ក្រុមអ្នកជំនាញមកពីស្ថាប័នស្រាវជ្រាវមួយចំនួននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានទទូចដល់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ឲ្យបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ាន។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ភោធរបាយការណ៍ថ្មីមួយស្ដីពីអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីអបអរសាទរខួបទី៥០នៃកំណើតអាស៊ាន និងខួបទី៤០នៃភាពជាដៃគូររវាងសហរដ្ឋអាមេរិកនិងអាស៊ាន ដែលប្រារព្ធធ្វើនៅវិមានសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែឧសភានេះ។
អ្នកជំនាញក្នុងកិច្ចពិភាក្សាអំពីខួប៤០ឆ្នាំនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅមណ្ឌលបដិសណ្ឋារកិច្ចក្នុងវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ២០១៧។ (សឿន វឌ្ឍនា/VOA)
លោកបណ្ឌិត Satu Limaye គឺជានាយកមជ្ឈមណ្ឌល East West Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«មាននិស្សិតរាប់ម៉ឺននាក់មកពីតំបន់អាស៊ីអាគ្នេយ៍មកសិក្សានៅសហរដ្ឋអាមេរិក ហើយទឹកប្រាក់រាប់លានដុល្លារបានមកពីអ្នកទេសចរណ៍មកពីតំបន់អាស៊ីអាគ្នេយ៍។ អាស៊ីអាគ្នេយ៍ក៏ជាទីតាំងនៃសម្ព័ន្ធមិត្តពីរក្នុងសិទ្ធិសញ្ញារបស់យើងដែរ បើនិយាយពីបញ្ហាសន្តិសុខ។ យើងមានភាពជាដៃគូសំខាន់ជាមួយប្រទេសឥណ្ឌូណេស៊ី និងវៀតណាម ហើយនឹងប្រទេសដទៃទៀតនៅក្នុងតំបន់នោះ»។
អាស៊ាន មានប្រជាពលរដ្ឋជាង៦០០លាននាក់ និងមានសេដ្ឋកិច្ចរួមធំជាងគេបង្អស់ទី៥លើពិភពលោក បន្ទាប់ពីអាមេរិក ចិន ជប៉ុន និង សហភាពអឺរ៉ុប។ ផលិតផលសរុបក្នុងស្រុករួមឬ GDP របស់អាស៊ានដែលមានសមាជិក១០ប្រទេសនេះ គឺមានជាង២លានលានដុល្លារអាមេរិក។
លោក Alex Feldman គឺជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក-អាស៊ាន។
«អាស៊ាន កាន់តែមានសារសំខាន់សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំនួញរបស់អាមេរិក។ វាជាតំបន់ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក ហើយក៏ជាតំបន់ដែលមានពលរដ្ឋវ័យក្មេងច្រើនជាងគេបំផុតមួយក្នុងពិភពលោកដែរ។ យុវជនទាំងនោះ ក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរបៀបមួយ ដែលឳពុកម្តាយរបស់ពួកគេ មិនដែលប្រើ»។
ការជំរុញរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាននេះ កើតឡើង ក្រោយពីមានការព្រួយបារម្ភថា រដ្ឋការថ្មីរបស់លោកត្រាំ អាចនឹងងាកចេញពីតំបន់អាស៊ីអាគ្នេយ៍ ហើយផ្ដោតខ្លាំង ទៅលើតំបន់ផ្សេងវិញ។
លោក Brian Eyler នាយកផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅឯមជ្ឈមណ្ឌល Stimson ក្នុងកម្មវិធីខួប ៤០ ឆ្នាំនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
ប៉ុន្តែ អ្នកជំនាញទាំងនេះ លើកឡើងថា ការបន្តពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាននេះ នឹងផ្ដល់ផលប្រយោជន៍ធំធេងដល់ភាគីទាំងពីរ។
លោក Brian Eyler គឺជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
«យើងលើកយកប្រទេសកម្ពុជា ជាឧទាហរណ៍ស្រាប់។ មានឱកាសជាច្រើន សម្រាប់ឲ្យសហរដ្ឋអាមេរិកចូលប្រឡូកក្នុងតំបន់ ដូចជារឿងទឹកទន្លេមេគង្គ និងបញ្ហាជលផលជាដើម។ ក្រុមវិស្វករអាមេរិក មានភាពប៉ិនប្រសព្វខ្លាំងណាស់ក្នុងការគ្រប់គ្រងវិស័យជលផលនិងផ្លូវទឹក ហើយគេអាចទាញយកផលប្រយោជន៍ជាច្រើនទៀតពីធនធានធម្មជាតិនៅក្នុងតំបន់ដទៃទៀតរបស់អាស៊ានបានផងដែរ»។
មន្ត្រីការទូតជាន់ខ្ពស់មួយចំនួននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏បានយល់ស្របដូចគ្នានេះដែរ។ លោក Budi Bowoleksono គឺជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន។
«ទំនាក់ទំនងនេះ ពិតជាបម្រើផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសជាតិយើងគឺអាស៊ាននិងអាមេរិក ហើយពិតណាស់ ទំនាក់ទំនងនេះ គឺដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិយើងទាំងពីរ»។
លោក ជុំ ប៊ុនរ៉ុង គឺជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ក៏បានថ្លែងប្រាប់វីអូអេដែរថា ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរ រួមទាំងផ្នែកពាណិជ្ជកម្មនិងទេសចរណ៍ជាដើម។
មន្ត្រីរដ្ឋាភិបាលអាមេរិក អះអាងថា រដ្ឋការថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានព្រងើយកន្តើយចំពោះតំបន់អាស៊ីអាគ្នេយ៍នោះទេ។
លោកស្រី Patricia Mahoney ឧបការីរងស្ដីទីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ក្នុងកម្មវិធីខួប ៤០ ឆ្នាំនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។
អ្នកស្រី Patricia Mahoney គឺជាឧបការីរងស្ដីទី ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងការបរទេសអាមេរិក។ អ្នកស្រីថ្លែងថា មន្ត្រីជាន់ខ្ពស់អាមេរិកក្នុងរដ្ឋបាលថ្មីនេះ ក៏បានចូលប្រឡូកជាមួយតំបន់អាស៊ានជាហូរហែ រួមទាំងដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតីអាមេរិកលោក Mike Pence ទៅកាន់ប្រទេសឥណ្ឌូណេស៊ី កាលពីខែមុន ដែលនៅទីនោះ លោកបានជួបជាមួយនឹងអគ្គលេខាធិការអាស៊ានផងដែរ។
«យើងរំភើបណាស់ដែលបានធ្វើការជាមួយគ្នា ហើយបន្តធ្វើការជាមួយគ្នាទៀតក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ដើម្បីជំរុញទស្សនវិស័យរបស់យើងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ នីតិរដ្ឋ និងការការពារហើយនឹងលើកកម្ពស់សិទ្ធិមនុស្សនិងសេរីភាពជាសារវន្ត»។
សហរដ្ឋអាមេរិក និងអាស៊ាន បានបង្កើនទំនាក់ទំនងទ្វេភាគីដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៥ ហើយសហរដ្ឋអាមេរិក ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលដែលដឹកនាំដោយអាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ា ហើយនិងវេទិកាតំបន់អាស៊ានជាដើម។
ប៉ុន្តែ ឧត្ដមសេនីយ៍ឯក លោក Wallace Gregson អតីតឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខអាស៊ី ប៉ាស៊ីហ្វិក បានថ្លែងថា អាមេរិក គួរតែពង្រឹងការផ្ដោតទៅលើតំបន់អាស៊ីអាគ្នេយ៍បន្ថែមទៀត។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅក្នុងប្រទេសហ្វីលីពីន និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសវៀតណាម នៅខែវិច្ឆិកាខាងមុខនេះ៕