សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយទីវង្គតក្នុងព្រះជន្មាយុ៧៦ព្រះវស្សា នៅមន្ទីរពេទ្យនៅទីក្រុងបាងកកប្រទេសថៃ ដោយរោគាពាធ នេះបើយោងតាមលោក Julio A. Jeldres អ្នកសរសេរជីវប្រវត្តិព្រះមហាក្សត្រនិង គ្រួសាររាជវង្ស។
សៀវភៅ មានចំណងជើងថា «The Royal House of Cambodia» ទាក់ទងនឹងរាជវង្សខ្មែរ សរសេរដោយ អ្នកសរសេរប្រវត្តិ របស់រាជវង្សខ្មែរ គឺ លោក Julio A. Jeldres ។ (VOA Khmer)
អ្នកសរសេរជីវប្រវត្តិព្រះមហាក្សត្រ និងគ្រួសាររាជ វង្ស គឺលោកបណ្ឌិត Julio A.Jeldres បានឆ្លើយសារអេឡិចត្រូនិកមកVOA នៅល្ងាចថ្ងៃចន្ទនេះថា ព្រះសពរបស់ព្រះអង្គម្ចាស់ដែលបានសោយទីវង្គតនៅវេលាម៉ោង១២កន្លះថ្ងៃត្រង់នៅថ្ងៃចន្ទទី១៨ វិច្ឆិកា នឹងត្រូវបញ្ជូនពីទីក្រុងបាងកកមកប្រទេសកម្ពុជាវិញនៅយប់ថ្ងៃស្អែក។
លោក Julio A. Jeldres បានសរសេរនៅក្នុងសារអេឡិចត្រូនិកថានេះជាការបាត់បង់យ៉ាងធំមួយរបស់កម្ពុជា៖
«ស្នាព្រះហស្តចម្បងរបស់ព្រះនាងម្ចាស់គឺការស្តារឡើងវិញនៅល្ខោនព្រះរាជទ្រព្យនិងរបាំប្រពៃណីបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានបញ្ចប់»។
អតីតព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការចាកចេញរបស់សម្តេចរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី នាដការី នៃរបាំព្រះរាជទ្រព្យ។ ទ្រង់បានមានបន្ទូលប្រាប់VOA ថា ព្រះអង្គម្ចាស់ បុប្ផា ទេវីបានសោយទីវង្គតដោយការគាំងបេះដូង។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា៖
«ខ្ញុំទើបតែទទួលបានព័ត៌មានម្សិលមិញ ហ្នឹង ខ្ញុំអត់ទាំងដឹងថាលោកប្រឈួនផង ដល់ពេលគេប្រាប់ខ្ញុំថាលោកប្រឈួនខ្លាំងហើយនឹងលោកគង់នៅបាងកក ព្រះរាជបុត្រលោកទៅបាងកកទាំងអស់គ្នាហើយ ខ្ញុំធ្លាក់ថ្លើម។ ដូច្នេះខ្ញុំទើបនឹងទទួលបានព័ត៌មានពីយប់មិញនេះទេបាទ»។
នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ហ៊ុន សែន ក៏បានចេញសារលិខិតរំលែកទុក្ខ ជូនថ្វាយ សម្តេចព្រះវរាជមាតា នរោត្តម មុនីនាថ សីហនុ ផងដែរចំពោះដំណឹងដ៏ក្រៀមក្រំនេះ។
នៅក្នុងលិខិតរំលែកទុក្ខចេញដោយលោក ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា នោះ បានសរសេរថា«ការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុត ក្នុងវិស័យវប្បធម៌ អរិយធម៌ជាតិខ្មែរ»។
រូបឯកសារ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា ព្រះអង្គម្ចាស់នរោត្តម បុប្ផាទេវី បានបន្សល់ទុកនៅស្នាដៃដ៏ធំធេងសម្រាប់វប្បធម៌ខ្មែរ ដែលស្នាដៃដ៏ធំរបស់ព្រះអង្គម្ចាស់នរោត្តម បុប្ផាទេវីគឺការនាំឲ្យអង្គការយូណេស្កូ ដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ គ្រាដែល ព្រះអង្គ គង់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា៖
«ចំណុចមួយដែលឃើញថាសម្តេចព្រះរៀម គាត់បានលើកតម្កើងរបាំព្រះរាជទ្រព្យខ្ពស់ណាស់ហើយនឹងមានការល្បីល្បាញពេញពិភពលោក។ ហើយក្នុងប៉ុន្មានឆ្នាំកន្លងមកនេះគឺលោកបានដឹកនាំល្ខោនទៅដល់ប្រទេសជាច្រើន ដែលគេបានទទួលស្គាល់នៅស្នាព្រះហស្តរបស់លោក»។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ព្រះបរមសពនឹងត្រូវតម្កល់នៅវត្តបុទុមវតីក្នុងរាជធានីភ្នំពេញដើម្បីធ្វើបុណ្យតាមព្រះបវេណី ហើយកម្មវិធីបុណ្យនឹងជម្រាបជូនតាមក្រោយ៕