នៅរសៀល ម៉ោង១ ថ្ងៃទី២២ ខែឧសភាអ្នកស្រី ច្វា រីយ៉ា កំពុងលើកត្រីដែលនេសាទបានពីទន្លេមេគង្គ យកទៅដាក់លក់នៅក្បែរផ្លូវជិតមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ រាធានីភ្នំពេញ។ ស្រ្តីវ័យ២៣ឆ្នាំរូបនេះនិយាយថា ក្នុងរយៈពេលជាង២០ ឆ្នាំនេះ អ្នកស្រីនិងក្រុមគ្រួសារបរិភោគត្រីជាប្រចាំថ្ងៃ ហើយពឹងផ្អែកលើត្រីដែលនេសាទបានពីទន្លេដើម្បីប្រកបរបរចិញ្ចឹមជីវិត។
អ្នកស្រី ច្វា រីយ៉ា ថ្លែងថា៖ «ខ្ញុំយកមកលក់ខ្លះទៅបង ត្រីណាទុកហូប យើងទុកហូបដែរទៅ។ (ធ្វើម្ហូប) ច្រើនដែរបងអើយ យើងអត់មានអីធ្វើម្ហូប យកត្រីហ្នឹងហើយធ្វើម្ហូបហ៎រ»។
ជាទូទៅអ្នកស្រី រីយ៉ា និងក្រុមគ្រួសារ បរិភោគត្រីតូចៗស្ទើតែរាល់ថ្ងៃដោយសារវាមានតម្លៃធូរថ្លៃ និងដោយសារអ្នកស្រីត្រូវយកត្រីធំៗទៅលក់ឲ្យអតិថិជន ដែលនិយមត្រីមានសាច់។
អ្នកស្រីថ្លែងថា៖ «ត្រីឆ្អឹង ត្រីអី ត្រីឆ្កែង ត្រីរៀល អីអ៊ីចឹង អាហ្នឹងនិយាយរួមវាឆ្ងាញ់។ វាមានជាតិជាងត្រីសាច់យើង អាត្រីឆ្លាំង ត្រីអីអ៊ីចឹង។ តែអ្នកខ្លះអត់ដឹង អ៊ីចឹងរកតែត្រីសាច់ទេ»។
អ្នកស្រី ច្វា រីយ៉ា កំពុងអង្គុយលក់ត្រីនៅក្បែរផ្លូវជិតមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ រាធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
មានមុខរបរដូចគ្នានឹងអ្នកស្រី រីយ៉ា ដែរ អ្នកស្រី យ៉ា រ៉យ៉ាន អាយុ ៣០ឆ្នាំនិងអ្នកស្រី រ៉ ហ្សា អាយុ ២៦ឆ្នាំបានប្រាប់ VOA ថា អ្នកស្រីទាំងពីរនាក់ និងក្រុមគ្រួសារ បរិភោគត្រីដែលនេសាទបានជាពិសេសត្រីតូចៗជាប្រចាំ។
អ្នកស្រី រ៉ ហ្សា បានថ្លែងថា៖ «រាល់ដងញ៉ាំត្រីច្រើនជាងសាច់ ព្រោះត្រីវាមានវីតាមីនច្រើនជាងវាមានជាតិបំប៉ន ដូចជាឆ្អឹងត្រីឆ្អឹងអី»។
ស្ត្រីទាំងបីនាក់នេះទំនងជាមិនបានដឹងស៊ីជម្រៅថា ពួកគេនិងក្រុមគ្រួសារកំពុងបរិភោគអាហារ ដែលសម្បូរទៅដោយប្រូតេអ៊ីនចម្រុះ ដែលអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកបានរកឃើញថា ជាប្រភពនៃការទ្រទ្រង់សុខភាពរាងកាយនិងការលូតលាស់ផ្នែកខួរក្បាលរបស់មនុស្ស។ បន្ទាប់ពីអង្ករ ត្រីគឺជាអាហារដែលត្រូវបានទទួលទានច្រើនបំផុតទី២ ដោយប្រជាជននៅកម្ពុជា ដែលមានប្រជាជនប្រមាណ ១៦លាននាក់។
អ្នកស្រី Shakuntala Haraksingh Thilsted គឺជាអ្នកជំនាញផ្នែកត្រី និងអាហារូបត្ថម្ភនៃអង្គការWorld Fish Center ដែលជាអ្នកឈ្នះពានរង្វាន់ស្បៀងអាហារពិភពលោកសម្រាប់ឆ្នាំ ២០២១ ដែលពានរង្វាន់នេះមានតម្លៃស្មើនឹងពានរង្វាន់ណូបែល (Nobel Prize)។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកស្រីលើកឡើងថា ត្រីសម្បូរទៅដោយវីតាមីនជាតិរ៉ែ និងអាស៊ីតខ្លាញ់សំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាល និងសម្រាប់ប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ។ អ្នកស្រីបញ្ជាក់ទៀតថា ត្រីតូចៗ មានអត្ថប្រយោជន៍ច្រើនជាងត្រីធំៗ ដោយសារគេអាចបរិភោគទាំងក្បាល និងឆ្អឹង ដែលជាផ្នែកមានសារធាតុចិញ្ចឹមច្រើន។
ស្ត្រីកំពុងធ្វើត្រីដែលនេសាទបានពីទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
ស្ត្រីកំពុងធ្វើត្រីដែលនេសាទបានពីទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី Shakuntala ថ្លែងថា៖ «នៅពេលដែលអ្នកបរិភោគត្រីតូចៗទាំងនេះអ្នកនឹងទទួលបានសារធាតុចិញ្ចឹមវីតាមីន និងជាតិខនិជ និងអាស៊ីតខ្លាញ់សំខាន់ៗ ដូច្នេះអ្នកនឹងមានប្រយោជន៍ទាំងនេះសម្រាប់សុខភាពរបស់អ្នក សម្រាប់ការចិញ្ចឹមកូនរបស់អ្នក។ វាល្អសម្រាប់ការលូតលាស់ខួរក្បាល និងការយល់ដឹងរបស់កុមារ ដូច្នេះនេះជាមូលហេតុដែលត្រូវបរិភោគត្រីតូចៗ»។
អ្នកជំនាញរូបនេះបន្ថែមថា មិនមានអាហារណាមួយដែលអាចជំនួសអត្ថប្រយោជន៍របស់ត្រីបាននោះទេ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។
ការស្រាវជ្រាវជាច្រើនបានបង្ហាញពីគុណតម្លៃអាហារូបត្ថម្ភរបស់ត្រី ដោយសារត្រីជាប្រភេទអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជាមួយនឹងកំហាប់ខ្ពស់នៃវីតាមីន A វីតាមីន B12 វីតាមីន C និង វីតាមីន D កាល់ស្យូម ជាតិដែក ស័ង្កសី អាស៊ីតខ្លាញ់ សេលេញ៉ូម និងប្រូតេអ៊ីន។
បើតាមរបាយការណ៍របស់ជលផលកម្ពុជា ប្រជាជនកម្ពុជាគឺជាជនជាតិមួយក្នុងចំណោមជនជាតិជាច្រើន ដែលបានហូបត្រីច្រើនជាងគេលើពិភពលោក។ ប្រជាជនកម្ពុជាម្នាក់ៗហូបត្រីស្រស់ជាមធ្យមក្នុងបរិមាណ ៣៧,៥ គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ។
នៅតំបន់វាលទំនាបជុំវិញបឹងទន្លេសាបនិងទន្លេមេគង្គ ប្រជាជនកម្ពុជាម្នាក់ៗ ហូបត្រីអស់ ៦៧ គីឡូក្រាមក្នុងមួយឆ្នាំ។ នេះគឺជាអត្រាបរិភោគត្រីខ្ពស់ជាងប្រទេសជាច្រើននៅលើពិភពលោកដែលប្រជាជនម្នាក់ៗហូបត្រីជាមធ្យមត្រឹម១៥គីឡូក្រាមប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ។
ក្មេងស្រីម្នាក់កំពុងដងត្រីចេញពីទូកចាក់ចូលកញ្ច្រែងដែលនេសាទបានពីទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
Your browser doesn’t support HTML5
ខណៈទិន្នផលត្រីទន្លេបន្តធ្លាក់ចុះ ត្រីនៅតែជាប្រភពអាហារូបត្ថម្ភមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា
ទ្រទ្រង់ជីវភាពរស់នៅ និងសេដ្ឋកិច្ចជាតិ
វិស័យជលផលជាប្រភពអាហារូបត្ថម្ភយ៉ាងចាំបាច់ក្នុងរបបអាហារប្រចាំថ្ងៃ និងជាប្រភពប្រាក់ចំណូលយ៉ាងសំខាន់។ វិស័យនេះ បាននិងកំពុងផ្តល់មុខរបរដល់ប្រជាពលរដ្ឋជាង៦ លាននាក់ ដែលស្មើនឹង៤៥,៥% នៃប្រជាជនទូទាំងប្រទេស ១០,៥% សម្រាប់ការនេសាទជាលក្ខណៈអាជីព និង ៣៥% សម្រាប់ការនេសាទចិញ្ចឹមជីវិត។ នេះបើតាមរបាយការណ៍របស់ជលផលកម្ពុជា។
ដោយឡែក ជលផលទឹកសាបគឺជាផ្នែកសំខាន់មួយនៃវប្បធម៌សេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហាររបស់កម្ពុជា។ វិស័យជលផលទឹកសាបនេះ ផ្តល់ការងារដល់ប្រជាជនចំនួន ២ លាននាក់ ដែលក្នុងនោះប្រជាជន ១ ម៉ឺននាក់ធ្វើការក្នុងវិស័យជលផលសមុទ្រ។ នៅឆ្នាំ ២០១៤ ផលិតកម្មត្រីសរុបរបស់ប្រទេសកម្ពុជា មានចំនួន ៧៤៥.០៦៥ តោន ក្នុងនោះវារីវប្បកម្មរួមចំណែក ១ភាគ៦ គឺស្មើនឹង ១២០.០៥៥ តោន និងមានតម្លៃជាទឹកប្រាក់២៤០ លានដុល្លារ។ នេះបើយោងតាមសេចក្តីរបាយការណ៍របស់អង្គការ World Fish Center។
ប៉ុន្តែ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅលើផ្ទៃនិងតាមដងទន្លេមេគង្គ និងទន្លេសាបនៅក្នុងប្រទេសកម្ពុជា សកម្មភាពនេសាទហួសកម្រិតនិងខុសច្បាប់ និងការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងដល់ទិន្នផលត្រីដែលជាប្រភពរបបអាហារប្រចាំថ្ងៃដ៏សំខាន់របស់ប្រជាជនកម្ពុជា។
ត្រីតូចៗដែលអ្នកនេសាទ នេសាទបានពីទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី យ៉ា រ៉យ៉ាន ពលរដ្ឋម្នាក់ដែលប្រកបមុខរបរនេសាទ កំពុងអង្គុយធ្វើត្រីរៀលនៅខាងមុខផ្ទះក្បែរមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
កំពុងអង្គុយធ្វើត្រីរៀលនៅខាងមុខផ្ទះក្បែរមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ អ្នកស្រី យ៉ា រ៉យ៉ានពលរដ្ឋម្នាក់ដែលប្រកបមុខរបរនេសាទបានប្រាប់ VOA ថា អ្នកស្រីប្រកបរបរនេសាទជាង២០ ឆ្នាំមកហើយ។ អ្នកស្រីថា ឆ្នាំមុនៗអ្នកស្រីអាចរកត្រីបានប្រមាណជា១០ គីឡូមួយព្រឹក ប៉ុន្តែនៅឆ្នាំនេះអ្នកស្រីរកត្រីមិនសូវបាននោះទេ។
អ្នកស្រីថ្លែងថា៖ «ឆ្នាំហ្នឹងដាច់ត្រីមែនទែនតែម្តង សឹងតែរកលុយទិញអង្ករអត់បានតែម្តង»។
អ្នកស្រី រ៉ ហ្សា ជាអ្នកនេសាទកំពុងអង្គុយលក់ត្រីនៅម្តុំមាត់ទន្លេនៃសង្កាត់ជ្រោយចង្វារាជធានីភ្នំពេញ។ អ្នកស្រីប្រាប់ VOA ថា គ្រួសារអ្នកស្រីដែលមានកូនតូចៗពីរនាក់ និងប្តីជាអ្នកនេសាទក្នុងបឹងទន្លេសាប តែងបរិភោគត្រីស្ទើតែរៀងរាល់ថ្ងៃ ដោយចៀន និងស្លរម្ជូរជាមួយបាយហើយទុកត្រីធំៗដើម្បីលក់។ ត្រីតូចៗមួយចំនួនដូចជាត្រីរៀលជាដើម ជាប្រភេទត្រីដែលមានប្រូតេអ៊ីនខ្ពស់ជាងត្រីផ្សេងៗទៀត។
អ្នកស្រី រ៉ ហ្សា កំពុងអង្គុយលក់ត្រីនៅក្បែរផ្លូវជិតមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ រាធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី រ៉ ហ្សា ក៏បានបង្ហាញពីក្តីព្រួយបារម្ភអំពីកង្វះធនធានត្រី។ អ្នកស្រីថា នៅឆ្នាំនេះអ្នកស្រីរកត្រីមិនសូវបានដោយសារត្រីកាន់តែខ្សត់ ហើយអ្នកស្រីក៏បានសង្កេតឃើញថា ការបូមខ្សាច់នៅតាមទន្លេមេគង្គនិងទន្លេសាបទីដែលអ្នកស្រីនិងក្រុមគ្រួសារនេសាទនៅតែបន្តកើតមានជាប្រចាំ។ អ្នកស្រីសង្កត់ធ្ងន់ថា សកម្មភាពបូមខ្សាច់នេះរំខានដល់ការប្រមូលផលនេសាទរបស់អ្នកស្រី និងអ្នកនេសាទជាច្រើននាក់ទៀតនៅក្នុងសហគមន៍។
អ្នកស្រី រ៉ ហ្សា ថ្លែងថា៖ «និយាយរួមទៅរបៀបថា គេបូមខ្សាច់ បូមអីអ៊ីចឹងវាផ្អើល។ វាទៅតាមដីខ្សាច់ខ្លះអីអ៊ីចឹងទៅ វាផ្អើល។ ហើយណាមួយអត់សូវមានត្រីដូចឆ្នាំមុនទេបង»។
និរន្តរភាពជលផលត្រី
ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានាលើពិភពលោកដែលសំបូរប្រភេទត្រីទឹកសាប និងទឹកប្រៃដែលមានចំនួនជាង ១២០០ប្រភេទក្នុងនោះប្រភេទត្រីទឹកសាបមានជាង៥០០ប្រភេទ និងត្រីទឹកប្រៃមានជាង ៧០០ប្រភេទ។ បឹងទន្លេសាប ជាបឹងមួយធំជាងគេ និងសំបូរត្រីជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានត្រីជាង២០០ប្រភេទ ដែលបានផ្តល់ផលិតផលត្រីជាង ៦០ភាគរយនៃផលិតផលត្រីទឹកសាបសរុបនៃប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់ជលផលកម្ពុជា។
សម្រាប់កម្ពុជា ដើម្បីធានាបានចំនួនត្រី និងការចិញ្ចឹមត្រីមាននិរន្តរភាព លុះត្រាតែមានការគ្រប់គ្រងជលផលល្អ ដូចជារក្សាជម្រកត្រីគ្រប់គ្រងជលផលតាមឆ្នេរសមុទ្រឱ្យបានល្អ កុំលក់ត្រីតូចៗទៅបរទេសដើម្បីធ្វើជាចំណីសត្វ ឬត្រីធំៗ និងត្រូវអភិវឌ្ឍន៍វារីវប្បកម្មខ្នាតតូច។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Shakuntala Haraksingh Thilsted អ្នកជំនាញផ្នែកត្រី និងអាហារូបត្ថម្ភនៃអង្គការ World Fish Center។
អ្នកនេសាទកំពុងចេញទូកទៅនេសាទនៅទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី Shakuntala ថ្លែងថា៖ «ការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ការរក្សាការបើកផ្លូវទឹក និងទីជម្រកត្រីសហគមន៍ ធ្វើឱ្យប្រាកដថាមិនមានប្លាស្ទិចបិទផ្លូវទឹកដែលអាចឲ្យវារក្សាភាពស្អាតគ្រប់វិធានការទាំងអស់ នោះគឺមានសារៈសំខាន់ណាស់»។
អ្នកស្រី Shakuntala បានបន្ថែមថា ប្រសិនបើមិនមានការយកចិត្តទុកដាក់ក្នុងការការពារ និងទប់ស្កាត់ការបាត់បង់ផលត្រី នោះការបាត់បង់ធំៗផ្សេងទៀតនឹងកើតមាន។
អ្នកស្រីថ្លែងថា៖ «អ្នកនឹងមិនត្រឹមតែបាត់បង់អាហារនោះទេ ប៉ុន្តែបរិស្ថាននឹងរងគ្រោះ វប្បធម៌របស់អ្នក អត្តសញ្ញាណរបស់អ្នកនឹងមានបញ្ហាជាច្រើនដែលនឹងរងគ្រោះ ព្រោះវិស័យជលផលនៅប្រទេសកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វប្បធម៌ អត្តសញ្ញាណ ជីវភាពរស់នៅ ប្រាក់ចំណូល និងស្បៀងអាហារ និងសន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជា»។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលប្រាប់ VOA ថា បច្ចុប្បន្នត្រីធម្មជាតិមានការថយចុះ ប៉ុន្តែត្រីចិញ្ចឹមមានការកើនឡើងដោយសារប្រជាពលរដ្ឋចិញ្ចឹមច្រើន។ លោកបន្ថែមថា ការថយចុះនៃទិន្នផលត្រីដោយសារការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការបាត់បង់ព្រៃលិចទឹក ការបម្លាស់ទីរបស់ត្រីការប្រែប្រួលកម្រិតទឹកដោយសារការសាងសង់ទំនប់វារីអគ្គិសនីជាដើម។លោក ឱម សាវ៉ាត បន្ថែមថា រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ការបាត់បង់ត្រីនិងត្រូវជំរុញឲ្យមានការបំពេញនូវកង្វះខាតត្រី។
លោក សាវ៉ាត ថ្លែងថា៖ «ស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធពិសេសខាងក្រសួងកសិកម្មរបស់យើងដែលលោកមានតួនាទីសំខាន់ក្នុងការរួមចំណែកធ្វើឲ្យបរិមាណទាំងត្រី ទាំងសារធាតុចិញ្ចឹមផ្សេងៗទៀតមាននិរន្តរភាព។អ៊ីចឹងហើយបានជាយើងត្រូវតែជំរុញបើសិនជាបរិមាណត្រីធម្មជាតិថយចុះយើងត្រូវតែបង្កើនវារីវប្បកម្មបានន័យថាការចិញ្ចឹមត្រីហ្នឹងផ្សព្វផ្សាយពីបច្ចេកទេសនៃការចិញ្ចឹមហ្នឹងឲ្យបានច្រើនថែមទៀត»។
ការថយចុះទិន្នផលត្រីនៅកម្ពុជាជាបន្តបន្ទាប់នេះ ធ្វើឲ្យអ្នកស្រី ច្វា រីយ៉ាដែលកំពុងអង្គុយលក់ត្រីនៅមាត់ទន្លេសង្កាត់ជ្រោយចង្វារបារម្ភពីអនាគតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រីនិងក្រុមគ្រួសារ។
អ្នកស្រី ច្វា រីយ៉ា ថ្លែងថា៖ «យើងធ្លាប់រកស៊ីត្រីអ៊ីចឹង គ្រាន់តែបើអត់មានត្រីអ៊ីចឹងទៅយើងក៏ពិបាករកស៊ីដែរ។ មិនដឹងថាទៅរកស៊ីអីបើយើងធ្លាប់តែរកស៊ីក្នុងទឹកតាំងពីតូចមកហើយ»៕