ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងឡូវែលឆ្នាំ២០១៧នេះ នឹងបង្កឲ្យមានការបែកខ្ញែកគ្នានៅក្រុងឡូវែលនេះ។
ការរំពឹងទុកដែលថា បេក្ខជនមកពីសហគមន៍ជនជាតិភាគតិច ភាគច្រើនគឺពលរដ្ឋខ្មែរអាមេរិកាំង អាចនឹងឈ្នះឆ្នោតនៅសាលាក្រុង បែរជាអាស្រ័យលើជោគវាសនានៃវិទ្យាល័យឡូវែលទៅវិញ។
មានបេក្ខជនចំនួន២៣នាក់ បានឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងនៅឆ្នាំនេះ រួមទាំងសមាជិកក្រុមប្រឹក្សាក្រុងបច្ចុប្បន្នចំនួន៩នាក់ផងដែរ ដែលសុទ្ធតែជាពលរដ្ឋអាមេរិកាំងស្បែកស។ នៅក្នុងទីក្រុងឡូវែលនេះ ចំនួនពលរដ្ឋអាមេរិកាំងស្បែកស និងចំនួនពលរដ្ឋមកពីសហគមន៍ជនជាតិភាគតិច ដូចជាអាស៊ី អាមេរិកឡាទីន និងអាមេរិកស្បែកខ្មៅ ស្ទើរតែស្មើគ្នា គឺ៥០.២ភាគរយ ស្បែកស និងជាង៤៩ភាគរយជនជាតិភាគតិច។
បញ្ហាដែលត្រូវបានយកមកពិភាក្សាខ្លាំង ក្នុងការបោះឆ្នោតឆ្នោតអណត្តិថ្មីនេះ គឺថា តើត្រូវជួសជុលវិទ្យាល័យនេះ ឬក៏សាងសង់វិទ្យាល័យនេះថ្មី។ ក្នុងចំណោមសិស្សចំនួនជាង៣០០០នាក់ ប្រហែល៧០ភាគរយគឺជាសិស្សមកពីសហគមន៍ជនជាតិភាគតិច។
ជម្រើសជួសជុលវិទ្យាល័យនេះ ដោយសាងសង់ជាសំណង់អគារថ្មីៗ នឹងត្រូវការចំណាយជាទឹកប្រាក់ចំនួនជាង ៣៥០លានដុល្លារ។
រីឯ ការផ្លាស់ទីវិទ្យាល័យនេះទៅកាន់ភូមិ Belvidere នឹងត្រូវការចំណាយជាទឹកប្រាក់ចំនួនជាង ៣៣៤លានដុល្លារ ហើយពលរដ្ឋនៅក្រុងឡូវែលនេះទាំងមូល ក៏ត្រូវចំណាយប្រាក់ចេញពីហោប៉ាវរបស់ខ្លួនក្នុងមួយឆ្នាំ ចំនួន៣.២លានដុល្លារ សម្រាប់សេវាដឹកជញ្ជូនសិស្សវិទ្យាល័យពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់វិទ្យាល័យឡូវែល។
ពលរដ្ឋក្រុងឡូវែល បានចូលរួមកិច្ចពិភាក្សាសាធារណៈរបស់ក្រុមប្រឹក្សាក្រុងឡូវែល ដោយលើកបដាដែលសរសេរថា «វិទ្យាល័យឡូវែលនៅកណ្តាលក្រុង»។ (រូបថតដោយ Common Wealth Magazine)
កាលពីថ្ងៃទី២០ ខែមិថុនា សមាជិកក្រុមប្រឹក្សាក្រុងចំនួនប្រាំបួននាក់ ដែលសុទ្ធតែជាពលរដ្ឋអាមេរិកាំងស្បែកស បានបោះឆ្នោតសម្រេចក្នុងសំឡេង ៥ទល់នឹង៤ ថា វិទ្យាល័យឡូវែល នឹងត្រូវផ្លាស់ទីទៅកាន់ទីតាំងថ្មី នៅពហុកីឡាដ្ឋាន Cawley Stadium នៅភូមិ Belvidere។ សមាជិកក្រុមប្រឹក្សាក្រុងយ៉ាងហោចណាស់៥នាក់ រស់នៅក្នុងភូមិ Belvidere នេះ។
ប្រាំបីថ្ងៃក្រោយពីសេចក្តីសម្រេចនេះ គណៈកម្មាធិការសាលារៀនឡូវែល ចំនួនប្រាំមួយនាក់ បានបោះឆ្នោតក្នុងសំឡេង៥ទល់១ សម្រេចថា វិទ្យាល័យឡូវែលនឹងស្ថិតនៅទីតាំងដដែល។
ពលរដ្ឋក្រុងឡូវែល ដែលគាំទ្រសេចក្តីសម្រេចរបស់គណៈកម្មាធិការសាលារៀន បានធ្វើប្រជាមតិប្រមូលហត្ថលេខាពីពលរដ្ឋចំនួនជាង៥០០០នាក់ ដោយស្នើសុំឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចលើជោគវាសនានៃវិទ្យាល័យនេះ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាក្រុងជាផ្លូវការ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ។ ការណ៍នេះ បានបង្កឲ្យមានការបែកខ្ញែកគ្នាកាន់តែខ្លាំងជាងមុន។
បន្ថែមលើនេះ កាលពីថ្ងៃទី៣១ ខែសីហា គណៈកម្មាធិការសាលារៀនក្រុងឡូវែល បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការជាន់ខ្ពស់ Middlesex Superior Court ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្រុងឡូវែល ដោយអះអាងថា អំណាចក្នុងការធ្វើសេចក្តីសម្រេចលើជោគវាសនារបស់វិទ្យាល័យនេះ គឺស្ថិតនៅក្នុងយុត្តាធិការរបស់គណៈកម្មាធិការសាលារៀន។
មុននឹងបញ្ហាសាលារៀននេះ បានកើតមានឡើង បញ្ហាចម្បងនៅក្នុងក្រុងនេះ គឺការធ្វើយ៉ាងណាឲ្យមានតំណាងអ្នកដឹកនាំជាជនជាតិភាគតិចនៅសាលាក្រុងឡូវែល ដែលសព្វថ្ងៃនេះ សមាជិកទាំងប្រាំបួននាក់ គឺសុទ្ធតែជាជនជាតិអាមេរិកាំងស្បែកស។
ក៏ប៉ុន្តែ បញ្ហានាពេលបច្ចុប្បន្ននេះ ដែលមើលទៅប៉ះពាល់ខ្លាំងដល់ពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតនោះគឺ គោលជំហររបស់បេក្ខជនដែលឈរឈ្មោះបោះឆ្នោតក្នុងអណត្តិថ្មីនេះ ថាតើពួកគេប្រកាន់ជំហររក្សាវិទ្យាល័យនេះនៅទីតាំងដដែល ឬក៏ផ្លាស់ទីតាំងវិទ្យាល័យនេះទៅកាន់ភូមិ Belvidere?
លោក Sokhary Chau បេក្ខជនខ្មែរអាមេរិកាំងម្នាក់ ដែលបានឈរឈ្មោះលើកដំបូងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងឡូវែលឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យ)
លោក Sokhary Chau គឺជាបេក្ខជនខ្មែរអាមេរិកាំងម្នាក់ ក្នុងចំណោមបេក្ខជនខ្មែរអាមេរិកាំងចំនួនបួននាក់ មកពីសហគមន៍ខ្មែរអាមេរិកាំងនៅក្រុងឡូវែល ដែលជាក្រុងទី២បន្ទាប់ពីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា ដែលមានចំនួនពលរដ្ឋខ្មែររស់នៅច្រើន។
លោក Sokhary Chauបានប្រាប់ VOA ថា៖ «នេះគឺជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតមួយ។ វានឹងប៉ះពាល់ដល់ពលរដ្ឋគ្រប់រូប»។
គោលជំហរខុសគ្នារបស់បេក្ខជនខ្មែរអាមេរិកាំង
មុននឹងភាពចម្រូងចម្រាស់លើបញ្ហាវិទ្យាល័យឡូវែលបានកើតឡើង បញ្ហាចម្បងដែលក្រុមប្រឹក្សាក្រុងត្រូវប្រឈម និងដោះស្រាយ គឺពាក្យបណ្តឹងនៅតុលាការសហព័ន្ធដោយក្រុមពលរដ្ឋជនជាតិភាគតិច ប្រឆាំងនឹងសាលាក្រុងឡូវែលលើការបន្តអនុវត្តប្រព័ន្ធបោះឆ្នោតទូទាំងក្រុង (At-Large system) ដែលពួកគេបានអះអាងថា រារាំងមិនឲ្យបេក្ខជនមកពីសហគមន៍ជនជាតិភាគតិចមានលទ្ធភាពឈ្នះការបោះឆ្នោត។
ដោយសារតែចំនួនពលរដ្ឋអាមេរិកាំងស្បែកស និងពលរដ្ឋអាមេរិកាំងមកពីសហគមន៍ជនជាតិភាគតិច ដូចជាអាស៊ីអាមេរិកាំង អាមេរិកាំងឡាទីន អាមេរិកាំងស្បែកខ្មៅ និងជនជាតិភាគតិចផ្សេងៗទៀត មានចំនួនស្ទើរតែស្មើគ្នា នោះការណ៍មានតំណាងជាអ្នកដឹកនាំដែលមកពីសហគមន៍ជនជាតិភាគតិច មានសារៈសំខាន់សម្រាប់ទីក្រុងនេះ ដែលមានភាពចម្រុះពូជសាសន៍ច្រើន។ ប៉ុន្តែ ចុះមានអ្វីកើតឡើងដោយសារតែបញ្ហាវិទ្យាល័យឡូវែល?
ជាបេក្ខជនឈរឈ្មោះលើកដំបូង លោក Sokhary Chau អាយុ៤៤ឆ្នាំ និងមានកូនប្រុសចំនួនពីរនាក់ បានប្រាប់ VOA ថា លោកសម្រេចចិត្តឈរឈ្មោះដើម្បីជំរុញឲ្យមានការរួបរួមគ្នារវាងសហគមន៍នានានៅក្នុងទីក្រុងឡូវែលនេះ។
លោកបាននិយាយថា៖ «មេដឹកនាំសហគមន៍នានានៅក្រុងនេះគាំទ្រខ្ញុំ។ ហើយខ្ញុំជឿថា ខ្ញុំអាចធ្វើការងារដើម្បីឲ្យសហគមន៍ទាំងអស់ធ្វើការរួមគ្នាបាន»។
លោក Sokhary Chau គាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្រុង ក្នុងការផ្លាស់ទីតាំងវិទ្យាល័យនេះទៅកាន់ពហុកីឡាដ្ឋាន Cawley Stadium នៅភូមិ Belvidere។ បេក្ខជនខ្មែរអាមេរិកាំងពីរនាក់ទៀត ក៏គាំទ្រជម្រើសនេះដែរ។
ក៏ប៉ុន្តែ លោក នួន វាសនា អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែលពីឆ្នាំ២០១១ដល់ឆ្នាំ២០១២ យល់ថា វិទ្យាល័យឡូវែលគួរតែត្រូវបានជួសជុល និងសាងសង់អគារថ្មី ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនៃទីក្រុងនេះ។
លោកបានលើកឡើងថា៖ «ម្លោះហើយ ពូយល់ថា អាហ្នឹងជាសារៈសំខាន់ដែលកូនសិស្ស ជាពិសេសកូនសិស្សជនជាតិភាគតិច ដែលបានទទួលនូវ service (សេវា) អស់ហ្នឹង»។
លោក នួន វាសនា យល់ស្របថា បញ្ហាចម្រូងចម្រាសលើការផ្លាស់ប្តូរទីតាំងរបស់វិទ្យាល័យ ឬការជួសជុលវិទ្យាល័យនេះ បង្កឲ្យមាន«ការបែកខ្ញែកគ្នាដ៏ធំមួយ» ក្នុងចំណោមអ្នកបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតបឋមជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញានេះ។
លោក នួន វាសនា អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែលពីឆ្នាំ២០១១ដល់ឆ្នាំ២០១២។ (រូបថតផ្តល់ឲ្យ)
ការទាមទារឲ្យមានការផ្លាស់ប្តូរលើប្រព័ន្ធបោះឆ្នោត
ទាំងបេក្ខជន និងពលរដ្ឋដែលចុះឈ្មោះបោះឆ្នោត ក៏នៅតែខ្វែងគំនិតគ្នាលើពាក្យបណ្តឹងនៅតុលាការសហព័ន្ធស្តីពីការកែប្រែប្រព័ន្ធបោះឆ្នោតទូទាំងក្រុង (At-Large system) និងការធ្វើយ៉ាងណាឲ្យមានតំណាងអ្នកដឹកនាំមកពីសហគមន៍ជនជាតិភាគតិចនៅសាលាក្រុងឡូវែល។
លោក នួន វាសនា បានប្រាប់ VOA ថា៖ «ការបោះឆ្នោតលើកនេះ វាផ្តល់ឱកាសដ៏ពិសេសមួយ ឲ្យអ្នកគ្រប់គ្នាពិភាក្សាគ្នា និងដោះស្រាយបញ្ហានេះ។ បើសិនជាទុកយូរនៅតុលាការ វាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុង»។
លោក Sokhary Chau ក៏យល់ស្របតាមលោក នួន វាសនា ដែរទាក់ទងនឹងពាក្យបណ្តឹងទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនេះ។
លោកបាននិយាយថា៖ «វាល្អជាង បើសិនជាយើងធ្វើការរួមគ្នានាំឲ្យមានការផ្លាស់ប្តូរពីក្នុងក្រុង»។ លោកបានបន្ថែមថា បើសិនជាតុលាការសហព័ន្ធសម្រេចឲ្យសាលាក្រុងចាញ់ក្តី នោះ«វាអាចបង្កជាផលវិបាកលើសាលាក្រុងឡូវែល» ដោយសារតែស្ថានភាពនយោបាយនាពេលបច្ចុប្បន្នរបស់ក្រុងនេះ។
យ៉ាងណាមិញ ទាំងលោក Sokhary Chau និងលោក នួន វាសនា ចង់ឃើញសាលាក្រុងឡូវែល អនុវត្តប្រព័ន្ធបោះឆ្នោតចម្រុះ គឺប្រព័ន្ធបោះឆ្នោតទូទាំងក្រុង និងប្រព័ន្ធបោះឆ្នោតតាមសហគមន៍ ដែលប្រព័ន្ធបោះឆ្នោតចម្រុះបែបនេះ ត្រូវបានអនុម័តនៅក្នុងទីក្រុង Springfield ក្បែរក្រុងឡូវែល នៅឆ្នាំ២០០៦ យោងតាមសេចក្តីសម្រេចរបស់តុលាការសហព័ន្ធ។
លោក ហុង ណិត ដែលជាសមាជិកក្រុមប្រឹក្សាក្រុង Lynn ដែលបានឈ្នះការបោះឆ្នោតបីអាណត្តិតាំងពីឆ្នាំ២០១១មក យល់ឃើញថា «សម្រាប់ទីក្រុងឡូវែល ដែលមានពូជសាសន៍ចម្រុះ ការប្រើប្រាស់ប្រព័ន្ធបោះឆ្នោតចម្រុះវាល្អ ដល់ក្រុងនេះ ដោយសារតែវាផ្តល់ឱកាសឲ្យបេក្ខជនមកពីសហគមន៍ជនជាតិភាគតិចមានលទ្ធភាពឈ្នះការបោះឆ្នោតបាន»។
លោក ហុង ណិត បានពន្យល់ថា សមាជិកក្រុមប្រឹក្សាក្រុងដែលឈរឈ្មោះ និងឈ្នះការបោះឆ្នោតទូទាំងក្រុង មានតួនាទីសំខាន់ៗដូចជា មើលការខុសត្រូវលើដំណើរការអភិវឌ្ឍក្នុងក្រុង អត្រាពន្ធដារ ការចាត់ចែងថិវកា និងការបង្កើតឲ្យមានសន្តិសុខនៅក្នុងក្រុង។ រីឯ សមាជិកក្រុមប្រឹក្សាក្រុង ដែលឈរឈ្មោះ និងឈ្នះការបោះឆ្នោតតំណាងឲ្យសហគមន៍នីមួយៗ មានតួនាទីមើលការខុសត្រូវលើកិច្ចការងារ និងដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ ដែលមិនធ្លាប់មានតំណាងអ្នកដឹកនាំចេញពីរបស់ខ្លួន។
បើទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាចម្រូងចម្រាសនៃជោគវាសនាវិទ្យាល័យឡូវែលរវាងបេក្ខជនជនជាតិភាគតិចខ្មែរអាមេរិកាំងក្តី ក៏លោក នួន វាសនា យល់ថា «ការបោះឆ្នោតលើកនេះមានន័យណាស់សម្រាប់រូបលោក» ដោយសារតែលោកសង្ឃឹមថា យ៉ាងហោចណាស់បេក្ខជនខ្មែរម្នាក់ ឬពីរនាក់ នឹងឈ្នះការបោះឆ្នោតនេះ ហើយធ្វើជាតំណាងឲ្យសហគមន៍ជនជាតិភាគតិចនៅសាលាក្រុងឡូវែលនេះ។
សមាជិកទាំងប្រាំបួននាក់នៃក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោតសម្រេចក្នុងសំឡេង ៥ទល់នឹង៤ ថា វិទ្យាល័យឡូវែល នឹងត្រូវផ្លាស់ទីទៅកាន់ទីតាំងថ្មី នៅស្ថាត Cawley Stadium នៅភូមិ Belvidere។ (រូបថតដកស្រង់ពីហ្វេសប៊ុក)
«ការមិនពេញចិត្ត និងភាពដាច់ឆ្ងាយពីអ្នកដឹកនាំ»
ក្រៅពីបញ្ហាចម្រូងចម្រាសលើវិទ្យាល័យឡូវែល និងពាក្យបណ្តឹងគ្នាទៅវិញទៅមក បេក្ខជនជំនាន់ក្រោយ និងវ័យក្មេង ក៏អំពាវនាវឲ្យមានការផ្លាស់ប្តូរជួរអ្នកដឹកនាំនៅក្នុងសាលាក្រុងឡូវែល។
ចាប់តាំងពីឆ្នាំ១៩៩៩មក បេក្ខជនដែលមកពីសហគមន៍ជនជាតិភាគតិច យ៉ាងហោចណាស់បួននាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសតាំងឲ្យក្លាយជាសមាជិកនៃក្រុមប្រឹក្សាក្រុងឡូវែល។ ហើយអ្នកបោះឆ្នោត មិនដែលបានបោះឆ្នោតជ្រើសតាំងបេក្ខជនមកពីសហគមន៍ជនជាតិភាគតិច ឲ្យឈ្នះការបោះឆ្នោតចូលបម្រើជាសមាជិកនៃគណៈកម្មាធិការសាលារៀនក្រុងឡូវែលទេ។
លោក Sokhary Chau បានលើកឡើងថា៖ «មានការមិនពេញចិត្ត និងភាពដាច់ឆ្ងាយច្រើនរវាងពលរដ្ឋ និងអ្នកដឹកនាំក្នុងក្រុង។ ហើយខ្ញុំសង្ឃឹមថា ខ្ញុំក្លាយជាបេក្ខជនម្នាក់ ដែលនាំមកនូវភាពចម្រុះពូជសាសន៍ និងគំនិតថ្មី ជាពិសេសគឺមុខមាត់ថ្មីចូលក្នុងជួរអ្នកដឹកនាំក្នុងក្រុងនេះ»។
ជាមួយគ្នានោះ លោក Mathew LeLacheur ដែលជាបេក្ខជនអាមេរិកាំងស្បែកសម្នាក់ បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍ក្នុងក្រុងថា លោកចង់ឃើញពលរដ្ឋមកពីសហគមន៍ជនជាតិភាគតិច ចូលរួម និងមានវត្តមាននៅក្នុងជួរដឹកនាំគ្រប់ជាន់ថ្នាក់នៅក្រុងនេះ បើទោះបីជាបេក្ខជនមកពីសហគមន៍ជនជាតិភាគតិច ឈ្នះ ឬចាញ់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងអណត្តិថ្មីនេះក៏ដោយ។
លោក LeLacheur ដែលធំដឹងក្តីឡើងនៅក្រុងឡូវែល ស្របពេលដែលជនភៀសខ្លួនមកពីតំបន់អាស៊ីអាគ្នេយ៍បានកំពុងតាំងទីលំនៅនៅទីក្រុងនេះ បាននិយាយថា៖ «អ្វីដែលខ្ញុំចង់ឃើញ និងចង់ឲ្យកើតឡើងនោះ គឺថា សមាជិកនៃសហគមន៍ខ្មែរជាច្រើននាក់ មានវត្តមាននៅក្នុងគណៈកម្មការ និងបេសកកម្មនានានៅក្នុងក្រុងឡូវែលយើងនេះ»។
ក៏ប៉ុន្តែ បើនិយាយពីគោលជំហរលើជោគវាសនានៃវិទ្យាល័យឡូវែលវិញ លោក LeLacheur គឺគាំទ្រការផ្លាស់ទីតាំងវិទ្យាល័យនេះទៅកាន់ពហុកីឡាដ្ឋាន Cawley Stadium នៅភូមិ Belivdere៕