សកម្មជនបរិស្ថាននិងសហគមន៍ព្រៃឈើ៥រូប ត្រូវបានដោះលែងនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីរងការឃាត់ខ្លួនអស់រយៈពេលជាង ៦០ ម៉ោង ដោយសារការយកស្លាកដាក់ភ្ជាប់តាមដើមឈើសូមឲ្យមានការជួយថែរក្សាព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ។
សកម្មជនបរិស្ថាន៥រូបនេះ រួមមានលោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក (Goldman Environmental Prize) ឆ្នាំ ២០១៦ និងជាប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក ហេង ស្រស់ លោក ម៉ែន ម៉ាត់ ដែលសុទ្ធតែជាសកម្មជនបរិស្ថាន និងលោក ហេង រុន និងលោក តង ជាង ដែលជាប្រជាសហគមន៍ព្រៃឈើនៅភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ពួកគេទាំង ៥ រូបត្រូវបានដោះលែងនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានឃាត់ខ្លួន តាំងពីរសៀលថ្ងៃសុក្រសប្តាហ៍មុន។
លោក ហេង ស្រស់ សកម្មជនបរិស្ថានមួយរូបបានប្រាប់វីអូអេ នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានអាជ្ញាធរដោះលែងថា លោកនិងលោក អ៊ូច ឡេង ព្រមទាំងសកម្មជនព្រៃឈើប្រមាណជា ១០ នាក់ បានយកស្បង់ចីវរទៅបំបួសដើមឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តក្រចេះ។
លោក ហេង ស្រស់ បន្តថា ក្នុងអំឡុងពេលនៃការដាក់ភ្ជាប់សារកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ ពួកគេបានឃើញមានការដឹកជញ្ជូនឈើនៅតំបន់នោះប្រមាណជាជាង ២០ គោយន្ត ឆ្ពោះទៅកាន់ក្រុមហ៊ុនឈ្មោះថា ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីឌី (THINK BIOTECH CAMBODIA CO. LTD) ដោយក្រុមលោកបានថតរូប និងវីដេអូជាភស្តុតាងផង។
សកម្មជនបរិស្ថាន វ័យ ២៦ ឆ្នាំរូបនេះ បាននិយាយបន្ថែមថា បន្ទាប់ពីបានថតរូប និងវីដេអូនៃការដឹកជញ្ជូនឈើតាមគោយន្តទាំងនោះបានប៉ុន្មានម៉ោងរួចមក ក៏មានសន្តិសុខក្រុមហ៊ុនចេញមកបិទផ្លូវពួកគេ រួចក៏ត្រូវបានក្រុមឧទ្យានុរក្សក្រសួងបរិស្ថានឃាត់ខ្លួនពួកគេបញ្ជូនទៅមន្ទីរស្នាក់ការពួកគេ ទើបបញ្ជូនទៅមន្ទីរបរិស្ថានខេត្តក្រចេះ ដើម្បីសួរនាំប្រហែលជាមួយថ្ងៃពេញ ទើបបញ្ជូនពួកគេទៅតុលាការខេត្តជាបន្តបន្ទាប់។
លោក ហេង ស្រស់ និយាយបន្ថែមថា ការចូលទៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីធ្វើសកម្មភាពការពារព្រៃឈើ មិនមែនជាទង្វើខុសច្បាប់នោះទេ។ លោកថា អាជ្ញាធរគួរតែឃាត់ខ្លួនអ្នកដែលកាប់ និងដឹកឈើចេញពីតំបន់នោះ មិនមែនឃាត់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិរបស់សកម្មជនបរិស្ថាននោះទេ។
«បើសិនជារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានគាត់នៅតែមិនឲ្យប្រជាពលរដ្ឋ អ្នកដែលគាត់មានចិត្តស្រលាញ់ចូលរួមការពារ អាហ្នឹងវាហាក់បីដូចជាបើកភ្លើងខៀវឲ្យទៅនរណាម្នាក់ហើយ។ អ្នកកាប់មិនចាប់ អ្នកកាប់មិនឃាត់ បែរជាចាប់អ្នកដែលការពារ អ្នកដែលផ្សព្វផ្សាយកុំឲ្យមានការកាប់បំផ្លាញព្រៃឈើទៅវិញ»។
លោក ហេង រុន ប្រជាសហគមន៍ព្រៃឈើមួយរូបដែលត្រូវបានឃាត់ខ្លួនជាមួយគ្នានោះ លើកឡើងថា លោកតែងចូលដងជ័រច្បោះក្នុងព្រៃនោះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
លោកនិយាយថា លោកបានចូលទៅក្នុងព្រៃនោះជាមួយសកម្មជនបរិស្ថានផ្សេងទៀត ដើម្បីដាក់ស្លាកការពារកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ ដោយលោកបារម្ភអំពីការបាត់បង់ដើមច្បោះដែលលោកតែងអាស្រ័យផលសម្រាប់ចិញ្ចឹមជីវិត។
លោក ហេង រុន សហគមន៍វ័យ ៥៧ ឆ្នាំរូបនេះ បញ្ជាក់ថា៖ «ខ្ញុំនឹកឃើញថា ជារួមយើងការពារ មិនមែនកាប់បំផ្លាញផង យើងការពារ។ ខ្ញុំនឹកឃើញថា គ្មាននរណាធ្វើអីយើង មិននឹកស្មានថាបរិស្ថានគេឃាត់ខ្លួន ឃាត់អីអញ្ចឹងផង»។
លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ែន ម៉ាត់ លោក ហេង រុន និងលោក តង ជាង ដែលជាសកម្មជនបរិស្ថាន ត្រូវបានឃាត់ខ្លួនក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខេត្តក្រចេះកាលពីថ្ងៃសុក្រ។ (រូបថតដោយក្រសួងបរិស្ថាន)
លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បដិសេធមិនផ្ដល់អត្ថាធិប្បាយដោយប្រាប់អ្នកសារព័ត៌មានវីអូអេ ឱ្យធ្វើដំណើរទៅទទួលព័ត៌មានពីលោកផ្ទាល់នៅខេត្តក្រចេះ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តនេះគឺលោក ជា សុភ័ក្ត្រ មិនទាន់អាចទាក់ទងបាន។
នៅពេលសាកសួរនៅល្ងាចថ្ងៃចន្ទនេះ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលមួយរយៈនេះបានខ្នះខ្នែងបង្កើត និងគាំទ្រគំនិតផ្ដួចផ្ដើម ឬគម្រោងនានាដើម្បីការពារព្រៃឡង់ក៏បានបង្ហាញកង្វល់ពីការប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិ។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតនេះ បានបង្ហាញក្ដីបារម្ភអំពីការបាត់បង់ធនធានព្រៃឈើនៅកម្ពុជា។ លោកថ្លែងប្រាប់វីអូអេ តាមសារអេឡិចត្រូនិកថា៖
«យើងមានកង្វល់អំពីការបាត់បង់ព្រៃឈើនៅតំបន់ការពារក្នុងប្រទេសកម្ពុជា ហើយយើងគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រាកដថា ជីវចម្រុះដ៏សម្បូរបែបនៅព្រៃឡង់ និងបេតកភណ្ឌធម្មជាតិកម្ពុជា ត្រូវបានការពារ»។
នេះមិនមែនជាលើកទីមួយទេដែលសកម្មជនបរិស្ថានត្រូវបានឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពការពារបរិស្ថាន និងព្រៃឈើ។
តួយ៉ាងកាលពីខែមីនា ឆ្នាំ ២០២០ លោក អ៊ូច ឡេង និងសកម្មជនបរិស្ថានបីនាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេធ្វើសកម្មភាពការពារបរិស្ថានក្នុងខេត្តក្រចេះ។
ចំណែកសកម្មជនបរិស្ថាន៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី នៃចលនាមាតាធម្មជាតិ ត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គម ដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកដែលបានឃ្លាំមើលការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង ៥ រូបនេះផ្ទាល់ លើកឡើងថា ការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង ៥ រូប ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពការពារបរិស្ថានដោយ «សុចរិត» និងសិទ្ធិសេរីភាពរបស់ពួកគេ។
លោក ស៊ឹង សែនករុណា ប្រាប់វីអូអេ តាមទូរស័ព្ទពីខេត្តក្រចេះមកថា៖ «ការចូលរបស់ពួកគាត់ គឺជាគោលបំណងសុចរិតក្នុងបុព្វហេតុការពារព្រៃឈើ និងការពារធនធានធម្មជាតិក្នុងតំបន់ហ្នឹងតែប៉ុណ្ណោះ អញ្ចឹងយើងមិនគួរគប្បីក្នុងការចាប់ខ្លួនគាត់ បញ្ជូនឃាត់ខ្លួនរហូតដល់បីយប់អញ្ចឹងទេ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ VOA ថា មន្ត្រីឧទ្យានុរក្សឃាត់ខ្លួន សកម្មជនបរិស្ថានទាំង ៥រូប ដោយសារពួកគេមិនបានស្នើសុំការអនុញ្ញាតពីអាជ្ញាធរដើម្បីធ្វើសកម្មភាព។
«នៅក្នុងតំបន់ដែលយើងការពារគឺគ្រប់គ្រងដោយច្បាប់ មិនអាចចូលទៅអាណាធិបតេយ្យបានទេ ធ្វើសកម្មភាពដោយអនាធិបតេយ្យបានទេ។ ហើយយើងលើកថា ហេតុអីបានជាយើងអនុវត្តច្បាប់តែទៅលើអ្នកដែលការពារព្រៃឈើ។ មតិមួយចំនួន។ យើងមិនបានអនុវត្តតែទៅលើជនណាម្នាក់នោះទេ គឺជនទាំងឡាយណាដែលប្រព្រឹត្តិខុសច្បាប់ មិនគោរពតាមច្បាប់ យើងអនុវត្តទៅលើជនណា មិនគោរពតាមច្បាប់គឺយើងអនុវត្តទាំងអស់»។
លោក នេត្រ ភក្ត្រា បន្តថា លោកទទួលស្គាល់ថាបទល្មើសព្រៃឈើប្រភេទតូចៗនៅបន្តកើតមាន ហើយលោកលើកទឹកចិត្តឲ្យអ្នកដែលមានភស្តុតាងបង្ហាញទៅអាជ្ញាធរដើម្បីស៊ើបអង្កេត។
សកម្មជនការពារព្រៃឈើ ហេង ស្រស់ ប្រាប់វីអូអេថា នៅពេលដែលសកម្មជនបរិស្ថានទាំង៥រូបត្រូវបានឃាត់ខ្លួន ពួកលោកបានប្រាប់ឲ្យអាជ្ញាធរបើកមើលកាមេរ៉ាដែលពួកលោកថតបានរូបភាព និងវីដេអូនៃការដឹកជញ្ជូនឈើទាំងនោះ ប៉ុន្តែលោកថា អាជ្ញាធរមិនបានបើកមើលនោះទេ ដោយគិតតែសួរនាំពួកគេជាបន្តបន្ទាប់។
លោក ហេង ស្រស់ បន្ថែមថា ក្រោយការឃាត់ខ្លួនពួកគេទាំង៥នាក់អស់រយៈពេលជាង៦០ម៉ោងអាជ្ញាធរតម្រូវឲ្យក្រុមលោកធ្វើកិច្ចសន្យាឈប់ចូលក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់នោះតទៅទៀត ចំណែកសម្ភារៈរួមមានទូរស័ព្ទ កាមេរ៉ា និងសម្ភារៈផ្សេងទៀត មិនទាន់ប្រគល់ឲ្យមកវិញនៅឡើយ៕