ក្នុងដំណើរទស្សនកិច្ចតែមួយថ្ងៃរបស់លោកមកកាន់ប្រទេសកម្ពុជា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានការពារសកម្មភាពរបស់ចិនក្នុងការកសាងកោះក្នុងសមុទ្រចិនខាងត្បូង ហើយលោកបានចោទប្រទេសហ្វីលីពីនថា មិនប្រកាន់គោលការណ៍ចរចាក្នុងការដោះស្រាយទំនាស់។ ភាគីកម្ពុជា មិនបានប្រតិកម្មអ្វីទៅលើការលើកឡើងនេះ ហើយបានប្រកាសជំហររបស់ខ្លួនសារជាថ្មីថា ខ្លួននឹងមិនលូកដៃចូលក្នុងទំនាស់នេះទេ។
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិននៅថ្ងៃសុក្រនេះ បានថ្លែងការពារសកម្មភាពចិនរបស់ចិន នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធលើដែនកោះដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង និងបានរិះគន់ខ្លាំងៗដល់ប្រទេសមហាអំណាចមួយចំនួនដែលកំពុងយកជម្លោះដែនសមុទ្រនេះ ធ្វើជាលេសសម្រាប់បង្កើនសកម្មភាពយោធានៅក្នុងតំបន់អាស៊ី។
លោករដ្ឋមន្ត្រីការបរទេសចិនមិនបាននិយាយចំឈ្មោះ ចំពោះប្រទេសមហាអំណាចណានោះទេ តែលោកទំនងជានិយាយយោងដល់សហរដ្ឋអាមេរិក ដោយសារតែសហរដ្ឋអាមេរិកកំពុងបង្កើនសហប្រតិបត្តិការយោធា ជាមួយប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ប្រទេសហ្វីលីពីន បានប្តឹងប្រទេសចិនទៅកាន់តុលាការឡាអេ (The Hague) ក្នុងប្រទេសហូឡង់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីស្តីការក្រសួងការបទេសកម្ពុជា លោក វ៉ាង យី បាននិយាយថា ប្រទេសចិនមិនបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសណាមួយនៅក្នុង ជម្លោះនេះទេ នៅពេលចិនចាប់ផ្តើមសកម្មភាពសាងសង់នៅក្នុងដែនកោះសមុទ្រចិនខាងត្បូង។
ប្រមុខការទូតចិនរូបនេះថ្លែងថា៖
«ប្រទេសចិនបានកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកោះរបស់ខ្លួន មិនរំលោភច្បាប់អន្តរជាតិ អ្វីសោះ»។
លោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់បន្តថា ប្រទេសចិនកំពុងមានក្តីបារម្ភពីវត្តមាននៃមហាអំណាចមួយចំនួនដែលបានលូកដៃចូលក្នុងជម្លោះនេះ។
«និយាយដល់ការព្រួយបារម្ភ ខ្ញុំយល់ឃើញថា យើងគួរតែព្រួយបារម្ភថា មានមហាអំណាចខ្លះ ដើម្បីយកបញ្ហាសមុទ្រចិនខាងត្បូង ជាលេសដើម្បីពង្រឹងការ ទង្វើយោធានៅក្នុងតំបន់នេះ ហើយនិងយើងគួរព្រួយបារម្ភថា មានប្រទេសខ្លះដើម្បី យកបញ្ហានេះដើម្បី ពង្រឹងបន្ថែមកម្លាំងយោធារបស់ខ្លួនឯង ហើយនិងទង្វើទាំងអស់នេះមិនទៅ មិននាំឲ្យមានផលប្រយោជន៍ ទៅដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់សមុទ្រចិនខាងត្បូង»។
លោកបានចោទប្រទេសហ្វីលីពីនថា មិនមានឆន្ទៈដោះស្រាយជម្លោះ ដោយឈរលើគោលការណ៍ទ្វេភាគី ព្រោះប្រទេសហ្វីលីពីន បានដាក់ពាក្យបណ្តឹងដោយឯកតោភាគីទៅកាន់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់។ លោក វ៉ាង យី ថ្លែងថា ប្រទេសចិនប្រកាន់យកគោលជំហរដោះស្រាយ ជម្លោះដោយការចរចា និងសន្តិវិធី ហើយថា ប្រទេសចិនមិនបារម្ភពីបណ្តឹងរបស់ហ្វីលីពីននោះទេ។
យ៉ាងណាក៏ដោយប្រទេសចិនត្រូវគេរាយការណ៍ថា បានបង្កើនកម្លាំងយោធារបស់ខ្លួននៅក្នុងដែនសមុទ្រមានជម្លោះ ចាប់តាំងពីប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ បានបញ្ចប់ផ្លូវយន្តហោះឡើងចុះប្រវែង៣.០០០ម៉ែត្រនៅប្រជុំកោះ Spratly។ កាលពីខែមករា ឆ្នាំ២០១៦នេះ ចិនបានផ្តើមការសាកល្បងជើងហោះហើរអាកាសចរណ៍ពាណិជ្ជកម្មផងដែរ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីថ្មីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក វ៉ាង យី (ួWang Yi) នៅថ្ងៃសុក្រ។
លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ពុំមានប្រតិកម្មអ្វីទៅលើការថ្លែងរបស់លោក វ៉ាង យី អំពីជំហររបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងប្រទេសចិនទេ។ លោកបញ្ជាក់ថា ប្រទេសកម្ពុជា ប្រកាន់លើគោលជំហរអព្យាក្រឹត្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ ដែលជាគោលការណ៍របស់អាស៊ានផងដែរ។
«អញ្ចឹងហើយ ជំហររបស់កម្ពុជា គឺថា អំពាវនាវឲ្យភាគីដែលពាក់ព័ន្ធដោយផ្ទាល់ រកវិធីដោះស្រាយដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ និងការចរចានិងស្របតាមច្បាប់អន្តរជាតិ»។
កាលពី២០១២ ប្រទេសកម្ពុជាត្រូវបានគេរិះគន់ថា បានធ្វើឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ជួបការបរាជ័យជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដោយប្រទេសកម្ពុជា មិនអាចចេញសេចក្ដីថ្លែងការណ៍រួមមួយបានទាក់ទិនបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរបស់អាស៊ានក្នុងទីក្រុងភ្នំពេញ។ ប្រទេសដ៏ក្រីក្រនេះ ត្រូវអ្នកវិភាគមើលឃើញថា បានរងឥទ្ធិពលពីប្រទេសចិន ក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។
ក្រុមអ្នកវិភាគនយោបាយ ថ្លែងថា ប្រទេសកម្ពុជា ដែលពឹងផ្អែកខ្លាំងលើជំនួយ និងប្រាក់កម្ចីដែលពុំមានលក្ខខណ្ឌពីប្រទេសចិន នឹងមិនមានលទ្ធភាព ឈរនៅកណ្ដាលក្នុងជម្លោះនេះទេ។ ពួកគេថា កម្ពុជានឹងត្រូវដើរតាមគោលនយោបាយការបរទេសរបស់ចិន។
លោក ហេង ស្រៀង ជាអ្នកស្រាវជ្រាវសង្គម និងនយោបាយ បានប្រាប់ VOA ថា ការមកទស្សនកិច្ចរបស់ចិននេះ មានបំណងមកទាញការគាំទ្រពីប្រទេសកម្ពុជា ក្នុងជម្លោះដែនសមុទ្រដែលកំពុងកើនឡើងកម្ដៅកាន់តែខ្លាំង។
លោក ហេង ស្រៀង ថ្លែងប្រាប់ VOA៖
«វាពង្រឹងទំនាក់ទំនងជាមួយខ្មែរហ្នឹង ដើម្បីការគាំទ្រនូវដំណោះស្រាយរបស់វាចំពោះ ដែន ហៅថាជម្លោះចិននៅក្នុងដែនសមុទ្រ សមុទ្រចិនជាមួយនិងប្រទេសនានាក្នុងតំបន់។ ដូច្នេះវាមកស្រុកខ្មែរហ្នឹងវាមករកការគាំទ្រហ្នឹងបាទ»។
ប្រទេសចំនួនបួនផ្សេងទៀត ក៏កំពុងទាមទារកាន់កាប់ទីប្រជុំកោះក្នុងសមុទ្រចិនខាងត្បូងនេះដែរ។ ប្រទេសទាំងនោះ រួមមាន ប្រទេស ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម។ ទំហំពាណិជ្ជកម្មពិភពលោក ឆ្លងកាត់សមុទ្រចិនខាងត្បូង គឺមានចំនួន ៥.០០០លានលានដុល្លារ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី បានថ្លែងថា ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងវិស័យអប់រំ និងសុខាភិបាល។ លោកបញ្ជាក់ថា ចិននឹងជួយកម្ពុជាឲ្យទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងថែមទៀតទៅថ្ងៃអនាគត។ លើសពីនេះទៅទៀត លោក វ៉ាង យី ឲ្យដឹងដែរថា ចិននឹងជួយកម្ពុជា ក្នុងវិស័យវប្បធម៌ផងដែរ ដោយចិនសន្យាថា នឹងជួយជួសជុលប្រាសាទមួយចំនួនរបស់ខ្មែរ៕