វ៉ាស៊ីនតោន–អំពើហិង្សាសិទ្ធិមនុស្សជាច្រើនបានកើតឡើងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានរយៈកាលជាង៣០ឆ្នាំមកហើយ។ អំពើហិង្សាទាំងនោះ ជាប់ពាក់ព័ន្ធនឹងយោធា ដែលគេដឹងថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។ ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបរបស់ឧត្តមសេនីយ៍កម្ពុជា១២រូប ដែលបានធ្វើការបម្រើគណបក្សប្រជាជនកម្ពុជាក្នុងការបង្រ្កាប និងធ្វើទុក្ខបុកម្នេញអ្នកដែលមានទំនោរប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អត្ថបទនេះ ជាសេចក្តីសង្ខេបនៃរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានចំណងជើងថា «ឧត្តមសេនីយ៍ទុច្ចរិតទាំង១២រូបរបស់កម្ពុជា ឬ Cambodia's Dirty Dozen»។
ឧត្តមសេនីយ៍ទុច្ចរិតទាំង១២របស់កម្ពុជា។ ជួរលើពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃនគរបាលជាតិ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។ ជួរកណ្តាលពីឆ្វេងទៅស្តាំ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។ ជួរក្រោមពីឆ្វេងទៅស្តាំ៖ ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
១. នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ
លោក ប៉ុល សារឿន កើតក្នុងឆ្នាំ១៩៤៨ នៅខេត្តស្វាយរៀង។ លោកបានចូលរួមជាមួយខ្មែរក្រហមក្នុងឆ្នាំ១៩៦៨ និងបានក្លាយជាសមាជិកបក្សកុម្មុយនីស្តកម្ពុជាក្នុងឆ្នាំ១៩៧១ ដោយមានមុខនាទីជាអនុប្រធាននៃកងពលភូមិភាគបូព៌ា និងគ្រប់គ្រងមន្ទីរសន្តិសុខ ស៧៩។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- នៅឆ្នាំ១៩៧៩ លោកបានក្លាយជាលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជាប្រចាំខេត្តតាកែវ។ លោកគឺជាអ្នកគ្រប់គ្រងលើសន្តិសុខខេត្តតាកែវ។ នៅទីនោះលោកបានកាត់ទោសអ្នកទោសនយោបាយដែលបានចោទថា ក្បត់នឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាម។
- នៅឆ្នាំ១៩៨៨ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាផ្នែកមួយនៃការតែងតាំងអតីតសមាជិកខ្មែរក្រហម ចូលកាន់តំណែងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
- នៅអំឡុងការបោះឆ្នោតឆ្នាំ១៩៩៣ លោកឈរឈ្មោះជាតំណាងរាស្រ្តខេត្តតាកែវ។ នៅទីនោះលោកបានអនុវត្តគោលការណ៍ «ពង្រឹងមូលដ្ឋាន» របស់គណបក្សប្រជាជនកម្ពុជា ដោយបានគ្រប់គ្រងយោធា នគរបាល និងមន្រ្តីរាជការតាំងពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន។ ការពង្រឹងមូលដ្ឋាននាពេលនោះ គឺរួមបញ្ចូលទាំងការបង្កើតកងកម្លាំងប្រឆាំងនឹងគណបក្សប្រឆាំងផងដែរ។ នៅក្រោមការគ្រប់គ្រងរបស់លោក ប៉ុល សារឿន ខេត្តតាកែវត្រូវបានគេស្គាល់ថា បានសម្លាប់សមាជិក និងអ្នកគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ដោយរួមបញ្ចូលទាំង ការបោកគ្រាប់បែកដៃ និងការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង។
- នៅចន្លោះឆ្នាំ១៩៩៣ និង១៩៩៦ លោកត្រូវបានទម្លាក់ឲ្យក្លាយជា នាយអគ្គសេនាធិការរងកងយោធពលខេមរភូមិន្ទ តែលោកនៅតែក្តាប់អំណាចយោធាដដែល។ នៅក្នុងអំឡុងពេលនោះ កងយោធពលខេមរភូមិន្ទ បានជាប់ទាក់ទងទៅនឹងអំពើហិង្សាផ្នែកសិទ្ធិមនុស្សជាច្រើន រួមបញ្ចូលទាំង ការតាមចាប់ខ្លួនអតីតកងទ័ពខ្មែរក្រហម និងការបណ្តេញអ្នកភូមិដែលមានកម្មសិទ្ធិដីធ្លីចេញដោយបង្ខំ ដើម្បីលក់ដីទៅឲ្យទៅអ្នកវិនិយោគបរទេស។ ពួកគេក៏ជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតអ្នកជំនួញជាបន្តបន្ទាប់។
- ចាប់តាំងពីឆ្នាំ១៩៩៦ លោកគឺជាមន្រ្តីយោធាដែលមានតំណែងខ្ពស់បំផុតក្នុងគណបក្សប្រជាជនកម្ពុជា។ ហើយគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើរដ្ឋប្រហារប្រឆាំងនឹងគណបក្សហ៊្វុនស៊ីនប៉ិច កាលពីថ្ងៃទី៥ និង៦ ខែកក្កដា ឆ្នាំ១៩៩៧។
- នៅក្នុងឆ្នាំ១៩៩៩ លោក ប៉ុល សារឿន ត្រូវបានតែងតាំងជានាយសេនាធិការចម្រុះ ដែលលោកបានទទួលអំណាចយោធាពេញលេញ។
- ទសវត្សរ៍ក្រោយៗទៀត កងយោធពលខេមរភូមិន្ទ បានប្រព្រឹត្តអំពើហិង្សាជាច្រើនដោយ ដោយរួមបញ្ចូលទាំងការរំលោភ សម្លាប់ឬប៉ុនប៉ងសម្លាប់ និងការធ្វើទារុណកម្ម ទៅលើមនុស្សដែលត្រូវបានចាប់ឃុំខ្លួនដោយយោធា។
- លោក ប៉ុល សារឿន បានចូលរួមក្នុងយុទ្ធនាការបោះឆ្នោតជាសាធារណៈនៅឆ្នាំ ២០០៩ រហូតដល់ថ្ងៃបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣ ក្នុងនាមជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុ។ គណបក្សប្រជាជនកម្ពុជាត្រូវបានដឹងថា បានលួចបន្លំសន្លឹកឆ្នោត នៅក្នុងខេត្តនោះ។
- លោក ប៉ុល សារឿន គឺជាអ្នកដែលនៅពីក្រោយការបង្រ្កាបបាតុកររោងចក្រកាត់ដេរ។ លោកត្រូវបានគេស្គាល់ថាជាអ្នកដែលបង្រ្កាបចលនាផ្សេងៗ ដែលប្រឆាំងទៅនឹងគណបក្សប្រជាជនកម្ពុជា ដូចជាការបង្រ្កាបទៅលើក្រុមអ្នកតវ៉ារបស់គណបក្សសង្រ្គោះជាតិនៅចុងឆ្នាំ២០១៧។
២. នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ
លោក គន់ គីម កើតនៅក្នុងឆ្នាំ១៩៥៤ នៅខេត្តត្បូងឃ្មុំ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- លោកបានចូលរួមជាមួយខ្មែរក្រហមតាំងតែពីមុនឆ្នាំ១៩៧៥ ដោយមានតួនាទីជាកងឈ្លប និងអង្គរក្សនៅភូមិភាគបូព៌ា តំបន់២១។
- ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកបានក្លាយជាប្រធានមន្ទីរសន្តិសុខស្រុកត្បូងឃ្មុំ។ លោកគឺជាអ្នកបញ្ជាឲ្យចាប់ខ្លួន ធ្វើទារុណកម្ម និងកាត់ទោសអ្នកដែលបានចោទថាក្បត់បដិវត្តន៍នៅក្នុងស្រុកត្បូងឃ្មុំ ដោយរួមមានទាំងការធ្វើទុក្ខបុកម្នេញជនជាតិខ្មែរឥស្លាមផងដែរ។ អំពើទាំងនេះត្រូវបានសាលាក្តីខ្មែរក្រហម ចាត់ជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។
- លោក គន់ គីម បានទៅកាន់តំណែងនៅខេត្តកណ្តាលក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយក្លាយទៅជាអ្នកគ្រប់គ្រងមន្ទីរសន្តិសុខខេត្តកណ្តាល។ លោកទទួលខុសត្រូវចាប់ និងធ្វើទារុណកម្មអ្នកទោសនយោបាយដែលប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
- ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក គន់ គីម បានក្លាយជាអភិបាលរងខេត្តកណ្តាល និងជាសមាជិកដ៏សំខាន់នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកណ្តាល។ លោកបានធ្វើអំពើហិង្សានយោបាយ និងបំភិតបំភ័យអ្នកគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិចនៅក្នុងខេត្តនេះ។
- នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ លោក គន់ គីម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអំណាចយោធា និងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចាប់ខ្លួនអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែលនេះគឺជាផ្នែកមួយក្នុងការ «បោសសម្អាតគណបក្សប្រឆាំងមុនការបោះឆ្នោត»។
- លោក គន់ គីម ត្រូវសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការបោកគ្រាប់បែកលើបាតុកម្មដែលដឹកនាំដោយលោក សម រង្ស៊ី នៅក្នុងឆ្នាំ១៩៩៧ ដែលបានសម្លាប់មនុស្សប្រមាណ១៦នាក់ និងធ្វើឲ្យមនុស្សប្រមាណ១៥០នាក់ទៀតមានរបួស។
- ក្រោយពីត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកកិច្ចការទូទៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក គន់ គីម បានប្រើប្រាស់អំណាចនយោបាយ និងយោធាដែលលោកមានក្នុងការកាប់ព្រៃដោយខុសច្បាប់ដោយប្រើប្រាស់កងយោធពលខេមរភូមិន្ទ យោធភូមិភាគទី២ និងយោធភូមិភាគទី៤។
- បន្ទាប់ពីត្រូវបានតែងតាំងឲ្យក្លាយជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក គន់ គីម បានប្រព្រឹត្តអំពើហិង្សាផ្នែកសិទ្ធិមនុស្សជាច្រើន លើអ្នកដែលអាចគំរាមកំហែងដល់អំណាចនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
- លោក គន់ គីម បានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងត្រូវបានតែងតាំងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅក្នុងឆ្នាំ២០០៩។ កងពលតូចលេខ៩១១ និងលេខ៧០ ដែលស្ថិតក្រោមបញ្ជារបស់លោក បានបង្រ្កាបបាតុករនៅរាជធានីភ្នំពេញ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣។
- អំពើហិង្សាទៅលើសមាជិកសភាពីររូបមកពីគណបក្សសង្រ្គោះជាតិ បានប្រព្រឹត្តដោយកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមបញ្ជាលោកឧត្តមសេនីយ៍ ដៀង សារ៉ុន ដែលត្រូវបានស្គាល់ថាជាអ្នកជិតស្និទ្ធនឹងលោក គន់ គីម។
- លោក គន់ គីម គឺជាអ្នកដែលបានបញ្ជាឲ្យកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី១ ប្រឆាំងទៅនឹងគ្រប់បុគ្គលដែលធ្វើការបះបោរ ធ្វើបដិវត្តន៍ពណ៌ ឬក៏អ្នកដែលមានទំនោរប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរជាច្រើននាក់បាននាំគ្នាគប់ដុំថ្មដាក់កងរាជអាវុធហត្ថដែលប្រដាប់ដោយកាំភ្លើង នៅក្នុងការធ្វើបាតុកម្មតវ៉ាមួយនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤។ (Reuters)
រូបឯកសារ៖ បុរសម្នាក់ត្រូវបានសន្តិសុខខណ្ឌ៧មករា វាយនឹងដំបងដែក នៅក្នុងអំឡុងពេលដែលលោកចូលរួមដង្ហែក្បួនប្រារព្ធទិវាពលកម្មអន្តរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤។ (Reuters)
៣. នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ
លោក សៅ សុខា កើតក្នុងឆ្នាំ១៩៦១ នៅខេត្តស្វាយរៀង។ លោកបានភៀសខ្លួនទៅប្រទេសវៀតណាមក្នុងឆ្នាំ១៩៧៧ ក្រោយមកត្រូវបានវៀតណាមចាត់តាំងឲ្យធ្វើការជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឆ្នាំ១៩៧៨។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- ពីចន្លោះឆ្នាំ១៩៧៩ និង១៩៩១ លោក សៅ សុខា គឺជាសេនាធិការរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងការចាប់ខ្លួន ឃុំខ្លួន និងធ្វើទារុណកម្មអ្នកទោសនយោបាយ។
- បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ លោក សៅ សុខា ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស (GRK)។ នៅអំឡុងឆ្នាំ១៩៩៤ និង១៩៩៦ កងរាជអាវុធហត្ថបានប្រព្រឹត្តបទល្មើសជាច្រើន រួមមានទាំងការរំលោភបំពានសិទ្ធិមនុស្ស ការសម្លាប់ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញផ្សេងៗ និងការជួញដូរថ្នាំញៀន។
- លោក សៅ សុខា គឺជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៩៧ ដែលផ្តោតជាចម្បងលើការផ្តួលរលំលោក ញឹក ប៊ុនឆៃ និងទីស្នាក់ការរបស់គណបក្សហ៊្វុនស៊ីនប៉ិច នៅឯព្រែកតាទែន នៅភាគខាងជើងរាជធានីភ្នំពេញ។
- កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប់ពាក់ព័ន្ធទៅនឹងការលួចបន្លំសន្លឹកឆ្នោតកាលពីការបោះឆ្នោតក្នុងឆ្នាំ១៩៩៨។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺជាកងកម្លាំងដែលគណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់ក្នុងការបង្រ្កាបបាតុកម្ម តវ៉ាកាលពីការបោះឆ្នោតឆ្នាំ១៩៩៨ ដែលបានសម្លាប់មនុស្សប្រមាណ២១នាក់។
- នៅក្នុងអំឡុងឆ្នាំ១៩៩៩ ដល់២០០៨ កងរាជអាវុធហត្ថបានរំលោភបំពានសិទ្ធិមនុស្សជាច្រើន។ ពួកគេបានបង្រ្កាបបាតុកម្ម និងកូដកម្មផ្សេងៗនៅរាជធានីភ្នំពេញរួមមានទាំងអំពើហិង្សា និងការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ។ ហើយបានរារាំងមិនឲ្យអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ឬអ្នកសារព័ត៌មានធ្វើការឃ្លាំមើល ឬរាយការណ៍ពីការរំលោភបំពានសិទ្ធិមនុស្សទេ។
- កងរាជអាវុធហត្ថក៏ជាប់ពាក់ព័ន្ធទៅនឹងការកាប់ព្រៃខុសច្បាប់ផងដែរ។
- លោក សៅ សុខា ជាអ្នកដែលរាំងស្ទះសកម្មភាពរបស់គណបក្សប្រឆាំងដូចជា ការមិនឲ្យមានការដង្ហែក្បួនផ្សេងៗ ការបិទស្ថានីយវិទ្យុរបស់គណបក្ស សម រង្ស៊ី និងគណបក្សប្រឆាំងផ្សេងៗទៀត និងការចាប់ខ្លួនអ្នកនិពន្ធកាសែតមនសិការខ្មែរជាដើម។
- នៅចន្លោះឆ្នាំ២០០៩ និង២០១២ លោក សៅ សុខា ត្រូវបានតំឡើងទៅជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ នៅក្នុងអំឡុងពេលនេះ កងរាជអាវុធហត្ថ បានប្រព្រឹត្តអំពើហិង្សាផ្នែកសិទ្ធិមនុស្សជាច្រើន រួមមានទាំងការប្រើកម្លាំងបំបែកបាតុករដែលប្រឆាំងនឹងការទន្រ្ទានយកដីទាំងបង្ខំ ទាំងនៅជនបទ ទាំងនៅទីប្រជុំជន។ លោក សៅ សុខា ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារលើក្រុមបាតុករ វាយធ្វើបាប និងចាប់ខ្លួនបាតុករ និងរារាំងមិនឲ្យបាតុករមកពីបណ្តាខេត្តផ្សេងៗចូលមករាជធានីភ្នំពេញ។ កងកម្លាំងដែលស្ថិតនៅក្រោមបញ្ជារបស់លោក ក៏បានគំរាមកំហែងដល់អាយុជីវិត និងរារាំងអ្នកសង្កេតការណ៍សិទ្ធិមនុស្ស អ្នកកាសែត និងអង្គការសង្គមស៊ីវិលក្នុងការស៊ើបអង្កេតលើករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាដែលករណីនោះរួមមានទាំងការបាញ់សម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ឈ្មោះ ហេង ចន្ថា នៅខេត្តក្រចេះ។
- នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ លោក សៅ សុខា គឺជាអ្នកបញ្ជាឲ្យរារាំងបាតុករមិនឲ្យចូលមករាជធានីភ្នំពេញ។ នគរបាលរាជធានីភ្នំពេញជាប់ពាក់ព័ន្ធនឹងការបំបែកហ្វូងបាតុករជាច្រើន ដោយរួមបញ្ចូលទាំងការដែលបានសម្លាប់កម្មករដែលធ្វើបាតុកម្មផងដែរ។
- នៅក្នុងឆ្នាំ២០១៥ និង២០១៦ លោក សៅ សុខា បន្តអនុវត្តការពង្រឹងមូលដ្ឋាន។ សកម្មភាពទាំងនេះរួមបញ្ចូលទាំងការបណ្តុះបណ្តាលកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីវិធានការទប់ស្កាត់ក្រុមដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅថាក្រុមដែលធ្វើឲ្យមានគ្រោះភ័យដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
៤. នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន កើតនៅឆ្នាំ១៩៦០។ លោក នេត សាវឿន ពាក់ព័ន្ធទៅនឹង ការធ្វើទារុណកម្ម អំពើឃោរឃៅ ករណីជំរិតទារប្រាក់ និងការទទួលសំណូក។ លោកគឺជាកូនប្រសារបស់អភិបាលខេត្តកំពង់ចាមលោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- នៅអំឡុងឆ្នាំ១៩៩១ លោកត្រូវបានតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញ។
- បន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ លោក នេត សាវឿន មានការពាក់ព័ន្ធទៅនឹងអំពើហិង្សាលើសមាជិករបស់គណបក្សហ៊្វុនស៊ីនប៉ិច ដោយសារតែមិនមានតំណែងផ្លូវការណាមួយសម្រាប់រូបលោកនៅក្នុងរដ្ឋាភិបាលចម្រុះ។
- លោក នេត សាវឿន បានដើរតួនាទីដ៏សំខាន់ក្នុងការបង្រ្កាបការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៤។ ចាប់តាំងពីពេលនោះមក លោកបានក្លាយជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជាក្នុងការប្រមូលផ្តុំអំណាចរបស់នគរបាលជាតិឲ្យស្ថិតនៅក្រោមគណបក្សមួយនេះ។ លោកត្រូវបានសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងការវាយប្រហារលើលោក សម រង្ស៊ី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
- លោក នេត សាវឿន គឺជាអ្នកដែលវាយប្រហារលើគណបក្សប្រឆាំងកាលពីរដ្ឋប្រហារឆ្នាំ១៩៩៧នៅឯទីប្រជុំជនរាជធានីភ្នំពេញ។ លោកស្ថិតនៅក្នុងចំណោមមន្រ្តីយោធាជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលបង្រ្កាបបាតុកម្មនៅក្នុងខែសីហា និងកញ្ញាឆ្នាំ១៩៩៨ ដែលបានសម្លាប់មនុស្សប្រមាណ២១នាក់ និងយ៉ាងហោចណាស់មនុស្សប្រមាណ៦០នាក់ទៀតរងរបួស។
- បន្ទាប់ពីបានក្លាយជាអគ្គស្នងការនគរបាលជាតិនៅក្នុងឆ្នាំ២០០៨ លោក នេត សាវឿន ជាប់ពាក់ព័ន្ធទៅនឹងការចាប់ឃុំខ្លួនបុគ្គលដែលមិនយល់ស្របទៅនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានទាំងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងការឃុំខ្លួនមនុស្ស១៣នាក់ដែលមានទំនាក់ទំនងនឹងចលនារណសិរ្សរំដោះជាតិខ្មែរ។ លោកក៏ជាប់ពាក់ព័ន្ធទៅនឹងការចាប់ខ្លួនបាតុករ ដែលធ្វើបាតុកម្មលើរឿងការរំលោភដីធ្លី។
- ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់នគរបាលជាតិដើម្បីបង្រ្កាបបាតុកររបស់គណបក្សប្រឆាំង ដោយរួមមានទាំងការប្រើប្រាស់អំពើហិង្សាលើហ្វូងបាតុករ ការសម្លាប់ និងការបង្កឲ្យមានរបួសជាច្រើននាក់។
- លោកមានតួនាទីដ៏សំខាន់ក្នុងការកម្ទេចគណបក្សសង្រ្គោះជាតិ។ លោកត្រូវបានចាត់តាំងឲ្យស៊ើបអង្កេតលើជំនួយបរទេសដែលគាំទ្រចលនារបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានចោទថា ជាបដិវត្តន៍ពណ៌ដែលបម្រើប្រយោជន៍បរទេស។
រូបឯកសារ៖ ជនជាតិដើមភាគតិចកញ្ជក់ម្នាក់ ឈរនៅក្បែរគល់ឈើ ដែលត្រូវបានលួចកាត់នៅក្នុងព្រៃសហគមន៍ នៅក្នុងភូមិកាណាតធំ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)
៥. ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤
លោក ជា ម៉ន កើតនៅក្នុងឆ្នាំ១៩៥២។ លោកគឺជាអ្នកគ្រប់គ្រងគណបញ្ជាការលេខ៥៧៨ របស់ខ្មែរក្រហម។ លោកបានចូលរួមចលនាផ្តួលរំលំខ្មែរក្រហមជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងបានភៀសខ្លួនទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨។
ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- នៅឆ្នាំ១៩៨៧ លោកត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងពលលេខ១៧៩ដែលជាអង្គភាពពិសេស ដែលប្រតិបត្តិការនៅយោធភូមិភាគទី៤ ភាគពាយព្យនៃប្រទេសកម្ពុជា។
- យោធភូមិភាគទី៤ គឺស្ថិតនៅក្នុងតំបន់ដែលមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងអំឡុងពេលបោះឆ្នោតនៅឆ្នាំ១៩៩៣។ យោធាតំបន់នេះ បានធ្វើការគាបសង្កត់គណបក្សផ្សេងៗនាពេលនោះ ដោយមិនឲ្យមានការប្រមូលផ្តុំ ឬមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋទៅចូលរួមយុទ្ធនាការរបស់គណបក្សផ្សេងៗ។ លោកក៏បានគំរាមកំហែងប្រជាជនមិនឲ្យធ្វើបាតុកម្មប្រឆាំងនឹងបញ្ហាអំពើពុករលួយរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តឧត្តរមានជ័យផងដែរ។
- លោកគឺជានាយទាហានជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមធ្វើរដ្ឋប្រហារកាលពីថ្ងៃទី៥ និង៦ ខែកក្កដា ឆ្នាំ១៩៩៧នៅខេត្តសៀមរាប ដែលបានផ្តួលរំលំលោក ខាន់ សាវឿន ដែលជាមេបញ្ជាការកងទ័ពមកពីគណបក្សហ៊្វុនស៊ីនប៉ិចប្រចាំខេត្តសៀមរាប។
- បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៩៧ លោកបានបញ្ជាឲ្យចាប់នាយទាហាន និងនគរបាលនៅថ្នាក់ក្រោមដែលបានចុះចូលជាមួយនឹងគណបក្សហ៊្វុនស៊ីនប៉ិច។
- នៅអំឡុងពេលបោះឆ្នោតឆ្នាំ១៩៩៨ លោកត្រូវបានគេដឹងថា បានសម្លាប់សមាជិករបស់គណបក្សហ៊្វុនស៊ីនប៉ិច។ យោធានៃយោធភូមិភាគទី៤ ក៏បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដោយចោទថាជាចោរលួច។
- ចាប់តាំងពីឆ្នាំ២០០០មក យោធាតំបន់នេះ ត្រូវបានគេដឹងថាបានសម្លាប់ ប៉ុនប៉ងសម្លាប់ វាយធ្វើបាប គំរាមកំហែងផ្នែកនយោបាយ និងបំភិតបំភ័យលើប្រជាពលរដ្ឋជាបន្តបន្ទាប់។
- យោធាដែលស្ថិតនៅក្រោមបញ្ជារបស់លោក ជា ម៉ន បានប្លន់យកដីធ្លីរបស់ប្រជាពលរដ្ឋ និងបង្ខំប្រជាពលរដ្ឋឲ្យចាកចេញពីទីលំនៅ។
- នៅអំឡុងការបោះឆ្នោតឆ្នាំ២០១៣ លោកបានរារាំងមិនឲ្យគណបក្សសង្រ្គោះជាតិមានការប្រមូលផ្តុំនៅខេត្តឧត្តរមានជ័យទេ។
- នៅអំឡុងឆ្នាំ២០១៥ លោកបានបញ្ជាឲ្យកងកម្លាំងរបស់លោក បង្រ្កាប និងស្វែងរកក្រុមមនុស្សដែលរដ្ឋាភិបាលចាត់ទុកថា ជាអ្នកធ្វើបដិវត្តន៍ពណ៌។ យោធភូមិភាគទី៤ បានគាំទ្រយ៉ាងពេញទំហឹងលើការរំលាយគណបក្សសង្រ្គោះជាតិ ដោយចោទគណបក្សនេះថាបានបម្រើប្រយោជន៍បរទេស។
៦. ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥
លោក ប៊ុន សេង កើតនៅក្នុងឆ្នាំ១៩៥២។ លោកទំនងជាបានចូលបម្រើកងទ័ពក្នុងអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៧៩។
ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- រហូតមកទល់ឆ្នាំ១៩៩១ លោកគ្រប់គ្រងយោធានៅខេត្តពោធិ៍សាត់ និងបាត់ដំបង និងធ្វើការបោសសម្អាតកងទ័ពខ្មែរក្រហម និងក្រុមដែលគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច។
- យោធាយោធភូមិភាគទី៥ បានរំលោភបំពានសិទ្ធិមនុស្សជាច្រើននៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ១៩៩៣។ យោធាតំបន់នេះ បានគាបសង្កត់គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សផ្សេងៗទៀតមិនឲ្យធ្វើសកម្មភាពនយោបាយ និងមិនអនុញ្ញាតឲ្យប្រជាជនបោះឆ្នោតឲ្យគណបក្សផ្សេង។ កងកម្លាំងដែលស្ថិតនៅក្រោមបញ្ជារបស់លោក បានវាយប្រហារលើគណបក្សហ៊្វុនស៊ីនប៉ិច និងបានសម្លាប់សកម្មជនរបស់គណបក្សនេះ។
- នៅអំឡុងការបោះឆ្នោតឆ្នាំ១៩៩៨ យោធាយោធភូមិភាគទី៥ បានសម្លាប់សកម្មជនរបស់គណបក្សហ៊្វុនស៊ីនប៉ិចជាច្រើន។
- ចាប់តាំងពីឆ្នាំ២០០០មក យោធភូមិភាគទី៥ បានប្លន់យកដីរបស់ប្រជាពលរដ្ឋ បណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំ រំលោភបំពានផ្លូវភេទ សម្លាប់ គំរាមកំហែងដល់អាយុជីវិត វាយធ្វើបាប ចាប់ខ្លួន ធ្វើទារុណកម្ម ប៉ុនប៉ងសម្លាប់ និងការជួញដូរមនុស្ស ដែលធ្វើឲ្យប៉ះពាល់ដល់ជនសាមញ្ញទូទៅ។
រូបឯកសារ៖ ទិដ្ឋភាពនៅមុខតុលាការកំពូលនិងមហាអយ្យការ នៅរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលតុលាការកំពូលសម្រេចបន្តសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (នូវ ពៅលក្ខិណា/VOA)
៧. ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២
លោក ជឿន សុវណ្ណថា កើតនៅក្នុងឆ្នាំ១៩៥៧។ លោកគឺជាអង្គរក្សវ័យក្មេងរបស់លោក ហ៊ុន សែន ដែលបានភៀសខ្លួនទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨។ លោកជាអ្នកគ្រប់គ្រងយោធភូមិភាគទី២ ដែលត្រូវបានដឹងថាបានប្រព្រឹត្តអំពើហិង្សាផ្នែកសិទ្ធិមនុស្សជាច្រើននៅអំឡុងការបោះឆ្នោតឆ្នាំ១៩៩៣។
ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- យោធាយោធភូមិភាគទី២ បានសម្លាប់ និងធ្វើទុក្ខបុកម្នេញសកម្មជន និងអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រឆាំងផ្សេងៗទៀតនៅក្នុងតំបន់នោះ។
- នៅក្នុងការធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ យោធាយោធភូមិភាគទី២បានវាយធ្វើបាបសមាជិករបស់គណបក្សហ៊្វុនស៊ីនប៉ិចនៅជាយរាជធានីភ្នំពេញ។ យោធាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ជឿន សុវណ្ណថា ក៏បានវាយប្រហារលើទីស្នាក់ការរបស់គណបក្សហ៊្វុនស៊ីនប៉ិច នៅក្នុងរាជធានីភ្នំពេញផងដែរ។
- លោកត្រូវបានតែងតាំងឲ្យក្លាយជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានតួនាទីស្មើនឹងអនុរដ្ឋលេខាធិការ។
- យោធាយោធភូមិភាគទី២ បានប្រព្រឹត្តអំពើហិង្សាផ្នែកនយោបាយនៅអំឡុងពេលបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០០២ ដែលបានសម្លាប់សកម្មជនគណបក្សនយោបាយចំនួន៤នាក់។
- នៅក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០០៣ ខេត្តកំពង់ចាមដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ជឿន សុវណ្ណថា ត្រូវបានស្គាល់ថាជាខេត្តដែលរារាំង បៀតបៀន និងប្រព្រឹត្តអំពើហិង្សាយ៉ាងខ្លាំងលើគណបក្សផ្សេងៗទៀត។
- ចាប់តាំងពីឆ្នាំ២០០០មក យោធាយោធភូមិភាគទី២នេះបានប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនដូចជា ប្លន់ សម្លាប់ ប៉ុនប៉ងសម្លាប់ វាយធ្វើបាប គំរាមកំហែងដល់អាយុជីវិត ជួញដូរមនុស្ស រំលោភបំពានផ្លូវភេទ ឃុំខ្លួនដោយខុសច្បាប់ ធ្វើឲ្យបាត់ខ្លួនដោយបង្ខំ ប្លន់យកដីធ្លី និងបណ្តេញប្រជាជនចេញដោយបង្ខំ។
- នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ យោធាដែលស្ថិតក្រោមបញ្ជារបស់លោក បានប្រព្រឹត្តអំពើជាច្រើនដែលប្រឆាំងទៅនឹងគណបក្សសង្រ្គោះជាតិ រួមមានទាំងការបំបែកហ្វូងបាតុករ ដែលធ្វើបាតុកម្មនៅក្នុងតំបន់ដែលលោកគ្រប់គ្រង។
- ចាប់តាំងពីឆ្នាំ២០១៤មក យោធភូមិភាគទី២ ត្រូវបានស្គាល់ថា ជាកងកម្លាំងដែលប្រឆាំងនឹងចលនារបស់គណបក្សសង្រ្គោះជាតិ។
- លោកគឺជាអ្នកដែលគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ថា «កងទ័ពជើងគោកទាំងមូលគឺជាកងទ័ពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាមេបញ្ជាការខ្ពស់បំផុតរបស់កងទ័ពកម្ពុជា។ កងទ័ពទាំងអស់ត្រូវស្ម័គ្រស្លាប់ដើម្បីការពារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន»។
៨. ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១
លោក ចាប ភក្តី កើតនៅក្នុងឆ្នាំ១៩៥៩ នៅខេត្តព្រៃវែង។ លោកបានក្លាយជាមេបញ្ជាការរបស់កងពលតូចលេខ៩១១នៅក្នុងឆ្នាំ១៩៩៤។ នៅក្នុងឆ្នាំ១៩៩៧ កងពលតូចនេះបានក្លាយជាកងកម្លាំងពិសេសកងទ័ពឆ័ត្រយោង៩១១។ លោកបានក្លាយជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០០៥។ លោកគឺជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- កងពលតូចលេខ៩១១ គឺជាកម្លាំងដ៏សំខាន់ក្នុងការធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧។ កងពលតូចនេះត្រូវបានប្រើឲ្យទៅកម្ទេចទីស្នាក់ការយោធារបស់គណបក្សហ៊្វុនស៊ីនប៉ិចនៅឯត្រពាំងក្រសាំង ភាគខាងលិចរាជធានីភ្នំពេញដែលលោក ញឹក ប៊ុនឆៃ បានឈរជើងនៅទីនោះ។
- កងពលតូចលេខ៩១១នេះ បានចាប់ខ្លួន ឃុំខ្លួន និងធ្វើទារុណកម្មមន្រ្តី និងយោធារបស់គណបក្សហ៊្វុនស៊ីនប៉ិច។
- លោក ចាប ភក្តី ជាប់ពាក់ព័ន្ធទៅនឹងវិវាទដីធ្លីនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។ កងកម្លាំងរបស់លោកបានវាយធ្វើបាបប្រជាពលរដ្ឋ បំផ្លាញគ្រាប់ពូជស្រូវរបស់ពលរដ្ឋ និងដុតផ្ទះរបស់ពួកគេ។
- បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ កងពលតូចលេខ៩១១ទទួលបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កងពលតូចនេះបានបំបែក គាបសង្កត់ និងរារាំងបាតុករ។ កងពលតូចនេះបង្រ្កាបបាតុករដោយប្រើប្រាស់ដំបងដែក កាំបិត ដំបងឆក់ និងដំបងធម្មតាជាដើម ដោយចោទថាក្រុមបាតុកររាំងស្ទះដល់ដំណើរការរបស់រោងចក្រកាត់ដេរ។ កងពលនេះបានរារាំងមិនឲ្យអ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងអ្នកកាសែត រាយការណ៍ ឬយកព័ត៌មានលើករណីបង្រ្កាបបាតុកម្មដោយហិង្សាលើកម្មកររោងចក្រទេ។
រូបឯកសារ៖ ទិដ្ឋភាពថ្ងៃធ្វើការចុងក្រោយនៃកាសែត The Cambodia Daily ក្រោយប្រតិបត្តិការបោះពុម្ភផ្សាយអស់រយៈពេល ២៤ឆ្នាំនិង១៥ថ្ងៃ តាំងពីឆ្នាំ១៩៩៣មក ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
៩. ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
លោក រ័ត្ន ស្រ៊ាង កើតនៅឆ្នាំ១៩៦៦។ លោក គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ លោកក៏ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- មុនពេលលោកបានកាន់តំណែងនៅរាជធានីភ្នំពេញ លោកគឺជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ក្នុងអំឡុងពេលដែលលោកកាន់តំណែងជាមេបញ្ជាការនៅខេត្តនោះ លោកជាប់ពាក់ព័ន្ធនឹងការប្លន់យកដីធ្លីពីប្រជាពលរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬក៏ឲ្យទៅអ្នកមានអំណាចដទៃទៀត។ លោកក៏ត្រូវបានដឹងថា បានសម្លាប់ បង្ករបួសស្នាម វាយប្រជាពលរដ្ឋ បណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំ និងរារាំងអ្នកសារព័ត៌មានមិនឲ្យយកព័ត៌មាន ឬក៏រាយការណ៍ផងដែរ។
- នៅក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៣ លោក គឺជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ។ ក្នុងអំឡុងពេលនោះ លោកទទួលតួនាទីជាអ្នកពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តនេះ។ លោកបានធ្វើយុទ្ធនាការកៀងគរអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាយ៉ាងបើកចំហរនៅឯស្រុកមង្គលបូរី។
- ក្រោយពីប្តូរមកកាន់តំណែងនៅរាជធានីភ្នំពេញ លោកបានរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានទាំងការបំបែកហ្វូងបាតុករដោយប្រើកងកម្លាំង និងដោយហិង្សា។
- លោកគឺជាអ្នកដែលបង្រ្កាបបាតុករនៅផ្លូវវេងស្រេងកាលពីថ្ងៃទី២ និងទី៣ ខែមករាឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សអស់ចំនួន៥នាក់ បង្កឲ្យមានរបួសជាច្រើននាក់ និងចាប់ខ្លួនកម្មករ១០នាក់ទៀត។
- លោកគឺជាអ្នកបំបែកហ្វូងបាតុករនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ដែលទាមទារឲ្យដោះលែងកម្មករទាំង១០នាក់។ លោកក៏ជាអ្នកដែលរារាំងបាតុករមិនឲ្យធ្វើការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ក្រោយពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ផងដែរ។
- លោកប្រើហិង្សាបំបែកហ្វូងបាតុករដែលគាំទ្រស្ថានីយ៍វិទ្យុសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ ដែលស្នើសុំបង្កើនការផ្សាយវិទ្យុ និងអាជ្ញាប័ណ្ណទូរទស្សន៍។
១០. នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
លោក សុខ ផល មានឈ្មោះដើមថា អ៊ុង សុខផល។ លោកបានធ្វើជានគរបាលប្រជាជនថ្មីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៧៩ ដោយស្ថិតនៅក្រោមបង្គាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឲ្យ «រៀបចំ បញ្ជា និងណែនាំ» នគរបាលទាំងអស់ដែលស្ថិតនៅក្រោមនាយកដ្ឋានទាំង៧របស់ក្រសួង។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- នៅក្នុងអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកទទួលនាទីជាអ្នកការពារសន្តិសុខផ្នែកនយោបាយ ប្រឆាំងទៅនឹងសត្រូវនយោបាយរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា។ លោកបានចាប់ខ្លួន និងបញ្ជូនខ្លួនបុគ្គលទាំងនោះទៅពន្ធនាគារ «T៣»។ អ្នកដែលត្រូវឃុំក្នុងពន្ធនាគារ «T៣» ត្រូវទទួលទារុណកម្មយ៉ាងព្រៃផ្សៃ។ មនុស្សមួយចំនួនបានស្លាប់ និងមួយចំនួនទៀតបានបាត់ខ្លួន ពេលជាប់ឃុំនៅមន្ទីរឃុំឃាំងមួយចំនួនរបស់ប៉ូលិស។
- នៅអំឡុងឆ្នាំ១៩៩១ និង១៩៩៣ លោក សុខ ផល ត្រូវបានតែងតាំងជា អគ្គនាយករបស់នាយកដ្ឋានថ្មីមួយរបស់ក្រសួងមហាផ្ទៃ ដែលធ្វើការយ៉ាងសម្ងាត់ជាមួយនឹង «ក្រុមA»។ ក្រុមនេះបានធ្វើការគាបសង្កត់គណបក្សផ្សេងៗក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ១៩៩៣ ដោយរួមមានទាំងការបំភិតបំភ័យ ការបៀតបៀន និងការសម្លាប់សកម្មជន និងមន្រ្តីរបស់គណបក្សហ៊្វុនស៊ីនប៉ិច។
- ក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ១៩៩៣ លោកទទួលបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងអំឡុងពេលដដែលនោះ អង្គភាពដែលស្ថិតនៅក្រោមបញ្ជារបស់លោក មិនបានស៊ើបអង្កេត ករណីអំពើហិង្សាផ្នែកនយោបាយដែលប្រព្រឹត្តដោយគណបក្សប្រជាជនកម្ពុជាឡើយ។
- ក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ១៩៩៣ លោកទទួលតួនាទី «ពង្រឹងមូលដ្ឋាន» របស់គណបក្សប្រជាជនកម្ពុជា។ លោកក៏ដូចជាមន្ត្រីយោធាជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដទៃទៀតដែរ ដែលបានបង្រ្កាបសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ។
រូបឯកសារ៖ លោក ឈុត វុទ្ធី អំឡុងពេលបេសកកម្មការពារព្រៃឈើមួយកាលពីពេលលោកនៅរស់។ (រូបថតផ្ដល់ដោយក្រុមគ្រួសារ)
១១. នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃនគរបាលជាតិ
លោក ម៉ក់ ជីតូ កើតនៅក្នុងឆ្នាំ១៩៦២។ លោក ម៉ក់ ជីតូ មានជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់ដោយពាក់ព័ន្ធនឹងនយោបាយ ការចាប់ជំរិត ការធ្វើទារុណកម្ម និងការរំលោភបំពានផ្សេងៗទៀត។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនៃនគរបាលជាតិ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- នៅក្នុងអំឡុងឆ្នាំ១៩៩៣ និង២០១២ លោក ម៉ក់ ជីតូ បានក្លាយជាប្រធាននៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលនោះ លោកត្រូវបានគេដឹងថា បានធ្វើឃាតពាក់ព័ន្ធទៅនឹងនយោបាយ ជាពិសេសការសម្លាប់អ្នកកាសែតដែលរិះគន់រដ្ឋាភិបាល។
- លោកមានវត្តមានក្នុងការវាយប្រហារដោយគ្រាប់បែកលើលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
- លោកត្រូវបានដឹងថា ជាអ្នកដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានទាំងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ការប្រើហិង្សាបំបែកហ្វូងបាតុករអហិង្សា និងការបង្រ្កាបសកម្មជនដីធ្លីជាដើម។
- លោកគឺជាអ្នកដែលទទួលខុសត្រូវលើការស៊ើបអង្កេតការស្លាប់របស់លោក ឈុត វុទ្ធី។
- បន្ទាប់ពីការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ លោកត្រូវបានចាត់តាំងឲ្យបង្រ្កាបបាតុកម្មអហិង្សាក្នុងអំឡុងខែកញ្ញា និងធ្នូ ឆ្នាំ២០១៣ ដោយបានសម្លាប់មនុស្ស២នាក់ និងបង្កឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
- លោកក៏បានចូលរួមជាមួយមន្រ្តីយោធាជាន់ខ្ពស់ដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបង្រ្កាបដោយហិង្សាលើបាតុកម្មកាលពីថ្ងៃទី២ និងទី៣ខែមករាឆ្នាំ២០១៤ ផងដែរ។
១២. នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
លោក ជួន សុវណ្ណ កើតក្នុងឆ្នាំ១៩៥៨។ លោកបានធ្វើជាកម្មាភិបាលយោធា ក្នុងសម័យរដ្ឋកម្ពុជា ដោយធ្វើការនៅក្រោមលោក គន់ គីម។ លោកត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក គន់ គីម ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៩៧។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ (អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)
- លោកបានប្រព្រឹត្តអំពើហិង្សាផ្នែកសិទ្ធិមនុស្សជាច្រើន រួមមានទាំង ការគំរាមកំហែងដល់អាយុជីវិត ការបំភិតបំភ័យសកម្មជនគណបក្សប្រឆាំង ការប្លន់យកដីរបស់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយលោក គន់ គីម។
- លោក ជួន សុវណ្ណ ទទួលតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១២ ជំនួសតំណែងលោក ទូច ណារ៉ុថ។ លោកទំនងជាហ៊ានប្រព្រឹត្តអំពើហិង្សាផ្នែកសិទ្ធិមនុស្សជាងលោក ទូច ណារ៉ុថ។
- ក្រោយពេលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាច្រើនបន្តបន្ទាប់។ អំពើទាំងនោះរួមមានការបង្រ្កាបបាតុករ ការចាប់ខ្លួន និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងគណបក្សប្រឆាំង ការរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលជាដើម។
- លោក ជួន សុវណ្ណ គឺជាអ្នកដែលសម្របសម្រួលការធ្វើបាតុកម្មប្រឆាំងនឹងអនុប្រធានរបស់គណបក្សសង្រ្គោះជាតិលោក កឹម សុខា កាលពីឆ្នាំ២០១៣។
- លោក ជួន សុវណ្ណ បានដឹកនាំកងកម្លាំងប្រមាណជា១០០នាក់ ដើម្បីបង្រ្កាបបាតុកម្មនៅឯការិយាល័យបោះឆ្នោតកាលពីឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។
- លោកក៏ជាអ្នកដឹកនាំការបំពាក់បំប៉នសមត្ថភាពរបស់កងកម្លាំង ក្នុងការបង្រ្កាបបាតុកម្មរបស់គណបក្សសង្រ្គោះជាតិផងដែរ៕