ក្នុងឆ្នាំកន្លងទៅនេះ ប្រជាប្រិយភាពនៃតារានៅតាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសចិនកើនឡើងយ៉ាងខ្លាំង ហើយបានបង្កើតវិស័យទស្សនាវីដេអូផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងធំមួយ ដែលបានធ្វើឲ្យមនុស្សមួយចំនួនក្លាយទៅជាសេដ្ឋី។
ប៉ុន្តែ ស្របពេលដែលវិស័យនេះកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង អាជ្ញាធរក៏កំពុងអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលធ្វើឲ្យវិស័យដែលកំពុងលូតលាស់យ៉ាងរហ័សនេះក្លាយជាគោលដៅនៃការបង្រ្កាបរបស់មន្ត្រី។
ការកើនឡើងនៃតារាអ៊ីនធឺណិត បានលើកទឹកចិត្តឲ្យយុវវ័យជំនាន់ក្រោយរបស់ប្រទេសចិន ជាពិសេសចាប់ពីយុវវ័យដែលកើតនៅក្នុងទសវត្សរ៍៩០ ឡើងទៅឲ្យមានគំនិតឈោងចាប់ប្រជាប្រិយភាពនៅក្នុងទីផ្សារទស្សនាវីដេអូផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតក្នុងស្រុក។ គេហទំព័រទិន្នន័យប្រព័ន្ធអ៊ីនធឺណិតដែលមានឈ្មោះថា Statista បានព្យាករណ៍ថា វិស័យនេះនឹងមានតម្លៃយ៉ាងតិច៩រយលានដុល្លារក្នុងឆ្នាំ២០១៦ ដែលកើនឡើង៥៥ ភាគរយពីឆ្នាំ២០១៥ ជាមួយនឹងក្រុមទស្សនិកជនលើសពី៥រយលាននាក់។
តារាល្បីតាមប្រព័ន្ធអ៊ីនធឺណិតដែលភាសាចិនហៅថា Wang Hong
តារាតាមប្រព័ន្ធអ៊ីនធឺណិត ឬជាភាសាចិនហៅថា «Wang Hong» សំដៅទៅលើអ្នកដែលក្លាយជាតារាតាមប្រព័ន្ធអ៊ីនធឺណិត ដែលអាចបង្វិលប្រជាប្រិយភាពនៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេឲ្យទៅជាជំនួញជាក់ស្តែងក្នុងវិស័យផ្សេងៗទៀត មិនត្រឹមតែនៅក្នុងវិស័យកម្សាន្ត សម្ផស្ស និងម៉ូដទាន់សម័យ។
តារាល្បីតាមប្រព័ន្ធអ៊ីនធឺណិតចិននាង Furong Jiejie ដែលត្រូវបានស្គាល់តាមឈ្មោះថា Sister Furong រាំនៅលើដំបូលមួយក្នុងក្រុងប៉េកាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥។
Huang Xianer ជានិស្សិតមហាវិទ្យាល័យ ក្នុងជំនាញការផ្សព្វផ្សាយ។ និស្សិតអាយុ២០ឆ្នាំរូបនេះ ជាយុវវ័យម្នាក់ក្នុងចំណោមយុវវ័យផ្សេងទៀតដែលមានសុបិនចង់ក្លាយជា «Wang Hong» ហើយក្នុងនោះក៏មានមិត្តភ័ក្ដិរបស់នាងផងដែរ។
Huang បានប្រាប់ VOA ថា៖ «ក្រោយពីខ្ញុំបានបញ្ចប់ការសិក្សា[ពីមហាវិទ្យាល័យនៅរដូវក្តៅ] យុគសម័យអ៊ីនធឺណិតបានរីកដុះដាលខ្លាំង ហើយវិស័យទស្សនាវីដេអូផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតក៏ចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស។ មិត្តរួមថ្នាក់របស់ខ្ញុំមួយចំនួន ក៏បានប្រឡូកក្នុងវិស័យនេះផងដែរ»។
ស្របពេលដែលតារាអ៊ីនធឺណិតស្រីៗវ័យក្មេងជាច្រើនបានច្រៀង ឬរាំ និងនិយាយសាសងជាមួយបុរសៗនៅតាមប្រព័ន្ធអ៊ីនធឺណិត Huangបានរកឃើញប្រធានបទផ្សេង។ នាងបានប្រើប្រាស់ការហ្វឹកហាត់របស់នាងក្នុងនាមជាអ្នកជំនាញទេសចរណ៍មួយរូប ដើម្បីផលិតវីដេអូទេសចរខ្នាតខ្លីក្នុងទីក្រុង។ វីដេអូទាំងនេះ បានថត និងផលិតមុនពេលបង្ហោះចូលប្រព័ន្ធវីដេអូផ្សាយផ្ទាល់របស់ក្រុមហ៊ុននាងក្នុងបណ្ដាញ Youku ដែលជាYoutube របស់ប្រទេសចិន។
ចំណូលពីចំនួនអ្នកចូលទស្សនា(ចំនួនចូលមើលគេហទំព័រអ៊ីនធឺណិត) និងការឧបត្ថម្ភពីក្រុមហ៊ុន ជាប្រភពចំណូលនៃពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែវាមិនទាន់ក្លាយជាផលចំណេញទេ ព្រោះ Huang ទើបតែចាប់ផ្ដើមទាក់ទាញអ្នកតាមដានទស្សនារាប់ពាន់នាក់។ នេះបើយោងតាមក្រុមហ៊ុនរបស់នាង ដែលមានឈ្មោះថា Vermodel។ ក្រុមហ៊ុនខ្នាតតូច ដែលមានបុគ្គលិក១០នាក់មួយនេះ បានចុះកិច្ចសន្យាជាមួយមនុស្សលើអ៊ីនធឺណិត ជាង៣០នាក់។
វិថីទៅកាន់តារា
ជំនាន់ដំបូងនៃតារាប្រព័ន្ធអ៊ីនធឺណិត ដែលល្បីបំផុតនៅប្រទេសចិន មានទាំងអ្នកផ្នែកអក្សរសាស្រ្ត ដូចជា អ្នកនិពន្ធតាមអ៊ីនធឺណិត Han Han ដែលបានក្លាយជាមនុស្សមានឥទ្ធិពលជាងគេប្រចាំឆ្នាំ២០១០ ចុះផ្សាយដោយទស្សនាវដ្ដី Time។
លោក Han Han អាយុ ២៧ឆ្នាំ ដែលជាអ្នកសរសេរប្លុកល្បីឈ្មោះមួយរូបនៅប្រទេសចិន ចូលរួមក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលពិព័រណ៍សៀវភៅនៅកោះហុងកុង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០។
តាំងពីពេលនោះមក ជាមួយនឹងការរីកចម្រើនដល់កំពូលរបស់បណ្ដាញសង្គម ដែលបានគាំទ្រដោយបច្ចេកវិទ្យាសម្រាប់វីដេអូតាមប្លុក(Blog) អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចែករំលែករូបភាពនិងវីដេអូ ដែលបង្កើតដោយអ្នកប្រើប្រាស់ ដើម្បីបង្កើនប្រជាប្រិយភាព។ នេះជាសម្តីរបស់លោក Meng Deming ប្រធាននៃ Qingdao Micro Innovation Marketing Planning Co. ។
លោកMengនិយាយថា៖ តាមរយៈការវាយលុកនៃគ្រឿងអេឡិចត្រូនិចកាន់នឹងដៃបាន ការរីកសាយរបស់វីដេអូអ៊ីនធឺណិតបានកើនឡើងនូវសន្ទុះដែលធ្វើឲ្យវិថីទៅកាន់តារារបស់ Wang Hong កាន់តែងាយស្រួលជាងមុន។
លោកបន្ថែមទៀតថា ភាពជោគជ័យរបស់ Papi Jiang ដែលការសម្ដែងកំប្លែងនិយាយក្នុងចង្វាក់ញាប់របស់គាត់បានបង្កើតជានិន្នាការថ្មីមួយ ក្នុងវិស័យដែលទើបតែលេចចេញនេះ។
លោក Meng និយាយថា៖ «ក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ច នៃតារាអ៊ីនធឺណិត(Wang Hong)នេះ បានរីកចម្រើនខ្លាំង ដោយសារតែ[ការកើនឡើង]នៃការបង្ហោះវីដេអូ។ ឧទាហរណ៍ Papi Jiang ដែលបានប្រមូលមូលនិធិសម្រាប់នាងក្នុងដើមឆ្នាំនេះ ហើយនាងបានក្លាយជាប្រធានបទដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍»។
វីដេអូកំប្លែងនិយាយម្នាក់ឯងរបស់Jiang បានបង្កើតភាពសើចក្អាកក្អាយក្នុងប្រធានបទសាមញ្ញ ដែលមានទាំងទំនាក់ទំនងរវាងបុរស និងស្ត្រីនៅប្រទេសចិន។
ក្នុងរយៈពេលបួនខែ វីដេអូរបស់នាងត្រូវបានចុចមើលលើសពី២៩០លានដង។
នាងបានក្លាយជាប្រធានបទក្តៅៗក្នុងរយៈពេលមួយយប់នៅខែមីនា នៅពេលដែលអ្នកបណ្តាក់ទុនមូលធននិយមម្នាក់បានបណ្ដាក់ទុន១,៧លានដុល្លា និងអ្នកដេញថ្លៃបានឲ្យថ្លៃរហូតដល់៣លានដុល្លារ ដើម្បីបានតារាអ៊ីនធឺណិតរូបនេះផ្សាយពាណិជ្ជកម្មយីហោរបស់ពួកគេ ក្នុងកម្មវិធីដេញថ្លៃវីដេអូពាណិជ្ជកម្មមួយនៅខែមេសា។
បុគ្គលិកម្នាក់ដើរកាត់ស្លាករបស់គេហទំព័រ Youku.com ពីលើតុទទួលភ្ញៀវនៅឯក្រុមហ៊ុននោះនៅក្រុងប៉េកាំង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១០។
ដូចនេះ ស្ថានភាពសេដ្ឋកិច្ចរបស់តារាអ៊ីនធឺណិតនៅប្រទេសចិន នឹងអាចជោគជ័យជាងនេះទៅទៀត ប្រសិនបើវិសាលភាពរបស់តារាអ៊ីនធឺណិតពង្រីកដោយរួមបញ្ចូលទស្សនៈរបស់អ្នកមានឥទ្ធិពលនៅក្នុងវិស័យផ្សេងៗ ដែលទ្រទ្រង់គំរូពាណិជ្ជកម្មដែលអាចសម្រេចបានតាមអ៊ីនធឺណិត។ នេះបើតាមសម្តីរបស់អ្នកវិភាគ។
ការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត
ប៉ុន្តែការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ដែលមានទាំងការហាមឃាត់ការទស្សនាវីដេអូផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិតក្នុងពេលថ្មីៗនេះ បានវាយប្រហារដល់ស្ថានភាពវិស័យនេះទាំងមូល ទោះបីជាឥទ្ធិពលជះលើអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតត្រូវបានប៉ាន់ស្មានថា មានកម្រិតនៅឡើយ។ នេះជាការពិពណ៌នាបន្ថែមរបស់លោក Meng។
ក្នុងកម្រិតបុគ្គល ឧទាហរណ៍ដូចជាJiang ត្រូវបានគេរាយការណ៍ថា មានបណ្ដាញសង្គមមួយចំនួនបានលុបចោលខ្លឹមសារមួយចំនួនដែលនាងបានបង្ហោះ។ ហើយក្នុងនោះ អាជ្ញាធរបានសន្មតថានាងបានប្រើភាសាជេរប្រមាថ ឬភាសារំលោភបំពាន។
Vermodel និយាយថា ទេពកោសល្យរបស់ពួកគេមិនទាន់ទទួលបានការព្រមានអ្វីនៅឡើយទេ ក្រៅពីការដាស់តឿនពីបណ្ដាញសង្គមផ្ទាល់ ដើម្បីធានាការផ្សាយផ្ទាល់វីដេអូរបស់ពួកគេមាន«យុវវ័យភាព និងមិនមានការប៉ះពាល់ផ្សេងៗ»។
បើយោងតាមសេចក្តីប្រកាសមួយពីក្រសួងវប្បធម៌នៅដើមខែធ្នូ ក្នុងវិស័យទាំងមូល គ្មានវីដេអូផ្សាយផ្ទាល់ណានឹងត្រូវបានអនុញ្ញាតទេ ប្រសិនបើបណ្តាញណាមួយក្នុងបណ្ដាញផ្សាយផ្ទាល់ទាំង២០០ក្នុងប្រទេស មិនអាចធានាតាមលិខិតអនុញ្ញាត។
អ្នកសម្ដែងតាមវីដេអូផ្សាយផ្ទាល់ ក៏តម្រូវឲ្យចុះឈ្មោះពិតរបស់ពួកគេក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងទទួលខុសត្រូវចំពោះខ្លឹមសារដែលពួកគេបង្ហោះ។ នេះបើតាមការបន្ថែមនៅក្នុងសេចក្ដីប្រកាស ដែលដើរទន្ទឹមនឹងបទបញ្ជាដែលរដ្ឋបាលនៃប្រព័ន្ធផ្សព្វផ្សាយ ការបោះពុម្ព វិទ្យុ និងទូរទស្សន៍ បានធ្វើការកែតម្រូវចុងក្រោយនៅខែសីហា។
អតិថិជននៅហាងកាហ្វេអ៊ីនធឺណិតមួយក្នុងក្រុងប៉េកាំង ប្រទេសចិន។
បើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការរៀបចំឡើងវិញនៃវិស័យនេះគឺមិនអាចចៀសផុតឡើយ ស្របពេលដែលបណ្ដាញផ្សាយផ្ទាល់ទាំង២០០ក្នុងប្រទេស ដែលមានទាំង douyu.com, live.bilibili.com និងhuya.comអាចស្ថិតនៅក្រោយរ៉ាដាឃ្លាំមើលរបស់រដ្ឋបាល។
ការរារាំងសេរីភាពក្នុងការបញ្ចេញមតិ
ទោះបីជាយ៉ាងណាក៏ដោយ លោក Qiao Mu សាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង(Beijing Foreign Studies University) បានលើកឡើងថា គោលដៅពិតប្រាកដនៃការរឹតបន្តឹងការគ្រប់គ្រងរបស់អាជ្ញាធរ គួរតែជាអ្នកមានឥទ្ធិពលក្នុងការអភិវឌ្ឍនយោបាយ និងព្រឹត្តិការណ៍ចម្រូងចម្រាសក្នុងសង្គម។
លោក Qiaoនិយាយថា៖ «អ្វីដែលអាជ្ញាធរចង់គ្រប់គ្រងពិតប្រាកដនោះ គឺខ្លឹមសារនយោបាយ ដោយសារកម្មវិធីផ្សាយផ្ទាល់ខ្លះ ឬក្រុមពិភាក្សាខ្លះអាចមានខ្លឹមសារទាក់ទងនឹងនយោបាយ ឬបញ្ហាសង្គម។ នេះបានក្លាយជាប្រធានបទ ដែលអាជ្ញាធរព្យាយាមបង្ក្រាប»។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ការហាមឃាត់ការផ្សាយផ្ទាល់ថ្មីៗនេះ នឹងដើរទន្ទឹមនឹងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ ដែលអាជ្ញាធរបានដាក់បញ្ចូលគ្នា ដើម្បីរារាំងសេរីភាពក្នុងការបញ្ចេញមតិក្នុងប្រព័ន្ធអ៊ីនធឺណិត ឬក្រៅពីប្រព័ន្ធអ៊ីនធឺណិត។
តាមសម្តីរបស់ Qiao ទោះបីជាយ៉ាងណាក៏ដោយ វិស័យកម្សាន្តនឹងទទួលឥទ្ធិពលមានកម្រិត ខណៈពេលដែលបណ្ដាញទំនាក់ទំនងនឹងមិនគាំទ្រខ្លឹមសារនយោបាយ ដែលពួកគេនឹងតម្រូវឲ្យអនុវត្តការរិតត្បិតខ្លឹមសារ៕
កំណត់សម្គាល់៖ សេចក្តីរាយការណ៍នេះ មានការចូលរួមចំណែករាយការណ៍ពីលោក Bill Ide នៃVOA ដែលប្រចាំការនៅទីក្រុងប៉េកាំង។
ប្រែសម្រួលដោយ វិញ សុជាតា