សៀវភៅគំនូរដែលរៀបរាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ព្រហ្ម វណ្ណៈអាណន្ត ហៅវណ្ណៈ ដែលជាអតីតទាសករខ្មែរម្នាក់លើទូកនេសាទថៃ បានធ្វើឱ្យមានការពិភាក្សាឡើងវិញក្នុងរដ្ឋធានីវ៉ាស៊ីនតោន អំពីអំពើទាសភាពសម័យទំនើបនិងការជួញដូរមនុស្សឆ្លងដែននៅជុំវិញពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកស្រី Martina E. Vandenberg នាយិកាមជ្ឈមណ្ឌលច្បាប់សម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស The Human Trafficking Legal Center ដែលបានចូលរួមក្នុងកម្មវិធីធ្វើបទបង្ហាញនិងចុះហត្ថលេខាលើសៀវភៅគំនូររបស់លោក ព្រហ្ម វណ្ណៈអាណន្ត នៅបណ្ណាគារ Kramerbooks and Afterwords Cafe ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៥ខែឧសភា មានប្រសាសន៍ថា អ្នកស្រីមកគាំទ្រស្នាដៃរបស់លោកវណ្ណៈ គឺដោយសារតែអ្នកស្រីចាប់អារម្មណ៍ពីទេពកោសល្យរបស់លោកក្នុងការរៀបរាប់រឿងរ៉ាវដែលលោកបានជួបប្រទះដោយផ្ទាល់។
«ដោយសារតែរបៀបដែលលោកអាចបង្ហាញឱ្យឃើញជាក់ស្ដែងនូវទិដ្ឋភាពនៃអំពើជួញដូរមនុស្សនិងពលកម្មដោយបង្ខំ ចេញពីខ្សែភ្នែកជនរងគ្រោះដោយផ្ទាល់។ ហើយវាមិនមែនជារឿងងាយស្រួលទេក្នុងការរកបានអ្នករស់រានមានជីវិតពីអំពើទាំងនោះ ដែលមានទេពកោសល្យក្នុងការគូររូបភាពអំពីអ្វីដែលបានកើតឡើងនោះ»។
គម្របសៀវភៅរបស់លោក ព្រំ វណ្ណៈ និងអ្នកស្រី Jocelyn Pederick ដែលចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)
សៀវភៅគំនូរនេះដែលមានចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការលើមហាសមុទ្រដ៏ធំល្វឹងល្វើយ» គឺជាស្នាដៃដែលកើតចេញពីការខិតខំប្រឹងប្រែងគូរអស់រយៈពេល៣ឆ្នាំដោយលោក ព្រហ្ម វណ្ណៈអាណន្ត ដែលចេះគូររូបភាគច្រើនដោយសារលោករៀនគូររូបដោយខ្លួនឯង។
លោក វណ្ណៈ គឺជាអតីតជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាកម្មករនេសាទប្រមាណ៨សែននាក់នៅជុំវិញពិភពលោកដែលជាប់ផុងខ្លួនក្នុងអំពើទាសភាពដោយបង្ខំនៅលើទូកនេសាទនានា។ នេះបើយោងតាមអ្នកស្រី Martina E. Vandenberg។
លោក វណ្ណៈ បានជាប់ក្នុងអំពើទាសភាពសម័យទំនើប ក្នុងនាមជាកម្មករនៅលើទូកនេសាទថៃអស់រយៈពេល៣ឆ្នាំ ៧ខែ គឺចាប់ពីឆ្នាំ២០០៦ រហូតដល់ពេលដែលលោកបានរួចខ្លួនផុតពីអំពើទាសភាពនិងបានវិលត្រឡប់មកជួបជុំប្រពន្ធកូនវិញនៅឆ្នាំ២០១០។
លោក ព្រហ្ម វណ្ណៈអាណន្ត អ្នកនិពន្ធសៀវភៅគំនូរ ដែលមានចំណងជើងថា“The Dead Eye and The Deep Blue Sea” លើកបង្ហាញសៀវភៅរបស់លោកដល់អ្នកចូលរួមនៅមហាវិទ្យាល័យElliott School of International Affairsនៃសាកលវិទ្យាល័យGeorge Washington University ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
សៀវភៅគំនូរនេះរៀបរាប់យ៉ាងលម្អិតអំពីរបៀបដែលលោកបានចាញ់បោកមេខ្យល់ នៅពេលដែលលោកបានសម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ រហូតដល់ពេលដែលលោកបានធ្លាក់ខ្លួនជាកម្មករនេសាទនៅលើទូកថៃ និងក្រោយពីគេចខ្លួនបានចេញពីលើទូកថៃនោះ ក៏បានក្លាយធ្លាក់ខ្លួនជាកម្មករចម្ការដូងប្រេងដោយសារអំពើជួញដូរមនុស្សមួយលើកទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។
លោក វណ្ណៈ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយVOAថា៖
«ដើម្បីឱ្យអង្គការនៅតាមគ្រប់ប្រទេស ដូចអង្គការខាងជួយទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើជួញដូរ ហើយនិងមន្ត្រីរាជការ ឱ្យគាត់រួមដៃគ្នាទប់ស្កាត់ ឱ្យគាត់បានដឹង ដូចថានៅប្រទេសនីមួយៗ មានការជួញដូរនិងប្រទេសណាខ្លះដែលរងគ្រោះខ្លាំងជាងគេបំផុត ជាពិសេសគឺប្រទេសខ្មែរយើង»។
អ្នកនាង Jocelyn Pederick (ឆ្វេង) និងលោករហ្ម វណ្ណៈអាណន្ត សហអ្នកនិពន្ធសៀវភៅគំនូរ ដែលមានចំណងជើងថា“The Dead Eye and The Deep Blue Sea” នៅក្នុងកម្មវិធីបង្ហាញសៀវភៅដល់អ្នកចូលរួមនៅមហាវិទ្យាល័យElliott School of International Affairsនៃសាកលវិទ្យាល័យGeorge Washington University ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
អ្នកនាង ចស្សលីន ភីឌឺរីក (Jocelyn Pederick) គឺជាអ្នកផលិតភាពយន្តសញ្ជាតិអូស្ត្រាលី ដែលបានថតខ្សែភាពយន្តអំពីជីវិតរបស់លោកវណ្ណៈ និងបានជួយជ្រោមជ្រែងលោក វណ្ណៈក្នុងការនិពន្ធសៀវភៅគំនូរនេះដែរ។
«នេះជាសៀវភៅដែលប្លែកខុសគេ ដែលមិនដែលមានពីមុនមកទេ។ វាមិនមែនគ្រាន់តែរៀបរាប់ប្រាប់យើងពីរឿងរ៉ាវប៉ុណ្ណោះទេ តែថែមទាំងបង្ហាញយើងឱ្យឃើញជាក់ស្ដែងតែម្ដងថាតើកម្មករជាទាសករហ្នឹង មានសណ្ឋានយ៉ាងម៉េច។ ហើយមួយវិញទៀត លោក វណ្ណៈ អាចបង្ហាញយ៉ាងលម្អិតអំពីអ្វីដែលបានកើតឡើងចំពោះរូបលោក ដែលហួសពីការរៀបរាប់របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្សផ្សេងៗទៀតដែលយើងធ្លាប់ឮ»។
រូបគំនូរមួយក្នុងសៀវភៅរបស់លោកវណ្ណៈ បង្ហាញពីអំពើអមនុស្សធម៌និងសាហាវឃោរឃៅជាច្រើនរួមទាំងអំពើកាត់ក្បាលមនុស្សដែលជាកម្មករនេសាទម្នាក់រួចទម្លាក់ចូលក្នុងសមុទ្រ និងរូបមួយទៀត បង្ហាញពីសាកសពមនុស្សដែលគ្មានក្បាល ដែលជាប់មងក្នុងទូកនេសាទថៃលោក វណ្ណៈ ធ្លាប់បានធ្វើការនៅលើនោះផងដែរ។
រូបមួយក្នុងសៀវភៅគំនូរ ដែលមានចំណងជើងថា“The Dead Eye and The Deep Blue Sea” (សាយ មុន្នី/VOA)
លោក Dan Southerland គឺជាអ្នកកាសែតឯករាជ្យឥតចំណុះស្ថាប័នម្នាក់ ដែលបានចូលរួមក្នុងពិធីបង្ហាញនិងចុះហត្ថលេខាលើសៀវភៅរបស់លោកវណ្ណៈ នៅបណ្ណាគារ Kramerbooks and Afterwords Cafeក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៥ខែឧសភា។
«យើងដឹងថា ក្នុងចំណោមកម្មករលើទូកនេសាទខ្លះ មកពីប្រទេសផ្សេងៗទៀតដូចជាភូមា និងកម្ពុជាជាដើម ដែលធ្វើឱ្យបញ្ហានេះ ក្លាយជាបញ្ហាអន្តរជាតិ ដែលទាមទារឱ្យមានការចូលពាក់ព័ន្ធពីរដ្ឋាភិបាលនានា»។
លោក Dan Southerland បន្តថា ក្រសួងការបរទេសអាមេរិក កន្លងមកបានសិក្សាអំពីបញ្ហាជួញដូរមនុស្សនិងអំពើទាសភាពនេះ និងបានចេញសេចក្ដីថ្លែងការណ៍ដ៏ល្អហើយ ប៉ុន្តែ លោកបន្ថែមថា៖
«បញ្ហានេះ ត្រូវការការផ្សព្វផ្សាយច្រើនថែមទៀត និងការដាក់សម្ពាធថែមទៀត ហើយគ្រប់គ្នាត្រូវធ្វើការច្រើនថែមទៀត ដើម្បីបញ្ឈប់អំពើទាសភាពនិងការជួញដូរមនុស្សដែលនៅតែកំពុងបន្តកើតមានដោយមានភស្តុតាងបង្ហាញស្រាប់នេះ»។
កាលពីឆ្នាំ២០១២ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ពាន់រង្វាន់កិត្តិយសជា«វីរបុរសផ្នែកប្រឆាំងការជួញដូរមនុស្ស» ជូនលោក វណ្ណៈ ចំពោះការប្រែក្លាយបទពិសោធន៍នៃការជួញដូរកម្លាំងពលកម្មរបស់លោកទៅជាបេសកកម្មប្រយុទ្ធប្រឆាំងនិងអំពើទាសភាពនិងការជួញដូរមនុស្សនេះវិញ។
កញ្ញា ម៉ូនីកា លជ Monica Lerch គឺជាប្រធានផ្នែករៀបចំព្រឹត្តិការណ៍នៃបណ្ណាគារ Kramerbooks and Afterwords Cafeក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«វាសំខាន់ណាស់ ពីព្រោះថា មិនមានមនុស្សច្រើនទេដែលដឹងអំពីរឿងនេះ។ សូម្បីតែខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនដឹងរឿងច្រើនទេអំពីបញ្ហានេះ ដូច្នេះ ការបង្ហាញស្នាដៃសៀវភៅនេះ គឺជួយបង្ហាញមុខមនុស្ស និងឈ្មោះមនុស្សផ្ទាល់នៅក្នុងរឿងនោះ ហើយជួយធ្វើឱ្យស្ថានភាពនោះ ត្រូវបានគេឃើញ ហើយមនុស្សកាន់តែច្រើនបានដឹងអំពីរឿងនោះដែរ»។
អ្នកស្រី Christina Kiritz គឺជានាយិកាអង្គការបង្ការការជួញដូរមនុស្សមួយឈ្មោះ Prevent Human Trafficking ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រីបានចូលរួមស្ដាប់ការធ្វើបទបង្ហាញរបស់លោក វណ្ណៈ នៅមហាវិទ្យាល័យ Elliott ផ្នែកកិច្ចការអន្តរជាតិនៃសកលវិទ្យាល័យ George Washington Universityក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែឧសភា។
«រឿងរបស់លោក វណ្ណៈ គឺជារឿងពិតនិងជារឿងដែលធ្វើឱ្យរំជួលចិត្តយ៉ាងខ្លាំងបំផុតមួយដែលខ្ញុំមិនដែលបានជួបប្រទះសោះក្នុងរយៈពេល២០ឆ្នាំ ដែលខ្ញុំធ្វើការងារខាងវិស័យទប់ស្កាត់ការជួញដូរមនុស្សនេះ។ គ្រប់គ្នាដែលបានអានសៀវភៅរបស់គាត់ សុទ្ធតែនិយាយថា រឿងរបស់គាត់ ធ្វើឱ្យពួកគេ មានសេចក្ដីក្លាហាន ទោះបីជាពួកគេស្ថិតក្នុងស្ថានភាពដ៏ខ្មៅងងឹតយ៉ាងណាក៏ដោយ។ លោកវណ្ណៈ បានរកឃើញអ្វីមួយដែលខ្លាំងជាងភាពអស់សង្ឃឹមរបស់គាត់ នោះគឺគាត់នៅតែរក្សាក្តីសង្ឃឹមជានិច្ច»។
អ្នកស្រី Christina Kiritz បន្តថា៖
«អ្នកដែលទទួលទានអាហារសមុទ្រ គួរតែដឹងអំពីដំណើរការទាំងអស់នៃការផលិតអាហារសមុទ្រទាំងនោះថាតើវាមានប្រភពមកពីណា ដើម្បីឱ្យពួកគេដឹងប្រាកដថា ពួកគេចំណាយលុយទៅលើតែក្រុមហ៊ុនណា ដែលមិនមានអំពើទាសភាពក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនប៉ុណ្ណោះ»
កញ្ញា Sarah Rose-Jensen គឺជាគ្រូឧទ្ទេសនាមម្នាក់ នៃមហាវិទ្យាល័យ Elliott ផ្នែកកិច្ចការអន្តរជាតិនៃសកលវិទ្យាល័យ George Washington University ដែលបានចូលរួមស្ដាប់បទបង្ហាញពីសៀវភៅរបស់លោកវណ្ណៈ នៅសកលវិទ្យាល័យ George Washington University កាលពីថ្ងៃទី១៦ ខែឧសភាដែរ។
«ក្នុងនាមជាអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងបស្ចិមលោក ពួកយើងទទួលទានត្រី និងអាហារសមុទ្រនាំចូលមកពីប្រទេសថៃ និងជាអ្នកប្រើប្រាស់ដូងប្រេងនាំចូលពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការដឹងរឿងរ៉ាវនេះ ពីព្រោះថាផលិតផលទាំងនេះ អាចកើតចេញពីការប្រើកម្លាំងពលកម្មទាសភាព។ ដូច្នេះ ក្នុងនាមជាអ្នកប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក ពួកយើងអាចដាក់សម្ពាធទៅលើក្រុមហ៊ុន ដើម្បីឱ្យកែលម្អរបៀបធ្វើជំនួញរបស់ពួកគេ»។
កញ្ញា Sarah បន្ថែមថា៖
«រឿងរ៉ាវដូចជារឿងរបស់លោកវណ្ណៈ អាចមិនត្រូវបានដឹងឮសុះសាយនោះឡើយ ដូច្នេះ ការបង្ហាញរឿងរ៉ាវរបស់គាត់ក្នុងសហរដ្ឋអាមេរិក ក្នុងមហាវិទ្យាល័យElloit ខាងកិច្ចការអន្តរជាតិនេះ អាចនាំសាររបស់គាត់ ឱ្យពិភពលោកដឹងបាន»។
រូបគំនូរមួយនៅក្នុងសៀវភៅរបស់លោក ព្រំ វណ្ណៈ និងអ្នកស្រី Jocelyn Pederick ដែលចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)
ក្រោយពីដើរផ្សព្វផ្សាយសៀវភៅគំនូររបស់ខ្លួននៅក្នុងទីក្រុងញូយ៉កនិងក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះអស់រយៈពេលពីរសប្តាហ៍កន្លងមកហើយនោះ លោក ព្រហ្ម វណ្ណៈអាណន្ត និងអ្នកនាង Jocelyn Pederick នឹងបន្តដំណើរផ្សព្វផ្សាយសៀវភៅគំនូររបស់លោកនិងអ្នកនាងនៅទីក្រុងLos Angeles នៃរដ្ឋកាលីហ្វ័រញ៉ាទៀត ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ខែឧសភា មុននឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។
លោក វណ្ណៈ មានប្រសាសន៍ថា លោករំពឹងថា ថ្ងៃណាមួយ លោកនឹងមានឱកាសចុះទៅថតទិដ្ឋភាពផ្ទាល់នៅលើទូកនេសាទម្ដងទៀត ដើម្បីផ្ដិតយករូបភាពនៃអំពើទាសភាពដែលនៅបន្តកើតមានលើទូកនេសាទនានា យកមកផ្សព្វផ្សាយឱ្យពិភពលោក បានឃើញបន្ថែមទៀត៕