សមាជិកព្រឹទ្ធសភាអាមេរិកាំងមួយក្រុម កំពុងនាំមុខក្នុងការជួយពង្រឹងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលពេលនេះពួកគេយល់ថា បានផ្តល់លទ្ធផលខុសពីអ្វីដែលស្មារតីនៃកិច្ចព្រមព្រៀងចង់បាន គឺប្រទេសកម្ពុជាមួយដែលគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ដោយអះអាងថា«លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបានស្លាប់» ព្រោះតែប្រទេសនេះស្ថិតក្រោមឥទ្ធិពល និងការត្រួតត្រាពីចិន សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលចំនួនប្រាំរូប គឺលោកLinsey Graham លោក Ted Cruz លោក Dick Durbin លោក Patrick Leahy និងលោក Ben Cardin បានស្នើច្បាប់មួយកាលពីថ្ងៃទី៨ ខែកុម្ភៈ ដើម្បីឱ្យ«គាំទ្រដល់ការអនុវត្តឱ្យបានជោគជ័យនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើប្រទេសកម្ពុជា»។
សេចក្តីព្រាងច្បាប់ «ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ» ហៅកាត់ថា CARI Act ដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកស្នើឡើងនេះ នឹងដាក់ទណ្ឌកម្មជាច្រើនលើប្រទេសកម្ពុជា ក្នុងនោះមានដាក់លក្ខខណ្ឌជំនួយ ហាមមិនឱ្យជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យចូលក្នុងសហរដ្ឋអាមេរិក បង្កកទ្រព្យសម្បត្តិជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ប្រឆាំងរាល់ប្រាក់កម្ចី និងជំនួយពីស្ថាប័នអន្តរជាតិទៅកម្ពុជា ក៏ដូចជាហាមឃាត់ការលុបចោលបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកជាង៥០០លានដុល្លារផងដែរ។
លោក ណែម ឈឿង ប្រធានសមាគមក្រុងខ្មែរក្នុងរដ្ឋចរចា យល់ឃើញថា ចំណាត់ការរបស់សមាជិកព្រឹទ្ធសភាអាមេរិកាំងនៅពេលនេះ គឺជាការបង្កើនសម្ពាធជាក់លាក់ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធានការត្រជាក់កាលពីឆ្នាំមុនដែលគ្រាន់តែចេញជាសេចក្តីថ្លែងការណ៍ថ្កោលទោសនិងសេចក្តីសម្រេចធម្មតា ហើយមិនត្រូវបានរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ធ្វើតាម។
«នៅពេលណាដែលគេគូសបន្ទាត់ក្រហមហើយ គឺគេនឹងធ្វើម៉្លោះហើយវាបង្ហាញនូវឆន្ទៈរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលគេប្តេជ្ញាចិត្ត ដើម្បីនាំមកវិញនូវលទ្ធិប្រជាធិបតេយ្យដែលគេជាអ្នកស៊ីញ៉េនៅលើកិច្ចព្រមព្រៀងប៉ារីសមួយដែរ។ នេះជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែងាកទៅរកស្ថានការណ៍ស្រុកខ្មែរ ខ្ញុំជឿថា ប្រសិនបើមិនមានជំហានទីបីទេ ហាក់បីដូចជាឥទ្ធិពលដែលឃើញកន្លងមកហ្នឹង គ្រាន់តែនិយាយៗ គឺវាអត់បានប៉ះពាល់អីធ្ងន់ធ្ងរទេ»។
រូបឯកសារ៖ សមាជិកព្រឹទ្ធសភា លោក Lindsey Graham (ស្តាំ) និងលោក Dick Durbin ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានសភាអាមេរិក កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ដាក់ពន្ធនាគារតាំងពីខែកញ្ញា និងរំលាយគណបក្សប្រឆាំងដ៏ធំនេះកាលពីខែវិច្ឆិកា ហើយបានស្នើឱ្យទាញសភាពការណ៍មកដូចដើមវិញ បើមិនដូច្នេះទេនឹងទទួលទណ្ឌកម្ម។
សហរដ្ឋអាមេរិកបាននាំមុខដោយដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងជនទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
សេចក្តីស្នើច្បាប់នេះកំពុងតែស្ថិតនៅគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភា ហើយនឹងត្រូវយកមកពិភាក្សាក្នុងពេលខាងមុខ ទៅតាមនីតិវិធីធម្មតារបស់ព្រឹទ្ធសភា។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកព្រឹទ្ធសភាប្រាប់វីអូអេខេមរភាសា។
លោក ម៉ែន វណ្ណៈ សកម្មជនសហគមន៍នៅទីក្រុងឡូវែលរដ្ឋម៉ាស្សាឈូសិត សង្ឃឹមថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងផ្តល់អាទិភាពដល់ច្បាប់នេះផងដែរ ពីព្រោះតែស្ថានភាពបន្ទាន់នៃនយោបាយក្នុងប្រទេសកម្ពុជា។
«ខ្ញុំថាច្បាប់ដែលស្នើទៅ ខ្ញុំគិតថានឹងអាចលឿន ពីព្រោះនេះជាការបន្ទាន់មួយសម្រាប់ប្រទេសកម្ពុជា ហើយសម្រាប់សហគមន៍អន្តរជាតិដែរ។ ដូច្នេះក្នុងកាលៈទេសៈមួយ បើសិនជាច្បាប់នេះធ្វើមិនទាន់នៅពេលនេះ ប៉ុន្តែនឹងមានប្រយោជន៍នៅពេលខាងមុខ នៅពេលប្រទេសកម្ពុជាធ្វើការបោះឆ្នោតហើយ»។
លោក ម៉ែន វណ្ណៈ យល់ថា សេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចាប់អារម្មណ៍ឡើងវិញដល់តួនាទី និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធានានូវបូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសកម្ពុជា។
«ច្បាប់នេះ ខ្ញុំជឿថា នឹងមានប្រសិទ្ធភាពនឹងមានឥទ្ធិពល ពីព្រោះបើសិនជា១៨ប្រទេសនៅក្នុងអន្តរជាតិដែលបានចុះហត្ថលេខាហ្នឹង ធ្វើការកោះប្រជុំមួយនៅអង្គការសហប្រជាជាតិ ខ្ញុំគិតថាប្រទេសកម្ពុជានឹងធ្វើការពិចារណាឡើងវិញ មិនអាចទុកឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសឯកានៅក្រៅប្រព័ន្ធច្បាប់បានទេ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩១ ដោយភាគីជម្លោះខ្មែរចំនួនបួន និងមានប្រទេសចំនួន១៨ផ្សេងទៀត ដោយមានវត្តមានអង្គការសហប្រជាជាតិផងដែរ។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងភាគីអ្នកតស៊ូខ្មែរជាមួយនឹងភាគីខ្មែរដែលគាំទ្រដោយវៀតណាម និងនាំយកលទ្ធិប្រជាធិបតេយ្យចូលក្នុងប្រទេសកម្ពុជា។
រូបឯកសារ៖ ពលរដ្ឋខ្មែរអាមេរិកាំង និងខ្មែរកាណាដានៅសហរដ្ឋអាមេរិក ធ្វើមហាបាតុកម្មនៅពីមុខសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
សកម្មជនសិទ្ធិមនុស្សខ្មែរ-អាមេរិកាំង បានធ្វើសកម្មភាពជាច្រើនក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយរៀបចំជាសន្និសីទ ជួបជាមួយនឹងតំណាងអង្គការសហប្រជាជាតិ និងស្ថាប័ននីតិប្បញ្ញត្តិសហរដ្ឋអាមេរិក និងធ្វើបាតុកម្មតវ៉ាដើម្បីស្នើឱ្យប្រទេសហត្ថលេខីសើរើ និងពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះឡើងវិញ។ ពួកគេយល់ថា ការអនុវត្តកន្លងមកនេះមិនបានត្រឹមត្រូវទេ។
លោក គុជ ចាន់លី អ្នកវិភាគឯករាជ្យនៅរដ្ឋម៉ារីឡែន យល់ថា សេចក្តីព្រាងច្បាប់ CARI Act នេះគឺជាចេតនាមួយរបស់សហរដ្ឋអាមេរិកក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក្នុងការឆ្លើយតបនឹងការអំពាវនាវរបស់សហគមន៍ខ្មែរ។
«យើងសង្កេតឃើញថា សេចក្តីសង្ឃឹមនៃប្រជាពលរដ្ឋខ្មែរយើង នឹងឃើញពន្លឺឡើងវិញហើយ ដោយសារតែសហរដ្ឋអាមេរិកដែលជាម្ចាស់ហត្ថលេខីមួយនៅក្នុងកិច្ចព្រមព្រៀងនេះ គេបានធ្វើសកម្មភាព។ វាសមស្របទៅនឹងសេចក្តីតម្រូវនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលថា ឱ្យរដ្ឋាភិបាលនៃ ប្រទេសណាមួយក្នុងចំណោមប្រទេសចុះហត្ថលេខាហ្នឹងនឹងធ្វើសកម្មភាព។ នេះហើយជាការចង់បាន។ នេះហើយជាសេចក្តីសង្ឃឹម និងជាការយល់សុបិនរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស»។
សេចក្តីព្រាងច្បាប់ CARI Act នេះមានគោលបំណងទាញយកប្រទេសកម្ពុជាឱ្យដើរតាមលំនាំប្រជាធិបតេយ្យវិញ ដោយរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវ ហើយមានគណបក្សសង្គ្រោះជាតិចូលរួម។ ប៉ុន្តែសម្រាប់លោក គុជ ចាន់លី លោកយល់ថា សហរដ្ឋអាមេរិកគួរតែផ្តោតលើការអនុវត្តការដាក់ទណ្ឌកម្មនេះនៅក្រោយពីការបោះឆ្នោតជាតិវិញដោយសារតែដំណើរការបោះឆ្នោតលើកនេះមិនមានលក្ខណៈត្រឹមត្រូវតាមស្តង់ដាប្រជាធិបតេយ្យទេ។
«សហរដ្ឋអាមេរិកបានដឹងរួចមកហើយថា ជាការបោះឆ្នោតមួយមិនអាចទទួលស្គាល់បានទេ ហើយប្រទេសមហាអំណាចទាំងអស់គេមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ពីព្រោះការបោះឆ្នោតនេះបានបង្ហាញបែបបទខុសទំនង ខុសលក្ខណៈសេរី និងយុត្តិធម៌តាំងពីដើមទីរួចមកហើយ។ តាំងពីបង្កើតច្បាប់បំបិទសិទ្ធិប្រជាពលរដ្ឋខ្មែរមិនឱ្យរិះគន់រដ្ឋាភិបាល។ នេះជាការរំលោភលើសិទ្ធិមនុស្ស ហើយជាការផ្ទុយជាមួយនឹងឆន្ទៈសេរី និងយុត្តិធម៌នៅក្នុងពេលបោះឆ្នោត ហើយម្យ៉ាងទៀត ការណ៍ដែលបេក្ខជននៅក្នុងគណបក្សមួយ គឺគណបក្សកាន់អំណាចយកលុយកាក់ដាក់ស្រោមសំបុត្រទៅដើរចែកតាមផ្លូវតាមទីផ្សារ ដូច្នេះហើយការទិញឆន្ទៈម្ចាស់សន្លឹកឆ្នោតហ្នឹង គឺជាភស្តុតាងបញ្ជាក់ថា ការបោះឆ្នោតហ្នឹងអត់ប្រកបទៅដោយសេរីនិងយុត្តិធម៌ទេ»។
ក្រោយពីចូលជាធរមានសេចក្តីព្រាងច្បាប់នេះ នឹងតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើរបាយការណ៍ជារៀងរាល់បីខែម្តងមកឱ្យព្រឹទ្ធសភារហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បើទោះបីជាស្ថានភាពនយោបាយកម្ពុជាបានប្រសើរឡើង ក្រោយការបោះឆ្នោតជាតិ ដែលប្រទេសកម្ពុជាគ្រោងរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំនេះក៏ដោយ។
សេចក្តីព្រាងច្បាប់ CARI Act នេះក៏អនុញ្ញាតឱ្យបង្កើតកម្មវិធីជាភាសាខ្មែរឱ្យបានច្រើនតាមភាពចាំបាច់សម្រាប់ផ្សាយតាមបណ្តាញអីុនធឺណិត ដើម្បីបង្ហាញ និងអប់រំពលរដ្ឋកម្ពុជាពីតួនាទីរបស់ប្រទេសចិនក្នុងការគាំទ្ររបបខ្មែរក្រហម និងតួនាទីរបស់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកក្នុងការគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងផ្តល់ជំនួយអភិវឌ្ឍន៍កម្ពុជាពីឆ្នាំ១៩៩១ ដល់២០១៧ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសយល់ថា ការដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកយកចាប់ផ្តើមពង្រឹងយន្តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាការត្រឹមត្រូវ ពីព្រោះចាប់តាំងពីចុះហត្ថលេខាមកសហប្រធានកិច្ចព្រមព្រៀងនេះមិនដែលពិនិត្យមើលលើការអនុវត្តទេ។
លោកស្រី មូរ សុខហួរ បានបន្ថែមប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖
«ប្រទេសកម្ពុជាមានវិបត្តិធ្ងន់ធ្ងរ ហើយវាជាការសំខាន់ និងទាន់ពេលវេលា ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានស្នើឡើង។ វាមិនទាន់យឺតពេលទេ។ គណបក្សសង្គ្រោះជាតិ និងកម្លាំងអ្នកប្រជាធិបតេយ្យដទៃទៀតក្នុងប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជារាប់លាននាក់បន្តជឿជាក់លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់កិត្តិយសដល់ឆន្ទៈពលរដ្ឋ ដែលចង់បានដំណើរការពិតប្រាកដឈានទៅសន្តិភាព ដែលមានចែងក្នុងកិច្ចព្រមព្រៀង»។
រូបឯកសារ៖ កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិផ្តល់សក្ខីកម្មនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិក នៅរដ្ឋធានីវ៉ាសីុនតោន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
ជារឿយៗ មន្ត្រីរដ្ឋាភិបាលកម្ពុជាតែងតែប្រាប់អ្នកគាំទ្ររបស់ខ្លួនថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានស្លាប់ហើយ ដោយជំនួសមកវិញនូវរដ្ឋធម្មនុញ្ ញនិងការបង្កើតរដ្ឋាភិបាលស្របច្បាប់មួយក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣។
ប៉ុន្តែ កញ្ញាកឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបាន បញ្ជាក់ប្រាប់ VOA ក្នុងបទសម្ភាសពិសេសមួយថា ការរីកចម្រើនសេដ្ឋកិច្ចដែលកម្ពុជាមានសព្វថ្ងៃនេះ គឺជាសក្ខីភាពដែលបានមកពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាកាតព្វកិច្ចរបស់ប្រទេសហត្ថលេខី។
«កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនទាន់ស្លាប់ទេ ដោយហេតុដូច្នេះហើយបានជាសហគមន៍អន្តរជាតិដែលយើងឃើញប្រទេសមួយចំនួននៅតែបំពេញកាតព្វកិច្ចក្នុងការជួយជំនួយជាច្រើនទៅដល់ប្រទេសកម្ពុជា ឧទាហរណ៍ដូចជាការអនុគ្រោះពន្ធក៏ជាលទ្ធផលមួយនៃកិច្ចព្រមព្រៀងទៅក្រុងប៉ារីសដែរទាំងពីសហរដ្ឋអាមេរិកក្តី ទាំងពីសហភាពអឺរ៉ុបក្តី»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនយល់ស្របទេ លោកបានប្រាប់ដល់ពលរដ្ឋនៅក្នុងខេត្តកំពតក្នុងពេលកន្លងមកថា អ្នកដែលយល់ថាកិច្ចព្រមព្រៀងនេះជួយដល់ការរីកចម្រើនសេដ្ឋកិច្ច គឺជាការយល់ខុស។
លោក ហ៊ុន សែន បានបន្ថែមថា៖
«កុំថាកិច្ចព្រមព្រៀងប៉ារីស អ្នកនាំសេដ្ឋកិច្ចផ្សារមកឱ្យកម្ពុជាឱ្យសោះ។ សូមកុំនិយាយអាធន់ហ្នឹង។ នេះជាការនិយាយខុស»។
អ្នកនយោបាយគណបក្សសង្គ្រោះជាតិ ក៏ដូចជាសកម្មជនខ្មែរអាមេរិកាំងខ្លះ នៅតែមានសុទិដ្ឋិនិយមថា អ្នកនយោបាយខ្មែរនឹងអាចស្វែងរកវិធីដោះស្រាយជាមួយគ្នា ដើម្បីបញ្ចប់វិបត្តិនយោបាយដោយមិនធ្វើឱ្យកិត្តិយសប្រទេសកម្ពុជាធ្លាក់ចុះកាន់តែខ្លាំង ដែលឈានទៅខាតផលប្រយោជន៍ជាតិ។
លោក ណែម ឈឿង ប្រធានសមាគមក្រុងខ្មែរក្នុងរដ្ឋចរចាបានបន្ថែមថា៖
«ស្ថានការណ៍ស្រុកខ្មែរមិនអាចព្រលែងទៅទៀតបាន។ ខ្ញុំថាត្រូវតែនាំគ្នាវិលមកតុចរចា ដើម្បីនិយាយគ្នា បើសិនជាមិននិយាយគ្នាខាងរដ្ឋាភិបាលខាតកាន់តែធ្ងន់ទៅបាក់មុខបាក់មាត់កាន់តែធ្ងន់ទៅ ហើយបក្សប្រឆាំងក៏ខាតធ្ងន់ ហើយមិនមានឱកាសក្នុងការផ្តល់នូវកិច្ចសន្យាដែលខ្លួនបានសន្យាទៅសហគមន៍អន្តរជាតិ ដើម្បីបំពេញតួនាទីជាអ្នកតស៊ូមតិដើម្បីសេរីភាពជូនប្រទេសកម្ពុជា»។
បើទោះបីជាការចរចាអាចធ្វើបាន ឬមិនបាន ដើម្បីបញ្ចប់វិបត្តិនយោបាយដែលកំពុងតែកើតមាននៅប្រទេសកម្ពុជាឱ្យបានមុនការបោះឆ្នោតឆ្នាំនេះក្តី ក៏សេចក្តីព្រាងច្បាប់ CARI Act នេះគឺជាការបង្ហាញចេតនារបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយ៉ាងរហ័សសម្រាប់កម្ពុជា៕