កំណត់និពន្ធ៖ អ្នកជំនាញលើកឡើងថា គំរូសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនល្អតាំងពីពេលចេញដំណើរដំបូងកាលពី២៦ឆ្នាំមុន ក្រោយពីភាគីជម្លោះនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការរំលោភសិទ្ធិមនុស្ស និងគាបសង្កត់លើគណបក្សប្រឆាំងមានជាបន្តបន្ទាប់ដែលស្ទើរតែក្លាយជា រឿងធម្មតា ប៉ុន្តែចំណាត់ការចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជាបានហួសមកប៉ះពាល់ដល់ក្រុមបស្ចិមប្រទេស ទើបសភាពការណ៍បានបែកធ្លាយខ្លាំងឡើង។ លោកម៉ែន គឹមសេងនៃ VOA បានសម្ភាសលោក Peter Maguire អ្នកឯកទេសខាងច្បាប់អន្តរជាតិនិងជាអ្នកនិពន្ធសៀវភៅ «ប្រឈមមុខនឹងមរណភាពនៅកម្ពុជា» ពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖
Your browser doesn’t support HTML5
បទសម្ភាសន៍ VOA៖ អ្នកជំនាញថា លោកហ៊ុន សែនបង្ក្រាបជ្រុលដល់ជនបរទេស ទើបស្ថានការណ៍បែកធ្លាយ
VOA៖ សូមជម្រាបសួរលោកភីធឺ!
Peter Maguire៖ សូមជម្រាបសួរ!
VOA៖ សូមអរគុណដែលយល់ព្រមផ្តល់បទសម្ភាសន៍ដល់ VOA។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាកាលពី២៦ឆ្នាំមុន ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា។ តើក្នុងការអនុវត្តរយៈពេល២៦ឆ្នាំមកនេះប្រទេសកម្ពុជាសម្រេចបានអ្វីជាសំខាន់ខ្លះ?
Peter Maguire៖ ខ្ញុំអាចនិយាយបានថា ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺ របបប្រជាធិបតេយ្យនៅកម្ពុជាទើបតែចាប់កំណើតនៅឡើយទេ។ ចំណុចសំខាន់គឺ កិច្ចព្រមព្រៀងនេះស្នើឱ្យមានការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី និងត្រឹមត្រូវ ប៉ុន្តែបែរជាមានការបោះឆ្នោតមួយ ដែលមានបញ្ហាទៅវិញ។ អ្នកខ្លះនិយាយថា អ្នកចាញ់មិនព្រមទទួលយកលទ្ធផល ហើយពួកគេបានបង្កើតនូវរដ្ឋាភិបាលមួយ ដែលមិនល្អអត់ខ្ចោះ។ លើសពីនោះគឺ អង្គការសហប្រជាជាតិមិនដោះស្រាយបញ្ហាស្តីពីការទទួលខុសត្រូវ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងទេ។ មិនមានការនិយាយដល់អំពើប្រល័យពូជសាសន៍ទេ ដោយសារតែក្រុមខ្មែរក្រហមត្រូវគេចាត់ទុកថា ជាភាគីនយោបាយស្របច្បាប់មួយ។ អត់មានអ្នកណានិយាយពីបញ្ហានេះ រហូតទាល់តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផ្តួលក្រុមខ្មែរក្រហម ដោយកម្លាំងទ័ព និងការទូត ហើយថែមទាំងចាប់បានជនសង្ស័យជា ឧក្រិដ្ឋជនសង្គ្រាម ទើបបានអង្គការសហប្រជាជាតិនិយាយពីការទទួលខុសត្រូវ។ នេះគឺជា លទ្ធិប្រជាធិបតេយ្យ ដែលមិនល្អតាំងតែពីថ្ងៃទីមួយមកម្ល៉េះ។ សកម្មជនសិទ្ធិមនុស្សបានចំណាយថវិកា និងឋាមពលជាច្រើនដើម្បីឱ្យផ្នែកនេះទទួលបានជោគជ័យ។ គំរូនៃការថែរក្សាសន្តិភាពត្រូវគេយកទៅប្រើនៅប្រទេសយូហ្កោស្លាវី ក្រោមការដឹកនាំរបស់លោកអាកាស្ស៊ី ដែលជាអ្នកដឹកនាំប្រតិបត្តិការនៅប្រទេសកម្ពុជា ហើយលទ្ធផលគឺ ដូចគ្នាដដែលគឺ មិនល្អអត់ខ្ចោះទេ។
VOA៖លោកបាននិយាយពីក្រុមខ្មែរក្រហម បើសិនជាក្រុមនេះមិនចាកចេញពីការអនុវត្តកិច្ចព្រមព្រៀងទេគឺ ពួកគេនឹងក្លាយជាក្រុមមួយ ដែលស្របច្បាប់គឺ មិនមែនរងការកាត់ទោសនៅតុលាការមែនទេ?
Peter Maguire៖ ក្រុមខ្មែរក្រហមត្រូវបានគេចាត់ទុកថាជា ភាគីមួយដែរ។ បើផ្អែកតាមគំនិតនៃអព្យាក្រិតភាពគឺ វាហាក់ដូចជាល្អសម្រាប់អង្គការសហប្រជាជាតិ ប៉ុន្តែពលរដ្ឋខ្មែរស្ទើរតែមិនជឿថារបបប្រល័យពូជសាសន៍មួយ ដែលបានសម្លាប់ក្រុមគ្រួសាររបស់គេត្រូវបានគេចាត់ទុកថាជា ភាគីស្របច្បាប់មួយ ហើយមិនមានការនិយាយដល់អំពើឧក្រិដ្ឋរបស់ក្រុមនោះទាល់តែសោះ។ ដូច្នេះនេះគឺជាការចាប់ផ្តើមដ៏អាក្រក់នៃការអនុវត្តកិច្ចព្រមព្រៀងនេះ។ លោកហ៊ុន សែនគ្រប់គ្រងកម្លាំងយោធាតែម្នាក់ឯង ហើយអង្គការសហប្រជាជាតិមិនទាំងហ៊ានប្រើកម្លាំងយោធាលើក្រុមខ្មែរក្រហមផងចុះទម្រាំតែលើក្រុមលោកហ៊ុន សែនទៀតនោះរឹតតែមិនហ៊ានហើយ។ ដំណាក់កាលបន្ទាប់មកទៀតមានការធ្វើរដ្ឋប្រហារប្រឆាំងនឹងព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ការបោកគ្រាប់បែកលើលោកសម រង្ស៊ី ហើយប្រទេសកម្ពុជាមានប្រវត្តិនៃការគំរាមកំហែងខាងនយោបាយ។ ដូច្នេះហើយពិបាកក្នុងការនិយាយថា វាមានលទ្ធិប្រជាធិបតេយ្យណាស់។
បាតុករគាំទ្រកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (ហ៊ុល រស្មី/VOA)
VOA៖ រយៈពេល២០ឆ្នាំ ក្រោយការធ្វើរដ្ឋប្រហារឥឡូវនេះស្ថានភាពគឺ មានការគំរាមកំហែងរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកកឹម សុខាប្រធានគណបក្សរងការចោទប្រកាន់ថា ក្បត់ជាតិដោយឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក។ តើលោកយល់យ៉ាងណាដែរពីស្ថានភាពនេះ?
Peter Maguire៖ ខ្ញុំអត់ភ្ញាក់ផ្អើលទេ។ ខ្ញុំគិតថា ប្រទេសចិននឹងគាំទ្រលោកហ៊ុន សែនដោយមានភ្ជាប់លក្ខខណ្ឌសេដ្ឋកិច្ច ប៉ុន្តែមិនភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្សដូចបស្ចិមប្រទេសទេ។ រឿងនេះបានកើតមានឡើងយ៉ាងលឿនក្នុងរយៈពេលមួយទសវត្សរ៍មកនេះជាពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ហើយថា ចិននឹងនៅតែគាំទ្រដោយមិនគិតពីអ្វីដែលលោកហ៊ុន សែនប្រព្រឹត្តនៅក្នុងប្រទេសទេ។ នេះគឺជា គោលជំហរដដែលៗរបស់ចិន។
VOA៖ នៅពេលដែលប្រទេសម្ចាស់ជំនួយជាពិសេសបស្ចិមប្រទេស និងអង្គការសិទ្ធិមនុស្សលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនតែងតែលើកឡើងពីការអភិវឌ្ឍ។ តើចំណុចទាំងពីរនេះមានចំណុចខុសគ្នាយ៉ាងណាដែរ?
Peter Maguire៖ ខ្ញុំគិតថា កម្លាំងនៃការអភិវឌ្ឍពេលខ្លះមានឥទ្ធិពលជាង។ ពលរដ្ឋមើលឃើញថាជីវភាពរស់នៅរបស់ពួកគេបានប្រសើរឡើង សេដ្ឋកិច្ចក៏ប្រសើរឡើង ហើយស្ថានភាពសិទ្ធិមនុស្សតែងតែអាក្រក់សម្រាប់ក្រុមបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះគ្មានអ្វីថ្មីទេ។ ប៉ុន្តែនៅពេលនេះ ដោយសារវាប៉ះពាល់ដល់អង្គការក្រៅរដ្ឋាភិបាលរបស់ជនស្បែកស ពលរដ្ឋស្បែកស និងកាសែតអាមេរិកាំងជាដើម នេះគឺជារឿងថ្មី។ ការបិទកាសែតCambodia Daily។ នេះគឺជារឿងសំខាន់។ ស្ថានភាពកំពុងតែកើនឡើងកម្តៅ ដែលលោកហ៊ុន សែនហាក់ដូចជា និយាយថាអាមេរិកាំង ត្រូវតែចាកចេញតាមឧទ្ធម្ភាគចក្រ ដូចអ្វីដែលបានកើតឡើងកាលពីឆ្នាំ១៩៧៥។ នេះគឺជាសកម្មភាពបង្កហេតុ ប៉ុន្តែនេះក៏ជាការបង្ហាញពីការជឿជាក់ពីសុវត្ថិភាពក្នុងពេលអនាគតរបស់គាត់ ដែលមានចិនជាអ្នកឧបត្ថម្ភគាំទ្រ។
ទិដ្ឋភាពក្នុងការិយាល័យកាសែតឌឹខេមបូឌាដែលី។ (រូបថតដោយ ស៊ីវ ចាន់ណា/The Cambodia Daily)
VOA៖ មជ្ឈដ្ឋានខ្លះស្នើសុំឱ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសកម្ពុជា។ កាលពីសប្តាហ៍មុនស្ថានទូតស៊ុយអែតបានបង្ហាញជំហរខ្លាំងថា បើសិនជាគណបក្សប្រឆាំងត្រូវគេរំលាយគឺ ប្រទេសស៊ុយអែតនឹងពិចារណាពីចំណងការទូតជាមួយនឹងប្រទេសកម្ពុជា។ ប្រទេសស៊ុយអែតគឺជាម្ចាស់ជំនួយធំទី៤ដល់ប្រទេសកម្ពុជា។ នៅក្នុងដៃខ្ញុំនេះគឺជា សេចក្តីស្នើច្បាប់ថវិកាឆ្នាំ២០១៨របស់សហរដ្ឋអាមេរិកប៉ុន្តែក៏បានបញ្ចូលបញ្ហាកម្ពុជាផងដែរដោយស្នើឱ្យចាត់វិធានការធំៗចំនួនពីរគឺ ការដាក់លក្ខខណ្ឌលើជំនួយទៅប្រទេសកម្ពុជា និងការហាមឃាត់មន្ត្រីកម្ពុជាណា ដែលរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យមិនឱ្យចូលក្នុងសហរដ្ឋអាមេរិក។ តើលោកគិតថា វិធានការនេះនឹងមានប្រសិទ្ធភាពទេ?
Peter Maguire៖ ចម្លើយរបស់ខ្ញុំគឺដដែលទេ ពីព្រោះលោកហ៊ុន សែនគឺជា អ្នកពូកែយករួចខ្លួនណាស់។ ពេលដែលគាត់ខ្សោយបំផុតគឺ ក្រោយពេលធ្វើរដ្ឋប្រហារប្រឆាំងនឹងព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ។ នោះគឺជាពេលដែលសម្ពាធដ៏មានប្រសិទ្ធភាពបំផុតលើលោកហ៊ុន សែន។ គាត់មិនត្រឹមតែអាចទប់ទល់នឹងខ្យល់ព្យុះពេលនោះទេ ប៉ុន្តែថែមទាំងអាចបង្វិលសហគមន៍អន្តរជាតិបានផងដែរ។ តើលោកនៅចាំបានទេថាគាត់ធ្វើអ្វី? តើយុទ្ធសាស្រ្តរបស់គាត់នៅពេលនោះ គឺអ្វី? គឺតុលាការឧក្រិដ្ឋកម្មអន្តរជាតិ! គាត់ថាសូមមើលចំណុចនេះ។ បើទោះបីជាយើងចូលចិត្តគាត់ ឬស្អប់គាត់ ការពិតគឺគាត់ពូកែយករួចខ្លួនណាស់។ ពេលនេះខ្ញុំមិនឃើញមានកម្លាំងគ្រប់គ្រាន់នឹងទាញលោកហ៊ុន សែនឱ្យលត់ជង្គង់បានទេ គ្មានអ្វីដែលអាចធ្វើឱ្យគាត់ផ្លាស់ប្តូរគោលនយោបាយ ដែលគាត់បានបង្កើតឡើងយ៉ាងរឹងមាំអស់រយៈពេលជាង៣០ឆ្នាំទេ។
VOA៖ អីចឹងតើប្រទេសកម្ពុជានឹងទៅជាយ៉ាងណា? តើកម្ពុជានឹងវិលទៅរកស្ថានភាពមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺ ការគ្រប់គ្រងដោយគណបក្សតែមួយឬទេក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ?
Peter Maguire៖ ការប៉ាន់ស្មានរបស់ខ្ញុំគឺថា វានឹងស្ថិតក្រោមការគ្រប់គ្រងគណបក្សតែមួយដែលអាចនឹងមានគណបក្សប្រឆាំង ប៉ុន្តែនៅពេលដែលគណបក្សប្រឆាំងនោះហាក់ដូចជា មានកម្លាំងខ្លាំងគឺនឹងរងការបំភិតបំភ័យរហូតដល់មិនអាចធ្វើយុទ្ធនាការពេញលេញបាន។ កម្ពុជានឹងមានសេដ្ឋកិច្ចទីផ្សារសេរីស្រដៀងគ្នានឹងប្រទេសចិនប៉ុន្តែមានការគ្រប់គ្រងផ្ទៃក្នុងផ្តាច់ការ។ ខ្ញុំតែងតែឃើញអីចឹងយូរហើយ។ ប៉ុន្តែដូចខ្ញុំបានលើកឡើងពីខាងដើមអីចឹងគឺថា ដោយសារតែឥឡូវនេះវាមានការប៉ះពាល់ដល់ក្រុមបស្ចិមប្រទេស ហើយការក្តាប់យករបៀបផ្តាច់ការនេះលើសពីក្នុងចំណោមពលរដ្ឋខ្មែរទើបយើងបានឮកាន់តែច្រើន។ ប៉ុន្តែនេះមិនមែនជារឿងថ្មីសម្រាប់ពលរដ្ឋកម្ពុជា ដែលខិតខំតវ៉ាប្រឆាំងនឹងការកាប់ព្រៃឈើ ដោយខុសច្បាប់ ការរឹបអូសដីធ្លី ឬក៏រឿងអយុត្តិធម៌ដទៃទៀត ដែលយើងបានឃើញចាប់តាំងតែពីសម័យអ៊ុនតាក់ទេ។
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សក្នុងថ្ងៃឃោសនាបោះឆ្នោតឃុំ-សង្កាត់ក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ទី២០ខែឧសភាឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
VOA៖ ប៉ុន្តែប្រទេសកម្ពុជាគឺ មានពលរដ្ឋវ័យក្មេងច្រើនដែលក្នុងរយៈពេល២០ឆ្នាំនេះបានឃើញពីមនោគមវិជ្ជាលោកខាងលិច ហើយដោយសារតែមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាពួកគេមានសេរីភាពខ្លះ។ តើពួកគេអាចទទួលយកយ៉ាងម៉េចបាន បើសិនជាប្រទេសនេះវិលត្រឡប់ទៅការគ្រប់គ្រងឯកបក្សនោះ?
Peter Maguire៖ ខ្ញុំគិតថាប្រសិនបើសេដ្ឋកិច្ចនៅ បន្តល្អប្រសើរ ហើយមានការរីកចម្រើនខាងផ្នែកហិរញ្ញវត្ថុ ដែលធ្វើឱ្យជីវភាពពួកគេកាន់តែ ប្រសើរជាងមុន ពួកគេប្រហែលជានឹងទទួលយកបាន។ ខ្ញុំមិនដឹងច្បាស់ទេ។ នេះគ្រាន់តែជាការទស្សន៍ទាយ។ ខ្ញុំបានឃើញមនុស្សខ្លះដែលធ្លាប់តែគាំទ្របស្ចិមប្រទេសហើយនិយមសិទ្ធិមនុស្សបែរជាងាកមកគាំទ្រខាងរដ្ឋាភិបាលកម្ពុជា ហើយប្តូរជំហរ១៨០ដឺក្រេ។ មានអ្នកខ្លះដែលធ្លាប់តែលើកស្ទួយឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម និងសិទ្ធិមនុស្ស ប៉ុន្តែឥឡូវនេះបានងាកមកធ្វើការឱ្យលោកហ៊ុន សែន។ ដូច្នេះផលប្រយោជន៍ផ្ទាល់ខ្លួន វាធំជាងអ្វីទាំងអស់។
VOA៖ សូមអរគុណលោកភីធឺ ម៉ាក់ខ្វៃដែលបានផ្តល់បទសម្ភាសន៍ដល់វីអូអេ។
Peter Maguire៖ សូមអរគុណ៕