ដោយព្យាយាមទាញអំណះអំណាងតទល់នឹងអ្វីដែលហៅថាជាការ«គាបសង្កត់»ពីសំណាក់បណ្ដាមហាអំណាចលោកខាងលិច លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថាបញ្ហានៃការចាត់ការលើក្រុមនយោបាយជំទាស់នៅកម្ពុជា ជារឿងផ្ទៃក្នុងរបស់កម្ពុជា និងមិនធ្ងន់ធ្ងរដល់កម្រិតវិបត្តិរ៉ូហ៊ីងយ៉ា (Rohingya) នៅមីយ៉ាន់ម៉ា និងសង្គ្រាមថ្នាំញៀននៅហ្វីលីពីននោះទេ ដែលលោកយល់ថាជាបញ្ហាសិទ្ធិមនុស្ស។
ការលើកឡើងរបស់លោក ហោ ណាំហុង ជាការណ៍កម្រមួយ សម្រាប់សមាជិកអាស៊ានដូចជាកម្ពុជាដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង នូវគោលការណ៍មិនលូកដៃឬនិយាយដល់បញ្ហាផ្ទៃក្នុងប្រទេសណាមួយ។ តែលោកឧបនាយករដ្ឋមន្ត្រី ថាបានស្នើឱ្យមានការពិចារណាប្រៀបធៀបឥរិយាបថរបស់មហាអំណាច ដែលលោកទំនងចង់សំដៅទៅលើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំពីការឆ្លើយតបរបស់ពួកគេមកលើបញ្ហាកម្ពុជា បញ្ហារ៉ូហ៊ីងយ៉ា និងបញ្ហាថ្នាំញៀនហ្វីលីពីន។
«បញ្ហានៃការគាបសង្កត់រាល់ថ្ងៃនេះជាបញ្ហាអ្វី? គេយកបញ្ហានេះជាបញ្ហាប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស ក៏ប៉ុន្តែវាខុសពីបញ្ហារ៉ូហ៊ីងយ៉ានៅភូមា នៅមីយ៉ាន់ម៉ា ដែលមានមនុស្ស៦ទៅ៧ម៉ឺននាក់ រត់ពីមីយ៉ាន់ម៉ា ទៅបង់ក្លាដែស ដែលមានគេសម្លាប់រកឃើញរណ្ដៅរួមរបស់ជនរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ា។ នេះ ខ្ញុំនិយាយនេះ សូមអធ្យាស្រ័យ និយាយផ្ទៃក្នុងយើង មិនមែនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទេ ក៏ប៉ុន្តែគ្រាន់តែប្រៀបធៀបឱ្យឃើញបញ្ហាយើង និងបញ្ហាផ្សេងទៀត»។
រូបឯកសារ៖ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់សាសនាអ៊ីស្លាមមកពីប្រទេសមីយ៉ាន់ម៉ា កំពុងរង់ចាំទទួលអាហារនៅព្រំដែនប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (AP)
លោក ហោ ណាំហុង ដែលជាអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាផងដែរ បានថ្លែងបន្តទៀតថា៖
«បញ្ហាហ្វីលីពីន ... សម្លាប់មនុស្សរាប់ម៉ឺននាក់ហើយ តាមមើលគិតចំនួនមើលទៅ ពីរម៉ឺននាក់ហើយ។ ពិតមែនតែសកលលោកប្រឆាំងការរត់ពន្ធ និងការប្រើប្រាស់គ្រឿងញៀន ក៏ប៉ុន្តែការសម្លាប់មនុស្សចូលដល់រាប់ម៉ឺននាក់យ៉ាងនេះ ក៏ជាបញ្ហាសិទ្ធិមនុស្សមួយដែរ»។
ការពណ៌នារបស់លោក ហោ ណាំហុង កើតមានឡើងនៅចំកណ្ដាលនៃបរិបទទំនាក់ទំនងដ៏រកាំរកូសរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ ជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលបានចាត់វិធានការជាបន្តបន្ទាប់តទល់នឹងរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការបង្ក្រាបលើគូប្រជែងផ្នែកនយោបាយ នៅមុនការបោះឆ្នោតសភាខែកក្កដាឈានមកដល់។
លោកបន្ថែមថា៖
«ឯបញ្ហាយើងជាបញ្ហាផ្ទៃក្នុងសុទ្ធសាធ ក៏ប៉ុន្តែហេតុអ្វីបានជាមហាអំណាចខ្លះ ធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង? នេះបណ្ដាលមកពីខ្មែរយើងតែប៉ុន្មាននាក់ប៉ុណ្ណោះ មិនមែនមកពីបរទេសទេ គឺខ្មែរយើងជាអ្នកធ្វើការឃោសនា។ នៅប្រទេសផ្សេងទៀត បក្សប្រឆាំងនៅក្នុងសភាដូចគ្នា បក្សប្រឆាំងដូចគ្នា ក៏ប៉ុន្តែពេលទៅក្រៅប្រទេស គេមិនដែលនិយាយអាក្រក់អំពីប្រទេសគេ ឬនិយាយមួលបង្កាច់ជាតិគេទេ គឺលើកលែងតែខ្មែរយើងខុសគេ ប្រជាធិបតេយ្យខ្មែរបានន័យថាវាចង់ជ្រុលទៅហើយ»។
និយាយដល់ចំណុចនេះ បណ្ដាអ្នកសារព័ត៌មានដែលមានវត្តមានក្នុងអង្គសន្និបាតក្រសួងការបរទេស កាលពីព្រឹកថ្ងៃសុក្រ ត្រូវបានគេកៀងចេញពីសាលប្រជុំ។ មុននឹងការបិទទ្វារបន្តិច លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងអំពីស្ថានការណ៍នៃសមរភូមិការទូតដែលរដ្ឋាភិបាលកម្ពុជា ត្រូវប្រឈមមុខនឹងការទាមទារពីសំណាក់បណ្ដារដ្ឋាភិបាលបស្ចិមលោកឱ្យមានការបញ្ឈប់ និងធ្វើឱ្យដូចដើមវិញនូវបរិយាកាសប្រជាធិបតេយ្យនៅក្នុងប្រទេស។
«សព្វថ្ងៃនេះ យើងកំពុងតែប្រឈមមុខនឹងការគាបសង្កត់ ពិតមែនតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនទាន់ចេញជារូបរាង មិនទាន់គេនិយាយដល់ទេ ប៉ុន្តែការគាបសង្កត់នយោបាយកាន់តែមានខ្លាំងឡើងៗ»។
បណ្ដាប្រទេសនៅបស្ចិមលោក ក៏ធ្លាប់បានបញ្ចេញប្រតិកម្មទាក់ទងនឹងការធ្វើទុក្ខបុកម្នេញទៅលើបណ្ដាជនរ៉ូហ៊ីងយ៉ា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ាផងដែរ ជាពិសេសនៅក្រោយការចេញរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Reuters អំពីរណ្ដៅសាកសពរួម នៃអម្បូរជនរ៉ូហ៊ីងយ៉ា ដែលត្រូវយោធាមីយ៉ាន់ម៉ាប្រហារជីវិត។
កន្លងមកក៏ធ្លាប់មានការអំពាវនាវពីសំណាក់ប្រទេសបង់ក្លាដែស ស្នើសុំកម្ពុជាជួយគាំទ្រដំណោះស្រាយយូរអង្វែងមួយសម្រាប់វិបត្តិជនភៀសខ្លួនមីយ៉ាន់ម៉ា តែរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរយ៉ាងតឹងរ៉ឹង ចាត់ទុកបញ្ហារ៉ូហ៊ីងយ៉ាជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ហើយមិនគាំទ្រឱ្យមានការធ្វើអន្តរជាតូបនីយកម្មនៃវិបត្តិជាតិសាសន៍ដ៏អាស្រូវបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសមីយ៉ាន់ម៉ា។
ដោយឡែកបញ្ហាសង្គ្រាមគ្រឿងញៀននៅប្រទេសហ្វីលីពីនវិញ កម្ពុជាក៏បានដុតបង្កាត់វិធានការខ្លួនប្រឆាំងនឹងគ្រឿងញៀនផងដែរ តែគេឃើញមានតែការចាប់ដាក់ពន្ធនាគារ និងមន្ទីរកែប្រែស្ដារនីតិសម្បទាប៉ុណ្ណោះ មិនមានការរាយការណ៍ពីការសម្លាប់រង្គាលណាមួយក្នុងការយកហ្វីលីពីនជាគំរូនៅឡើយទេ។
រដ្ឋាភិបាលបរទេសក៏ធ្លាប់បានរិះគន់ចំពោះចំណាត់ការរបស់លោកប្រធានាធិបតី Rodrigo Duterte នៃប្រទេសហ្វីលីពីនក្នុងបញ្ហាសង្គ្រាមថ្នាំញៀននេះផងដែរ តែត្រូវបានមេដឹកនាំរូបនេះការពារថាជារឿងផ្ទៃក្នុងរបស់ប្រទេសផងខ្លួន។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថាជាការព្យាយាមបង្ហាញថាទីក្រុងភ្នំពេញកំពុងរងការគាបសង្កត់ដោយអយុត្តិធម៌ បើធៀបនឹងស្ថានភាពស្រដៀងគ្នានៅប្រទេសដទៃ។
ក៏ប៉ុន្តែ លោក ឡៅ ម៉ុងហៃ បាននិយាយថា ដោយសារតែកម្ពុជាជាប់កិច្ចសន្យាជាមួយសហគមន៍អន្តរជាតិ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ម្ល៉ោះហើយទើបដំណើរណាមួយរបស់រដ្ឋាភិបាលកម្ពុជា ដែលគេយល់ថាជាការងាកចេញពីគន្លងតម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទទួលការយកចិត្តទុកដាក់ និងឆ្លើយតបខុសពីប្រទេសផ្សេង៕