លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានដាក់បញ្ជាជាបន្ទាន់ឲ្យអាជ្ញាធរ បង្កើនការការពារសន្តិសុខ បន្ទាប់ពីលោកអះអាងថា មានការប៉ុនប៉ងរៀបចំគម្រោងបង្កឲ្យមានអសន្តិសុខនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកបានដឹងមុនពីគម្រោងបង្កឲ្យមានការផ្ទុះ ដែលរៀបចំដោយឈ្មោះ សម សេរី និងថា ក្រុមនេះគ្រោងធ្វើនៅថ្ងៃទី១២ ខែមេសា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖
«យប់មិញខ្ញុំបានបញ្ចេញព័ត៌មានសម្ងាត់ទៅឲ្យអភិបាលក្រុងដឹងហើយ។ ខ្ញុំសូមប្រកាសផែនការលោកឯងទាក់ទងនឹងបញ្ហាថ្ងៃ ១២ នៅវត្តភ្នំ អ្នកឯងត្រូវប្រយ័ត្ន ខ្ញុំគ្រប់គ្រងសភាពការណ៍បានមុនហើយ អាហ្នឹងអាមេក្បត់ជាតិមួយ ឈ្មោះ សម សេរី កំពុងបញ្ជាមកឲ្យបង្កសកម្មភាពផ្ទុះ។ ខ្ញុំបានបញ្ជូនទៅឲ្យផ្នែកពាក់ព័ន្ធហើយ។ អាហ្នឹងពាក់ព័ន្ធអីនៅឯណា? គេងនៅឯណា? ដាក់វា! ព្រោះវាចង់បង្កឲ្យមានសំឡេងផ្ទុះ»។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមមហាសន្និបាតបក្សដែលមានរយៈពេលបីថ្ងៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោកនាយករដ្ឋមន្រ្តីបន្ថែមថា អ្នកដែលទទួលបញ្ជាពីឈ្មោះ សម សេរី បានបដិសេធរួចហើយថា ធ្វើមិនកើត។ ទោះយ៉ាងណាលោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យតាមចាប់ខ្លួនអ្នកដែលត្រូវបានជួលឲ្យបង្កភាពអសន្តិសុខនោះ ព្រមទាំងបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ និងការពារលើករណីនេះ។
លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា៖
«អ្នកឯងប្រុងធ្វើនៅភ្នំពេញ ហើយក៏អ្នកឯងប្រុងធ្វើនៅសៀមរាប។ ប៉ុន្តែអាអ្នកដែលប្រុងធ្វើហ្នឹងវាថាធ្វើវាមិនកើត ប៉ុន្តែបើថាធ្វើមិនកើតក្រែងលោវាទាញអ្នកណាមកធ្វើទៀត។ អ្នកដែលត្រូវទទួលបទបញ្ជាថាធ្វើមិនកើតនោះ អាហ្នឹងត្រូវដាក់វា»។
ភ្ញៀវទេសចរណ៍ប្រមូលផ្តុំគ្នាដើម្បីថតរូបប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាក្នុងអំឡុងពេលថ្ងៃរះនៅ ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។
កម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពាក់កណ្តាលខែមេសាខាងមុខ ដោយមានការឈប់សម្រាក ដំណើរកំសាន្ត ពិធីបុណ្យសង្ក្រាន្តនៅតាមខេត្តនានាផងដែរ។ បុណ្យអង្គរសង្ក្រាន្តនៅខេត្តសៀមរាបដែលរៀបចំដោយកូនប្រុសពៅ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រនេះ ដោយរំពឹងថាមានពលរដ្ឋជាច្រើនម៉ឺននាក់ចូលរួម។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នាល្ងាចថ្ងៃអង្គារនេះថា កម្លាំងជំនាញមានសមត្ថកិច្ចកំពុងធ្វើការពាក់ព័ន្ធនឹងគម្រោងបង្កសំឡេងផ្ទុះនេះ។ ទោះយ៉ាងណាលោកថា រហូតមកដល់ពេលនេះមិនទាន់មានការរាយការណ៍ថា អ្នកដែលត្រូវបានបញ្ជាឲ្យរៀបចំនោះត្រូវបានចាប់ខ្លួនហើយ ឬនៅនោះទេ។
លោកមានប្រសាសន៍ថា៖
«អ្វីដែលសម្តេចនាយកលោកបានលើកឡើងនេះគឺជាការដាស់តឿនស្មារតីរបស់សមត្ថកិច្ចរបស់យើងឲ្យខិតខំប្រុងប្រយ័ត្នបន្ថែមទៅទៀត ក្នុងរយៈពេលចូលឆ្នាំហ្នឹង ជាពិសេសគឺរហូតដល់ថ្ងៃបោះឆ្នោតតែម្តង។ របស់យើងគេក្តាប់បាន និងមានការទំនាក់ទំនង។ ជំនាញក្នុងប្រទេស និងក្រៅប្រទេស គេបានទំនាក់ទំនងគ្នាហើយ»។
ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប ជាប្រធានចលនាមួយឈ្មោះ «រណសិរ្សរំដោះជាតិ» ដែលកំពុងរស់នៅក្នុងប្រទេសដាណឺម៉ាក និងជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាង១០នាក់ផ្សេងទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ៩ឆ្នាំ ពីបទរួមគំនិតក្បត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០១៤។
ចលនា «រណសិរ្សរំដោះជាតិ» នេះ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ បញ្ជូនភ្នាក់ងារសម្ងាត់មកស៊ើបទីតាំងយោធាសំខាន់ៗ ធ្វើសកម្មភាពបាចខិត្តបណ្ណប្រឆាំងប្រមុខរាជរដ្ឋាភិបាល ហ្វឹកហាត់កម្លាំងភេរវកម្ម ដាក់គ្រឿងផ្ទុះដោយសម្ងាត់នៅតាមជាយដែនប្រទេសថៃ និងកសាងបណ្តាញនៅកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានចេញទៅមេខ្លោងដែលនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមក៕