់ឱ្យ អ្នកជំនាញយកស្នាដៃដែលកូនខ្មែររកឃើញទៅបម្រើដល់កិច្ចការដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកក្នុងទន្លេមេគង្គ។
អ្នកស្រីថ្លែងថា៖ «ធម្មតាតែយើងរកគំហើញអីមួយ យើងចង់ឱ្យយកមកប្រើប្រាស់ ដើម្បីការអភិវឌ្ឍប្រទេសជាតិក៏ដូចជា តំបន់ទាំងមូលជាពិសេស ទាក់ទងនឹងទន្លេមេគង្គយើង»។
គួររំឭកថា ការប្រកួតប្រជែងបច្ចេកវិទ្យាសម្រាប់ការឃ្លាំមើលទន្លេរបស់គណៈកម្មការទន្លេមេគង្គ មានគោលបំណងលើកទឹកចិត្តនិស្សិតសកលវិទ្យាល័យមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាមដែលមានភាពវ័យឆ្លាត និងពូកែឱ្យធ្វើទាំងកិច្ចការអនុវត្តន៍ និងជានិមិត្តរូប ពាក់ព័ន្ធនឹងនវានុវត្តន៍ ឬក៏ការរកបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រឈមរបស់ទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គពន្យល់ក្នុងសេចក្តីប្រកាសមួយថា គណៈកម្មការត្រូវការជម្រើសដែលអាចប្រើការបានជំនួសឱ្យបច្ចេកវិទ្យាតាមដានដែលមានស្រាប់ និងដែលពឹងផ្អែកលើឧបករណ៍របស់បរទេសដែលជារឿយៗមានតម្លៃថ្លៃ និងពិបាកក្នុងការថែទាំ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោកលឹម គានហោ ដែលបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទន្លេមេគង្គ កាលពីថ្ងៃទី៤ ខែមេសា ថ្លែងក្នុងពេលកំពុងពិនិត្យស្តង់របស់ក្រុមនិស្សិតកម្ពុជាថា ឧបករណ៍ដែលរកឃើញដោយនិស្សិតកម្ពុជា នឹងអាចយកទៅប្រៀបធៀបជាមួយឧបករណ៍ដែលប្រទេសផ្សេងទៀតបង្កើតបានដើម្បើធើ្វការកែលម្អបន្ថែម មុននឹងយកទៅដាក់លក់នៅលើទីផ្សារក្នុងតម្លៃទាប។
ស្តង់របស់ក្រុមនិសិ្សត បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៅទីក្រុងវៀងចន្ទន៍ ថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោកថ្លែងថា៖ «ក្មួយៗ ក៏គេបានទទួលរង្វាន់ដែរ ឃើញទេ។ ក្នុងបួននេះ ដែលគេប្រលងប្រណាំង យើងទទួលបានបីហើយ។ កម្ពុជាយើងជាមោទនភាពណាស់។ អ៊ីចឹង កូនខ្មែរយើងមិនអន់ទេ។ ខ្ញុំប្រាប់ថា ឱ្យទៅវិញទៅក្រសួងធនធានទឹក ដើម្បី នឹងធ្វើការងារហ្នឹងជាមួយខាងក្រសួង។ បើក្រសួងមើលទៅ ឱ្យដើរទៅមើលសិន ទៅមើលរបស់គេហ្នឹង គេធ្វើយ៉ាងម៉េច? យើង យើងថា innovation ការរកឃើញថ្មី ការអនុវត្តថ្មីហ្នឹង វាយ៉ាងម៉េច? Okay យើងកែសម្រួលលក់ លក់បានតម្លៃយ៉ាងថោក»។
ក្នុងការថ្លែងទៅកាន់ក្រុមនិស្សិតទន្លេមេគង្គ អ្នកការទូត ព្រមទាំងអ្នកជំនាញ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតក្នុងថ្ងៃប្រគល់រង្វាន់ជូននិស្សិតខាងលើ នាយកប្រតិបត្តិលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គលោក Anoulak Kittikhoun មិនត្រឹមតែបានលើកឡើងអំពីតម្រូវការនៃបច្ចេកវិទ្យាថ្មីៗដើម្បីឃ្លាំមើលស្ថានភាពទឹក ប៉ុន្តែលោកថែមទាំងបានឱ្យដឹងអំពីបញ្ហាប្រឈមជា ច្រើនដែលកំពុងកើតឡើងក្នុងទន្លេមេគង្គ ដែលទាមទារឱ្យមានការឆ្លើយតបរួមគ្នាមួយរបស់មេដឹកនាំប្រទេសទន្លេដ៏ធំមួយនេះ។
បញ្ហាចោទមួយដែលគំរាមកំហែងដល់ទន្លេមេគង្គនោះគឺ ការបង្អាក់កករនៅផ្នែកខាងលើទន្លេ និងការបូមយកខ្សាច់ ដែលបានធ្វើឱ្យបរិមាណកំណកល្បាប់នៅតាមផ្នែកខ្លះៗ ធ្លាក់ចុះយ៉ាងច្រើន គឺចាប់ពីកម្រិត៦០ភាគរយ និង៩០ភាគរយ។ ការណ៍នេះ អាចប៉ះពាល់ដល់ផលិតភាពតំបន់លិចទឹក និងស្ថិរភាពច្រាំងទន្លេ។
លោកគិធិឃួនថ្លែងជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ទន្លេមេគង្គ មិនអាចបន្តបាត់បង់ដីល្បាប់ទៀតទេ បើមិនដូច្នេះទេ វានឹងលេងក្លាយជាទន្លេមេគង្គទៀតហើយ»៕