នៅក្នុងឆ្នាំ១៩៨៦ ប្រទេសវៀតណាមបានអនុម័តកំណែទម្រង់ដូយម៉ូយដែលមានបំណងបើកចំហប្រទេសខ្លួនទៅកាន់ពិភពលោក ខណៈរក្សាប្រព័ន្ធនយោបាយសង្គមនិយមរបស់ខ្លួន។ នេះគឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ប្រទេសកុម្មុយនិស្តមួយនេះ ក្នុងការទាក់ទាញពាណិជ្ជកម្ម ការវិនិយោគបរទេស ហើយក្រុមហ៊ុន ដែលមិនមែនជាក្រុមហ៊ុនរដ្ឋ បានចាប់ផ្តើមរីកចម្រើនយ៉ាងគំហុក។
៣០ឆ្នាំក្រោយមក ប្រទេសវៀតណាមដែលធ្លាប់តែជាប្រទេសក្រីក្រពោរពេញដោយសង្គ្រាមនោះ បានធ្វើការផ្លាស់ប្តូរយ៉ាងជោគជ័យ ប្រែក្លាយពីប្រទេសដែលធ្លាប់មានចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលកណ្តាល ហើយប្រែក្លាយទៅជាមានសេដ្ឋកិច្ចដ៏ចម្រុះនិងរស់រវើកជាងគេនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។
ក៏ប៉ុន្តែប្រទេសកម្ពុជា ដែលធ្លាប់មានប្រវត្តិឆ្លងកាត់របបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលមិនដាច់ នៅទសវត្ស១៩៩០ ហើយដែលមានប្រវត្តិជូរចត់ឆ្លងកាត់រឿងរ៉ាវសង្គ្រាម ភាពក្រីក្រ និងការអភិវឌ្ឍមិនល្អដូចប្រទេសវៀតណាមដែរនោះ បែរជាមានសន្ទុះនៃការរីកលូតលាស់ហាក់មិនសូវល្អដូចវៀតណាមនៅឡើយ។ ប្រទេសកម្ពុជាដែលប្រមុខដឹកនាំធ្លាប់តែថ្លែងសរសើរពីការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ខ្លួន ទំនងជាត្រូវមានការកែទម្រង់មួយចំនួនបន្ថែមទៀត ដើម្បីឈានទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ចដូចប្រទេសវៀតណាម។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចនិងអ្នកវិភាគ។
ជាងពីរទសវត្សបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ ដែលត្រូវបានសម្របសម្រួលដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិហៅកាត់ថាអ៊ុនតាក់ ប្រទេសកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មដែលមានតម្លៃថោក និងឧស្សាហកម្មវាយនភ័ណ្ឌដែលកំណើនទំនងជាធ្លាក់ចុះមកត្រឹមលើស៦ភាគរយបន្តិចក្នុងមួយឆ្នាំៗ។
របាយការណ៍របស់ Stratista ឆ្នាំ២០១៧បានបង្ហាញថា វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជារួមចំណែកជាង៣០,៨៨ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ហើយវិស័យនេះត្រូវបានបែងចែកជាវិស័យកាត់ដេរ សេវាកម្ម និងកសិកម្ម។
រូបឯកសារ៖ កម្មការិនី កំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជារួមមានវិស័យកាត់ដេរសម្លៀកបំពាក់ អាហារ និងភេសជ្ជៈ និងវិស្ស័យដែលកំពុងដែលលូតលាស់បណ្តើរៗ ដូចជាគ្រឿងអេឡិចត្រូនិក កង់ រថយន្ត រោងកិនស្រូវ និងកៅស៊ូជាដើម។ រីឯវិស្ស័យសេវាកម្មរបស់ប្រទេសនេះវិញ រួមមានមួយផ្នែកធំគឺវិស្ស័យទេសចរណ៍ និងកាស៊ីណូ។ វិស័យឧស្សាហកម្មកម្ពុជាវិញផ្តោតចម្បងទៅលើការដាំស្រូវជាមួយនឹងផលិតផលរាយរងមួយចំនួន ដូចជា ដំឡូង សណ្តែក ដំឡូងមី ល្ង និងកៅស៊ូ។ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៦បង្ហាញថា ការនាំចេញសរុបរបស់ប្រទេសនេះបានកើនពី៦,៦៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ដល់១០,០៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៦។
ក្នុងខណៈពេលដែលមួយភាគបួននៃការងារសរុបនៅក្នុងប្រទេសនេះស្ថិតនៅក្នុងវិស័យកាត់ដេរ ដែលរួមចំណែកដល់ការនាំចេញដល់ទៅ៧០ភាគរយនោះ តួលេខបានបង្ហាញថា ការនាំចេញនៃសម្លៀកបំពាក់មានការធ្លាក់ចុះដោយសារផលិតភាពទាប និងប្រាក់ឈ្នួលអប្បបរមាខ្ពស់ ដែលបានដាក់សម្ពាធទៅលើអ្នកវិនិយោគ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺប្រទេសកម្ពុជាត្រូវការកត្តាទាំងពីរនេះដើម្បីរក្សាលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារតំបន់ និងអន្តរជាតិ។
លោក ង៉ែត ជូ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនធំមួយនៅរាជធានីភ្នំពេញ និយាយថា ការទស្សទាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលថាវិស័យកាត់ដេរ ដែលកំពុងប្តូរទៅកាន់ការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនោះ តម្រូវឲ្យប្រទេសកម្ពុជារៀបចំត្រៀមខ្លួនឲ្យរួចជាស្រេចនៅពេលដែលតម្រូវការកម្មករចាប់ធ្លាក់ចុះ។
លោក ង៉ែត ជូ និយាយថា៖
«រាជរដ្ឋាភិបាលត្រូវពិនិត្យទៅលើបញ្ហាដែលជះទៅក្រុមហ៊ុនកម្រិតតូច និងមធ្យម វិស័យកសិឧស្សាហកម្ម ផលិតភាពទាប និងប្រាក់ឈ្នួលអប្បបរមាខ្ពស់ដោយផ្តោតលើគោលនយោបាយទៅលើការអភិវឌ្ឍជំនាញ និងអនុវត្តគោលនយោបាយដែលត្រឹមត្រូវ»។
តើកម្ពុជាជួបប្រទះនឹងបញ្ហាអ្វីខ្លះ?
បើទោះបីជាប្រទេសកម្ពុជាបានងើបពីឈ្មោះថា ជាប្រទេសដែលមានចំណូលទាបមកជាប្រទេសដែលមានចំណូលទាបមធ្យម ហើយកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដដល់ទៅ៧ភាគរយក៏ដោយ ក៏ប្រទេសនេះនៅតែជួបប្រទះនឹងភាពមិនចម្រុះសម្បូរបែបនៃសេដ្ឋកិច្ចដដែលមានន័យថា នៅតែផ្តោលើវិស័យមួយចំនួនតូចដូចជាវិស័យកាត់ដេរ និងកសិកម្មជាដើម។
ទស្សនវិស័យនៃការអភិវឌ្ឍអាស៊ីឆ្នាំ២០១៦បានព្រមានថា ទោះបីសេដ្ឋកិច្ចកម្ពុជាហាក់ដូចជាមានភាពចម្រុះកាន់តែច្រើនរវាងវិស័យកាត់ដេរ និងឧស្សាហកម្មខ្នាតស្រាលក្តី ក៏កំណើននៅតែមានលក្ខណៈតិចតួចបំផុត។
របាយការណ៍របស់ធនាគារពិភពលោក World Bank ឲ្យដឹងថា ប្រជាជនកម្ពុជាភាគច្រើននៅតែស្ថិតត្រឹមពីលើខ្សែបន្ទាត់ភាពក្រីក្រដែលការលូតលាស់អាចប្រព្រឹត្តទៅបានដោយពឹងផ្អែកខ្លាំងនៅតែទៅលើវិស័យមួយចំនួនដូចជាវិស័យកាត់ដេរអចលនទ្រព្យ និងសំណង់ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ពិសេសជាមួយប្រទេសវៀតណាម បង់ក្លាដេស និងភូមាដែលបរិមាណកម្លាំងពលកម្មតម្លៃថោកមានកម្រិតខ្ពស់ និងមានផលិតភាពច្រើនជាងប្រទេសកម្ពុជា។
ទិន្នន័យរបស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសកម្ពុជាឆ្នាំ២០២៥ ដែលហៅកាត់ថា IDP បង្ហាញថា ជាង៨០ភាគរយនៃសហគ្រាសឧស្សាហកម្មធំៗរបស់កម្ពុជានៅតែផ្តោតទៅលើការផលិតសម្លៀកបំពាក់ វាយនភណ្ឌ និង ស្បែកជើង។ ស្របពេលនោះដែរ វិស័យនេះកំពុងតែជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយឹត ជាក់ស្តែងការនាំចេញសម្លៀកបំពាក់វាយនភណ្ឌ និង ស្បែកជើងធ្លាក់ពី ៧៥,៦ភាគរយមកត្រឹម៥៨ភាគរយក្នុងចន្លោះឆ្នាំ២០០៨ និង ២០១៣។
តម្លៃអគ្គិសនីរវាងប្រទេសទាំងពីរនេះក៏មានភាពខុសគ្នាគួរឲ្យកត់សម្គាល់ផងដែរ។ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្លៃអគ្គិសនីក្នុងប្រទេសវៀតណាមដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មគឺស្មើនឹង0,០៧៦ដុល្លារក្នុងមួយគីឡូវ៉ាត់ ដោយឡែកនៅកម្ពុជាស្មើនឹង០,១៨ដុល្លារឯណោះនេះ បើយោងតាមរដ្ឋាករភ្លើងកម្ពុជា។
វិស័យផ្សេងទៀត ដែលរួមមានឧស្សាហកម្មខ្នាតស្រាល អេឡិចត្រូនិក ម៉ាស៊ីនអេឡិចត្រូនិក ផលិតផលប្លាស្ទិក ផលិតផលគីមីជាដើមនៅតែស្ថិតនៅក្រោមការអភិវឌ្ឍខ្លាំង ឬត្រូវបានផលិតបម្រុងទុកតិចបំផុតសម្រាប់តែការប្រើប្រាស់ក្នុងស្រុកជាទម្រង់ជំនួសការនាំចូល។
អ្នកជំនាញជឿជាក់ថា ទោះបីវិស័យកាត់ដេរ និងកសិកម្មនឹងបន្តធ្លាក់ចុះ ហើយឧស្សាហកម្មនិងសេវាកម្មនឹងបន្តកើនឡើងដូចការព្រាងទុកដោយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសកម្ពុជាឆ្នាំ២០២៥ក៏ដោយ ក៏កំណើននៃប្រាក់ខែអប្បបរិមា គំនាបពន្ធអាករ និងការប្រកួតប្រជែងខ្លាំងរវាងក្រុមហ៊ុននៅប្រទេសចិននឹងជំរុញឲ្យប្រទេសកម្ពុជានៅតែស្រូបយកនូវវិនិយោគិនក្នុងវិស័យកាត់ដេរនេះដដែល។
លោក Miguel Chanco ដែលជាសេដ្ឋវិទូជាន់ខ្ពស់នៅអាស៊ីនៅស្ថាប័ន Patheon Macroeconomics បានប្រាប់ VOA ថា៖
«ខ្ញុំគិតថា ការពឹងផ្អែករបស់ប្រទេសកម្ពុជាលើវិស័យកាត់ដេរនឹងមិនមានការថយចុះលឿនដូចការព្រៀងទុកដោយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសកម្ពុជាឆ្នាំ២០២៥នោះទេ»។
លោក Miguel បញ្ជាក់ថា ភស្តុតាងក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញថា ប្រទេសកម្ពុជានឹងបន្តជាន់កែងខ្លួនឯងនៅក្នុងវិស័យកាត់ដេរនេះដោយសារសន្ទុះនៃកំណើនប្រាក់ឈ្នួលអប្បបរិមានៅមានការកើនឡើងខ្លាំង។
ការកាត់បន្ថយការពឹងផ្អែកលើវិស័យវាយនភណ្ឌទៅជាវិស័យឧស្សាហកម្មកម្រិតស្រាល ដែលត្រូវបានអនុវត្តដោយប្រទេសវៀតណាមនោះ នឹងធានាថា ប្រទេសកម្ពុជានឹងនៅតែអាចឈរជើងប្រកួតជាមួយនឹងប្រទេសដែលកម្មករមានប្រាក់ឈ្នួលទាប និងផលិតភាពខ្ពស់ ដូចជាប្រទេសវៀតណាម បង់ក្លាដេស និងភូមាជាដើម។ លោក Miguel បានបន្ថែមថា ទស្សនវិស័យរបស់លោកក៏ត្រូវបានយល់ស្របដោយសេដ្ឋវិទូ និងអ្នកស្រាវជ្រាវដទៃទៀតផងដែរ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ ដែលជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំនៅទីក្រុងភ្នំពេញ បាននិយាយថា៖
«ខ្ញុំគិតថា ប្រទេសកម្ពុជានឹងមិនផ្លាស់ប្តូរទៅជាវិស័យឧស្សាហកម្មកម្រិតស្រាល និងអេឡិចត្រូនិកភ្លាមៗនោះទេ ដោយសារជំនាញ និងផលិតភាពរបស់កម្មករយើងនៅមានកម្រិតនៅឡើយ»។
លោកបន្ថែមថា៖
«យើងខ្វះទាំងភាពច្នៃប្រឌិដ្ឋ និងសាលាបណ្តុះបណ្តាលជំនាញដើម្បីជំរុញវិស័យនេះ។ យើងអាចធ្វើបានលុះត្រាតែរាជរដ្ឋាភិបាលបង្កើតសាលា និងឡាបូដើម្បីបង្ហាត់ប្រជាជនកម្ពុជាបន្ថែមទៀត»។
រូបឯកសារ៖ លោកបណ្ឌិត អៀ សុផល ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Occidental College នៅឯទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យនៅឯមហាវិទ្យាល័យ Occidental College នៅឯទីក្រុង Los Angeles បានថ្លែងប្រាប់ VOA៖
«នៅចុងបញ្ចប់នោះគឺគ្មានប្រទេសណាមួយអាចប្រកួតប្រជែងដោយប្រើប្រាស់ពលកម្មជំនាញទាបហើយថោកបានយូរអង្វែងនោះទេ។ យើងត្រូវតែធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់កម្មករយើង»។
ចេញពីផ្លូវមួយស្រដៀងនឹងប្រទេសកម្ពុជាដែរ ប្រទេសវៀតណាម ដែលធ្លាប់តែពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ បានផ្លាស់ប្តូរមុខមាត់ថ្មីទៅជាអ្នកផលិតទូរស័ព្ទទំនើប គ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រ ហើយប្រទេសកម្ពុជាអាចមើល និងសិក្សាឧទាហរណ៍សេដ្ឋកិច្ចប្រទេសវៀតណាមនេះ។
បើតាមតួលេខរបស់ Trading Economics ដែលជាគេហទំព័រសេដ្ឋកិច្ចសកល ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសកម្ពុជាទំនងជាមានការកើនឡើងប្រហែល ១១ភាគរយរវាងឆ្នាំ២០១២និង២០១៨ ចាប់ពី៦១ដុល្លារក្នុងឆ្នាំ២០១២ដល់១៤០ដុល្លារក្នុងឆ្នាំ២០១៦ ហើយឡើងដល់១៧០ដុល្លារក្នុងឆ្នាំ២០១៨។ រីឯនៅប្រទេសវៀតណាមវិញ ប្រាក់កម្រៃមានការប្រែប្រួលបន្តិចបន្តួចចាប់ពី២០៩,៤១ដុល្លារក្នុងឆ្នាំ២០១៥ដល់២១៦,៧៣ដុល្លារក្នុងឆ្នាំ២០១៨។
លោក អៀ សុផលបន្ថែមថា៖
«កម្ពុជាមានកម្លាំងពលកម្មដែលមានជំនាញទាបយ៉ាងច្រើន ប៉ុន្តែបើប្រៀបធៀបទៅនឹងប្រទេសជិតខាង កម្ពុជានៅតែមានតម្លៃថ្លៃជាងដដែល»។
លោកបន្តថា កំណើនប្រាក់ឈ្នួលនេះបានធ្វើឲ្យប្រទេសកម្ពុជាបាត់អានុភាពរបស់ខ្លួនទៅហើយ។
«ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរណ្តៅមួយ ប៉ុន្តែអ្វីដែលអាចនឹងកើតឡើងនោះគឺយើងអាចជាប់គាំងរយៈពេលប្រហែល៥ឆ្នាំ ហើយអាចនឹងទាញបានមកវិញនូវអានុភាពដែលបាត់បង់ទៅ»។
នៅពេលឆ្លើយសំណួរថា តើឥទ្ធិពលរបស់ប្រទេសចិននឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាឬទេ លោក Chanco បញ្ជាក់ថា៖
«ក្នុងរយៈពេលខ្លី យើងចំណេញដោយសារវិស័យសំណង់ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពចម្រុះជាងមុន។ ដោយឡែកក្នុងរយៈពេលយូរទៅមុខទៀត ខ្ញុំមានការព្រួយបារម្ភអំពីបំណុលដែលកម្ពុជានឹងត្រូវសងទៅឲ្យប្រទេសចិនវិញ»។
សេដ្ឋវិទូដទៃទៀតក៏យល់ឃើញអំពីបញ្ហាប្រឈមដទៃទៀតដែលប្រទេសកម្ពុជាកំពុងជួបប្រទះផងដែរ រួមមានតម្លៃអគ្គិសនីថ្លៃ ហេដ្ឋារចនាសម្ព័ន្ធខ្សោយ និងប្រព័ន្ធតុលាការដែលខ្វះខាត។
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយក្នុងប្រទេសកម្ពុជា ចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦។ (VOA)
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និយាយទៅកាន់ VOA ថា៖
«ប្រទេសកម្ពុជាត្រូវដោះស្រាយបញ្ហាបីសំខាន់ៗ។ ទីមួយគឺយើងត្រូវធ្វើឲ្យអគ្គិសនីរបស់យើងថោក និងទៀតទាត់។ ទីពីរយើងត្រូវការផ្លូវល្អ ផែល្អ និងសេវាកម្មដឹកជញ្ជូនល្អ។ ទីបីយើងត្រូវការនីតិរដ្ឋក្នុងប្រព័ន្ធតុលាការដើម្បីការពារភាពប្រកួតប្រជែងរបស់អ្នកជំនួញ»។
លោក សុផលយល់ស្រប ដោយលោកមានមតិថា៖
«វាហាក់ដូចជាមិនមានការវិវឌ្ឍទៅមុខទាល់តែសោះ ទៅលើបញ្ហាអភិបាលកិច្ចមិនល្អ និងអំពើពុករលួយ។ សព្វថ្ងៃយើងកំពុងតែទាក់ជាប់នៅក្នុងអន្ទាក់អភិបាលកិច្ចមិនល្អ។ ការធ្វើជំនួញផ្តាច់មុខ និងមានការយាមទ្វារគ្រប់កន្លែង មិនមែនជាបរិយាកាសល្អមួយសម្រាប់អាជីវកម្មលូតលាស់នោះទេ»។
លោកបានបង្ហាញថា កម្ពុជាអាចមើលទៅកាន់ប្រទេសនានា ដូចជាវៀតណាមជាដើម ដែលធ្លាប់ត្រាប់តាមគន្លងរបស់ប្រទេសចិនរយៈពេល២ទសវត្សមុន។
តើប្រទេសវៀតណាមបានធ្វើអ្វីខ្លះ?
ជោគជ័យជាក់ស្តែងទីមួយរបស់ប្រទេសវៀតណាមគឺពិពិធកម្មដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះមានភាពចម្រុះនៅអាស៊ីអាគ្នេយ៍។ បើតាមរបាយការណ៍របស់វិទ្យាស្ថាន Brookings ដែលជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈប្រចាំទីក្រុងវ៉ាស៊ីនតោន រាជរដ្ឋាភិបាលវៀតណាមបានបង្កើតការងារនៅក្នុងវិស័យឧស្សាហកម្មប្រហែលជាង១,៥លានការងាររវាងឆ្នាំ២០១៤និង២០១៦។
ប្រទេសនេះបានធ្វើខ្លួនឲ្យក្លាយទៅជាប្រភពនៃឧស្សាហកម្មធនស្រាលដ៏សំខាន់មួយដែលផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិក និងទូរស័ព្ទសម្រាប់ម៉ាកធំៗ ដូចជា Samsung ជាដើម។
ក្រុមហ៊ុនយក្ស Samsung បានរួមចំណែកប្រមាណ២២៧ពាន់លានដុល្លារដល់ការនាំចេញរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៧។ វិស័យឧស្សាហកម្មធនស្រាលនេះកំពុងរីកដុះដាលខ្លាំងនៅក្នុងខេត្តដាណាងដែលជាជម្រកនៃសហគ្រិនបច្ចេកវិទ្យាក្នុងស្រុកថ្មីៗដ៏សម្បូរបែប។
ប្រទេសវៀតណាមអាចរក្សាកំណើនសេដ្ឋកិច្ចខ្លួនបាន៦ភាគរយ ហើយហាក់ដូចជាមិនមានសញ្ញាធ្លាក់ចុះនោះឡើយ ទោះបីជាប្រទេសជាច្រើនទៀតនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផង កំពុងតែជួបប្រទះនឹងវិបត្តិ។
មូលហេតុទីពីរដែលនាំឲ្យសេដ្ឋកិច្ចវៀតណាមជោគជ័យសមត្ថភាពរបស់ប្រទេសនេះក្នុងការទាក់ទាញវិនិយោគិនដែលត្រូវការទាំងពលកម្មដែលមាននិងមិនមានជំនាញ ហើយមានតម្លៃទាប។
ដោយមានប្រជាជន៩៥លានដែលកំពុងតែកើនឡើងច្រើនទៅៗ ប្រទេសវៀតណាមដើរតួយ៉ាងចម្បងក្នុងការស្រូបយកនូវផលិតកម្មដែលបានរត់ចេញពីប្រទេសចិន ជាពិសេសក្រុមហ៊ុនយក្សអន្តរជាតិធំៗដែលត្រូវការពលកម្មថោក និងមានផលិតភាពខ្ពស់។ អ្នកជំនាញខ្លះបានហៅលំហូរនៃរោងចក្រនេះថា«ចិនបូកមួយ»ដោយប្រទេសវៀតណាមជាប្រទេសមួយនោះ។
«ខ្ញុំគិតថា ប្រទេសកម្ពុជាអាចត្រាប់តាមឧទាហរណ៍ប្រទេសវៀតណាមបាន ដោយផ្តោតទៅលើការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយតួអង្គសំខាន់ៗ»។ នេះបើតាមសេដ្ឋវិទូគឺលោក Chanco។
លោកបន្ថែមថា៖
«ប៉ុន្តែនេះមិនមែនជាមធ្យោបាយដែលងាយស្រួលនឹងធ្វើនោះឡើយ ដោយសារធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជានៅមានកម្រិត។ កត្តាទាំងពីរនេះនឹងនៅតែរារាំងប្រទេសកម្ពុជាពីការងើបឡើងទៅរកសង្វាក់ផលិតកម្មដែលមានតម្លៃខ្ពស់ជាងមុន»។
ជោគជ័យនៃសេដ្ឋកិច្ចវៀតណាមអាចកើតទៅបានពីកត្តាមួយទៀតគឺប្រទេសនេះអាចប្រែខ្លួនទៅជាប្រទេសសេដ្ឋកិច្ចដ៏សម្បើមមួយនៅតំបន់អាស៊ីអាគ្នេយ៍ដោយសារតែកំណែទម្រង់វិស័យអប់រំដែលបានបន្ថែមជំនាញសំខាន់ថ្មីៗដល់វិស័យឧស្សាហកម្មប្រទេសវៀតណាម។
លោកអ៊ូ វីរៈនិយាយថា វិស័យអប់រំប្រទេសវៀតណាមនឹងដើរសំខាន់បំផុតសូម្បីតែប្រៀបធៀបនឹងប្រទេសថៃ ហើយមិនដល់ពីរទសវត្សទៅមុខទៀត ប្រទេសនេះនឹងអាចតាមទាន់កំណើនសេដ្ឋកិច្ចប្រទេសថៃជាមិនខាន។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ក៏មានគំនិតស្រដៀងគ្នាដែរ។ លោកនិយាយថា៖
«ដើម្បីសម្រេចបាននូវគោលនយោបាយឧស្សាហកម្មឆ្នាំ២០២៥ រាជរដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់ប្រព័ន្ធអប់រំទាំងមូលដើម្បីធានាបាននូវគុណភាព មិនត្រឹមតែកំណែទម្រង់រដ្ឋបាលអប់រំនោះទេ។ យើងត្រូវធានាថា សិស្សមានភាពរីករាយក្នុងការទៅរៀន»។
បើតាមបទពិសោធន៍ស្រាវជ្រាវផ្ទាល់របស់លោកបណ្ឌិតគី សេរីវឌ្ឍន៍ លោកបានធ្វើការសន្និដ្ឋានថា គ្រូបង្រៀននៅតាមជនបទនៅខ្វះសមត្ថភាពក្នុងការបង្រៀនសិស្ស ហើយសិស្សដែលបានបញ្ចប់សញ្ញាបត្រថ្នាក់ទី១២ជាច្រើននៅតែមិនចេះធ្វើលំហាត់គណិតវិទ្យា និងរូបវិទ្យាត្រឹមត្រូវនៅឡើយ។
លោកមានយោបល់ថា រាជរដ្ឋាភិបាលកម្ពុជាគប្បីយកចិត្តទុកដាក់ក្នុងការបង្កើតនូវសាលាបច្ចេកទេសសម្រាប់ជនទាំងអស់នេះ ជាពិសេសអ្នកដែលឈប់រៀនមុនបញ្ចប់ថ្នាក់វិទ្យាល័យ ដើម្បីជួយបំពេញតម្រូវការវិនិយោគិនផង ហើយលើកស្ទួយជីវភាពពួកគេផង។
កត្តាមួយទៀតដែលចូលរួមចំណែកជោគជ័យនៃសេដ្ឋកិច្ចវៀតណាមនោះគឺដោយសារគោលនយោបាយរដ្ឋាភិបាលវៀតណាមផ្តោតខ្លាំងទៅលើសេដ្ឋកិច្ច។
«អ្វីដែលខុសគ្នាសម្រាប់ខ្ញុំនោះគឺការយកចិត្តទុកដាក់។ ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងតែរវល់រក្សាជំហរនយោបាយរបស់ខ្លួនហើយជួនកាលដោយត្រូវលះបង់នូវអ្វីដែលចាំបាច់ជាង ដូចជាកំណែទម្រង់រចនាសម្ព័ន្ធ សេដ្ឋកិច្ចនោះ អ្នកបង្កើតគោលនយោបាយវៀតណាមកំពុងតែយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចខ្លួន»។ នេះបើតាមសម្តីរបស់ លោក Chanco។
ក្នុងកាលៈទេសៈបច្ចុប្បន្ន ប្រទេសកម្ពុជានៅមានឱកាសរីកចម្រើនច្រើន បើសិនជារដ្ឋាភិបាលកម្ពុជាអនុវត្តត្រឹមត្រូវនូវគោលនយោបាយឆ្នាំ២០២៥របស់ខ្លួនជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ អ្នកវិភាគជឿជាក់ថា កត្តាផ្សេងទៀតក៏មានភាពចាំបាច់ដែរ ដែលត្រូវការការយកចិត្តទុកដាក់ភ្លាមៗ។
យោងតាមលោក អ៊ូ វីរៈ រដ្ឋាភិបាលកម្ពុជាត្រូវធានាថា យន្តការត្រូវបានដាក់ចេញដើម្បីការពារមិនឲ្យមានការប្រមូលទិញដីទុកសម្រាប់លក់ដោយធ្វើយ៉ាងណាឲ្យដីស្រែស្ថិតនៅក្នុងដៃកសិករ ហើយត្រូវធានាឲ្យបាននូវការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ដូចជារោងកិនស្រូវ រោងចក្រផលិត និងកែច្នៃកៅស៊ូ រោងចក្រផលិតស្ករសជាដើម។ ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលកម្ពុជាត្រូវធានានូវការប្រកួតប្រជែងរវាងកសិករដែលផលិតផលិតផលទាំងនោះ៕