ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេស អំពាវនាវឱ្យអ្នកនយោបាយនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពមួយនេះដែលមានចំណាស់២៧ឆ្នាំមកហើយនោះ ដោយធានាឱ្យកម្ពុជា ងាកមកអនុវត្តប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបក្សវិញ។
ការអំពាវនាវនេះ ធ្វើឡើងនៅឯកិច្ចពិភាក្សាតុមូលមួយដែលរៀបចំឡើងដោយមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែតុលានេះ ដោយមានការចូលរួមពីពលរដ្ឋខ្មែរអាមេរិកាំងមកពីតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោននិងពីបណ្ដារដ្ឋមួយចំនួនទៀតក្នុងសហរដ្ឋអាមេរិកនេះ។
លោក យ័ប គឹមទឹង អគ្គលេខាធិការនៃមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ ដែលជាក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោននេះ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយVOAនៅឯកិច្ចពិភាក្សាគ្នានោះថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិវាទនយោបាយនៅកម្ពុជាទាំងពីអតីតកាល ទាំងបច្ចុប្បន្នកាល។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដោយសារតែកិច្ចព្រមព្រៀងហ្នឹងហើយ ទើបធ្វើឱ្យភាគីទាំងប៉ុន្មានហ្នឹង ឈប់ឈ្លោះគ្នាបាទ»។
លោក យ័ប គឹមទឹង អគ្គលេខាធិការនៃមហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ។ (ចាប ចិត្រា/VOA)
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរដែលបានបែកបាក់និងបែងចែកគ្នាជាបួនភាគីកាលពីជាង២៧ឆ្នាំមុន។ ភាគីទាំង៤នោះ រួមមានក្រុមនយោបាយខ្មែរដែលដឹកនាំដោយអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ក្រុមដែលដឹកនាំដោយលោក សឺន សាន ក្រុមដែលដឹកនាំដោយខ្មែរក្រហម និងក្រុមខ្មែរដែលដឹកនាំដោយលោក ហ៊ុន សែន។
អ្នកស្រី រ៉ានី លូហ្សីនស្គី អនុប្រធានអង្គការខ្មែរ-អាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកពីរដ្ឋVirginia មានប្រសាសន៍ថាការរៀបចំពិធីរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺដើម្បីឱ្យសហគមន៍អន្តរជាតិ ងាកមកពិនិត្យមើលកាតព្វកិច្ចរបស់ពួកគេដែលបានសន្យាថានឹងជួយធានាឱ្យកម្ពុជា ដើរលើគន្លងមាគ៌ាប្រជាធិបតេយ្យសេរីពហុបក្ស។
«ពួកយើងនៅខាងក្រៅនេះ គឺថាពួកយើងធ្វើ ដើម្បីរំលឹកខួបនេះរៀងរាល់ឆ្នាំហ្នឹង ដើម្បីកុំឱ្យអន្តរជាតិហ្នឹង គេបោះបង់ប្រទេសខ្មែរយើងចោលចាស៎។ ដូចជំនាន់អា[ប៉ុល] ពត គេបោះបង់យើងចោល»។
អ្នកស្រី រ៉ានី លូហ្ស៊ីនស្គី អនុប្រធានអង្គការខ្មែរ-អាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ (ចាប ចិត្រា/VOA)
កម្ពុជា បានរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសបំផុតមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ក្រោយពីរដ្ឋាភិបាល បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនិងជាគូប្រជែងនយោបាយដ៏ប្រកៀកប្រកិតជាងគេជាមួយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងបានបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ធ្វើទុក្ខបុកម្នេញផ្លូវច្បាប់លើអ្នកសារព័ត៌មាននិងក្រុមអង្គការសង្គមស៊ីវិលសំខាន់ៗដែលហ៊ានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលជាដើម។
ក្រោយការបោះឆ្នោតដែលមានគណបក្សចំនួន២០ចូលរួមប្រកួតប្រជែងតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិនោះ គណបក្សកាន់អំណាច បានក្ដោបក្ដាប់អាសនៈទាំង១២៥នៃរដ្ឋសភាអាណត្តិទី៦ ដែលធ្វើឱ្យមានការរិះគន់និងថ្កោលទោសយ៉ាងច្រើនទាំងពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បាននាំប្រទេសវិលទៅរកការដឹកនាំបែបឯកបក្សជាថ្មីទៀត។
លោក អេង ឆៃអ៊ាង អនុប្រធានមួយរូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយកាលពីឆ្នាំមុននោះ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយVOAដែរថា ឥឡូវដល់ពេលហើយប្រទេសបារាំងដែលជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីស គួរកោះប្រជុំប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាថ្មីទៀត ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយនៅកម្ពុជាបច្ចុប្បន្ន។
«ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនខ្មែរទាំងអស់ យើងទាំងអស់គ្នា ត្រូវតែជំរុញដើម្បីឱ្យមានការកោះប្រជុំនូវសន្និសីទនេះឡើងវិញ ដើម្បីស្តាប្រទេសកម្ពុជា ពីរបបកុម្មុយនីស្ត ព្រោះឥឡូវនេះ របបដែលដឹកនាំដោយលោក ហ៊ុន សែន ហ្នឹង កំពុងដឹកនាំប្រទេសកម្ពុជា ទៅរករបបផ្ដាច់ការពេញទីហើយ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ។ (ចាប ចិត្រា/VOA)
សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មមួយចំនួនកន្លងមកលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជា ដែលទទួលខុសត្រូវចំពោះការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយសហភាពអឺរ៉ុប ក៏បានព្រមានដាក់ទណ្ឌកម្មបន្ថែមទៀតលើកម្ពុជាតាមរយៈការដកឋានៈជាប្រទេសដែលទទួលបានការអនុគ្រោះពន្ធនាំទំនិញគ្រប់ប្រភេទលើកលែងតែសព្វាវុធឬហៅកាត់ថា EBA ចូលក្នុងទីផ្សារសហគមន៍អឺរ៉ុប ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែមិនព្រម ធ្វើឱ្យស្ថានភាពនយោបាយក្នុងប្រទេសប្រសើរឡើងវិញទេនោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយVOAដែរថា រដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនតាំងពីអាណត្តិមុនមកម្ល៉េះចំពោះការបាត់បង់ការអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុបនេះ ដោយសារតែការផ្លាស់ប្ដូរឋានៈរបស់កម្ពុជាពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ពោលគឺប្រាក់ចំណូលរបស់ពលរដ្ឋកម្ពុជាក្នុងម្នាក់ៗបានកើនឡើងដល់ជាង១៥០០ដុល្លារអាមេរិកទៅហើយ។
តែទោះជាយ៉ាងនេះក្ដី លោក ផៃ ស៊ីផាន ថ្លែងបន្តថាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានប្ដេជ្ញាគោរពអធិបតេយ្យភាពរបស់កម្ពុជាដែរ។
«គេបានប្ដេជ្ញាទទួលស្គាល់តាំងពីសេចក្ដីព្រមព្រៀងសន្តិភាពរបស់ភាគីប្រដាប់អាវុធរបស់កម្ពុជានាពេលនោះគឺគេទាំងអស់ហ្នឹង គេបានសច្ចាសន្មតថាគេមិនជ្រៀតជ្រែកនូវដែនអធិបតេយ្យភាពកម្ពុជាទេ ហើយកម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិរបស់ផងខ្លួនក្នុងកិច្ចការពារនិងឯករាជ្យរក្សានូវសេរីភាពជ្រើសរើសជោគវាសនាដោយខ្លួនឯងតែប៉ុណ្ណោះ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ បន្ថែមថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចទៅហើយ ដូច្នេះលោកថា កិច្ចព្រមព្រៀងនេះ ក៏បានបញ្ចប់សព្វគ្រប់ហើយដែរ។
ប៉ុន្តែ លោក សេង សុភ័ណ ប្រធានគណៈកម្មាធិការ ដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមានមូលដ្ឋានក្នុងប្រទេសកាណាដា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយVOAដែរថា ស្មារតីដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ដែលលោកថារដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តឱ្យបានត្រឹមត្រូវក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ។
«ទោះបីជាយើងចង់និយាយប្រាប់នរណា ក៏គេមិនជឿដែរ។ បើយើងកាន់តែនិយាយ កាន់តែផ្សព្វផ្សាយ ធ្វើឱ្យកំហុសខុសឆ្គងហ្នឹង កាន់តែធ្ងន់ធ្ងរ។ គឺមានន័យថា ការរំលោភទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការរំលោភទៅលើរដ្ឋធម្មនុញ្ញហ្នឹង កាន់តែធ្ងន់ធ្ងរ។ ហើយកាលណា យើងរំលោភរដ្ឋធម្មនុញ្ញកាន់តែធ្ងន់ធ្ងរ ការបែកបាក់ជាតិ ក៏កាន់តែធ្ងន់ធ្ងរ»។
លោក សុខ សុគន្ធ ពាណិជ្ជករខ្មែរអាមេរិកនៅរដ្ឋម៉ារីលែន។ (សាយ មុន្នី/VOA)
យ៉ាងណាក៏ដោយ លោក សុខ សុគន្ធ ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋម៉ារីលែន ដែលចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាដែរនោះ បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយ VOA ថារហូតមកដល់ពេលនេះ ថ្វីត្បិតតែរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ ចេះតែធ្វើដំណើរទៅមុខបានក៏ដោយ ក៏ការធ្វើដំណើរនេះ មិនមានលក្ខណៈស្របច្បាប់នោះទេ។
«តាមទ្រឹស្ដីមួយដែលខ្ញុំហៅថា de facto គឺការមិនស្របច្បាប់ពេញលេញទេ ប៉ុន្តែដំណើរការបាន»។
លោកបន្ថែមថា មានតែពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិទេ ដែលជាអ្នកកំណត់ជោគវាសនានៃរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នថាតើពួកគេនឹងនៅស្ងៀមឬបន្ថយការតវ៉ារហូតដល់អាណត្តិទី៦នៃរដ្ឋាភិបាលនេះបញ្ចប់ឬយ៉ាងណានោះ៕