អស់រយៈពេល២០ឆ្នាំនៃការឈ្លានពានរបស់ទាហានអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារដោយយន្តហោះលើអគារពាណិជ្ជកម្មពិភពលោករបស់អាមេរិក កាលពីឆ្នាំ២០០១ សហរដ្ឋអាមេរិកបានសម្រេចដកកងទ័ពចេញពីប្រទេសមួយនេះ។ ការដកកងទ័ពនេះនាំឲ្យក្រុមបះបោរតាលីបង់បានវាយឈ្លានពាន ហើយចូលកាន់កាប់ប្រទេសមួយនេះ រហូតដល់ប្រធានាធិបតីអាហ្វហ្គានីស្ថានបានសម្រេចចាកចេញពីប្រទេស ហើយមានការផ្ទេរអំណាចទៅក្រុមតាលីបង់។ (ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។)
ការចាកចេញរបស់អាមេរិកពីប្រទេសអាហ្វហ្គានីស្ថាននាំឲ្យប្រជាជនកម្ពុជាមួយចំនួនបានប្រៀបធៀបស្ថានភាពនេះដូចទៅនឹងស្ថានភាពនៃការចាកចេញរបស់ទាហានអាមេរិកពីកម្ពុជាក្រោយគាំទ្ររបបលន់ នល់ ឆ្នាំ១៩៧០ដល់១៩៧៥។ ការពិភាក្សាលើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនក៏បានដាក់បន្ទុកទៅលើអាមេរិកថាបានចាកចេញពីកម្ពុជា នាំឲ្យមានរបបកាប់សម្លាប់ខ្មែរក្រហម គឺចាប់ផ្តើមដំបូងពីការបណ្តេញប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ កាលពីខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ ក្រុមខ្មែរក្រហមបានប្រកាសថាអាមេរិកនឹងទម្លាក់គ្រាប់បែកនៅក្នុងទីក្រុង។
ឧទ្ធម្ភាគចក្រយោធាអាមេរិកហោះពីលើស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (AFP)
ពលរដ្ឋអាហ្វហ្គានីស្ថានខ្លះស្រវ៉ាឡើងលើយន្តហោះខណៈពួកគេរង់ចាំនៅអាកាសយានដ្ឋានក្រុងកាប៊ុលកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីសង្គ្រាមដែលអូសបន្លាយអស់២០ឆ្នាំនៅប្រទេសពួកគេបានបញ្ចប់ទៅយ៉ាងឆាប់រហ័ស នៅពេលសហរដ្ឋអាមេរិកបានសម្រេចដកកងទ័ព ហើយក្រុមតាលីបង់បានចូលដណ្តើមកាន់កាប់ការគ្រប់គ្រងយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណា អ្នកប្រវត្តិសាស្រ្តខ្មែរបានស្នើឲ្យសាធារណជនកម្ពុជា កុំប្រៀបធៀបស្ថានភាពនៅកម្ពុជា កាលពីប្រមាណ៤៦ឆ្នាំមុន ទៅនឹងស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន និងស្នើឲ្យមានការសិក្សាករណីនីមួយៗជាក់ស្តែង ហើយកុំពិភាក្សាដោយប្រកាន់និន្នាការនយោបាយ។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោក ឌៀប សុផល បានថ្លែងថាការប្រៀបធៀបព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺជា«ការលំបាក» ហើយ «វាមិនដូចគ្នានោះទេ»។
លោកថ្លែងថា៖ «យើងមិនបាច់ប្រៀបធៀបទេ ពីព្រោះប្រវត្តិសាស្រ្ត គេមិនឲ្យប្រៀបធៀបទេ ហើយគេក៏មិនឲ្យធ្វើលក្ខណៈឈ្នាប់នាំឲ្យ(មានអ្វីមួយ)ដែរ។ ស្រុកខ្មែរវាអញ្ចឹង អញ្ចឹងហើយបានជាអាហ្វហ្គានីស្ថាន វាអញ្ចឹងដែរ»។
លោក ឌៀប សុផល ដែលបាននិពន្ធសៀវភៅប្រវត្តិសាស្រ្តមួយចំនួន ក្នុងនោះមានសៀវភៅ «ប្រភពសង្រ្គាមកម្ពុជា» ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០១៨ បានបន្ថែមថា៖ «ហើយមិនត្រូវយកព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត យកទៅបម្រើឧបករណ៍នយោបាយ ឬជជែកយកចាញ់ យកឈ្នះនោះទេ វានឹងនាំឲ្យខូច វានាំឲ្យប៉ះពាល់ការស្វែងរកការពិត»។
បើតាមលោក ឌៀប សុផល កាលពីសម័យសង្រ្គាមក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិកមិនត្រឹមតែ«ចាញ់»សង្រ្គាមនៅស្រុកខ្មែរនោះទេ តែ«ចាញ់»នៅឥណ្ឌូចិនទាំងមូល ដែលកាលនោះជាសង្រ្គាមមនោគមន៍វិជ្ជា។
លោកបញ្ជាក់ថា៖ «គោលបំណងធំរបស់សហរដ្ឋអាមេរិក ដើម្បីបោសសម្អាតពួកកុម្មុយនីស្ត មិនបានជោគជ័យទេ។ អ្វីដែលសហរដ្ឋអាមេរិកមិនបានសម្រេចនៅលើទិសដៅសង្រ្គាមរបស់ខ្លួន គឺជាបរាជ័យ ការដកកងទ័ពនេះ។ នៅក្នុងអាហ្វហ្គានីស្ថាន គឺទិសដៅដើម្បីបោសសម្អាតពួកឧទ្ទាម ពួកភេរវករ បន្ទាប់ពីបានវាយប្រហារ Wolrd Trade Center [មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក] នៅក្នុងទីក្រុងNew York (ញូវយ៉ក) ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១»។
រូបឯកសារ៖ យន្តហោះដែលកាន់កាប់ដោយក្រុមភេរវករបើកបុកប៉មភ្លោះនៃអតីតអគារពាណិជ្ជកម្មពិភពលោកនៅទីក្រុង New York កាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០០១។
រូបឯកសារ៖ ទាហានអាមេរិកត្រឡប់ពីការប្រយុទ្ធមួយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០០២ បានមកដល់មូលដ្ឋានទ័ព Bagram នៅប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបង្កើតឡើងក្រោយព្រឹត្តិការណ៍វាយប្រហារភេរវកម្មនៅសហរដ្ឋអាមេរិក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
រហូតមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០០១ ដែលទាហានអាមេរិកបានឈ្លានពានអាហ្វហ្គានីស្ថាន ដើម្បីស្វែងរកក្រុមភេរវជនអាល់កៃដា ដែលអាមេរិកបានរកឃើញថាជាក្រុមវាយប្រហារអគារពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងNew York កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលសម្លាប់មនុស្សប្រមាណ៣ពាន់នាក់ និងរបួសប្រមាណ៦ពាន់នាក់។ ការដកកងទ័ពនេះជាការបង្ហាញយ៉ាងច្បាស់អំពីការសន្យារបស់លោកប្រធានាធិបតីJoe Bidenដែលថាកងទ័ពនឹងចាកចេញអស់ ត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ អំពើហិង្សានៅសមរភូមិរវាងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមបះបោរតាលីបង់បាន កើនឡើងយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី១ ខែឧសភានៅពេលកងកម្លាំងអន្តរជាតិ ដឹកនាំដោយអាមេរិក ចាប់ផ្តើមដកចេញតាមបញ្ជារបស់ប្រធានាធិបតីលោក Joe Biden។
លោក ឌៀប សុផល អ្នកប្រវត្តិសាស្រ្តម្នាក់ បន្ថែមថាមុនពេលដែលអាមេរិកដកកងទ័ពចេញពីកម្ពុជា គឺមានការវាយចូលរបស់កងទ័ពខ្មែរក្រហមរួចហើយ ដូច្នេះលោកថាការដកកងទ័ពនោះ ជា«ដំណាក់កាលចុងក្រោយ»។ លោកបន្ថែមថាវាជាការពិបាកវាយតម្លៃថាតើអាមេរិកឈ្លានពានឬមិនឈ្លានពានកម្ពុជាកាលនោះ ពីព្រោះវាជាទំនាស់ផ្ទៃក្នុងរបស់កម្ពុជា ដែលមានភាគីលន់ នល់ អតីតព្រះបរមរតនកោដ្ឋសម្តេចឪព្រះនរោត្តម សីហនុ និងក្រុមប៉ុល ពត។
លោកបន្ថែមថា៖ «បើលន់ នល់ មិនអនុញ្ញាត លន់ នល់ពុំមានកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក ហើយលន់ នល់ ដែលជាភាគីខ្មែរដែរ សហរដ្ឋអាមេរិកក៏ពុំមាននៅក្នុងប្រទេសកម្ពុជាដែរ»។
បើតាមលោក ឌៀប សុផល អាមេរិកបានដាក់កងទ័ពក្នុងប្រទេសកម្ពុជា មិនដល់មួយខែនោះទេ ប៉ុន្តែការទម្លាក់គ្រាប់បែកមានរយៈពេលប្រមាណ៦ខែ។ លោកបញ្ជាក់ថាការគាំទ្ររបស់អាមេរិកលើរបបលន់ នល់ ច្រើនជារូបភាពតំណាងនយោបាយ សម្ព័ន្ធមិត្ត និងការទូត រយៈពេល៥ឆ្នាំ ដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់ មុនខ្មែរក្រហមចូលមកដល់ និងកាន់កាប់ប្រទេស។
រូបឯកសារ៖ លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាន់ទង់ជាតិអាមេរិកាំងដែលត្រូវបានយកចេញពីស្ថានទូតអាមេរិកនៅកម្ពុជា ពេលលោកបានទៅដល់មូលដ្ឋានទ័ពអាកាស Utapao ប្រទេសថៃ ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។ (AP)
លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរម្នាក់ បានថ្លែងថាសមត្ថភាពរបស់មេដឹកនាំប្រទេស ជារឿងសំខាន់មួយ ក្នុងការធានាការរីកចម្រើនរបស់ប្រទេស ក្រោយការដកកងទ័ពរបស់ប្រទេសណាមួយ។ លោកបន្តថាចំណេះដឹងរបស់ប្រជាជនអាហ្វហ្គានីស្ថាន ក៏នៅមានកម្រិត ដូចជាប្រជាជនកម្ពុជាដែរ។
លោកថ្លែងថា៖ «ទស្សនៈរបស់លោកគ្រូចំពោះ ប្រវត្តិសាស្រ្ត លោកគ្រូយល់ឃើញថានេះជាប្រវត្តិនយោបាយរបស់អ្នកដែលកាន់នយោបាយអ្នកដឹកនាំនៅអាហ្វហ្គានីស្ថាន ខ្លួនឯងដែលលោកយកចិត្តទុកដាក់ គិតចង់ឲ្យប្រទេសរបស់លោកមានការរីកចម្រើន ប៉ុន្តែលោកអត់អាចមានសមត្ថភាពចាប់យកមហាអំណាចណាមួយ ម្តងឆ្វេង ម្តងស្តាំ»។
លោកស្នើឲ្យបញ្ញវន្តក្នុងប្រទេសកម្ពុជាពិចារណា ហើយធ្វើយ៉ាងណាកុំឲ្យរឿងរ៉ាវបែបនេះ កើតឡើងក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា៖ «កាលណា យើងវិភាគមិនត្រូវ ដូចថាយើងបញ្ញវន្ត វិភាគមិនត្រូវ យើងហាក់ដូចជាឲ្យតម្លៃទៅលើការប្រឈមគ្នា។ យើងមិនត្រូវគិតរឿងរបស់គេទេ ហើយយើងត្រូវពិចារណារៀងខ្លួន។ ត្រូវគិតថាយើងត្រូវការពារ កុំឲ្យមានរឿងអញ្ចឹងកើតឡើងចំពោះប្រទេសយើង»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងអំពីការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងសុន្ទរកថាមួយនៅសេតវិមានកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានចោទសំណួរពីអ្នកសារព័ត៌មានដែលបានលើកឡើងអំពីការដកកងទ័ពពីអាហ្វហ្គានីស្ថាន ដូចគ្នានឹងភាពភ័យខ្លាចដែលកើតឡើងក្នុងប្រទេសវៀតណាម កាលពីឆ្នាំ១៩៧៥។ លោក Biden បានថ្លែងថាក្រុមបះបោរតាលីបង់ មិនដូចទាហានវៀតណាមនោះទេ គឺពួកគេមិនអាចប្រៀបធៀបសមត្ថភាពសូម្បីតែបន្តិច។ ដូច្នេះនឹងមិនមានកាលៈទេសៈណាកើតឡើងដែលមានប្រជាជនឡើងតាមកាំជណ្តើរទៅកាន់ដំបូលនៃស្ថានទូតអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជិះឧទ្ធម្ភាគចក្រចាកចេញនោះទេ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល បានថ្លែងថាការដកកងទ័ពពីអាហ្វហ្គានីស្ថាន តិចឬច្រើន ធ្វើឲ្យប្រជាជនកម្ពុជានិងអ្នកស្រាវជ្រាវនឹកឃើញការដកទ័ពដូចគ្នាក្នុងឆ្នាំ១៩៧៥ពីប្រទេសកម្ពុជា បើទោះលក្ខខណ្ឌកាលនោះនិងពេលឥឡូវនេះ ខុសគ្នាខ្លះ។ លោកបន្តថាកាលនោះ ជាសង្រ្គាមរវាងប្លុកមនោគមន៍វិជ្ជានយោបាយ ហើយការជាប់ពាក់ព័ន្ធពេលនោះមិនផ្ទាល់ ដូចអាមេរិកឈរជើងនៅអាហ្វហ្គានីស្ថាន២០ឆ្នាំនោះទេ។ លោកបន្ថែមថាអាមេរិកមិនមែនចាញ់ឬឈ្នះសង្រ្គាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែវាជាពេលវេលាមួយ ដើម្បីប៉ះប៉ូវនយោបាយផ្ទៃក្នុងរបស់ខ្លួន ក្រោយចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើសង្រ្គាមនៅអាហ្វហ្គានីស្ថាន។
លោក គិន ភា បញ្ជាក់ថារូបភាពអវិជ្ជមាននៃការចាកចេញនេះ គឺ«ប្រជាជនអាហ្វហ្គានីស្ថានជាអ្នកចាញ់»។
លោកថ្លែងថា៖ «យើងមិនរំពឹងថាតាលីបង់នឹងគ្រប់គ្រងដោយសន្តិភាព ដោយប្រជាធិបតេយ្យ ដោយការគោរពនូវសិទ្ធិមនុស្សទេ ហើយយើងជឿជាក់ថាសង្រ្គាមស៊ីវិល អំពើហិង្សា នឹងមានការផ្ទុះឡើង។ អ្វីដែលយើងពិបាកនឹងស្រមៃនោះ គឺដូចដែលកម្ពុជាធ្លាក់ក្នុងរបបខ្មែរក្រហម នៅពេលសហរដ្ឋអាមេរិកចាកចេញទៅ»។
រូបឯកសារ៖ ទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយរដ្ឋធានីនៃសាធារណរដ្ឋខ្មែរនៅពេលនោះ បានធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមខ្មែរក្រហម។
លោក គិន ភា ឲ្យដឹងទៀតថាក្រោយការចាកចេញរបស់អាមេរិកពីកម្ពុជា ប្រទេសមហាអំណាចមួយនេះមិនបានខ្វល់អ្វីទៀតទេ ហើយពុំដែលមានអន្តរាគមន៍ប្រឆាំងនឹងរបបខ្មែរក្រហមនោះទេ។
លោកបន្ថែមថា៖ «អញ្ចឹងហើយបានជាយើងមើលឃើញថាការចាក់របស់គាត់ហាក់ដូចជាបន្សល់ទុកនូវសោកនាដកម្មមួយ ជាការបើកច្រកឲ្យរបបវាលពិឃាតមួយចូលមកកាន់កាប់»។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថាការវិភាគនិងប្រៀបធៀបស្ថានភាពនៅអាហ្វហ្គានីស្ថាន និងកម្ពុជា ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ការដាក់ទ័ពរបស់អាមេរិកក្នុងប្រទេសណាមួយជា«បេសកកម្មជួយ មិនមែនជាបេសកកម្មមកត្រួតត្រាលើប្រទេសណាមួយទេ»។ លោកថាមនុស្សភាគច្រើនយល់ច្រឡំថាអាមេរិក«មកនៅជាមួយ ឬត្រួតត្រាជាមួយ» ដើម្បីបាន «ផលប្រយោជន៍នយោបាយ»។
លោកថ្លែងថា៖ «ដូច្នេះការសម្រេចចិត្តផ្លាស់ប្តូរគោលនយោបាយក្នុងការប្រឆាំងជាមួយមនោគមន៍វិជ្ជានេះ ជាមួយមនោគមន៍វិជ្ជានោះ កម្ពុជាគួរតែរៀនសូត្រឲ្យបានច្បាស់ ថាតើយើងគួរចូលរួមប្រឆាំងគេ ឬមួយយ៉ាងដូចម្តេច?»។
លោក ផៃ ស៊ីផាន បញ្ជាក់ថាសង្រ្គាមនៅវៀតណាម និងនៅកម្ពុជា កាលពីអតីតកាល គឺទាហានអាមេរិកចូលរួមប្រឆាំងនឹងមនោគមវិជ្ជាកុំម្មុយនីស្តនៅឥណ្ឌូចិន ហើយប្រទេសកម្ពុជាក៏«បានក្លាយជាជនរងគ្រោះ»៕