ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការសម្រេចចិត្ត និងលើកកម្ពស់សុខុមាលភាពស្រ្តី ក្នុងសង្គម រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើនចំនួនស្រ្តីធ្វើការក្នុងតំណែងថ្នាក់ក្រោមជាតិ ឲ្យដល់ពី ២០ ភាគរយទៅ ២៥ភាគរយ ក្នុងឆ្នាំ២០១៨ ខណៈបច្ចុប្បន្នស្រ្តីក្នុងមុខតំណែងគ្រប់គ្រងថ្នាក់រាជធានី និងខេត្តទូទាំងប្រទេស មានត្រឹមតែ១២ ភាគរយតែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប ប្រាប់អ្នកសារព័ត៌មានថា ស្រ្តីគឺជា ឆ្អឹងខ្នងក្នុងការចូលរួមអភិវឌ្ឍប្រទេស ប៉ុន្តែលោកថា ដោយសារឧបសគ្គមួយចំនួនធ្វើឲ្យស្រ្តីមានចំនួនតិចក្នុងមុខតំណែងជា អ្នកគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.បនិយាយជាមួយអ្នកសារព័ត៌មានក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោកបន្ថែមថា រដ្ឋាភិបាលកំពុងជំរុញ និងលើកទឹកចិត្តឲ្យស្រ្តីដែលជាធនធានមនុស្សយ៉ាងសំខាន់ក្នុងការបំពេញការងារគ្រប់ផ្នែក តាមរយៈការចេញជាយុទ្ធសាស្រ្តបង្កើនចំនួនស្រ្តីឲ្យដល់ពី២០ ភាគរយ ទៅ២៥ ភាគរយក្នុងឆ្នាំ២០១៨ខាងមុខ។ ទោះជាយ៉ាងណាលោកថា គម្រោងនេះអាចទទួលបានប្រសិទ្ធភាព លុះត្រាមានការចូលរួមពីស្រ្តីខ្លួនឯង និងស្ថាប័នដែលពាក់ព័ន្ធ។
លោក ង៉ាន់ ចំរើន មានប្រសាសន៍ថា៖
«គាត់ត្រូវតែខិតខំប្រឹងប្រែងប្រកួតប្រជែងជាមួយបុរស ត្រូវគិតថាខ្លួនអាចធ្វើបាន។ សម្រាប់រាជរដ្ឋាភិបាល ស្ថាប័នសាធារណៈ ក៏ដូចវិស័យឯកជន ត្រូវខិតខំរៀបចំយ៉ាងណា កំណត់គោលនយោបាយពាក់ព័ន្ធឲ្យមានភាពច្បាស់លាស់»។
បើតាមផែនការយុទ្ធសាស្រ្ត នៃការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនោះបង្ហាញថា យុទ្ធសាស្រ្តដែលរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តមានដូចជា ការកំណត់គោលដៅបង្កើនចំនួនស្រ្តី ការកំណត់ចំនួនអប្បបរមាបុគ្គលិកជាស្រ្តី និងកំណត់ចំនួនអប្បបរមាស្រ្តីក្នុងគណៈកម្មការជ្រើសរើសបុគ្គលិក ការរៀបចំ និងអនុវត្តផែនការអ្នកបន្តវេន ការអភិវឌ្ឍសមត្ថភាពស្រ្តី និងការរៀបចំបណ្តាញស្រ្តី ការបង្កើតបរិយាកាសមេត្រីភាពនៅកន្លែងធ្វើការ ការផ្តល់វគ្គបណ្តុះបណ្តាលជាកាតព្វកិច្ចដល់ថ្នាក់ដឹកនាំទាក់ទងនឹងយេនឌ័រ និងភាពជាអ្នកដឹកនាំ និងការបង្កើនការយល់ដឹងទាក់ទងនឹងការបៀតបៀនផ្លូវភេទជាដើម។
លោក ខោល យុទ្ធលី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃ គ.ជ.អ.ប និងជាអ្នកធ្វើបទបង្ហាញពីខ្លឹមសារផែនការយុទ្ធសាស្រ្តនេះ បានលើកឡើងថា ចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានចំនួនតិចខ្លាំង គឺដោយសារស្រ្តីនៅតែស្ថិតក្នុងការរើសអើងជាប្រវត្តិសាស្រ្ត និងប្រពៃណីពាក់ព័ន្ធនឹងតួនាទីមើលថែគ្រួសារ។
លោក ខោល យុទ្ធលី បញ្ជាក់ថា៖
«ភាពជាអ្នកដឹកនាំមានការលំបាក ពិសេសការដឹកនាំគណៈបញ្ជាការឯកភាពខេត្តស្រុកអីអញ្ចឹង ហើយនិងពេលដឹកនាំកម្លាំងក្នុងពេលយប់ព្រលប់អី មានការលំបាកជាមួយគាត់ដែរ។ ហើយខ្វះការលើកទឹកចិត្តពីស្វាមីក៏លំបាកដែរ។ មិនអាចបំពេញការងារជាប់លាប់ ហើយក្នុងរយៈពេលសម្រាលកូនអីហ្នឹងក៏មានការលំបាកដែរក្នុងរយៈពេលប៉ុណ្ណឹង ហើយធ្វើការវាមិនបានជាប់លាប់ទេ»។
លោកបន្ថែមថា រដ្ឋាភិបាលនឹងផ្សព្វផ្សាយយុទ្ធសាស្រ្តនេះ ធ្វើយ៉ាងណាអប់រំឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតដែលអវិជ្ជមានទាំងនោះ ដើម្បីជំរុញឲ្យស្រ្តីចូលរួមក្នុងកិច្ចការដឹកនាំប្រទេសកាន់តែច្រើន។
បើតាមលោក ខោល យុទ្ធលី ក្នុងការកំណត់មុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺសំដៅលើមុខតំណែងចាប់ពីប្រធានការិយាល័យ រហូតដល់អភិបាលរាជធានីខេត្ត ដោយមិនរាប់បញ្ចូលថ្នាក់ឃុំសង្កាត់នោះទេ។
សិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនប្រកាសជំរុញមានការគាំទ្រស្រ្តីចូលរួមគ្រប់សកម្មភាពក្នុងសង្គម និងបានប្រកាសចង់ឲ្យមានចៅហ្វាយខេត្តជាស្រ្តី បន្ទាប់ពីចៅហ្វាយខេត្តរាជធានីទាំង២៥ សុទ្ធតែជាបុរស។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និយាយជាមួយអ្នកសារព័ត៌មានក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
ក្រោយការប្រកាសរបស់លោក ហ៊ុន សែន នៅថ្ងៃទី៨ ខែមិនា កន្លងទៅ គេសង្កេតឃើញថាខែមិថុនានេះ រដ្ឋាភិបាលបានតែងតាំងលោកស្រី មិថុនា ភូថង ឲ្យធ្វើជាចៅហ្វាយខេត្តកោះកុង និងជាចៅហ្វាយខេត្តស្រ្តីដំបូងគេនៅកម្ពុជា។ លោកស្រី មិថុនា ភូថង គឺជាចៅស្រីរបស់លោក សាយ ភូថង អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច និងជាមនុស្សដែលស្និទ្ធនឹងលោក ហ៊ុន សែន ព្រមទាំងជាកូនស្រីរបស់លោក យុទ្ធ ភូថង ដែលជាអតីតចៅហ្វាយខេត្តកោះកុង។
រូបឯកសារ៖ លោកស្រីលោកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍ និងជាអគ្គលេខាធិការនៃបណ្តាញយេនឌ័រនិងអភិវឌ្ឍន៍ដែលផ្តួចផ្តើមការសិក្សាលើច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សក្នុងគ្រួសារនិយាយជាមួយ ផន បុប្ផា នៃ VOA កាលពីថ្ងៃពុធ ទី០៣ ខែឧសភា នៅការិយាល័យរបស់លោកស្រី។ (ផនបុប្ផា/ VOA)
លោកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ប្រាប់ VOA ថា ស្រ្តីមានតួនាទីសំខាន់ណាស់ក្នុងការជំរុញឲ្យមានការដោះស្រាយបញ្ហារបស់ស្រ្តី និងកុមារនៅតាមសហគមន៍របស់ពួកគេ។ ទោះជាយ៉ាងណាក្តី លោកស្រីថា ដោយសាររដ្ឋាភិបាលមិនមានយុទ្ធសាស្រ្តជាក់លាក់ក្នុងការជំរុញឲ្យស្រ្តីចូលរួមក្នុងការដឹកនាំនេះពីថ្នាក់ក្រោម ដូច្នេះលោកស្រីមិនមានជំនឿលើយុទ្ធសាស្រ្តបង្កើនចំនួនស្រ្តីរហូតដល់២០ទៅ២៥ភាគរយថានឹងទទួលបានប្រសិទ្ធភាពនោះទេ។
លោកស្រី រស់ សុភាព មានប្រសាសន៍ថា៖
«បើយើងមើលថា ចំនួនស្រ្តីពីថ្នាក់ក្រោមមក យើងអត់ទាន់បានរៀបចំឲ្យមានស្រ្តីគ្រប់គ្រាន់ អញ្ចឹងដល់ពេលការតែងតាំង តែងតែមានសំណួរថាអត់មានស្រ្តី។ អញ្ចឹងអវត្តមានស្រ្តីដើម្បីត្រៀមបម្រុងតាំងពីក្រោមឡើងទៅ គឺវាអត់មានតាមលំដាប់លំដោយដូចបុរសដែលមានស្រាប់យូរមកហើយ អញ្ចឹងអាប្រព័ន្ធហ្នឹងវាចាក់ឬសជ្រៅ ហើយវាអាចរឹងមាំ»។
បើតាមផែនការយុទ្ធសាស្រ្ត នៃការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនោះបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ ចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានីនឹងខេត្តទូទាំងប្រទេស មានតែ១២.១ភាគរយប៉ុណ្ណោះ។ ចំណែកចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ មានតែ ២១.៥ភាគរយប៉ុណ្ណោះ៕