សាច់ញាតិសកម្មជនបរិស្ថានលើកឡើងថា មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់មិនអនុញ្ញាតឱ្យក្រុមគ្រួសារយកសៀវភៅ និងប៊ិកឱ្យកញ្ញា ភួន កែវរស្មី ដើម្បីប្រើប្រាស់ក្នុងពន្ធនាគារ។
កញ្ញា ភួន កែវរស្មី គឺជាសកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិម្នាក់ក្នុងចំណោម ១០ នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំពីបទ«ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់» កាលពីខែកក្កដា ឆ្នាំ ២០២៤ ដោយក្នុងនោះ មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារចំនួន ៥ ខុសៗគ្នា ដោយកញ្ញា ភួន កែវរស្មី ត្រូវឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់។
បងប្រុសរបស់កញ្ញា ភួន កែវរស្មី គឺលោក ភួន ពុទ្ធារិទ្ធ អាយុ៣២ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បន្ទាប់ពីប្អូនស្រីរបស់លោកជាប់ពន្ធនាគារតាំងពីដើមខែកក្កដាមក មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់អនុញ្ញាតឱ្យក្រុមគ្រួសារយកសម្ភារៈហូបចុកផ្សេងៗឱ្យរស្មីបាន ប៉ុន្តែមិនអនុញ្ញាតឱ្យផ្តល់សម្ភារៈដូចជាសៀវភៅ ប៊ិក ឬខ្មៅដៃ។
លោកប្រាប់វីអូអេថា៖ «សម្ភារៈផ្សេងៗបានទាំងអស់ លើកលែងតែសៀវភៅសរសេរ ខ្មៅដៃ ប៊ិក សូម្បីតែគូល័រសម្រាប់ផាត់។ ខ្ញុំទិញសៀវភៅសម្រាប់ផាត់ពណ៌អីអ៊ីចឹង។ អ៊ីចឹងយើងយកគូល័រទៀន គូល័រអីផ្សេងៗ កុំឱ្យគាត់ Stress [តានតឹង] ហ្នឹង ក៏គេអត់[យកចូលឱ្យរស្មីដែរ]។ និយាយទៅ អ្វីដែលអាចគូសបាន»។
លោកបន្ថែមថា រហូតមកដល់ពេលនេះ មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់នៅតែមិនអនុញ្ញាតឱ្យក្រុមគ្រួសារយកសម្ភារៈដែលអាចសរសេរ ឬគូសវាសទាំងនោះឱ្យរស្មីដដែល។
លោកបន្ថែមថា៖ «គឺគេនៅតែអត់ឱ្យយកចូលអ៊ីចឹង។ និយាយទៅ គេអត់មានហាមអីទេ។ គេឱ្យយើងយកមកវិញ»។
លោក ភួន ពុទ្ធារិទ្ធ បន្ថែមថា កញ្ញា ភួន កែវរស្មី បានផ្តាំលោកឱ្យសំណូមពរទៅអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ និងស្ថានទូតដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ចុះទៅសួរសុខទុក្ខនាង និងសកម្មជនផ្សេងទៀត ដើម្បីដឹងអំពីស្ថានភាពរស់នៅជាក់ស្តែងក្នុងពន្ធនាគារ និងដើម្បីឱ្យមន្ត្រីពន្ធនាគារផ្តល់សិទ្ធិពេញលេញដល់ពួកគេ។
លោក ភួន ពុទ្ធារិទ្ធ ក៏បានសំណូមពរទៅតុលាការឱ្យដោះលែងប្អូនស្រីរបស់លោកឱ្យមានសេរីភាព ព្រោះលោកថា កញ្ញា ភួន កែវរស្មី មិនបានប្រព្រឹត្តខុសច្បាប់ឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី សំអុល ប្រធានពន្ធនាគារខេត្ដពោធិ៍សាត់បាននៅឡើយទេ។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់វីអូអេថា ពន្ធនាគារមិនមានបទបញ្ជាផ្ទៃក្នុងហាមឃាត់សម្ភារៈទាំងនោះទេ។ ប៉ុន្តែលោកថា ករណីមួយនេះ លោកមិនទាន់ដឹងច្បាស់នៅឡើយទេ។
លោកប្រាប់វីអូអេថា៖ «បទបញ្ជាផ្ទៃក្នុង[របស់]យើង គឺយើងអត់ហាមទេ របស់អស់ហ្នឹង»។
លោក នុត សវនា បន្ថែមថា ការយកប៊ិក ឬក្រដាស ផ្តល់ឱ្យសាច់ញាតិជាប់ឃុំ ហាក់បីដូចជាចម្លែក ទើបមន្ត្រីពន្ធនាគារយល់ថា មិនចាំបាច់ ក៏ប្រគល់សម្ភារៈទាំងនោះឱ្យក្រុមគ្រួសារវិញ។
លោកបន្តថា៖ «ធម្មតាបើយើងយកពីក្រៅមក បើម្ហូបអាហារ ឬថ្នាំសង្កូវ យើងអនុញ្ញាត។ ប៉ុន្តែប៊ិក ក្រដាសអី ដូចជាចម្លែក អ៊ីចឹងទៅប្រហែលជាមន្ត្រី គាត់គិតថា វាមិនចាំបាច់ អ៊ីចឹងគាត់ប្រគល់ឱ្យវិញទៅ»។
រូបឯកសារ៖ ក្រុមសកម្មជនចលនាមាតាធម្មជាតិអង្គុយរងចាំការប្រកាសសាលក្រមនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា ភួន កែវរស្មី ក៏ជាសកម្មជនបរិស្ថានម្នាក់របស់ចលនាមាតាធម្មជាតិចំនួន ៥នាក់ផ្សេងទៀតដែលធ្លាប់ជាប់ឃុំកាលពីដើមឆ្នាំ ២០២១។ ក្រោយចេញពីពន្ធនាគារ ពួកគេបានសរសេរសៀវភៅរួមគ្នាមួយក្បាលមានចំណងជើងថា«មនុស្សដែលគេយកទៅកែប្រែ»។ សៀវភៅកម្រាស់ជាង ៣០០ទំព័រ នេះបង្ហាញអំពីរឿងរ៉ាវនៃការចាប់ខ្លួន និងបទពិសោធន៍របស់ពួកគេពេលស្ថិតក្នុងពន្ធនាគារ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ប្រសិនបើមន្ត្រីពន្ធនាគារហាមឃាត់មិនឱ្យយកសម្ភារៈសិក្សា ដូចជាសៀវភៅ ប៊ិក ទៅឱ្យអ្នកជាប់ឃុំក្នុងពន្ធនាគារ នោះគឺការរំលោភសិទ្ធិរបស់អ្នកជាប់ឃុំ ដោយសារពួកគេក៏មានសិទ្ធិរៀនសូត្រដូចមនុស្សទូទៅដែរ។ លោកថា ករណីបែបនេះមិនគួរឱ្យកើតមាននោះទេ។
លោកប្រាប់វីអូអេថា៖ «សិទ្ធិអ្នកជាប់ឃុំ គឺគាត់អស់សិទ្ធិតែមួយទេ គឺសិទ្ធិដែលតុលាការត្រូវបានដកហូត ជាពិសេសសិទ្ធិសេរីភាពក្នុងការដើរហើរ។ អ៊ីចឹងសិទ្ធិសេរីភាពដែលគ្មានការដកហូតដោយតុលាការ គឺគាត់មានសិទ្ធិដូចពលរដ្ឋដទៃទៀតដែរ»។
សកម្មជនចលនាមាតាធម្មជាតិផ្សេងទៀតដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារផ្សេងៗគ្នា រួមមានលោក ថុន រដ្ឋា ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ក្នុងខេត្តត្បូងឃ្មុំ លោក លី ចាន់ដារ៉ាវុត ជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល លោក យីម លាងហ៊ី ជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ និងកញ្ញា ឡុង គន្ធា ជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ។
អង្គការលីកាដូ បានចាត់ទុកថា ការបញ្ជូនខ្លួនពួកគេទៅកាន់ពន្ធនាគារឆ្ងាយពីក្រុមគ្រួសារ និងមេធាវីបែបនេះជាការរំលោភបំពានសិទិ្ធជនជាប់ឃុំ។ នេះបើតាមការចេញផ្សាយលើគេហទំព័ររបស់អង្គការនេះ កាលពីថ្ងៃទី ៣ ខែកក្កដា។
គិតចាប់ពីថ្ងៃចាប់ខ្លួន សកម្មជនបរិស្ថានទាំងនោះជាប់ឃុំក្នុងពន្ធនាគារអស់ជាង២ខែមកហើយ ខណៈក្រុមគ្រួសាររបស់ពួកគេទទូចឱ្យមានការដោះលែង និងស្នើឱ្យផ្ទេរសាច់ញាតិមកពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែ ម២ វិញ ដើម្បីងាយស្រួលសួរសុខទុក្ខ។
អ្នកស្រី គង់ ម៉ានិត ម្ដាយរបស់កញ្ញា ភួន កែវរស្មី ប្រាប់វីអូអេថា៖ «សង្ឃឹមថា គេប្តូរទីតាំងឱ្យគាត់មកនៅភ្នំពេញវិញជិតបងប្អូន ជិតសាច់ញាតិ ជិតមិត្តភ័ក្ត្រ ស្រួលគេទៅសួរសុខទុក្ខ ទិញរបស់របរឱ្យញាំ»។
អ្នកស្រី នៅតែចាត់ទុកថា សកម្មភាពរបស់កូនស្រីដែលការពារបរិស្ថានគឺជារឿងត្រឹមត្រូវ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថា គាត់ធ្វើត្រូវ។ គាត់ធ្វើការងារសង្គម។ គាត់ស្រឡាញ់សង្គម ស្រឡាញ់ការងារបរិស្ថាន។ ខ្ញុំជាម្តាយ ក៏ខ្ញុំគាំទ្រកូនដែរ។ កូនធ្វើល្អ ខ្ញុំក៏គាំទ្រអំពើល្អរបស់គាត់ ។ បើគាត់ធ្វើខុសក៏ខ្ញុំមិនឯកភាព»។
ចំណែកអ្នកស្រី ប៉ាត់ រស្មី ភរិយារបស់លោក ថុន រដ្ឋា ក៏ចង់ឱ្យមានការផ្លាស់ប្តូរស្វាមីរបស់អ្នកស្រី ដែលត្រូវបានឃុំនៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ខេត្តត្បូងឃ្មុំ មកឃុំនៅពន្ធនាគារព្រៃសវិញដែរ។
អ្នកស្រីប្រាប់វីអូអេថា៖ «បើទោះបីជានៅត្រពាំងផ្លុងមានបរិយាកាសល្អក៏ពិតមែនល្អជាងនៅភ្នំពេញ ក៏ប៉ុន្តែខ្ញុំក៏ចង់ឱ្យស្វាមីរបស់ខ្ញុំផ្លាស់មកនៅភ្នំពេញដែរ ព្រោះដើម្បីងាយស្រួលក្នុងការខ្ញុំទៅសួរសុខទុក្ខ ហើយគាត់ក៏មានភាពកក់ក្តៅដែរ នៅពេលប្រពន្ធបានទៅសួរសុខទុក្ខគាត់បានញឹកញាប់»។
ចំណែកភរិយារបស់លោក យីម លាងហ៊ី គឺអ្នកស្រី ហុក ស្រីម៉ៅ នៅតែទន្ទឹងរង់ចាំយុត្តិធម៌សម្រាប់សកម្មជនចលនាមាតាធម្មជាតិ។
អ្នកស្រី ហុក ស្រីម៉ៅ ប្រាប់វីអូអេថា៖ «មែនទែនទៅ ខ្ញុំចង់ឃើញយុត្តិធម៌សម្រាប់ពួកគាត់។បើត្រឹមនេះ ចង់និយាយថា តុលាការកាត់សេចក្តីត្រឹមនេះ អត់ទាន់បានយុត្តិធម៌ អ៊ីចឹងខ្ញុំនៅតែទាមទារចង់បានយុត្តិធម៌សម្រាប់ពួកគាត់ ទាំង៤ ទាំង៥នាក់ហ្នឹង»។
លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា ការផ្ទេរអ្នកជាប់ឃុំទៅទីតាំងផ្សេងបាន លុះត្រាតែមេធាវីការពារក្តីស្នើសុំការអនុញ្ញាតពីចៅក្រមស៊ើបសួរ៕