ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចច្រើនជាង៣០នាក់បានផើ្តមធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបន្ថែមទៀត ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទាមទារឲ្យដាក់អ្នកនយោបាយមានទោសនៅឲ្យឆ្ងាយពីប្រព័ន្ធនយោបាយកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
លោកឈាង វុន អ្នកនាំពាក្យរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថា ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចរបស់លោកហ៊ុន សែនច្រើនជាង៣០នាក់ បានស្នើជាបណ្តើរៗឲ្យមានវិសោធនកម្មបន្ថែមលើច្បាប់ស្តីពីគណបក្សនយោបាយនេះ។
«មិនមែន៣០ជាងទេ មានច្រើនជាងហ្នឹង! មិនមែនផ្តល់ការយល់ព្រមទេ គឺស្នើឲ្យមានវិសោធនកម្មច្បាប់ហ្នឹងណ៎ា»។
រូបឯកសារ៖ លោកឈាង វុន អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យតំណាងរាស្រ្តសភាគណបក្សប្រជាជនកម្ពុជា (ឡេង ឡែន/VOA)
VOA បានព្យាយាមសុំការយល់ឃើញរបស់លោកអំពើការស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសនេះ តែតំណាងរាស្ត្ររូបនេះបដិសេធមិនផ្តល់ការអធិប្បាយបន្ថែមទេ។
ការសម្រេចធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះធ្វើឡើងមិនបានប៉ុន្មានថ្ងៃផង ក្រោយពីការលើកឡើងរបស់លោកហ៊ុន សែន ប្រធានបក្សគ្រប់គ្រងប្រទេស។ ក្នុងថ្ងៃគម្រប់ខួបលើកទី ៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នាចុងខែមិថុនា លោកហ៊ុន សែន ដែលបានស្ថិតក្នុងអំណាចជាងបីទសវត្សរ៍ បានអំពាវនាវឲ្យក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាពិចារណាលើសំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងរាំងខ្ទប់អ្នកនយោបាយណា ដែលត្រូវបានតុលាការកាត់ទោសដើម្បីបញ្ចប់សកម្មភាពនយោបាយរបស់ពួកគេ។
នាថ្ងៃចន្ទនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក៏បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋសភាផងដែរថា ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចជាង៣០នាក់បានចុះហត្ថលេខាលើសេចក្តីស្នើវិសោធនកម្មបន្ថែមលើច្បាប់ស្តីពីគណបក្សនយោបាយនេះ ហើយថា សេចក្តីស្នើនេះត្រូវបានផ្ញើទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាតិដើម្បីត្រួតពិនិត្យ។
នៅពេលអ្នកយកព័ត៌មានសួរលោកថា តើហេតុអ្វីបានជាមានការព្យាយាមធ្វើច្បាប់ដាក់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ឲ្យឃ្លាតឆ្ងាយពីនយោបាយកម្ពុជា លោកសុខ ឥសានលើកឡើងថា លោកសម រង្ស៊ីមិនបានរួមចំណែកដល់ការជួយជាតិ ក្រៅតែពីការធ្វើឲ្យស្ថានការណ៍នយោបាយប្រទេសច្របូកច្របល់។
«នែ៎ ក្នុង២០ឆ្នាំជាងនៃការធ្វើនយោបាយ តើសម រង្ស៊ីធ្វើអីខ្លះសម្រាប់ប្រទេសជាតិ? បង្កអុកឡុករហូត! នែ៎ ហើយអាហ្នឹង ខ្ញុំយល់គាត់ជាប់ gene (ពូជ)បន្តពីឪពុកគាត់ ដែលឈ្មោះសម សារី ដែលជនក្បត់ជាតិនោះ។ នែ៎ ឥឡូវ gene (ពូជ)ក្បត់ជាតិហ្នឹងវាមកចូលសម រង្ស៊ី ដែលតពូជពង្សហ្នឹង ហើយអាហ្នឹងដូចជាពាក្យលោកថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ហ្នឹងឯង។ នែ៎មិនបាច់ឆ្ងល់ទេ»។
រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA Khmer អំពីលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ អណត្តិទី៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ, ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
កាលពីថ្ងៃទី២៨ ខែមិថុនា លោកហ៊ុន សែន ដែលបានធ្វើជាអធិបតីក្នុងពិធីប្រារព្ធខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារៀបចំធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយបន្ថែមទៀតដើម្បីបង្ខាំងអ្នកនយោបាយដែលមានទោស មិនឲ្យពាក់ព័ន្ធនឹងសកម្មភាពនយោបាយនៅកម្ពុជា។ លោកថ្លែងថា៖
«ហើយខ្ញុំក៏សុំយកឱកាសនេះដើម្បីបញ្ជាក់។ បើវាមិនច្បាស់ យើងត្រូវតែធ្វើឲ្យច្បាស់។ តើអ្នកទោសមានសិទ្ធិនឹងផ្សារភ្ជាប់ខ្លួនជាមួយនឹងគណបក្សនយោបាយឬទេ? ប្រសិនបើវាមិនគ្រប់គ្រាន់ យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀតអំពីគណបក្សនយោបាយ ដែលមិនតម្រូវ មុននេះ មិនតម្រូវឲ្យអ្នកទោស ទទួលតួនាទីជាមួយនឹងឋានៈណាមួយនៅក្នុងគណៈនាយក ឬប្រធានគណបក្សនោះទេ»។
ក្នុងថ្ងៃប្រារព្ធខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែនមិនបានបញ្ចេញឈ្មោះចំៗអ្នកនយោបាយណាដែលតុលាការរកឃើញថា មានទោស ហើយត្រូវតែរារាំងឲ្យបាន មិនឲ្យជននោះមានការពាក់ព័ន្ធនឹងសកម្មភាពនយោបាយនៅកម្ពុជាទេ តែអ្នកនយោបាយរូបនោះត្រូវគេដឹងថា គឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្នុងប្រទេសបារំាង។
ក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីដើមខែមិថុនា លោកសម រង្ស៊ី អតីតមេគណបក្សប្រឆាំងដ៏ធំមួយនេះ បានថ្លែងថា លោកហ៊ុន សែនភ័យខ្លាចវត្តមានរបស់លោក ដោយបានហាមឃាត់មិនឲ្យលោកធ្វើដំណើរមកជាន់ដីនៃមាតុភូមិប្រទេសរបស់លោក។ ហើយក្នុងបទសម្ភាសន៍ដាច់ដោយឡែកជាមួយវិទ្យុអាស៊ីរី លោកសម រង្ស៊ីបានចាត់ទុកថា លោកហ៊ុន សែនជាមនុស្សកំសាក។
រូបឯកសារ៖ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ
VOA បានព្យាយាមសុំការអធិប្បាយពីលោកប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ និង លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះ តែនៅមិនទាន់អាចទាក់ទងបានទេ នាថ្ងៃចន្ទនេះ។
នៅដើមឆ្នាំ២០១៧ រដ្ឋសភាជាតិបានអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកជាលើកដំបូង ដែលមានសំឡេងគាំទ្រ៦៦លើ៦៦ ដោយគ្មានវត្តមានគណបក្សប្រឆាំង ទោះបីជារងការរិះគន់ជាច្រើនពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិក៏ដោយ។
លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា បានលើកឡើងកាលពីកន្លងមកថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះគឺស្មើនឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្រដៀងគ្នានេះដែរ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយបានពណ៌នាការធ្វើវិសោធនកម្មនេះថា បានផ្ដល់អំណាចយ៉ាងធំធេងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ ដែលអាចនាំទៅដល់ការរំលាយគណបក្សនយោបាយផងដែរ។
ប៉ុន្តែក្រសួងការបរទេសកម្ពុជាបានសម្ដែងការ«ខកចិត្តយ៉ាងខ្លាំង»ចំពោះសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកទាក់ទងនឹងវិសោធនកម្មច្បាប់គណបក្សនយោបាយរបស់កម្ពុជា ដោយបានហៅសេចក្ដីថ្លែងការណ៍នេះថា ជា«ប្រតិកម្មមិនសមហេតុផល»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយល់ថា ការអនុម័តសេចក្ដីស្នើធ្វើវិសោធនកម្មស្ដីពីគណបក្សនយោបាយដែលធ្វើឡើងកាលពីពេលមុននោះគឺជា របត់ដ៏គ្រោះថ្នាក់មួយដែលអាចទៅដល់ទីបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ដោយឡែកលោកយឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្រ្វែល យល់ថា ការប៉ុនប៉ងធ្វើវិសោធនកម្ម បញ្ចប់សកម្មភាពរបស់ទណ្ឌិតណាមួយក្នុងការបញ្ចេញទស្សនៈពាក់ព័ន្ធនឹងកិច្ចការនយោបាយ ជារឿងដែលកម្រកើតឡើងនៅប្រទេសផ្សេងទៀត។
«ខ្ញុំបានសិក្សាច្រើនពាក់ព័ន្ធជាមួយហ្នឹងរឿងនេះ។កន្លងមកខ្ញុំ អត់ទាន់ឃើញមានប្រទេសណាដែលមានច្បាប់ហាមឃាត់ ឬក៏បិទមាត់ទណ្ឌិត មិនឲ្យនិយាយគាំទ្រទៅលើគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ដែលខ្លួនស្រឡាញ់ ឬក៏សម្តែងមតិណាមួយទៅលើគណបក្សនយោបាយណាមួយដែលខ្លួនគាំទ្រ ខ្លួនស្រឡាញ់ទេ»។
អ្នកអង្កេតការណ៍រូបនេះប្រាប់ VOA បន្ថែមនៅថ្ងៃចន្ទនេះថា លោកពុំទាន់បានដឹងនៅឡើយ អំពីពាក្យពេចន៍ដែលត្រូវដាក់បញ្ចូលក្នុងដំណើរការវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកក្រោយនេះទេ។ តែទោះជាយ៉ាងក៏ដោយ លោកថា វិសោធនកម្មច្បាប់នេះ អាចនឹងធ្វើឲ្យបរិយាកាសនយោបាយនៅកម្ពុជាមានភាពអាប់អួរជាថ្មីទៀត៕