ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិបានចោទប្រកាន់ពីការជ្រៀតជ្រែកផ្នែកនយោបាយ និងការជំទាស់របស់មេដឹកនាំខ្មែរលោក ហ៊ុន សែន ថា មានឥទ្ធិពលទៅនឹងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៃសំណុំរឿងបន្ថែម នៅពេលដែលសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិ មានការខ្វែងគំនិតគ្នាលើការសម្រេចថា តើជនជាប់ចោទក្នុងសំណុំរឿង០០៤ម្នាក់ស្ថិតក្រោមយុត្តាធិការសាលាក្តី ឬជាជនដែលគួរនាំយកមកជំនុំជម្រះទោស ឬយ៉ាងណានោះ។
សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមភាគីកម្ពុជា និងភាគីអ.ស.ប មានការខ្វែង គំនិតគ្នាជារឿយៗតាមការបកស្រាយច្បាប់រៀងៗខ្លួន ដែលនេះជាដំណើរការស្របនឹងច្បាប់ដែលបានចែងផងដែរ។ តែចុងក្រោយនេះ ការកំណត់ថាតើអ្នកស្រី អ៊ឹម ចែម ជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះ ហើយជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០៤ នោះ គួរស្ថិតក្នុងយុត្តាធិការរបស់សាលាក្តី ដែលច្បាប់បានចែងថាកាត់ទោសតែជនជាប់ចោទពីរជំពូកគឺ «មេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត» យ៉ាងណាគឺជាការខ្វែងគំនិតគ្នាចុងក្រោយ។
អ្នកស្រី អ៊ឹម ចែម អតីតគណៈស្រុកព្រះនេត្យព្រះក្នុងរបបខ្មែរក្រហម និយាយជាមួយនឹងអ្នកយកព័ត៌មានរបស់វីអូអេខ្មែរលោក សុខ ខេមរា នៅគេហដ្ឋានរបស់អ្នកស្រី នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)
សហព្រះរាជអាជ្ញាជាតិបានចាត់ទុកថា អ្នកស្រី អ៊ឹម ចែម មិនស្ថិតក្នុងយុត្តាធិការទាំងពីរនេះទេ ដែលអំណះអំណាងនេះគឺទំនងជាអាចត្រូវរួចផុតពីការចោទប្រកាន់ទោស ឬនិរទោស ហើយក៏ស្របគ្នានឹងគោលជំហររដ្ឋាភិបាល ដែលមិនចង់បានការកាត់ទោសមេដឹកនាំខ្មែរក្រហមបន្ថែមទៀត។
តែសម្រាប់ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមមួយចំនួន បានចាត់ទុកថានេះជាឥទ្ធិពលនៃការជ្រៀតជ្រែកផ្នែកនយោបាយ។
លោក Phil Robertson នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំ តំបន់អាស៊ី បានថ្លែងប្រាប់ VOA ដោយកត់សម្គាល់ពីការខ្វែងគំនិតគ្នាទៅលើសំណុំរឿង ដែលប្រមុខដឹកនាំរដ្ឋាភិបាលមិនចង់ឲ្យដំណើរការទៅមុខ។
«វាច្បាស់ណាស់ថា មានការខ្វែងគំនិតគ្នាបន្តកើតឡើងរវាងព្រះរាជអាជ្ញាជាតិ និងអន្តរជាតិក្នុងសាលាក្តីកាត់ទោសខ្មែរក្រហម។ ហើយយើងមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រៀតជ្រែកចូលក្នុងតុលាការខ្មែរក្រហម ហើយបានណែនាំដល់បុគ្គលិកជាតិមិនឲ្យដំណើរការរាល់សំណុំរឿងទាំងឡាយណាក្រៅពីសំណុំរឿង០០១ និង០០២។ លោកអ្នកដឹងទេថា រឿងនេះបានបង្កឲ្យមានបញ្ហាជាមូលដ្ឋានចំពោះឯករាជ្យភាពរបស់សហព្រះរាជអាជ្ញា ហើយជារឿងគួរឲ្យសោកស្តាយនោះ ខ្ញុំគិតថា វាជាការសម្រេចចិត្តបែបនយោបាយ ជាងទៅលើអង្គហេតុដែលយើងឃើញថា ការជំទាស់ដែលថា សហព្រះរាជអាជ្ញាកម្ពុជាមិនចាត់ការដើម្បីដំណើរការទៅមុខចំពោះសំណុំរឿងទាំងនោះទេ»។
សហព្រះរាជអាជ្ញាជាតិ ចង់ឃើញការវិនិច្ឆ័យទោសទៅលើជនទាំងពីរប្រភេទ ដែល មានចែងក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា និងអ.ស.ប នៅពេលចរចាបង្កើតតុលាការដោយផ្អែកលើការបង្រួបបង្រួមជាតិ ស្ថិរភាព សន្តិភាព និងសន្តិសុខនោះ។ ហើយថា អ្នកស្រី អ៊ឹម ចែម មិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម អ.វ.ត.ក ដែលត្រូវយកមកធ្វើការកាត់ទោសឡើយ។
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិលើកទីមួយស្ដីអំពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ជាសាធារណៈ និងជាច្រើន លើកកាលពីឆ្នាំថ្មីៗថា លោកមិនយល់ព្រមឲ្យកាត់ទោសសំណុំរឿងណាផ្សេងក្រៅពីមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០១ និង០០២ ដែលមានមេដឹកនាំខ្មែរក្រហមតែ៣នាក់ គឺ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋ ហើយនឹងកាំង ហ្គេកអ៊ាវ ហៅ ឌុច នោះទេ។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា លោកសុខចិត្តឲ្យតុលាការរលាយ ហើយមិនចង់បាត់បង់សន្តិភាពដែលកម្ពុជារកបានដោយលំបាក និងបង្កសង្គ្រាមស៊ីវិលវិញនោះទេ។ អត្តាធិប្បាយនាយករដ្ឋមន្ត្រីមិនត្រូវគេជឿទូលំទូលាយទេ។
តែសម្រាប់សហព្រះរាជអាជ្ញាអន្តរជាតិបានសន្និដ្ឋានក្នុងសេចក្តីប្រកាសព័ត៌មាន របស់តុលាការទៅតាមភស្តុតាងថា អ្នកស្រី អ៊ឹម ចែម ដែលជាអតីតអ្នកដឹកនាំថ្នាក់ ស្រុក និងថ្នាក់តំបន់ទាំងនៅភូមិភាគនិរតី និងភូមិភាគពាយព្យចូលក្នុងចំណោម «អ្នកទទួលខុសត្រូវខ្ពស់បំផុត» ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃកម្ពុជាប្រជាធិបតេយ្យ។
អ្នកស្រីបានគ្រប់គ្រងលើកម្លាំងប្រដាប់អាវុធជាច្រើននាក់ និងលើជីវិតប្រជាជនស៊ីវិលជាច្រើនម៉ឺននាក់ អ្នកស្រី អ៊ឹម ចែម ត្រូវសហព្រះរាជអាជ្ញាបរទេសសន្និដ្ឋានថា ដើរតួសំខាន់ក្នុងការចូលរួមប្រព្រឹត្តឧក្រិដ្ឋកម្ម ដែលបណ្តាលឲ្យមានការស្លាប់អស់ជាច្រើនពាន់នាក់ ដែលទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមានការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម នឹងអំពើអមនុស្សធម៌ផ្សេងៗទៀត ដូចជាការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការបាត់ខ្លួនដោយបង្ខំ និងការឃុំឃាំងក្នុងលក្ខខណ្ឌអមនុស្សធម៌ ក៏ដូចជាឧក្រិដ្ឋកម្មសង្គ្រាម ដែលរួមមានអំពើមនុស្សឃាតដោយចេតនា ការធ្វើបាបអមនុស្សធម៌ ការដកហូតដោយចេតនាពីជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ទោសដោយយុត្តិធម៌ និងទៀងទាត់ ហើយនឹងការឃុំខ្លួនដោយខុសច្បាប់។ តែក្នុងបទសម្ភាសន៍ជាមួយ VOA ផ្តាច់មុខឆ្នាំថ្មីៗនេះ អ្នកស្រី អ៊ឹម ចែម បានបដិសេធ ហើយថា បទចោទប្រកាន់របស់តុលាការគឺជារឿងមិនពិតនោះទេ ដែលអ្នកស្រីថា គ្មានហេតុផលអ្វីដែលតម្រូវឲ្យអ្នកស្រីទៅតតាំងជាមួយតុលាការដែរ។
សាស្ត្រាចារ្យច្បាប់អាមេរិកាំង គឺលោក Peter Maguire ដែលជាអ្នកនិពន្ធសៀវភៅ Facing Death in Cambodia ឬ ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា បាននិយាយថា លោកនៅតែមិនមានជំនឿថា នឹងមានការកាត់ទោសបន្ថែមដោយសារថានេះជាកិច្ច ព្រមព្រៀងតាំងពីដំបូងរវាងកម្ពុជានិងអ.ស.ប ហើយលោកនាយករដ្ឋមន្ត្រីបានជំទាស់អំពីរឿងនេះ។
រូបឯកសារ៖ លោក Peter Maguire ជាអ្នកនិពន្ធ និងអ្នកជំនាញខាងប្រវត្តិសាស្ត្រខ្មែរក្រហម ឋិតនៅការិយាល័យវីអូអេខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA Khmer)
«បាទ នឹងគ្មានការកាត់ទោសអ្នកស្រី អ៊ឹម ចែម ទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាក់ច្បាស់ត្រឹមត្រូវល្អណាស់ មុនពេលតុលាការនេះចាប់ផ្តើមកាត់ទោសទៅ ទៀតថា នឹងមានការកម្រិតវិសាលភាពនៃការកាត់ទោស និងកំណត់ទៅតាមអ្វី ដែលលោក ហ៊ុន សែន គិតថាជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីការចុះចូលរបស់ចលនាផ្តាច់ខ្លួនដឹកនាំដោយអៀង សារី។ ហេតុផលសំខាន់មួយ ដែលមានក្រុមខ្មែរក្រហមចុះចូលជាមួយរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធានាដល់ពួកគេថា លោកនឹងមិនស្វែងរកការកាត់ទោសពួកខ្មែរក្រហមទេ»។
ក្រុមអ្នកឃ្លាំមើលបាននិយាយថា នីតិវិធីតុលាការនឹងអូសបន្លាយពេលវែងឆ្ងាយតទៅ ទៀត គឺអាស្រ័យលើការសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ហើយបើខ្វែងគំនិត គ្នាទៀតសំណុំរឿងអ្នកស្រី អ៊ឹម ចែម ដែលគេស្គាល់ថាជាសំណុំរឿង០០៤ វគ្គ១នេះ នឹងឡើងដល់អង្គបុរេ ដែលមានចៅក្រមខ្មែរគ្រប់គ្រងមតិភាគច្រើន។ តែទីបំផុតទោះជាសហចៅក្រមខ្មែរមិនអាចរារាំងនីតិវិធីបានមែនក្តីក្នុងការដំណើរការទៅមុខ តែការ សហការរឿងការចាប់ខ្លួនពីភាគីកម្ពុជា និងការកោះឲ្យមានការជំនុំជម្រះដោយប្រធានអង្គជំនុំជម្រះដែលភាគីកម្ពុជាជាប្រធាននោះទំនងជាមិនអាចកោះនិងបើកសវនាការបានដែរ ក្រោយពេលការដេញដោលជាច្រើនខែ ឬដល់ជាច្រើនឆ្នាំទៅមុខទៀតនោះ។
បញ្ហានេះនឹងធ្វើឲ្យមានការមិនសប្បាយចិត្តពីភាគីមួយចំនួន ជាពិសេសជនរងគ្រោះ។ បើតាមលោក ឡាត់ គី មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលឃ្លាំមើលដំណើរការកាត់ទោសខ្មែរក្រហមបានប្រាប់ VOA ថា ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងដើមបណ្ដឹងរដ្ឋប្បវេណី ចង់បានការកំណត់វិសាលភាពនៃការនាំយកជនដែលត្រូវបានចោទប្រកាន់មកផ្ដល់ចម្លើយដើម្បីបញ្ជាក់ការពិត និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះចំនួនប្រមាណ១,៧លាននាក់ដែលបានបាត់បង់ជីវិតនៅក្នុងរបបនោះ។
«ពួកគាត់ ក៏ដូចជាខ្ញុំបាទផ្ទាល់ដែរ គឺយើងឯកភាពថា ស្នើសុំឲ្យតុលាការនេះធ្វើការនាជនទាំងឡាយណា ដែលស្ថិតនៅក្នុងការទទួលខុសត្រូវជាន់ខ្ពស់ ដើម្បីមកប្រឈម មុខនៅចំពោះតុលាការ។ អញ្ចឹងទាំងសំណុំរឿង០៣ក្ដី ទាំងសំណុំរឿង០៤ក្តី គួរតែជំរុញរឿងហ្នឹងឲ្យបានធ្វើការជំនុំជម្រះ ដើម្បីឲ្យឆ្លើយតបអ្វីដែលជនរងគ្រោះ គាត់ចង់បានយុត្តិធម៌ផងបាទ»។
លោក ឡាត់ គី ថ្លែងបន្ថែមថា ទំនាស់ក្នុងសង្គមដែលនាំទៅដល់ការធ្វើឲ្យខូចស្ថិរភាព និងសន្តិសុខ នឹងមិនអាចកើតមានឡើងនោះទេ នៅពេលដែលតុលាការខ្មែរក្រហម បន្តចាត់ការសំណុំរឿង០០៣ និងសំណុំរឿង០០៤ ដោយសារតែស្ថានភាពនយោបាយ នៅកម្ពុជា និងនៅក្នុងតំបន់មិនបានប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ។
ទោះជាធ្លាប់ប្រឈមមុខនឹងការខ្វះខាតថវិកាដោយសារមានការសង្ស័យរឿងអំពើពុករលួយ កាត់ប្រាក់ខែបុគ្គលិក សូកប៉ាន់ដល់មន្ត្រីតុលាការខ្មែរក្រហម ហើយនឹងមាន ការជ្រៀតជ្រែកផ្នែកនយោបាយ ដែលបង្កជាការខកចិត្តខ្លះពីម្ចាស់ជំនួយ ហើយបាន ធ្វើឲ្យមានការខ្វះថវិកាក្តី តែក្រុមប្រទេសផ្តល់ជំនួយ និងជាមិត្តរបស់តុលាការខ្មែរ ក្រហមបានផ្តល់ជំនួយដើម្បីទ្រទ្រង់តុលាការដែលត្រូវការទឹកប្រាក់ជាង៣០ ឬ៤០ លានក្នុងមួយឆ្នាំៗដើម្បីទ្រទ្រង់សាលាក្តីកាត់ទោសខ្មែរក្រហមនេះ។
រូបឯកសារ៖ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃ Human Rights Watch ក្នុងពេលផ្ដល់បទសម្ភាស កាលពីខែកញ្ញា ជាមួយVOA នៅទីក្រុងបាងកកនៃប្រទេសថៃ។ (អូន ឆេងប៉រ/VOA)
លោក Phil Robertson នៃអង្គការ Human Rights Watch បានថ្លែងថា ក្រុមប្រទេស ផ្តល់ជំនួយដល់សាលាក្តីដើម្បីស្វែងរកយុត្តិធម៌នោះគួរសួរសំណួរលំបាកៗដល់ រដ្ឋាភិបាលថា ហេតុអ្វីបានជាបង្កើតគោលនយោបាយមិនកាត់ទោសដល់ជនជាប់ចោទនៃសំណុំរឿងដែលភាគីអន្តរជាតិបានចោទប្រកាន់។
«លោកអ្នកដឹងទេ មើលទៅទំនងជារដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមបំផ្លាញការកាត់ ទោសបន្តក្នុងតុលាការកាត់ទោសខ្មែរក្រហម។ ខ្ញុំគិតថា ប្រទេសផ្តល់ជំនួយដែលគាំទ្រសាលាក្តីនេះត្រូវតែមានក្តីបារម្ភចំពោះរឿងនេះ»។
សាស្ត្រាចារ្យច្បាប់អាមេរិកាំង លោក Peter Maguire បានថ្លែងថា រដ្ឋាភិបាលនឹងមិន ខ្វល់ខ្វាយពីប្រទេសណាផ្សេងក្រៅពីប្រទេសចិន ដែលជាប្រទេសផ្តល់ជំនួយដល់កម្ពុជាដ៏ធំនោះទេ។
«ប្រទេសផ្តល់ជំនួយនឹងបញ្ចេញសម្លេងជាធម្មតា ហើយជប៉ុនជាដើមនឹងនៅតែសរសេរសែក គាំទ្រសាលាក្តីខ្មែរក្រហមជាធម្មតា។ តែមានតែប្រទេសផ្តល់ជំនួយតែមួយគត់ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខ្វាយខ្វល់នោះគឺប្រទេសចិន។ ហើយ ប្រទេសចិននឹងកោតសរសើរសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ដែលបញ្ឈប់ការកាត់ទោសនេះ មុនពេលដែលមានការចោទប្រកាន់ជាផ្លូវការចំពោះជនជាប់ចោទបន្ថែមទៀត»។
ប្រទេសចិនដែលធ្លាប់គាំទ្ររបបខ្មែរក្រហមម្តងកាលពីអតីតកាលធ្លាប់បានប្រកាសថា ចិនមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេទាក់ទងនឹងរឿងខ្មែរក្រហមនេះ។
ក្រុមអតីតទាហានខ្មែរក្រហមដែលរងគ្រោះដោយរបបខ្មែរក្រហមមួយចំនួនបានទទូចឲ្យមានការបញ្ឈប់ការជំនុំជម្រះទោសដែរ ហើយជំទាស់ទៅនឹងការស្វែងរកយុត្តិធម៌តាមច្បាប់ដែលបានកំណត់។ ពួកគេរំលឹកពីនយោបាយបង្រួបបង្រួមជាតិរបស់ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាប់ផ្តើមការទទួលការចុះចូលនៃកងទ័ពខ្មែរក្រហមដំបូងកាលពី២០ឆ្នាំមុនដើម្បីសន្តិភាព ហើយសន្យាថា មិនយកទោសពៃរ៍ដល់ក្រុមខ្មែរក្រហម។
រូបឯកសារ៖ ជនជាប់ចោទ ខៀវ សំផន និង នួន ជា ក្នុងសាលសវនាការមួយកាលពីឆ្នាំ២០១៣។ (រូបថតផ្តល់ឲ្យដោយ Mark Peters/ECCC)
សាលាក្តីខ្មែរក្រហមនៅមានជនជាប់ចោទ៤នាក់ ក្នុងសំណុំរឿង០០៤ គឺអ្នកស្រី អ៊ឹម ចែម តា ទិត ឬ យឹម ទិត និងតា អាន ឬ អាម អាន ដែលជាកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល។ ដោយឡែកសំណុំរឿង០០៣ មានជនជាប់ចោទម្នាក់គឺលោក មាស មុត ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម។ សាលាក្តីនេះកំពុងបន្តសំណុំ រឿង០០២ វគ្គ២ទៀតនាបច្ចុប្បន្ននេះទៅលើជនជាប់ចោទ ខៀវ សំផន និងនួន ជា ដែលត្រូវដាក់ទោសមួយជីវិតក្នុងពន្ធនាគារពីបទជម្លៀសប្រជាជនដោយបង្ខំ និងការសម្លាប់អ្នកសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់នោះ។
សាលាក្តីខ្មែរក្រហមបានចំណាយទឹកប្រាក់ប្រមាណ២៧០លានដុល្លារហើយតាំងពីឆ្នាំ២០០៦មក តែកាត់ទោសជនជាប់ចោទតែបីនាក់ប៉ុណ្ណោះឲ្យជាប់គុកអស់មួយជីវិត គឺកាំង ហ្គេកអ៊ាវ ហៅឌុច ដែលជាប្រធានគុកទទួលស្លែង ស២១ និងមេដឹកនាំកំពូលៗ ពីររូបដែលកំពុងរស់រានមានជីវិត គឺ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋពីបទដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើន ដែលធ្វើឲ្យពលរដ្ឋជាង១លាន៧សែននាក់បានស្លាប់បាត់បង់ជីវិតក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕