ក្រុមមន្រ្តីសិទ្ធិមនុស្ស និងសកម្មជន កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ បានរៀបចំពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួប៧៣ឆ្នាំ នៅទីលានប្រជាធិបតេយ្យ ដោយពួកគេទាមទារឲ្យរដ្ឋាភិបាលស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ និងទម្លាក់ចោលការចោទប្រកាន់ និងការតាមដានពួកគេ។
ក្រុមសិទ្ធិមនុស្ស ត្រូវបានសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យមានការប្រមូលផ្តុំមនុស្សតែ ២០០ នាក់ប៉ុណ្ណោះ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងពិធីនោះ លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស ហៅកាត់ថា CHRAC ដែលតំណាងអង្គការសង្គមស៊ីវិលដែលរៀបចំកម្មវិធីនេះ បានថ្លែងថា ប្រទេសកម្ពុជា «មិនអាចដើរថយក្រោយបានទេ» ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយសារកម្ពុជា បានចុះហត្ថលេខាលើឯកសារគតិយុត្តអន្តរជាតិនានាទាក់ទងនឹងសិទ្ធិមនុស្សអន្តរជាតិ និងការចែងអំពីតម្លៃនៃសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
លោកបញ្ជាក់ថា៖ «ដូច្នេះមានន័យថា ប្រសិនជាយើងដើរថយក្រោយ ឬក៏យើងរំលោភនូវច្បាប់ទាំងនេះ មានន័យថា គឺយើងត្រូវបានបន្ទាបបន្ថោកអំពីមតិជាតិ និងអន្តរជាតិ។ វាអាចប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិ និងផលប្រយោជន៍របស់ប្រទេសជាតិរបស់យើង។ ដូច្នេះគឺថា ផ្លូវមានតែមួយទេ គឺយើងនាំគ្នាកែលម្អនូវការខ្វះខាតពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ»។
ពិធីអបអរនេះ ក៏មានការយាមកាមពីនគរបាលដែលមានពាក់ឯកសណ្ឋាន និងសន្តិសុខខណ្ឌមួយចំនួនផងដែរ។
កញ្ញា ស៊ុន រដ្ឋា សកម្មជនបរិស្ថានរបស់មាតាធម្មជាតិថ្លែងសារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ឆ្នូ លើកទី៧៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
កញ្ញា ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ ជាសកម្មជនបរិស្ថានដែលទើបតែត្រូវបានដោះលែងពីពន្ធនាគារ ថ្លែងថា កញ្ញាសង្ឃឹមថា រដ្ឋាភិបាល និងអាជ្ញាធរ ផ្តល់សិទ្ធិសេរីភាពដល់យុវជននៅក្នុងការការពារបរិស្ថាន។ កញ្ញាបញ្ជាក់ថា ក្រុមសកម្មជន មិនបានរារាំងការអភិវឌ្ឍប្រទេសនោះទេ ប៉ុន្តែគ្រាន់តែចង់ឲ្យការអភិវឌ្ឍនោះ មានតម្លាភាព និងនិរន្តរភាព។
សកម្មជនវ័យក្មេងរូបនេះ ក៏បានទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើយុវជនបរិស្ថានដែលទើបត្រូវបានដោះលែង និងបញ្ឈប់ការតាមដានពួកគេ។
កញ្ញាបញ្ជាក់ថា៖ «ហើយជាចុងក្រោយ នាងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សកម្មភាពរបស់ចលនាមាតាធម្មជាតិ និងសកម្មភាពរបស់សកម្មជនដទៃទៀតធ្វើឡើងនៅក្នុងគោលបំណងដើម្បីអនុវត្តសិទ្ធិ ដើម្បីទាមទារឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ គ្មានបំណងចង់ទៅបះបោរ ឬទៅផ្តួលរំលំរដ្ឋាភិបាល ដូចដែលបានចោទប្រកាន់លើក្រុមពួកខ្ញុំនោះទេ ហើយនិងយុវជនផ្សេងទៀត»។
លោក ថុន រដ្ឋា សកម្មជនបរិស្ថានមាតាធម្មជាតិ ចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ឆ្នូ លើកទី៧៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
សកម្មជនបរិស្ថានមាតាធម្មជាតិម្នាក់ទៀត លោក ថុន រដ្ឋា អាយុ២៩ឆ្នាំ ដែលទើបតែត្រូវបានដោះលែងពីពន្ធនាគារដែរនោះ ថ្លែងថា លោកចង់ឲ្យរដ្ឋាភិបាលស្តាប់សំឡេងរបស់សកម្មជន និងយុវជនបរិស្ថានដោយគួរតែជជែក និងសួរនាំអំពីចេតនារបស់ពួកគេឲ្យបានច្បាស់លាស់ ជាជាងការប្រើកំហឹង ការគាបសង្កត់ និងការចាប់ដាក់ពន្ធនាគារ។
លោកប្រាប់វីអូអេថា៖ «វាប៉ះពាល់ដល់យុវជនដទៃក្នុងការចង់ចូលរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ចង់ចូលរួមការពារធនធានធម្មជាតិ។ ពួកគាត់បារម្ភ ។ ពួកគាត់ភ័យ ហើយពួកគាត់មិនហ៊ានចុះ បែបហ្នឹង គឺជាគ្រោះថ្នាក់មួយ…ខាត គឺខាតសម្រាប់ប្រទេសជាតិទាំងមូល ជាពិសេសរដ្ឋាភិបាលដែលខ្វះមនុស្សនិយាយការណ៍ពិត។ ហើយអាចនៅពេលមានមន្ត្រីស្អុយ ដែលទៅបំផ្លាញសន្លឹកឆ្នោតរបស់ពួកគាត់ [គឺ]អាចមានក្រុមយុវជនទៅប្រាប់ពួកគាត់។ អ៊ីចឹងបើគាត់ចោទប្រកាន់បែបហ្នឹង ហើយយុវជនឈប់ធ្វើសកម្មភាព អាហ្នឹង គឺគាត់ខាតធ្ងន់មែនទែន»។
ចំណែកសកម្មជនមួយរូបរបស់ក្រុមយុវជនខ្មែរថាវរៈ អ្នកស្រី ឈឿន ដារ៉ាវី អាយុ៣១ឆ្នាំស្នើ ឲ្យរដ្ឋាភិបាល និងអាជ្ញាធរគោរពតាមច្បាប់ និងបើកចិត្តឲ្យទូលាយស្តាប់នូវបញ្ហារបស់ប្រជាពលរដ្ឋ និងយកបញ្ហាទាំងនោះទៅដោះស្រាយ មិនមែនគំរាមកំហែង ឬចាប់ប្រជាពលរដ្ឋណាម្នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធការបញ្ចេញមតិនោះទេ។
អ្នកស្រី ឈឿន ដារ៉ាវី សកម្មជនមួយរូបរបស់ក្រុមយុវជនខ្មែរថាវរៈ ចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ឆ្នូ លើកទី៧៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រីប្រាប់វីអូអេថា៖ «ការអនុវត្តច្បាប់ក៏ដូចគ្នា គឺមិនត្រូវបំពានសិទ្ធិរបស់ពលរដ្ឋជាដាច់ខាត។ តែកន្លងទៅឃើញតែការបំភិតបំភ័យ ដោយការចាប់ឃុំបែបហ្នឹង គឺបំបាក់ស្មារតី។ ជនរួមជាតិយើងច្រើនណាស់ដែលគាត់ចង់ចូលរួម ប៉ុន្តែនៅពេលដែលគាត់ឃើញហិង្សា ឃើញថា មានតែការចាប់ដាក់គុកអីជាដើម គឺធ្វើឲ្យពួកគាត់លែងហ៊ានប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការសម្តែង។ នៅពេលឃើញមានភាពអយុត្តិធម៌សង្គមកើតឡើង នៅពេលមានការរំលោភបំពាន មិនថា រឿងដីធ្លី និងបញ្ហាអ្វីទេ គឺឃើញគាត់មានការខ្លាចរអា លែងហ៊ានតវ៉ារកយុត្តិធម៌ទៅមុខ»។
នៅក្នុងពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិដែលធ្វើឡើងនៅទីលានប្រជាធិបតេយ្យ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា កាលពីកន្លងទៅ ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរមូលដ្ឋានហៅសួរនាំអំពីសកម្មភាពចូលរួម ឬប្រមូលផ្តុំរបស់ពួកគេ ដែលលោកថា ជាការរឹតត្បិតមួយ។ លោកបន្តថា រដ្ឋាភិបាលមិនបាន«ឆ្លើយតបជាវិជ្ជមាន»ទៅនឹងអនុសាសន៍ដែលជាការព្រួយបារម្ភរបស់សហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក នី សុខា ក៏បានបង្ហាញការព្រួយបារម្ភលើការបញ្ជូនជនភៀសខ្លួនខ្មែរពីប្រទេសថៃមកកម្ពុជាវិញ និងការវាយសកម្មជនបក្សប្រឆាំងឲ្យរបួស និងស្លាប់ផងដែរ។
លោកបន្ថែមថា ការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សកើតឡើងនៅពេលមានវិបត្តិនយោបាយក្នុងប្រទេស ដែលលោកស្នើឲ្យមានការស្រុះស្រួលនយោបាយនៅមុនការបោះឆ្នោត។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងសារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ឆ្នូ លើកទី៧៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
លោកថ្លែងថា៖ «ដូច្នេះទន្ទឹមនឹងនេះ យើងស្នើឲ្យរដ្ឋាភិបាល មុននឹងឈានទៅដល់ការរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០២២ ឆ្នាំ២០២៣...យើងស្នើទៅដល់រដ្ឋាភិបាល ធ្វើយ៉ាងណា ដើម្បីងាកមកធ្វើការសម្រុះសម្រួលផ្នែកនយោបាយដើម្បីតម្កល់ផលប្រយោជន៍ជាតិ។ អានេះ គឺជារឿងមួយចាំបាច់បំផុត ដើម្បីរៀបចំស្ថានការណ៍ បរិយាកាសនយោបាយ បរិយាកាសសិទ្ធិមនុស្ស ឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ មានសេរីភាពគ្រប់គ្រាន់ក្នុងការចូលរួមសម្តែងមតិ នៅក្នុងការចូលរួមសម្តែងឆន្ទៈរបស់ខ្លួនក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការទាមទាររបស់ក្រុមសិទ្ធិមនុស្ស និងសកម្មជន ឲ្យស្តារនិងលើកកម្ពស់សិទ្ធិមនុស្ស។ លោកបន្ថែមថា បុគ្គលម្នាក់ៗមានសិទ្ធិ ប៉ុន្តែមិនអាចធ្វើហួសព្រំដែនច្បាប់បានឡើយ។
រូបឯកសារ៖ លោក សុខ ឥសាន ឆ្លើយសំណួររបស់វីអូអេ នៅក្នុងការិយាល័យរបស់លោកនៅព្រឹទ្ធសភា អំពីស្ថានភាពសេរីភាពសារព័ត៌មាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/វីអូអេ)
លោកប្រាប់វីអូអេថា៖ «សិទ្ធិសេរីភាពទាំងឡាយត្រូវផ្សារភ្ជាប់នឹងការទទួលខុសត្រូវចំពោះមុខច្បាប់។ ហើយបើថា សិទ្ធិសេរីភាពស្រេចក្បាលវ៉ាល់ ហើយអត់មានព្រំដែនអ៊ីចឹង គឺថាអាជ្ញាធរក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវចាត់វិធានការហើយ។ ហើយកុំថា គេជិះជាន់សង្កត់សង្កិន។ ខ្លួនឯងរំលោភសិទ្ធិមនុស្សខ្លួនឯង ពីព្រោះខ្លួនឯងរំលោភច្បាប់។ អត់មានសិទ្ធិណាឲ្យរំលោភច្បាប់នោះទេ»។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរដ្ឋាភិបាល ថ្លែងថា ការរិះគន់ គឺជារឿងធម្មតា ប៉ុន្តែ កម្ពុជា បានអនុម័តផ្តល់សច្ចាប័នសិទ្ធិមនុស្សនាំមុខគេក្នុងតំបន់ និងមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ នេះ បើយោងតាមសារជាវីដេអូតាមការរយៈហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ។
លោកថ្លែងថា៖«ហើយអ្វីដែលជាការរិះគន់របស់ក្រុមមួយចំនួនតូចវាជារឿងធម្មតា ។ យើងទទួលការពិចារណា។ ហើយគ្នាយើងក៏ដឹងដែរថា សម្តេច[ហ៊ុន សែន]លោកបានបញ្ចេញបងប្អូនយើងដែលជាប់ពន្ធនាគារ ធ្វើឲ្យមានការធានានៅក្រៅឃុំ។ អ៊ីចឹងនេះជាសិទ្ធិសេរីភាពមួយទៀត។ហើយលម្ហនយោបាយទាក់ទងការបោះឆ្នោតខាងមុខ គឺមានគណបក្ស…៤៦គណបក្សបានចុះបញ្ជីហើយកំពុងតែធ្វើសកម្មភាព»។
នៅថ្ងៃទី១០ ខែធ្នូ នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហោះសារអបអរសាទរ ដោយរំឭកពីការស្តារសិទ្ធិមនុស្សពីរបបប្រល័យពូជសាសន៍ ប៉ុល ពត(១៩៧៥-១៩៧៩) ដែលប្រជាពលរដ្ឋពុំមានសិទ្ធិសេរីភាពអ្វីឡើយ៕