ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែ មេសា គឺជាពិធីបុណ្យប្រពៃណីខ្មែរយ៉ាងសំខាន់មួយ ដែលពលរដ្ឋកម្ពុជារាប់លាននាក់តែងតែប្រារព្ធតៗគ្នាតាំងពីយូរលង់ណាស់មកហើយ។
រៀងរាល់ឆ្នាំនៅ ពេលខែមេសា ឈានចូលមកដល់ នៅតាមទីប្រជុំជន និងតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ គេមើលឃើញមានការរៀបចំតម្កើងស្លាក «សួស្ដីឆ្នាំថ្មី» អមដោយការចាក់បទចម្រៀងទាំងបទបុរាណ និងសម័យនានា ទាក់ទងនឹងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ប្រជាជនមួយចំនួនធំ ធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំបងប្អូនជីដូនជីតា និងសាច់ញាតិរបស់ពួកគេ និងខ្លះទៀត ធ្វើដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។
ពិធីបុណ្យចូលបុណ្យនេះត្រូវគេប្រារព្ធ ជារៀងរាល់ឆ្នាំក្នុងខែមេសា ក្រោយពេលដែលប្រជាកសិករខ្មែរ បានប្រមូលទិន្នផលស្រូវរួច ដើម្បីឲ្យប្រជាកសិករ សិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកនិងជួបជុំគ្នា។
យុវជនកម្ពុជាកំពុងលេងល្បែងប្រជាប្រិយនៅក្នុងកម្មវិធី«បុណ្យភូមិ» ក្នុងវត្តទួលក្រសាំង ក្នុងខេត្តកណ្តាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
កំពុងដើរកម្សាន្តជាមួយមិត្តភ័ក្ដិមួយក្រុមក្នុងវត្តអារាម យុវតី អង់ហ្សូ តីឌីន វ័យ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពូង ត្រៀមខ្លួនជាស្រេច សម្រាប់ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងសៀមរាបជាមួយមិត្តភ័ក្ដិ និងគ្រូបង្រៀននៅឯសាលារបស់នាង។
«ចូលឆ្នាំខ្មែរឆ្នាំនេះ ខ្ញុំ និងមិត្តភ័ក្ដិមានគម្រោងនាំគ្នាទៅលេងនៅសៀមរាប»។
លោកស្រី នាង ចាន់ វ័យ៦៤ឆ្នាំ មកពីខេត្តស្វាយរៀង ជាអាជីវករលក់ភេសជ្ជៈមួយរូប ត្រេកអរនឹងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរដែលឈានចូលមកដល់ឆាប់ៗនេះ។ ជារៀងរាល់ឆ្នាំ លោកស្រីតែងធ្វើដំណើរទៅស្រុកកំណើត ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ។
«ចូលឆ្នាំខ្មែរទៅស្រុកវិញ ទៅបុណ្យនៅស្រុក ទៅវត្តបង្សុកូលជូនដល់ខ្មោចម៉ែ ខ្មោចឪ ឧទ្ទិសផលឲ្យគាត់»។
លោក មាន ហេង វ័យ២៧ឆ្នាំ ថ្លែងថា ពិធីបុណ្យចូលឆ្នាំជាឱកាសសំខាន់មួយសម្រាប់ការជួបជុំគ្រួសារ ហើយលោកមានគម្រោងទៅលេងខេត្តតាកែវ ដែលជាស្រុកកំណើត មិត្តភ័ក្ដិរបស់លោក។
«ជាបុណ្យនៃជាតិខ្មែរ ទៅវត្តរាល់ឆ្នាំ រាប់បាត្ររាប់អី អត់ដែលខានទេ។ ជួបជុំបងប្អូនហើយ ខ្ញុំទៅលេងតាមខេត្ត»។
ខុសប្លែកពីឆ្នាំមុនៗ ដែលលោកនៅតែផ្ទះ និងមិនបានធ្វើដំណើរទៅណានោះ នាឱកាសបុណ្យចូលឆ្នាំខាងមុខ លោក យួន សុខន វ័យ៣២ឆ្នាំ និងសមាជិកគ្រួសារផ្សេងទៀត ធ្វើដំណើរទៅស្រុកកំណើត និងរមណីយដ្ឋាន កម្សាន្តដទៃទៀត។
កម្មវិធី «បុណ្យភូមិ» ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីទម្រង់វប្បធម៌បុរាណដល់យុវជនកម្ពុជា ក្នុងខេត្តកណ្តាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
កំពុងដើរកម្សាន្តនៅទីធ្លាមុខព្រះបរមរាជវាំង លោក យួន សុខន ថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«តាមពីបុរាណមក យើងធ្វើតាមពីបុរាណមក។ បើយើងមិនធ្វើដូចមិនកើត។ ជាឱកាសមួយជួបជុំគ្រួសារ បើក្នុងមួយឆ្នាំមានម្ដង បើយើងមិនទៅស្រុកអីដូចមិនកើត»។
លោកស្រី ឡាយ គង់ វ័៧៦៥ឆ្នាំ ជាអាជីវករលក់ដូរ នៅលើសួនច្បារមុខព្រះបរមរាជវាំង ដែលមានស្រុកកំណើតក្នុងខេត្តតាកែវ បង្ហាញភាពត្រេកអរ និងរីករាយដែលបុណ្យចូលឆ្នាំមកដល់នាពេលឆាប់ៗនេះ។
«សប្បាយអបអរសាទរហ្មង បុណ្យ។ ចង់ទៅស្រុកកំណើត ដើម្បីរំលឹកគុណដល់មាតាបិតា។ មួយឆ្នាំមានតែម្ដង យើងត្រូវទៅស្រុក។ [ធម្មតា] អត់ជុំគ្នាទេ ដូចថាមួយនៅកំពង់ស្ពឺ មួយនៅស្វាយរៀង។ ដល់ពេលចូលឆ្នាំ រដូវភ្ជុំបិណ្ឌអញ្ចឹង យើងទៅជួបកូន ជួបចៅ ជួបមិត្តភ័ក្ដិ»។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរមួយចំនួន ដូចជា យុវជន ហួរ វាយុ វ័យ១៧ឆ្នាំ នឹងមិនធ្វើដំណើរទៅស្រុកកំណើត ឬកន្លែងកម្សាន្តអ្វីទេ។
ក្រុមការងារនៃកម្មវិធី «បុណ្យភូមិ» នៅក្នុងខេត្តកណ្តាល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
ជារៀងរាល់ឆ្នាំ យុវជន ហួរ វាយុ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅឯស្រុកកំណើតរបស់ខ្លួន។ ក៏ប៉ុន្តែឆ្នាំនេះ ដោយសារមានភាពមមាញឹកប្រកបរបរស៊ីក្នុងក្រុងភ្នំពេញ យុវជន វាយុ មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅស្រុកកំណើតប្រារព្ធពិធីបុណ្យចូលឆ្នាំនោះទេ។
«អត់មានគម្រោងអីទេ រវល់នៅផ្ទះ ជួយធ្វើការបងខ្ញុំនៅផ្ទះ។ រាល់ឆ្នាំពេលចូលឆ្នាំខ្មែរ ទៅស្រុក»។
មុនពេលថ្ងៃបុណ្យចូលឆ្នាំមកដល់ ប្រជាពលរដ្ឋខ្មែរមានភាពមមាញឹកដោយពួកគេរៀបចំបោសសម្អាត តុបតែង និងលំអគេហដ្ឋានរៀងៗខ្លួន ដើម្បីទទួលទេវតាឆ្នាំថ្មី។
បន្ថែមលើនេះទៀត ប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំមកដល់ ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសយុវជន នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ រួមមាន ចោលឈូង បោះអង្គញ់ ចាប់កូនខ្លែង លាក់កន្សែង វាយក្អម និងទាញព្រ័ត្រជាដើម។
ទិដ្ឋភាពទូទៅនៃកម្មវិធី «បុណ្យភូមិ» ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីទម្រង់វប្បធម៌បុរាណដល់យុវជនកម្ពុជា ក្នុងវត្តទួលក្រសាំង ខេត្តកណ្តាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
លោក សាន សម្ភស្ស ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់ VOA ថាការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ គឺជាប្រពៃណីទំនៀមទម្លាប់ តាំងពីប្រវត្តិសាស្ត្រយូរលង់មកហើយ។
លោកបន្តថា ការសម្រេចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខែមេសានេះ ក៏ដោយសារខែមេសា គឺជាពេលដែលប្រជាកសិករកម្ពុជាប្រមូលផលកសិកម្មរបស់ពួកគេរួចរាល់។
«ទី១ យើងជួបជុំគ្នា បងប្អូនទាំងអស់ ដែលមានការមមាញឹកធ្វើការងារ។ ជាពិសេសបងប្អូនយើងធ្វើស្រែចម្ការហ្នឹង រួចរាល់អស់ហើយក្នុងខែមេសា។ ប្រពៃណីខ្មែរយើងនេះ មិនត្រឹមតែជួបជុំគ្នា ជូនសំលៀកបំពាក់ ថវិកា ឬក៏សម្ភារៈអីដល់អ្នកមានគុណទេ គឺយើងនឹករលឹកដល់ជីដូនជីតាញាតិកាដែលបានចែកឋាន គឺយើងនិមន្តព្រះសង្ឃ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ព្រលឹងវិញ្ញាណរបស់គាត់»។
លោកបន្តថា ពិធីបុណ្យចូលឆ្នាំនេះ ក៏ជាពេលវេលាមួយដែលយើងត្រូវគិតពិចារណានូវសកម្មភាព ឬអំពើរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមក៖
«ការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ចាស់បុរាណឲ្យយើងពិចារណា ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ។ តើយើងបានប្រព្រឹត្តអ្វីដែលឆ្គាំឆ្គង មិនសូវល្អ ដោយកាយក្តី វាចាក្ដី ដោយចិត្តក្តី។ បើឃើញហើយ យើងលះបង់ ហើយឆ្នាំថ្មីនេះ គឺយើងធ្វើឲ្យល្អ ទាំងកាយ ចិត្ត និងវាចា»។
បើយោងតាមសៀវភៅមហាសង្ក្រាន្តឆ្នាំ២០១៧ ដែលរៀបរៀងឡើងដោយ លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ទេវតាឆ្នាំថ្មី ឆ្នាំរកា ដែលមានឈ្មោះថា កិមិរាទេវី ជាបុត្រទី៦ នៃកបិលមហាព្រហ្ម នឹងចុះមកដល់ផែនដី នៅម៉ោង៣ និង១២នាទីព្រឹក នៅថ្ងៃសុក្រទី១៤ ខែមេសាខាងមុខនេះ។
សៀវភៅមហាសង្ក្រាន្តដដែលនេះ បញ្ជាក់ថា រណ្ដាប់ទទួលទេវតា មានជាអាទិ៍ បាយសី ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ចេកនួន ចេកណាំវ៉ា ផ្លែឈើ១១មុខ និងទឹកស្អាត២កែវជាដើម៕