អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយមានកិច្ចប្រជុំដ៏ភ្ញាក់ផ្អើលមួយជាមួយមេដឹកនាំយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយកំពុងជោគជាំដោយអំពើហិង្សា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Ban Ki-moon បានជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា គឺលោកនាយឧត្តមសេនីយ៍ Min Aung Hlaing និងមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាដទៃផ្សេងទៀត កាលពីថ្ងៃចន្ទម្សិលមិញ។ បេសកកម្មរបស់លោក Ban Ki-moon នៅមីយ៉ាន់ម៉ា គឺធ្វើឡើងក្នុងនាមក្រុមនៃរដ្ឋបុរសចាស់ទុំ ដែលបានចូលរួមស្វែងរកសន្តិភាពនិងគំនិតផ្តួចផ្តើមសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ លោកគឺជាអនុប្រធាននៃក្រុមនេះ ដែលបានហៅខ្លួនឯងថាជាក្រុមអ្នកចាស់ទុំនោះ។
នៅក្នុងរូបថតដែលផ្តល់ដោយក្រុមព័ត៌មានពិត (Myanmar Military True News Information) របស់យោធាមីយ៉ាន់ម៉ា បង្ហាញពីឧត្តមសេនីយឯក Min Aung Hlaing (កណ្តាល) ថតរូបរួមគ្នាជាមួយលោក Ban Ki Moon (ទីបីពីឆ្វេង) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ (Military True News Information Team via AP)
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ក្រុមរដ្ឋបុរសចាស់ទុំនេះ បានស្រង់សម្តីលោក Ban Ki-moon ដែលបាននិយាយថា កិច្ចប្រជុំរបស់លោកគឺដើម្បីស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្តទៀតថា លោកBan Ki-moon បានចាកចេញពីរដ្ឋធានីណៃពិដោរបស់មីយាន់ម៉ា មកកាន់រដ្ឋធានីបាងកកប្រទេសថៃកាលពីយប់ថ្ងៃចន្ទ។ ដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឡើងតបតាមការអញ្ជើញរបស់មេដឹកនាំរបបយោធារបស់ប្រទេសនេះ ហើយលោកបានលើកឡើងនៅក្នុងជំនួបរបស់លោកជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ពីភាពចាំបាច់ក្នុងការអនុវត្តផែនការសន្តិភាពមួយ ដែលដាក់ចេញដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់អំពើហិង្សារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្រោយរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី Aung San Suu Kyi កាលពីឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍នោះនិយាយថា នៅក្នុងជំនួបប្រជុំរបស់លោក លោក Ban Ki-moon បានគាំទ្រការអំពាវនាវរបស់សហគមន៍អន្តរជាតិ ឱ្យមានការដោះលែងជាបន្ទាន់នូវអ្នកទោសដែលត្រូវបានចាប់ឃុំតាមអំពើចិត្តដោយរបបយោធាមីយ៉ាន់ម៉ា និងធ្វើកិច្ចពិភាក្សាដោយស្ថាបនា និងត្រូវអត់ធ្មត់ឱ្យបានខ្លាំងបំផុតពីគ្រប់ភាគីទាំងអស់។
សេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋបុរសចាស់ទុំនេះក៏បាននិយាយផងដែរថា លោក Ban Ki-moon បានព្រមានថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា គួរតែត្រូវធ្វើឡើងនៅពេលណា ដែលមានលក្ខខណ្ឌអំណោយផលល្អ ដើម្បីធានាថា ការបោះឆ្នោតនោះសេរីនិងយុត្តិធម៌។ លោកថា «ការរៀបចំការបោះឆ្នោតនៅក្នុងលក្ខខណ្ឌនាពេលបច្ចុប្បន្ននេះ អាចប្រឈមឱ្យមានអំពើហិង្សានិងការបែកបាក់កាន់តែខ្លាំងឡើងថែមទៀត ហើយលទ្ធផលបោះឆ្នោតនឹងមិនត្រូវបានទទួលស្គាល់ដោយពលរដ្ឋមីយ៉ាន់ម៉ា សមាគមអាស៊ាន និងសហគមន៍អន្តរជាតិនោះឡើយ៕