នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាជាមួយឯកអគ្គរាជទូតដែលទើបត្រូវបានតែងតាំងថ្មី ដោយរាជរដ្ឋាភិបាលកម្ពុជាចំនួន៧រូប។ ក្នុងចំណោមនោះក៏មានការតែងតាំងឯកអគ្គរាជទូតជាស្ត្រីពីររូបប្រចាំប្រទេសអង់គ្លេស និងអាល្លឺម៉ង់ផងដែរ។ ប៉ុន្តែអ្នកតាមដានថា ចំនួនស្ត្រីនៅក្នុងវិស័យការទូតកម្ពុជានៅមានកម្រិតនៅឡើយ។
ឯកអគ្គរាជទូតដែលទើបត្រូវបានតែងតាំងថ្មីទាំង៧រូប នឹងចាកចេញទៅបំពេញបេសកកម្មការទូតនៅក្នុងប្រទេសមួយចំនួនស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកខាងលិច ដើម្បីពង្រឹងវិស័យការបរទេសកម្ពុជា និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម។ អ្នកការទូតស្ត្រីពីររូបក៏ត្រូវតែងតាំងដែរ គឺលោកស្រី សឿង រដ្ឋចាវី ដែលនឹងទៅបំពេញការងារទូតនៅចក្រភពអង់គ្លេស និងលោកស្រី ទូច សុផារ័ត្ន ដែលនឹងទៅបំពេញការងារទូតនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ជំនួបពិភាក្សារវាង លោក ហេង សំរិន ប្រធានរដ្ឋសភា និងឯកអគ្គរាជទូតដែលទើបត្រូវបានតែងតាំងថ្មីដើម្បីទៅបំពេញការងារទូតនៅក្នុងប្រទេសក្នុងតំបន់អាស៊ី និងបច្ចឹមប្រទេស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោក ហោ ណាំបូរ៉ា ដែលជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ក៏ត្រូវបានតែងតាំងឲ្យទៅបំពេញការងារទូតនៅសាធារណរដ្ឋឥណ្ឌូណេស៊ី។ លោកជាកូនប្រុសលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលនៅពេលនេះកំពុងបំពេញតួនាទីជាឧបនាយករដ្ឋមន្ត្រីប្រចាំការ។
លោក ហោ ណាំបូរ៉ា សុំមិនផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយការជួបពិភាក្សាជាមួយលោក ហេង សំរិន នៅវិមានរដ្ឋសភានាថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែលោកស្រី សឿង រដ្ឋចាវី ដែលនឹងបំពេញតួនាទីជាឯកអគ្គរាជទូតរបស់កម្ពុជាប្រចាំនៅចក្រភពអង់គ្លេស បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីនឹងខិតខំបំពេញការងារទូតនេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ និងបង្ហាញពីគោលនយោបាយការបរទេសកម្ពុជា ដែលនិយមសន្តិភាព។
លោកស្រី សឿង រដ្ឋចាវី ថ្លែងថា៖
«យើងត្រូវខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីហ្នឹង ឲ្យបានកម្រិតខ្ពស់បំផុត តាមដែលយើងអាចធ្វើបាន។ ហើយសំខាន់ធ្វើយ៉ាងណាដើម្បីឲ្យគេយល់ពីសភាពការណ៍ពិតនៅកម្ពុជាយើង អំពីគោលនយោបាយការបរទេសរបស់កម្ពុជាយើងដែលស្រឡាញ់សន្តិភាព ហើយដែលខិតខំធ្វើយ៉ាងណាចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការធ្វើសមាហរណកម្មតំបន់និងពិភពលោក»។
លោកស្រី សឿង រដ្ឋចាវី បានថ្លែងបន្តថា ក្នុងការបំពេញកិច្ចការងារទូតនេះ អ្នកស្រីនឹងខិតខំទាក់ទាញវិនិយោគ និងទេសចរណ៍មកកាន់ប្រទេសកម្ពុជាផងដែរ។
«សំខាន់បំផុត គឺយើងខិតខំធ្វើយ៉ាងណាដើម្បីទាក់ទាញវិនិយោគ ពួកវិនិយោគទុនបរទេស ធ្វើយ៉ាងណាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីក៏ដោយ ពហុភាគីក៏ដោយ ព្រមទាំងទាក់ទាញអ្នកទេសចរណ៍មកទស្សនាប្រទេសយើង ដែលយើងជាប្រទេសមួយដែលមានវប្បធម៌ដ៏ខ្ពង់ខ្ពស់ ហើយដែលល្អប្រពៃខ្លាំងណាស់»។
ក្រុមអ្នកធ្វើការងារពង្រឹងសិទ្ធិស្ត្រី បានថ្លែងថា ការជ្រើសតាំងឲ្យមានស្រ្តីតែពីររូបក្នុងចំណោមឯកអគ្គរាជទូតទាំងប្រាំពីររូបដោយរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ចំនួនស្ត្រីដែលចូលរួមក្នុងវិស័យនយោបាយ គឺនៅមានកម្រិតនៅឡើយ និងមិនទាន់ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលបានកំណត់ឲ្យមានចំនួនស្រ្តីចូលរួមក្នុងកិច្ចការនយោបាយក្នុងចន្លោះពី ២៥ ទៅ ៣០ភាគរយ។
អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC មានប្រសាសន៍ប្រាប់ VOA ថា រដ្ឋាភិបាលបានខិតខំបង្កើនចំនួនស្រ្តីឲ្យកាន់ការងាររដ្ឋ តែចំនួននេះ នៅមានកម្រិតទាប។
អ្នកស្រី រស់ សុភាព ពន្យល់ថា៖
«ចំនួនស្រ្តីហ្នឹងកើនឡើងហ្នឹងវាអត់ទៅរួច ដោយសារភាគច្រើនគឺបុរស ដែលជាអ្នកសម្រេចនៅក្នុងការសម្រេចទៅលើដាក់ស្រ្តីប៉ុន្មានអី អីប៉ុន្មានឬក៏ដាក់មនុស្សណា ដាក់អ្នកណាអីអញ្ចឹងនៅក្នុងគណបក្សនយោបាយ ជាអ្នកសម្រេច អញ្ចឹងវាធ្វើឲ្យជាគេហៅថា ឧបសគ្គរបស់ស្រ្តីដែរ ព្រោះអីអ្នកសម្រេចចិត្តភាគច្រើនជាបុរសនៅក្នុងគណបក្សនយោបាយហ្នឹង»។
អ្នកស្រី រស់ សុភាព បានបន្តថា កត្តាគ្រួសារ និងហិរញ្ញវត្ថុ ក៏បានធ្វើឲ្យស្រ្តីកម្ពុជា ភាគច្រើនឃ្លាតឆ្ងាយពីការចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងវិស័យនយោបាយ។ អ្នកស្រីបានបន្ថែមថា សង្គមកម្ពុជាពុំសូវផ្តល់តម្លៃឲ្យស្រ្តីចូលរួមក្នុងកិច្ចការនយោបាយ ដោយបានចាត់ទុកថា កិច្ចការនយោបាយជាកិច្ចការរបស់បុរសតែប៉ុណ្ណោះ។ ការណ៍នេះ បានធ្វើឲ្យស្ត្រីជាច្រើនមិនអាចឡើងកាន់តួនាទីក្នុងកិច្ចការងាររដ្ឋ ក៏ដូចជាការងារក្នុងវិស័យការទូតនេះ។
ក្រៅពីកង្វះអ្នកការទូតជាស្ត្រីក្នុងតួនាទីសំខាន់ៗ វិស័យការទូតកម្ពុជាក៏បានជួបបញ្ហាមួយចំនួនទៀតក្នុងពេលកន្លងមក។
អាជ្ញាធរកម្ពុជាទទួលបន្ទុកប្រឆាំងអំពើពុករលួយ ធ្លាប់បានចាត់វិធានការទៅលើប្រមុខការទូតមួយរូបរបស់កម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងពេលបំពេញការងារ។
អតីតឯកអគ្គរាជទូត លោក ស៊ុត ឌីណា ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពីអង្គភាពនេះបានប្រើពេលជាង១ឆ្នាំ ក្នុងការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបំពេញការងារទូតរបស់លោកនៅប្រទេសកូរ៉េខាងត្បូង។
ការស៊ើបអង្កេតនោះត្រូវបានធ្វើឡើង ដោយយោងតាមពាក្យបណ្ដឹងរបស់ពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង និងមន្ត្រីនៃក្រសួងការបរទេសនៅប្រទេសកម្ពុជា។ តែអ្នកឃ្លាំមើលនយោបាយកម្ពុជា បានចាត់ទុកថា ចំណាត់ការផ្លូវច្បាប់ប្រឆាំងលោក ស៊ុត ឌីណា អតីតអ្នកប្រឆាំងនឹងរដ្ឋាភិបាលដ៏ស្រួចស្រាវនេះ ជារឿងប្រជែងការងាររបស់មន្ត្រីខាងកិច្ចការបរទេសនៅកម្ពុជា។
លោក ស៊ុត ឌីណា ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ឬប្រមាណជា ២.៥០០ដុល្លារអាមេរិក ពីបទរំលោភអំណាច និងបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ ។
នៅមុនការកាត់ទោស លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ពីបទប្រព្រឹត្តអំពើពុករលួយ ដោយអង្គភាពនេះ បានអះអាងថា អតីតឯកអគ្គរាជទូតរូបនេះមានលុយជាង៧លានដុល្លារ និងមាសជាង ១២គីឡូក្រាម ក្នុងអំឡុងពេលលោកបំពេញការងារទូតបានមិនដល់បីឆ្នាំ។
នៅថ្ងៃព្រហស្បតិ៍ដដែលនេះ រដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពេលលោក ហេង សំរិន បានបញ្ចប់ការពិភាក្សាជាមួយឯកអគ្គរាជទូតចំនួនប្រាំមួយរូប ដែលទើបត្រូវបានតែងតាំងថ្មីនេះ។
សេចក្តីប្រកាសព័ត៌មាននោះបានដកស្រង់សម្តីរបស់លោក ហេង សំរិន ក្នុងន័យដើមថា៖
«ចាប់ពីពេលនេះតទៅ ឯកឧត្តម លោកជំទាវ គឺជាឥស្សរជនជាន់ខ្ពស់ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅបរទេស ដូច្នេះហើយតួនាទីរបស់ឯកឧត្តម លោកជំទាវ ទាំងអស់មានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់យើង ទំាងវិស័យនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ជាដើម»។
ជំនួបពិភាក្សារវាង លោក ហេង សំរិន ប្រធានរដ្ឋសភា និងឯកអគ្គរាជទូតដែលទើបត្រូវបានតែងតាំងថ្មីដើម្បីទៅបំពេញការងារទូតនៅក្នុងប្រទេសក្នុងតំបន់អាស៊ី និងបច្ចឹមប្រទេស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោក ហេង សំរិន បានស្នើឲ្យឯកអគ្គរាជទូតទាំងអស់បំពេញការងារទូត ដើម្បីផលប្រយោជន៍ជាតិជាធំ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរជាធំ។ លោកមានប្រសាសន៍ថា ឯកអគ្គរាជទូតត្រូវស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងប្រកបអាជីវកម្ម ឬធ្វើការងារនៅក្រៅប្រទេស ដែលខ្លួនបានទទួលជាតំណាង ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
លោក ហេង សំរិន ក៏បានលើកទឹកចិត្តឲ្យឯកអគ្គរាជទូតទាំងអស់នោះ បង្កើនការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ មកប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។
ក្នុងចំណោមឯកអគ្គរាជទូតចំនួនប្រាំពីររូបនោះ ក៏មានលោក ឡុង វិសាលោ អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។
លោកជាឪពុកលោក ឡុង ឌីម៉ង់ អតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងឲ្យកាន់ការងារទូតជំនួសលោក ស៊ុត ឌីណា នៅប្រទេសកូរ៉េខាងត្បូង។ ឯកអគ្គរាជទូតដែលទើបត្រូវបានតែងតាំងផ្សេងទៀត នឹងត្រូវទៅបំពេញការងារទូតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសាធារណរដ្ឋសិង្ហបុរី។ លោក ឡុង វិសាលោ មិនមានវត្តមានក្នុងជំនួបជាមួយលោក ហេង សំរិន នោះទេ៕