កាលពីចុងឆ្នាំមុន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានរៀបចំកិច្ចប្រជុំមួយជាមួយនឹងមន្ត្រីការទូតចិនទាំងអស់ដើម្បីនិយាយលើកទឹកចិត្តពួកគេ ដោយប្រាប់ពួកគេឲ្យមានភាពមោះមុតបន្ថែមទៀតនៅក្នុងការតំណាងឲ្យផលប្រយោជន៍ចិននៅក្រៅប្រទេស និងត្រូវហ៊ាននិយាយការពាររដ្ឋាភិបាលកុម្មុយនីស្តចិនពីការរិះគន់ផ្សេងៗ។
លោក Wang Yi បានត្អូញត្អែរថា ចិនកំពុងរងការយាយីឌឺដងពីបណ្ដាបស្ចិមប្រទេសនានាពាក់ព័ន្ធនឹងប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន ហើយបើយោងតាមសេចក្ដីរាយការណ៍នានារបស់សារព័ត៌មានចិន លោករដ្ឋមន្ត្រីការបរទេសបានបង្គាប់ឲ្យអ្នកការទូតទាំងអស់បង្ហាញនូវ «ស្មារតីតតាំង» ខ្លាំងក្លាជាងមុន។
ចាប់តាំងពីខែធ្នូឆ្នាំមុនមក មន្ត្រីការទូតចិនបានធ្វើដូចអ្វីដែលលោក Wang Yi បានជំរុញនោះ ដែលនេះជាអ្វីដែលមន្ត្រីបស្ចិមប្រទេស និងក្រុមអ្នកវិភាគនិយាយថា ជាយុទ្ធនាការរៀបចំឡើងមួយដើម្បីលើកសរសើរដល់លោកប្រធានាធិបតី Xi Jinping និងគំរាមចាត់ «វិធានការតតាំង» នឹងរដ្ឋាភិបាលបរទេសដែលតែងតែរិះគន់ខ្លួន។
រូបឯកសារ៖ សមាជិកសភាចិនទះដៃអបអរសាទរការមកដល់របស់ប្រធានាធិបតីលោក Xi Jinping អំឡុងពេលកិច្ចប្រជុំមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
ស្របពេលដែលមានការរិះគន់ពីអន្តរជាតិកាន់តែច្រើនឡើងលើការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនចំពោះការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណានៅដំណាក់កាលដំបូង និងខណៈពេលដែលមានការចោទប្រកាន់កើនឡើងដែលថា រដ្ឋាភិបាលក្រុងប៉េកាំងទំនងជាបានលាក់ប្រភពពិតប្រាកដនៃវីរុសដ៏ប្រល័យនេះ ដោយបានបិទបាំងភាពធ្ងន់ធ្ងរនៃការឆ្លងរាតត្បាតនៅក្នុងទីក្រុងវូហាននោះ អ្នកការទូតតំណាងឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបានប៉ះសម្តីជាមួយនឹងមន្ត្រីនៃប្រទេសដែលចិនតាំងទូតនៅ ដែលនេះជាអ្វីមួយដែលគេមិនធ្លាប់ឃើញនៅក្នុងសម័យកាលសន្តិភាព។
«វិស័យការទូតសាធារណៈរបស់ចិនបានឈានដល់កម្រិតខ្លាំងក្លាមួយ។ វាហាក់ដូចជាមានការរៀបចំយ៉ាងល្អជាទីបំផុត ដោយមានកម្រិតខុសៗគ្នានៃគំនិតដែលគិតថាខ្លួនឯងត្រូវជានិច្ច ការមិនចុះសម្រុងនឹងគ្នា និងការរក្សាភាពនៅជាកណ្ដាល»។ នេះបើយោងតាមការបញ្ជាក់របស់លោក John Seaman នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង (French Institute)។
ប៉ុន្តែសូម្បីតែមុនពេលមានការរាតត្បាតវីរុសកូរ៉ូណា សម្តីសំដៅ និងកំសួលផ្នែកការទូតចិនមានកាន់តែមុតស្រួចឡើង ដោយអ្នកការទូតចិនប្រចាំរដ្ឋធានីនានានៅបស្ចិមប្រទេសបានបង្ហាញនូវទំនោរប្រកែកតវ៉ា។ មន្ត្រីនៅបស្ចិបប្រទេសនិយាយថា នេះគឺខុសពីអ្វីដែលគេធ្លាប់បានឃើញនៅក្រោមការដឹកនាំរបស់លោក Deng Xiaoping ដែលបានដឹកនាំប្រទេសចិនពីឆ្នាំ ១៩៧៨ រហូតដល់ពេលដែលលោកចូលនិវត្តន៍នៅឆ្នាំ ១៩៩២។
កាលពីមុន អ្នកការទូតចិនធ្លាប់ត្រូវបានចាត់ទុកជាអ្នកការទូតមានការប្រយ័ត្នប្រយែងជាងគេនៅលើពិភពលោក ប៉ុន្តែនៅពេលនេះអ្នកការទូតចិនបានផ្លាស់ប្តូរ។ នៅក្នុងចំណោមអ្នកការទូតចិនដំបូងដែលស្តាប់តាមបង្គាប់របស់ថ្នាក់ដឹកនាំរបស់ខ្លួននោះគឺលោក Gui Congyou ឯកអគ្គរដ្ឋទូតប្រចាំប្រទេសស៊ុយអែត។
លោក Congyou បានតបតយ៉ាងខ្លាំងក្លាចំពោះការរិះគន់ពីសំណាក់ប្រទេសស៊ុយអែតពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសចិន ដោយលោកបានធ្វើការព្រមាននៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មានស៊ុយអែត Göteborgs-Posten ថា ផលវិបាកធ្ងន់ធ្ងរនឹងកើតមាន ប្រសិនបើការស្វែងរកកំហុសមិនបញ្ឈប់នោះ។
រូបឯកសារ៖ លោក Gui Congyou ឯកអគ្គរដ្ឋទូតប្រចាំប្រទេសស៊ុយអែត
ដោយលើកឡើងពីការបង្អាក់នូវទំនាក់ទំនងវប្បធម៌រវាងស៊ុយអ៊ែតនិងចិន លោក Congyou បាននិយាយថា៖ «រដ្ឋាភិបាលចិនពិតជាមិនអាចអនុញ្ញាតឲ្យប្រទេស អង្គការ ឬបុគ្គលណាមួយ ធ្វើឲ្យខូចដល់ផលប្រយោជន៍របស់ចិននោះទេ។ ពិតណាស់ យើងត្រូវតែចាត់វិធានការតបតទៅវិញ»។
លោក Congyou ដែលបានចាប់ផ្តើមការងារជាអ្នកស្រាវជ្រាវគោលនយោបាយនៃគណៈកម្មាការកណ្តាលនៃបក្សកុម្មុយនីស្តចិន បាននិយាយថា៖ «ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏នឹងត្រូវប៉ះពាល់ផងដែរ»។
ទំនាក់ទំនងស៊ុយអ៊ែតនិងចិនមានភាពរកាំរកូសជាមួយគ្នាកាន់តែខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការចាប់ឃុំខ្លួនលោក Gui Minhai ដែលជាពលរដ្ឋស៊ុយអែត និងជាអ្នកលក់សៀវភៅនៅទីក្រុងហុងកុង ជាចំណុចចាប់ផ្ដើមនៃការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទសទាំងពីរ។ លោក Gui Minhai បានបាត់ខ្លួន ពេលកំពុងសម្រាកលំហែកាយនៅប្រទេសថៃ និងត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៥ មក។
ចាប់តាំងពីលោក Gui Congyou បានផ្ដល់បទសម្ភាសន៍ដល់សាព័ត៌មានមក អ្នកការទូតចិនមួយចំនួនផ្សេងទៀតត្រូវបានរដ្ឋាភិបាលនៃប្រទេសដែលអ្នកការទូតទាំងនោះប្រចាំនៅ រិះគន់ថាបានផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» នៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិត ឬក៏ត្រូវបានរិះគន់សម្រាប់អ្វីដែលគេយល់ថាជាការបញ្ចេញមតិបែបវាយប្រហារ។
ដោយត្រូវបានឲ្យឈ្មោះថា «ចចកចម្បាំង» ទៅតាមភាពយន្តល្បីល្បាញមួយ ដែលបង្ហាញពីកងកម្លាំងពិសេសចិនវាយបំបាក់ទាហានស៊ីឈ្នួលអាមេរិកនៅអាហ្វ្រិក និងអាស៊ី អ្នកការទូតចិនហាក់ដូចជាតាំងចិត្តផ្ដាច់ខ្លួនចេញពីការទូតបែបប្រយ័ត្នប្រយែងរបស់ចិនកាលពីអតីតកាល។
ភ្លាមៗបន្ទាប់ពីលោក Gui Congyou បានព្រមានពី «ផលវិបាកដ៍អាក្រក់» ទៅកាន់ប្រទេសស៊ុយអែតមក អ្នកការទូតចិនម្នាក់ទៀតនៅប្រទេសកាណាដា លោក Cong Peiwu បានព្រមានចាត់ «វិធានការតបតយ៉ាងមុតមាំ» ប្រឆាំងនឹងរដ្ឋាភិបាលកាណាដា ប្រសិនបើសមាជិកសភាកាណាដានៅតែជំរុញទៅមុខជាមួយនឹងការដាក់ទណ្ឌកម្មលើប្រទេសចិនទាក់ទិននឹងការចោទប្រកាន់ថា ចិនបានរំលោភសិទ្ធិមនុស្សលើជាតិសាសន៍អ៊ុយហ្គ័រកាន់សាសនាឥស្លាម ដែលជាកុលសម្ព័ន្ធភាគតិចនិយាយភាសាទួរគីនៅភាគពាយព្យប្រទេសចិន។
ចាប់តាំងពីឆ្នាំ ២០១៥ មក ជាតិសាសន៍អ៊ុយហ្គ័រប្រមាណជាងមួយលាននាក់ត្រូវបានចាប់ដាក់ឃុំនៅក្នុងកន្លែងដែលមន្ត្រីចិនពណ៌នាថាជា «មណ្ឌលអប់រំវិជ្ជាជីវៈ» សម្រាប់ការហ្វឹកហ្វឺនការងារ ប៉ុន្តែក្រុមអ្នករិះគន់បានហៅមណ្ឌលនោះជាជំរំឃុំឃាំងទៅវិញ។ លោក Cong Peiwu បានព្រមានថា ប្រសិនបើកាណាដាដាក់ទណ្ឌកម្មលើចិន «នោះគឺជាការរំលោភបំពានធ្ងន់ធ្ងរទៅលើកិច្ចការផ្ទៃក្នុងរបស់ចិន»។
រូបឯកសារ៖ ស្រ្តីជនជាតិភាគតិចអ៊ុយហ្គរចាកចេញពីមណ្ឌលអប់រំវិជ្ជាជីវៈនៅតំបន់ស្វយ័ត Xinjiang ប្រទេសចិន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Cui Tiankai ក៏បានធ្វើការព្រមានអំពីទណ្ឌកម្មដែលត្រូវបានស្នើឡើងផងដែរនៅរដ្ឋធានីវ៉ាស៊ីនតោន ដោយបាននិយាយថា៖ «មនុស្សមួយចំនួននៅសហរដ្ឋអាមេរិកកំពុងទម្លាក់កំហុសទៅលើគណបក្សដឹកនាំប្រទេស និងប្រព័ន្ធដឹកនាំរបស់ចិន ដោយព្យាយាមសាងសង់ឡើងវិញនូវកំផែងខណ្ឌចែករវាងចិននិងសហរដ្ឋអាមេរិកលើផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងមនោគមវិជ្ជា»។
ប៉ុន្តែចាប់តាំងពីមានការរាតត្បាតវីរុសកូរ៉ូណាមក សម្តីសំដៅរបស់មន្ត្រីការទូតចិនកាន់តែគំរោះគំរើយ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកការទូត និងក្រុមអ្នកវិភាគនៅបស្ចិមប្រទេស។ ពួកគេរំពឹងថា ការប៉ះទង្គិចពាក្យសម្តីនឹងមានកាន់តែច្រើន ស្របពេលដែលមានការទាមទារពីអន្តរជាតិកាន់តែខ្លាំងឡើងឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើប្រភពពិតប្រាកដនៃវីរុសកូរ៉ូណាដ៏ប្រល័យនេះ និងលើការបំបិទរបាយការណ៍ដោយអាជ្ញាធរចិនអំពីលទ្ធភាពនៃឆ្លងជំងឺកូវីដ១៩ ពីមនុស្សទៅមនុស្ស។
ទោះបីជាមិនមែនទាំងអស់ក៏ដោយ មេដឹកនាំ និងមន្ត្រីមួយចំនួននៅបស្ចិមប្រទេស បានលើកឡើងថា វីរុសនោះប្រហែលបានធ្លាយចេញពីមន្ទីរពិសោធន៍ស្រាវជ្រាវមួយនៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងដែលវីរុសនេះត្រូវបានរកឃើញដំបូងកាលពីចុងឆ្នាំមុន។
នៅក្នុងទីក្រុងប៉ារីស អាជ្ញាធរបារាំងបានរិះគន់ឯកអគ្គរដ្ឋទូតចិនលោក Lu Shaye កាលពីខែមេសា ទាក់ទិនទៅនឹងការបង្ហោះសារតាមប្រព័ន្ធអ៊ីនធឺណិតពីស្ថានទូតចិននៅបារាំង ដែលអះអាងថា បារាំងបានធ្វើព្រងើយកន្ដើយចំពោះពលរដ្ឋវ័យចំណាស់របស់ខ្លួន ដោយទុកឲ្យពួកគេ «ស្លាប់ដោយសារការអត់ឃ្លាន និងជំងឺ»។
ក្រសួងការបរទេសបារាំងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយថា៖ «ការលើកឡើងជាសាធារណៈនាពេលថ្មីៗនេះមួយចំនួនរបស់តំណាងស្ថានទូតចិននៅបារាំង មិនស្របតាមលក្ខខណ្ឌនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំពីរនោះទេ»។
នៅក្រោមការដឹកនាំរបស់លោក Lu Shaye វ័យ ៥៥ ឆ្នាំ ដែលធ្លាប់ធ្វើជាបេសកជនការទូតប្រចាំប្រទេសកាណា និងជាអតីតអភិបាលរងទីក្រុងវូហាន ស្ថានទូតចិននៅបារាំងបានសរសើរនូវអ្វីដែលខ្លួនបានពណ៌នាថា ជាភាគជោគជ័យរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការលុបបំបាត់ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា ហើយស្របពេលនោះដែរ បានបន្ទោសដល់ការគ្រប់គ្រងរបស់បស្ចិមប្រទេសនានាចំពោះការរាតត្បាតនៃវីរុសនេះ។
ការលើកឡើងបែបវាយប្រហារនេះបានធ្វើឲ្យក្រុមអ្នកការទូតបារាំងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បារាំងបានធ្វើការយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយនឹងប្រទេសចិន ហើយកាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ ដែលត្រូវបានចាត់ទុកថាជាការបន្ធូរបន្ថយសម្ពាធយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបលើប្រទេសចិន ដែលត្រូវបានព្រមព្រៀងឡើងកាលពីប៉ុន្មានខែមុនដំណើរទស្សនកិច្ចនេះកើតឡើង។
រូបឯកសារ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីចិនលោក Xi Jinping ជួបពិភាក្សាគ្នាអំឡុងពេលពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Macron មកកាន់ប្រទេសចិន។
នៅប្រទេសស៊ីប អ្នកការទូតចិនលោក Huang Xingyuan បានបង្កឲ្យមានការជំទាស់ពីប្រទេសម្ចាស់ផ្ទះសម្រាប់ការនិយាយថា ពិភពលោកមានការអៀនខ្មាសដោយសារចិនអាចដោះស្រាយវិបត្តិវីរុសកូរ៉ូណាបានឆាប់រហ័ស និងងាកមកផ្ដោតលើការចោទប្រកាន់របស់អន្តរជាតិមកលើប្រទេសចិនទាក់ទិននឹងរឿងនេះ។
បន្ថែមពីលើនេះទៀត សារតាមបណ្តាញសង្គម Twitter និងសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកការទូតចិនបានបង្កឲ្យមានប្រតិកម្មតបតវិញមិនត្រឹមតែនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសកាហ្សាក់ស្ថាន អ៊ីរ៉ង់ ប៉ាគីស្ថាន ប្រេស៊ីល និងសិង្ហបុរីជាដើម ដែលនៅប្រទេសទាំងនោះ គេឃើញមានការប៉ះសម្តីគ្នាកើតឡើងផងដែរ។
នៅក្នុងប្រទេសស្រីលង្កា ស្ថាតទូតចិនបានរអ៊ូរទាំនៅលើបណ្តាញសង្គម Twitter ថា៖ «នៅពេលដែលបស្ចិមប្រទេសបញ្ចេញមតិរបស់ពួកគេ វាត្រូវបានគេហៅថា សេរីភាពនៅក្នុងការបញ្ចេញមតិ មិនថា គំនិតនោះខុសឆ្គងយ៉ាងណានោះទេ។ តែនៅពេលចិននិយាយអ្វីមួយខុសពីពួកគេ វាត្រូវបានគេហៅថាជាយុទ្ធនាការបំភ្លៃព័ត៌មានទៅវិញ។ នេះពិតជាស្តង់ដារពីរ ដ៏គួរឲ្យអស់សំណើចណាស់»។
អ្នកការទូតចិនក៏បានបញ្ចេញព្រលះតបតវិញនៅក្នុងប្រទេសឥណ្ឌាផងដែរ នៅក្នុងការឆ្លើយតបទៅនឹងការអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំងផ្តល់សំណងចំពោះការរាតត្បាតវីរុសកូរ៉ូណាជាសាកល ដោយបាននិយាយថា ការទាមទារសំណងនេះជា «រឿងគួរឲ្យអស់សំណើច និងមិនសមហេតុសមផលយ៉ាងច្បាស់នឹងភ្នែក»។
នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដែលជាប្រទេសមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថាជា «សម្ព័ន្ធមិត្តសង្គមនិយម» អ្នកការទូតចិនបានសរសេរសារតាមបណ្តាញសង្គម Twitter ថា មន្ត្រីរដ្ឋាភិបាលវេណេហ្ស៊ុយអេឡាគួរតែ «ពាក់ម៉ាស និងបិទមាត់ទៅ»។ នេះគឺជាការឆ្លើយតបទៅនឹងការណ៍ដែលមន្ត្រីវេណេស៊ុយអេឡាលើកឡើងសំដៅលើជំងឺកូវីដ១៩ ថាជាវីរុស «ចិន» ឬវីរុស «វូហាន»។
ការផ្សព្វផ្សាយផ្លូវការរបស់ចិនក៏មិនបានបង្ហាញនូវការសុំទោសចំពោះការទូតបែបវាយប្រហារនេះដែរ។ សារព័ត៌មាន People's Frontline ដែលជាសារព័ត៌មានគ្រប់គ្រងដោយយោធាចិន បានប្រកាសកាលពីពេលថ្មីៗនេះថា៖ «ចូរបោះបង់ចោលការចេះតែនឹកឃើញរបស់អ្នក ហើយត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធវិញទៅ»។
សារព័ត៌មាន Global Times ដែលជាសារព័ត៌មានរបស់គណបក្សកុម្មុយនីស្តចិន បានប្រកាសថា៖ «ពិភពលោក និងអ្នកការទូតចិនបានផ្លាស់ប្តូរហើយ»។ នៅក្នុងផ្នែកបញ្ចេញមតិនៃសារព័ត៌មាននេះ កាលពីខែមេសា មានការសរសេរថា៖ «ថ្ងៃដែលចិនអាចត្រូវជាប់នៅក្នុងទម្រង់ចុះចាញ់គឺគ្មានជាយូរមកហើយ។ ការរីកចម្រើននូវកេរ្តិ៍ឈ្មោះរបស់ចិននៅលើពិភពលោកតម្រូវឲ្យចិនការពារផលប្រយោជន៍ជាតិរបស់ខ្លួនដោយមិនងាករេ»។
កាសែត Global Times បានរាយការណ៍ថា ពលរដ្ឋចិន «លែងពេញចិត្តនឹងការទូតបែបទន់ជ្រាយទៀតហើយ»។ កាសែតនេះបានបន្ថែមថា ចិនមិនបានបោះបង់ចោលនូវក្បួនច្បាប់ការទូតរបស់លោក Deng Xiaoping នោះទេ ដែលនោះគឺ «លាក់កម្លាំងរបស់អ្នក រង់ចាំឱកាសហុចឲ្យ»។ សារព័ត៌មាននេះបានសរសេរទៀតថា៖ «យុទ្ធសាស្ត្រការទូតបែប «ចចកចម្បាំង» មិនខុសពីក្បួនច្បាប់នេះទេ គ្រាន់តែទន់ជាងមុនតែប៉ុណ្ណោះ»។
រូបឯកសារ៖ បុរសម្នាក់ដើរកាត់ស្លាកបដាដែលមានដាក់រូបប្រធានាធិបតីចិនលោក Xi Jinping។
លោក Robin Niblett នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Chatham House នៅចក្រភពអង់គ្លេស បាននិយាយថា អ្នកការទូត «ចចកចម្បាំង» ចិន បានព្យាយាមចង់ឲ្យមានឈ្មោះល្បីជាងគ្នាតាមរយៈការតតាំងនឹងការលើកឡើងផ្សេងៗអំពីជំងឺកូវីដ១៩ ហើយស្របនោះដែរ បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីប្រភពដើមនៃវីរុសនោះ»។
អ្នកវិភាគមួយចំនួននៅបស្ចិមប្រទេសជឿថា ភាពគឃ្លើនផ្នែកការទូតរបស់ចិនគឺតាមពិតទៅមានមូលដ្ឋានការពារខ្លួនទៅវិញទេ។ ហើយនេះជាសញ្ញាមួយបង្ហាញថា ថ្នាក់ដឹកនាំចិនកំពុងប្រឈមមុខនឹងភាពទាល់ច្រក ក្នុងបរិបទ «ជះភក់ត្រឡប់ទៅវិញនៅពេលត្រូវបានបំផុស»។ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិហូឡង់ ដែលជាវិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយមួយមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ។
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd បាននិយាយថា មិនថាដើមចមអ្វីក៏ដោយ ការវាយប្រហារផ្នែកការទូតអាចប្រឈមនឹងប្រតិកម្មត្រឡប់ទៅវិញ។
នៅក្នុងការបញ្ចេញមតិមួយសម្រាប់ទស្សនាវដ្តី Foreign Affairs កាលពីថ្ងៃទី ៦ ខែឧសភាកន្លងទៅនេះ លោក Rudd បាននិយាយថា៖ «មិនថាអ្វីក៏ដោយដែលអ្នកការទូត «ចចកចម្បាំង» ចិន របាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលក្រុងប៉េកាំងវិញ ការពិតគឺថា ជំហររបស់ប្រទេសចិនបានរងការប៉ះពាល់យ៉ាងខ្លាំង ដោយសារថា អ្នកការទូតចចកចម្បាំងទាំងនោះបង្កឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរបន្ថែមទៀត និងមិនបានជួយអ្វីបន្ថែមនោះទេ។ ប្រតិកម្មប្រឆាំងនឹងប្រទេសចិនពាក់ព័ន្ធនឹងការរាតត្បាតនៃវីរុសកូរ៉ូណា ដែលជារឿយៗត្រូវបានចោទប្រកាន់បែបប្រកាន់ពូជសាសន៍ ត្រូវបានគេឃើញកើតមានឡើងនៅប្រទេសផ្សេងៗដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ជាដើម។ អំណាចការទូតរបស់ចិនអាចប្រឈមនឹងការចុះខ្សោយក្នុងបរិបទនេះ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា