ខណៈពេលដែលការគំរាមធ្វើសង្គ្រាមរវាងអាមេរិកនិងកូរ៉េខាងជើងបន្តកើតមាន ព្រមជាមួយការបញ្ជូននាវាចម្បាំងទៅកាន់ឧបទ្វីបកូរ៉េពីសំណាក់អាមេរិកនោះ នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានព្យាករណ៍ថា ប្រទេសទាំងពីរនឹងមិនផ្ទុះសង្គ្រាមនោះទេ។ លោកអំពាវនាវឱ្យពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងកុំឱ្យមានការព្រួយបារម្ភ ហើយកុំរត់ចោលពលរដ្ឋកូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយតម្លៃថា សង្គ្រាមនៅឧបទ្វីបកូរ៉េនឹងមិនអាចផ្ទុះឡើងនោះទេ ហើយលោកបានអំពាវនាវឲ្យពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងក្រុមគ្រួសារទាំងអស់ កុំឲ្យព្រួយបារម្ភ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក ហ៊ុន សែន បានថ្លែងថា តាមការវាយតម្លៃរបស់លោក លទ្ធភាពនៃការផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េគឺមានតិចតួច ដោយលោកជឿជាក់ថា ៩៩,៩៩ភាគរយដែលសង្គ្រាមនេះនឹងមិនផ្ទុះឡើង។ លោកបន្ថែមថា ការឆ្លើយឆ្លងគ្នារវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនាពេលនេះគឺគ្រាន់តែជាការ «កំញើញគ្នា» តែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីអះអាងទៀតថា រដ្ឋាភិបាលកម្ពុជាមិនមានផែនការជម្លៀសពលករដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េនោះទេ។
លោក ហ៊ុន សែន បានពន្យល់ពីការលំបាកនៃការជម្លៀសបែបនោះថា៖
«វាគ្មានហេតុផលណាមួយដែលយើងត្រូវធ្វើការជម្លៀស[ពលករខ្មែរ]ទេ។ ទី១ សង្គ្រាមវាអត់កើតឯណា បែរជានាំគ្នាជម្លៀស? ហើយមធ្យោបាយជម្លៀសមិនមែនជារឿងតូចតាចទេ។ តើជម្លៀសតាមផ្លូវទឹក ឬជម្លៀសតាមផ្លូវអាកាស? ព្រោះអត់មានការតភ្ជាប់ផ្លូវគោកបានទេ។ សង្គ្រាមវាមិនទាន់កើតផង ឱ្យជម្លៀសយ៉ាងម៉េច? ទី២ ក្នុងដំណើរការជម្លៀស ប្រៀបធៀបនឹងការស្នាក់នៅ ការស្នាក់នៅទីនោះ គឺសុវត្ថិភាពជាង។ ប្រជាជនកូរ៉េគេរស់របៀបម៉េច នៅជាមួយគេហ្នឹងទៅ»។
រូបឯកសារ៖ ក្បួនដង្ហែគ្រាប់មីស៊ីលនៅទីលាន Kim Il Sung អំឡុងពេលអបអរសាទរខួបកំណើតលើកទី ១០៥ របស់លោក Kim Il Sung កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ត្រីបន្តទៀតថា ការជម្លៀសប្រជាពលរដ្ឋខ្មែរចេញពីប្រទេសកូរ៉េ នៅខណៈពេលដែលសង្គ្រាមមិនទាន់ផ្ទុះឡើងនេះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ការងារពលករខ្មែរជាង៤ម៉ឺននាក់ដែលកំពុងធ្វើការនៅទៅនោះ ដោយសាររដ្ឋាភិបាលកូរ៉េនឹងមិនទទួលយកពួកគេធ្វើការវិញនោះទេ។
«៤ម៉ឺនកន្លែងការងារត្រូវបាត់ទាំងអស់ ហើយក៏មិនចាំបាច់និយាយថា សុំយកពលករខ្មែរទៅធ្វើការនៅកូរ៉េ។ គេគ្រាន់តែឃើញថា យើងចាប់ផ្ដើមជម្លៀសរត់ចោលគ្នាបាត់ទៅហើយ ចឹងទុកចិត្តយ៉ាងម៉េច?»។
លោក ហ៊ុន សែន អះអាងទៀតថា បើទោះបីជារដ្ឋាភិបាលមិនទាន់មានផែនការជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសកូរ៉េក៏ដោយ ក៏រដ្ឋាភិបាលតាមដានស្ថានការណ៍ជាប់ជានិច្ច តាមរយៈឯកអគ្គរាជទូត និងអ្នកតំណាងនៅក្នុងប្រទេសកូរ៉េទាំងពីរ។
លោក ហ៊ុន សែន បានរំឭកថា កាលពីឆ្នាំ២០១៤ ស្ថានការណ៍រវាងប្រទេសកូរ៉េទាំងពីរមានភាពតានតឹងជាងពេលនេះទៅទៀត ដោយពេលនោះប្រទេសកូរ៉េខាងជើងបានទាមទារឱ្យទូតរបស់កម្ពុជាចាកចេញពីប្រទេសនេះថែមទៀត។
នាមួយរយៈចុងក្រោយនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានគំរាមវាយប្រហារគ្នាទៅវិញទៅមក ដោយមានការបង្អួតគ្រឿងសព្វាវុធគ្នា ជាពិសេសអាវុធនុយក្លេអ៊ែរដែលជាអាវុធមានអនុភាពខ្លាំង និងអាចធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពិភពលោក។ ស្ថានការណ៍នេះបានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើពិភពលោក។
កាលពីថ្ងៃពុធ អាមេរិកបានប្រកាសថា កងនាវាចម្បាំង USS Carl Vinson របស់ខ្លួនកំពុងឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងជើង ដើម្បីបង្អាក់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា លោកកំពុងតាមដានរាល់ការវិវត្តសភាពការណ៍នៃការប្រឈមមុខគ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដើម្បីរាយការណ៍មករដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ស្ថានការណ៍នាពេលបច្ចុប្បន្នមិនមានអ្វីគួរឱ្យបារម្ភឬ ត្រូវចាត់វិធានការជម្លៀសប្រជាពលរដ្ឋនោះទេ។
«សូម្បីតែប្រជាពលរដ្ឋកូរ៉េក៏គាត់អត់មានអីកើតឡើង ប្រកបរបរឬក៏ធ្វើការ អ្នកទេសចរណ៍គាត់មកដើរលេងជាប្រក្រតី ហើយរឿងអីដែល[យើង]ត្រូវធ្វើអីដែលខុសពីនោះទេបាទ។ ហើយពលករខ្លួនឯង ជួនកាលក៏ខ្ញុំឃើញថា បងៗពលករខ្មែរយើងសឹងតែគ្មានអ្នកណាម្នាក់មានការព្រួយបារម្ភ គាត់ប្រកបរបរការងារគាត់ប្រចាំថ្ងៃដោយសប្បាយចិត្ត ដោយអត់មានភាពភ័យខ្លាចអីទេ»។
ពលករខ្មែរនៅកូរ៉េមួយចំនួនដែលបានផ្ដល់បទសម្ភាសន៍ជាមួយ VOA នាពេលថ្មីៗនេះ អះអាងថា ពួកគេមិនសូវមានការព្រួយបារម្ភនោះទេ ដោយពួកគេយល់ថា កូរ៉េខាងជើងតែងគំរាមពីការបាញ់បង្ហោះគ្រាប់នុយក្លេអ៊ែរជាញឹកញាប់មកលើប្រទេសកូរ៉េខាងត្បូង។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមយល់ស្របចំពោះការលើកឡើងថា លទ្ធភាពកើតមានសង្គ្រាមនៅឧបទ្វីបកូរ៉េគឺមានតិចតួច ដោយសារប្រទេសមហាអំណាចដូចជាអាមេរិក ត្រូវគិតគូរពីផលប៉ះពាល់ដែលអាចបង្កើតឡើងពីសង្គ្រាម ឱ្យបានម៉ត់ចត់។ ទោះយ៉ាងណា លោកថា រដ្ឋាភិបាលកម្ពុជាគួរត្រៀមខ្លួនរួចជាស្រេចក្នុងការជួយពលរដ្ឋខ្លួន ក្នុងករណីមានសង្គ្រាមផ្ទុះឡើងពិតមែន បើទោះបីជាពេលបច្ចុប្បន្នមិនទាន់មានសញ្ញាណគ្រោះថ្នាក់ណាមួយក៏ដោយ។
លោក មាស នី បញ្ជាក់ប្រាប់ VOA ថា៖
«យើងត្រូវតែមានផែនការសម្រាប់ភាពអាសន្ន នៅក្នុងការដឹកជញ្ជូនពលករយើងត្រឡប់មកវិញ នៅពេលណាមួយដែលចាំបាច់។ អីចឹងរដ្ឋាភិបាលត្រូវតែមានថវិកាបម្រុងសម្រាប់គិតគូរក្នុងកិច្ចការហ្នឹង។ ហើយសម្រាប់ពលរដ្ឋដែលគ្នាទៅធ្វើការជាពលករនេះ គឺគេបានបង់ពន្ធជូនរដ្ឋាភិបាល អីចឹងរដ្ឋាភិបាលត្រូវតែបំពេញតួនាទីណាមួយ ហៅថាសេវាកម្មសម្រាប់ក្នុងករណីភាពអាសន្ន។ អីចឹងអាហ្នឹងត្រូវតែត្រៀម មិនអាចប្រហែស ហើយស្រាប់តែដល់ពេលមានការអាសន្នមក តាំងយើងរកលុយ សូម្បីរកលុយដឹកគ្នាវិញក៏យើងអត់មាន។ អាហ្នឹងជារឿងអាក្រក់បំផុត»។
យោងតាមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង មានចំនួនជាង៦០.០០០នាក់។ ក្នុងនោះ ពលករមានចំនួនជាង៥០.០០០នាក់ ស្ត្រីរៀបការទៅកូរ៉េមានជាង១០.០០០នាក់ និង សិស្សនិស្សិតមានជាង៤០០នាក់៕