នៅសល់រយៈពេលប្រមាណ៣ខែទៀតដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសកម្មភាពយ៉ាងច្រើនពីការបញ្ចូលសមាជិកថ្មីរបស់ខ្លួន ដែលអះអាងថាមកពីគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត។ ព្រមពេលជាមួយគ្នាដែរ គណបក្សមួយចំនួន ដែលបានចូលរួមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ បានអះអាងថាសកម្មជនរបស់ខ្លួន បានរងនូវការយាយី និងគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន។
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានឃោសនាផ្សព្វផ្សាយយ៉ាងសកម្មនូវការបញ្ចូលសមាជិកថ្មីរបស់ខ្លួន មុនពេលបោះឆ្នោតឃុំសង្កាត់ដែលកំណត់ធ្វើនៅថ្ងៃអាទិត្យទី៥ខែមិថុនាខាងមុខនេះ។
បើគិតត្រឹមរយៈពេលមួយខែចុងក្រោយនេះ សមាជិកថ្មី ដែលមកពីគណបក្សដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច រាប់ពាន់នាក់បានចុះចូល រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សមួយនេះ។
ដោយឡែក គណបក្សដែលមាននិន្នាការផ្ទុយថា ប្រជាពលរដ្ឋចូលរួមជាមួយគណបក្សណាមួយ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ តែពួកគេថា សកម្មជនរបស់ខ្លួននៅតាមមូលដ្ឋាន ជាពិសេសបេក្ខភាពឈរឈ្មោះមេឃុំសម្រាប់ការបោះឆ្នោតខាងមុខនេះ បានរងនូវការយាយី ការសម្លុត ការគំរាមកំហែងគ្រប់ទម្រង់ ជាពិសេសព្រមានថានឹងមិនផ្តល់សេវារដ្ឋបាលនានា ពេលដែលពួកគេមានតម្រូវការថែមទៀតផង។ នេះបើតាមគណបក្សមួយចំនួន ដែលបានប្រាប់វីអូអេ។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលជាអតីតសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការចេញចូល ឬគាំទ្រគណបក្សណាមួយ គឺជារឿងធម្មតា និងជាសិទ្ធិប្រជាពលរដ្ឋតែប៉ុណ្ណោះ ប៉ុន្តែលោកកត់សម្គាល់ថា ការបង្ហាញអំពីសកម្មភាពចុះចូលថាជារឿងចាស់គំរិល និងគ្រាន់តែចិត្តសាស្រ្តតែប៉ុណ្ណោះ ខណៈគណបក្សភ្លើងទៀននៅតែអាចដាក់បេក្ខជនឈរឈ្មោះ ក្នុងការចូលរួមការបោះឆ្នោតនៅទូទាំងប្រទេសបាន។
រូបឯកសារ៖ អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ផ្តល់បទសម្ភាសន៍ជាមួយវីអូអេនៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
ដោយឡែកលោកថាសមាជិករបស់គណបក្សភ្លើងទៀន និងបេក្ខជនឈរឈ្មោះ បោះឆ្នោតរបស់គណបក្ស តែងតែត្រូវបានរងការយាយី ការគំរាមកំហែង សម្លុតគ្រប់រូបភាព ពីអាជ្ញាធរមូលដ្ឋាន ដែលធ្វើឲ្យសមាជិករបស់ខ្លួនមួយចំនួនភិតភ័យពីសុវត្ថិភាព និងភ័យខ្លាចថានឹងមិនទទួលបានសេវារដ្ឋបាល និងសេវាសាធារណៈតាមមូលដ្ឋាន និងភ័យខ្លាចការគំរាមដកបណ្ណក្រីក្រវិញជាដើម។
លោកថ្លែងថា៖
«ការគំរាមកំហែងវាមានគ្រប់រូបភាព គេធ្វើគ្រប់មធ្យោបាយយ៉ាងណាក៏សកម្មជនយើងមិនហ៊ានឈរឈ្មោះ ឬក៏ដកឈ្មោះចេញពីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់»។
លោកបញ្ជាក់ថា គណបក្សកំពុងដោះស្រាយបញ្ហាដែលសកម្មជនមួយចំនួនកំពុងប្រឈមនេះ ហើយគណបក្សក៏កំពុងតែប្រមូលទិន្នន័យពីការគំរាមកំហែងទាំងអស់នោះ ដើម្បីដាក់ទៅក្រសួងមហាផ្ទៃ ឱ្យចាត់ការតាមផ្លូវច្បាប់ ជាការតស៊ូមតិធានាបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោត។
លោក ថាច់ សេដ្ឋា ស្នើឲ្យអាជ្ញាធរមូលដ្ឋានរក្សានូវអព្យាក្រិតភាព និងការអនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ ដោយមិនត្រូវយកអំណាចមកប្រើប្រាស់ដើម្បីគំរាមកំហែងលើប្រជាពលរដ្ឋ ឬសកម្មជននយោបាយណាមួយ ក្នុងដំណើរការបោះឆ្នោតនោះទេ។
លោក ឡឹក សុធារ អ្នកនាំពាក្យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានលើកឡើងដែរថា បេក្ខជនឈរឈ្មោះជាតំណែងមេឃុំរបស់គណបក្សលោក ក៏ទទួលរងការគំរាមកំហែងពីសំណាកអាជ្ញាធរផងដែរ ជាពិសេសការគំរាមដកហូតនូវបណ្ណក្រីក្រតែម្តង ដែលក្នុងរូបភាពជាច្រើន រួមមានអាជ្ញាធរមូលដ្ឋានបោះពាក្យសម្តីទៅសាច់ញាតិ ឬអ្នកជិតខាងពីផលអវិជ្ជមាននានាដើម្បីឲ្យឮដល់សាម៉ីខ្លួនដែលឈរឈ្មោះរបស់គណបក្សឲ្យមានភ័យខ្លាច និងធ្វើឲ្យសមាជិកមួយចំនួនតូច សម្រេចដកបេក្ខភាពឈរឈ្មោះនេះវិញ។
លោក ឡឹក សុធារ ប្រាប់វីអូអេដូច្នេះថា៖
«អាជ្ញាធរមូលដ្ឋាន គួរតែបើកចិត្តឲ្យទូលាយជាងនេះបន្តិច ពីព្រោះការចូលរួមរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតឃុំសង្កាត់នេះ អាចថាជាការទៅដណ្តើមតំណែងរបស់ពួកគាត់ពិតមែន ក៏ប៉ុន្តែវាជាការចូលរួមប្រកបដោយច្បាប់ បានន័យថាជាការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន។ ហើយការចូលរួមរបស់គណបក្សនយោបាយទៀតសោត មិនមែនទៅគំរាមកំហែងផ្តួលរលំរដ្ឋាភិបាលនោះទេ។ គឺជាការចូលរួមអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការអភិវឌ្ឍមូលដ្ឋាន»។
លោកបន្តថា ប្រជាពលរដ្ឋមួយចំនួនស្រលាញ់គាំទ្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែពួកគេមិនហ៊ានចេញមុខបង្ហាញការគាំទ្រដោយផ្ទាល់ ឬឈរឈ្មោះជាបេក្ខជនមេឃុំ ដោយសារតែការភ័យខ្លាចនូវការប្រឈមបញ្ហានានា។
ចំណែកលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថា សកម្មជនគណបក្សឆន្ទៈខ្មែរ ក៏មិនខុសពីគណបក្សដទៃទេ ដែលតែងតែប្រឈមគ្រប់រូបភាពនៃការយាយីពីសំណាក់អាជ្ញាធរមូលដ្ឋាន។ លោកថា ការកៀងគរប្រជាពលរដ្ឋឲ្យមកគាំទ្រគណបក្ស ក៏មានការលំបាកផងដែរ ដោយសារពលរដ្ឋមានការភ័យខ្លាចអាជ្ញាធរ ហើយម្យ៉ាងទៀតគណបក្សកើតច្រើនក៏ជាកត្តាពិបាកក្នុងការកៀងគររកសមាជិកផងដែរ។
លោក គង់ មុនីកា ថ្លែងថា៖
«បេក្ខជនរបស់យើងត្រូវបានអាជ្ញាធរ ជាពិសេសមេភូមិ គឺបានទៅបង្ហាញវត្តមាន បានទៅនិយាយបំភិតបំភ័យថាបើចូលជាមួយគណបក្សឆន្ទៈខ្មែរ ឈរឈ្មោះឲ្យគណបក្សឆន្ទៈខ្មែរហើយគេនឹងដកបណ្ណក្រីក្រ ឬក៏សេវាផ្សេងៗទៀតដែលគាត់ធ្លាប់មានកន្លងមកហ្នឹង ឈប់ឲ្យមាន ហើយការទៅស្នើសុំជំនួយពីអាជ្ញាធរខាងមុខគេនឹងមិនជួយសម្របសម្រួលផ្តល់ឲ្យទេ។ នេះគឺជារូបភាពនៃការគំរាមកំហែង ហើយគេតម្រូវឲ្យបេក្ខជនរបស់យើងដកឈ្មោះចេញពីបេក្ខជនគណបក្សឆន្ទៈខ្មែរ»។
ចំណែកឯការចុះឈ្មោះបេក្ខជនឈរជាមេឃុំវិញ លោកកត់សម្គាល់ឃើញថាមន្ត្រីគ.ជ.ប. តាមឃុំសង្កាត់មួយចំនួនមិនសូវយល់ច្បាស់ពីនីតិវិធីរបស់ខ្លួនទេ ដែលបង្កជាភាពស្មុគស្មាញ ដូចជាការរៀបចំ និងការដាក់បញ្ជីបេក្ខជនជាដើម។ ហើយការធ្វើលិខិតបញ្ជាក់ពីចៅសង្កាត់ ឬមេឃុំ ស្របពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក់ ក៏ជាការលំបាកខ្លាំងក្នុងការសុំចុះបញ្ជីរបស់គណបក្សនយោបាយផងដែរ។
ដូច្នេះលោក យល់ថានីតិវិធីនៃការចុះបញ្ជីបេក្ខជនតាមឃុំសង្កាត់ នៅពេលបោះឆ្នោតឃុំសង្កាត់ខាងមុខ មិនគួរមាននោះទេ ដើម្បីកុំឲ្យអាជ្ញាធរមូលដ្ឋានស្គាល់បេក្ខជន និងទៅបំភិតបំភ័យជាដើម ពីព្រោះគ.ជ.ប មានគល់បញ្ជីបោះឆ្នោតរួចទៅហើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថាក្នុងអំឡុងពេល១ខែចុងក្រោយនេះ សកម្មជនគណបក្សនយោបាយដែលប្រឆាំង ឬមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រាប់ពាន់នាក់។
រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយ VOA នៅឯទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/វីអូអេ)
ដោយឡែកលោកច្រានចោលការលើកឡើងរបស់គណបក្សផ្សេងថាមានការគំរាមកំហែង ដោយចាត់ទុកថាជាការឃោសនា មូលបង្កាច់ សភាពការណ៍និងបរិយាកាសនយោបាយ ថាមិនល្អតែប៉ុណ្ណោះ។ លោកថា ប្រសិនបើមានករណីគំរាមកំហែងណាមួយមែននោះ គួរតែទៅប្តឹងស្ថាប័នជំនាញ និងតាមនីតិវិធីគ.ជ.ប ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនោះ។
លោក សុខ ឥសាន បានថ្លែងប្រាប់វីអូអេថា៖
«ការស្រែកពីបាតុភាពអសកម្មផ្សេងៗពាក់ព័ន្ធរឿងនយោបាយ ឆ្ពោះទៅរកការបោះឆ្នោតដែលមិនមានភស្តុតាងមិនមានហេតុផលមិនមានបាតុភាពជាក់ស្តែងនេះ ខ្ញុំយល់ថាវាជាការឃោសនានយោបាយដើម្បី បំពុលបរិយាកាសទេ»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ វីអូអេ ថា គ.ជ.ប. ទើបតែទទួលបានបណ្តឹងតែមួយប៉ុណ្ណោះនៅខេត្តប៉ៃលិន អំពីភាពមិនរលូននៃការរៀបចំការចុះឈ្មោះបោះឆ្នោត។ លោកបន្តថា គណបក្សនយោបាយដែលមានបញ្ហាប្រឈម ឬ មានការគំរាមកំហែងពីបុគ្គលដែលមិនមែនជាមន្ត្រីបោះឆ្នោត គឺមានសិទ្ធិប្តឹងតាមនីតិវិធីរបស់គ.ជ.ប. ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីថ្ងៃកើតហេតុ ដើម្បីឲ្យ គ.ជ.ប. ដោះស្រាយបញ្ហាទាំងអស់នោះ។
លោកថ្លែងថា៖
«ប្រសិនបើបុគ្គលដែលប្រព្រឹត្តល្មើស មិនមែនជាមន្ត្រីបោះឆ្នោត អ៊ីចឹងគណបក្សនយោបាយមានសិទ្ធិប្តឹងដោយចាប់ផ្តើមពីថ្នាក់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយប្រសិនបើគាត់មិនពេញចិត្តសេចក្តីសម្រេចរបស់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត គាត់មានសិទ្ធិប្តឹងទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត។ ហើយបើគាត់មិនពេញចិត្តការសម្រេចរបស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គាត់មានសិទ្ធិប្តឹងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ដោយឡែក ក្នុងករណីគណបក្សនយោបាយរងការកៀបសង្កត់ ឬការប្រព្រឹត្តល្មើសរបស់មន្ត្រីបោះឆ្នោត នោះត្រូវប្តឹងទៅថ្នាក់លើមួយថ្នាក់ ដូចជាប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតប្រព្រឹត្តល្មើស ដូច្នេះគណបក្សប្តឹងគណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោត ហើយប្រសិនបើនៅតែមិនពេញចិត្តអាចប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
វីអូអេមិនទាន់អាចសុំការអាត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេ ថាតើក្រសួងនឹងមានចំណាត់ការ ឬការអប់រំដល់មន្ត្រីមូលដ្ឋាន ទាំងមេឃុំ មេភូមិ និងប៉ូលិសតាមមូលដ្ឋាន ចំពោះការសម្រួលលើដំណើរការបោះឆ្នោតនេះ។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត លោក កន សាវាង្ស មើលឃើញថា ការកៀងគរសមាជិក និងការចូលរួមជីវភាពនយោបាយជាមួយគណបក្សណាមួយ គឺសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថាប្រសិនបើការចូលរួមសកម្មភាពនយោបាយ ដោយការបង្ខិតបង្ខំ ឬរងការគំរាមកំហែងក្នុងប្រការណាមួយ ទើបជាបញ្ហា។
លោកបន្តថា គណបក្សនយោបាយដែលមានសមាជិករងការគំរាមកំហែង ឬការយាយីណាមួយ ត្រូវតែហ៊ានតស៊ូមតិ និងជជែកអំពីបញ្ហាទាំងអស់ ហើយត្រូវរៀបចំឯកសារបណ្តឹងតាមនីតិវិធី និងតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «រឿងសំខាន់ជាងគេ គឺគណបក្សនយោបាយហ្នឹង គឺថាលោកត្រូវតែធ្វើការកំណត់សម្គាល់ឲ្យបានច្បាស់លាស់នូវក្នុងដំណាក់កាលនៃការរំលោភបំពាន ពីព្រោះខ្លួនគឺជាអ្នកចូលរួមផ្នែកនយោបាយ អ៊ីចឹងកិច្ចការងារច្រើនណាស់ ដែលគណបក្សនយោបាយខ្លួនត្រូវធ្វើការតស៊ូមតិ ត្រូវជម្នះឧបសគ្គផ្សេងៗ»។
បើតាមគេហទំព័ររបស់គណបក្សប្រជាជនស្នាក់ការកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ចូលសមាជិកថ្មីជិត២ពាន់នាក់ ដែលជាអតីតសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ហើយនៅថ្ងៃដូចគ្នានេះ គណបក្សប្រជាជនសង្កាត់បាក់ខែង ក៏បានបញ្ចូលសមាជិកថ្មីចំនួន៥១៧នាក់ ផងដែរ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
គិតត្រឹមថ្ងៃបិទបញ្ចប់ការចុះបញ្ជីឈ្មោះបេក្ខជនកាលពីថ្ងៃអាទិត្យ គ.ជ.ប. បានប្រកាសថាមានគណបក្សចំនួន១៧បានចុះឈ្មោះចូលរួមប្រកួតប្រជែង តែមានតែបក្សពីរប៉ុណ្ណោះដែលបានដាក់ឈ្មោះបេក្ខជនច្រើនជាងគេ និងប្រកួតនៅច្រើនឃុំសង្កាត់ជាងគេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន៕